តំណាងលោក ម៉មសូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ដែលជាវិទ្យុឯករាជ្យ បានបដិសេធ កាលពីថ្ងៃសុក្រថាលោកម៉ម សូណង់ដូមិនមានការជាប់ពាក់ព័ន្ធណាមួយទៅនឹងអ្វីដែលអាជ្ញាធរចោទថា ជាចលនាអបគមន៍នៅក្នុងខេត្តក្រចេះនោះឡើយ ហើយបានប្រកាសថា លោកនឹងវិលត្រឡប់ពីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១២ ខែកក្កដា។
លោកជាបំរ៉ុងអនុប្រធានសមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯស្ថានីយវិទ្យុសម្បុកឃ្មុំ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញថា គ្មានភស្តុតាងបញ្ជាក់ថា លោក ម៉ម សូណង់ដូ ជាប់ពាក់ព័ន្ធទៅនឹងអ្វីដែលគេហៅថា ចលនាអបគមន៍នេះឡើយ កាលពីខែឧសភា ដែលអំឡុងពេលនោះ មានកម្លាំងសន្ដិសុខប្រដាប់អាវុធជាង២០០នាក់បានឆ្មក់ចូលភូមិប្រមា ហើយបានបណ្ដេញប្រជាពលរដ្ឋប្រហែល៦០០គ្រួសារចេញពីតំបន់នោះ និងសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់។
លោក បំរ៉ុង បានបន្ដថា “ គាត់ [ លោក ម៉មសូណង់ដូ] សន្យានឹងខ្ញុំថា លោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១២ខែកក្កដា តាមជើងយន្ដហោះប្រទេសកូរ៉េហើយនឹងមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅវេលាម៉ោង១០យប់”។
លោកបានថ្លែងបន្ថែមថា ប៊ុនរដ្ឋាដែលរដ្ឋាភិបាលបានចោទប្រកាន់ថា ជាអ្នករៀបចំចលនាអបគមន៍នោះ ពេលនេះលែងមានទំនាក់ទំនងជាមួយសមាគមអ្នកប្រជាធិបតេយ្យទៀតហើយ។ លោកបានពន្យល់ថាប៊ុន រដ្ឋា ដែលពេលនេះកំពុងគេចខ្លួននៅឡើយ បានធ្វើការដោយស្ម័គ្រចិត្តឲ្យសមាគមនេះរយៈពេលប្រាំបីខែ ហើយបន្ទាប់មកទៀតក៏បានឈប់ធ្វើការតាំងពីខែតុលា ឆ្នាំ២០១១មកម៉្លេះ។
ក្នុងសុន្ទរកថាមួយ កាលពីខែមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានភ្ជាប់ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំរូបនេះទៅនឹងចលនាអបគមន៍នេះ។ ទោះជាយ៉ាងណា លោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានថ្លែងកាលពីថ្ងៃសុក្រថា លោកមិនទាន់ទទួលបានដីកាចាប់ខ្លួនលោក ម៉ម សូណង់ដូនៅឡើយទេ។ លោកបន្ដថា “យើងកំពុងរង់ចាំលទ្ធផលស៊ើបអង្កេតពីតុលាការ”។ មន្ត្រីតុលាការខេត្តក្រចេះ សុទ្ធតែបដិសេធមិនបំភ្លឺថា តើលោក ម៉ម សូណង់ដូ ជាប់ពាក់ព័ន្ធក្នុងករណីនេះឬយ៉ាងណាឡើយ។
អ្នកភូមិប្រមា ក្នុងខេត្តក្រចេះ និងបណ្តាអង្គការសិទ្ធិមនុស្សសុទ្ធតែបានច្រានចោលការអះអាងរបស់រដ្ឋាភិបាល អំពីចលនាអបគមន៍ ហើយបាននិយាយថា ហេតុការណ៍នោះ ជាឧទាហរណ៍មួយ ទៀតដែលស្តែងឲ្យឃើញថា បណ្តាលមកពីអាជ្ញាធរបណ្ដេញអ្នកភូមិចេញយកដីឲ្យក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទាន។ក្នុងករណីនេះ ដីភូមិប្រមាកំពុងត្រូវគេកាប់ឆ្ការធ្វើចម្ការកៅស៊ូ។
លោកម៉មសូណង់ដូបានស្នាក់នៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីខែមីនាមក។កាលពីខែមុន លោកបានមានប្រសាសន៍ថា មូលហេតុដែលលោកស្នាក់នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែលោកទទួលបានព័ត៌មានថា រដ្ឋាភិបាលមានគម្រោងចាប់ខ្លួនលោកបើសិនជាលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ៕
ប្រែសម្រួលដោយឃិនណៃ