មន្ត្រីម្នាក់បានលើកឡើង កាលពីម្សិលមិញថា អាជ្ញាធរខណ្ឌដូនពេញបានប្រមូលចាប់ប្រជាពលរដ្ឋដែលគ្មានលំនៅដ្ឋាន អ្នកប្រើប្រាស់គ្រឿងញៀន និងស្រីពេស្យាបានជាង៨០នាក់ នៅមុនពេលកិច្ចប្រជុំកំពូលរបស់គណៈប្រតិភូក្នុងតំបន់ និងអាស៊ាននៅសប្ដាហ៍នេះ។
លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំង៨២នាក់ដែលប្រមូលបាននោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីទទួល “ ការអប់រំ និងបណ្ដុះបណ្ដាល” ប៉ុន្ដែលោកមិនបាននិយាយលម្អិតថាតើពួកគេនឹងទទួលបានការអប់រំបែបណានោះទេ។
លោក សម្បត្តិ បានមានប្រសាសន៍ថា “យើងបានប្រមូលពួកគាត់ពីទាំង១១សង្កាត់ ជាពិសេសសង្កាត់នៅជុំវិញវត្តភ្នំ និងតាមមាត់ទន្លេ [នៅតាមតីរវិថីស៊ីសុវត្ថិ] ដើម្បីពង្រឹងសន្ដិសុខសង្គម និងរៀបចំសម្រាប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ”។ លោក ហូវ ស៊ីនិត ចៅសង្កាត់វត្តភ្នំថ្លែងថា អ្នកប្រើប្រាស់គ្រឿងញៀនចំនួន១២នាក់ និងស្រីពេស្យាចំនួន១៣នាក់ត្រូវបានប្រមូលចាប់កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសង្កាត់របស់លោក។
លោក ស៊ីនិត បានមានប្រសាសន៍ថា “យើងបានប្រមូលពួកគាត់ដើម្បីជាកិត្តិយសរបស់ប្រទេសយើងក្នុងអំឡុងកិច្ចប្រជុំអាស៊ាននិងដើម្បីពង្រឹងសណ្ដាប់ធ្នាប់និងសន្ដិសុខទាំងមុន និងក្នុងអំឡុងកិច្ចប្រជុំអាស៊ាន”។
ទោះជាយ៉ាងណា លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា ការបញ្ជូនប្រជាពលរដ្ឋគ្មានលំនៅដ្ឋានទៅមន្ទីរសង្គមកិច្ចមុនពេលព្រឹត្តិការណ៍ធំ គឺគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ។
លោក សំអាត បានមានប្រសាសន៍បន្ថែមទៀតថា “ មណ្ឌលដែលពួកគាត់ត្រូវបានបញ្ជូនទៅនោះ ពុំមានបទដ្ឋានណាមួយដែលបង្ហាញថា អាចបណ្ដុះបណ្ដាលពួកគាត់ឲ្យមានជំនាញអាចប្រើប្រាស់បាននោះទេ។ រដ្ឋាភិបាលគួរតែរកវិធីជួយឲ្យពួកគាត់មានអនាគតវែងឆ្ងាយ ដើម្បីចៀសវាងការបោសសម្អាតតែនៅពេលត្រូវការនោះ ព្រោះថាក្រោយមក ពួកគាត់ [ប្រជាពលរដ្ឋគ្មានលំនៅដ្ឋាន ស្រីពេស្យា និងអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់នោះ] នឹងត្រឡប់មកវិញ ហើយធ្វើដូចមុនដដែល”៕ប្រែសម្រួលដោយ ហម សុផាណ្ណា