នគរបាល និងអ្នកភូមិបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីនគរបាលម្នាក់ក្នុងខេត្តរតនគិរី ត្រូវបានព្យួរការងារបណ្ដោះអាសន្ន ចំពោះការទារប្រាក់ពីអ្នកភូមិមុនពេលដាក់ឈ្មោះពួកគេទៅក្នុងបញ្ជីឈ្មោះប្រជាជនដែលមានសិទ្ធិទទួលប័ណ្ណកម្មសិទ្ធិដីធ្លី នៅក្នុងគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
លោក រ៉ូម៉ាស់មឿនតំណាងសហគមន៍បាននិយាយថា និស្សិតស្ម័គ្រចិត្តសរុបចំនួន១.១០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីវាស់វែងដីឲ្យអ្នកភូមិ ដែលបានរស់នៅលើដីព្រៃរបស់រដ្ឋ និងនៅលើដីសម្បទានសេដ្ឋកិច្ច។ប៉ុន្ដែមន្ត្រីនគរបាលឃុំសោមធំ ស្រុកអូរយ៉ាដាវ ទាមទារប្រាក់ពីអ្នកភូមិជនជាតិភាគតិចចារ៉ាយ មុនពេលយល់ព្រមដាក់ឈ្មោះពួកគេក្នុងបញ្ជីមួយ ដែលនឹងត្រូវប្រគល់ទៅឲ្យនិស្សិតស្ម័គ្រចិត្ត។
លោក មឿន មានប្រសាសន៍ថា លោកឡុង អុីម នាយប៉ុស្ដិ៍រងឃុំសោមធំ បានទារប្រាក់ចំនួន៥.០០០រៀលក្នុងមួយគ្រួសារពីប្រជាពលរដ្ឋចំនួន១៥៧គ្រួសារដែលបានរស់នៅលើដីព្រៃរបស់រដ្ឋ ដោយប្រាប់ពួកគាត់ថាខ្លួនត្រូវការប្រាក់នេះ ដើម្បីវាស់វែងដីជាលើកដំបូងមុនពេលក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមកដល់តំបន់នេះ។
លោកមឿនបាននិយាយបន្ដថា “ នាយប៉ុស្ដិ៍រងឃុំលោក ឡុងអុីមបានតម្រូវឲ្យអ្នកភូមិបង់ប្រាក់មួយគ្រួសារចំនួន៥.០០០រៀលឲ្យគាត់ ដើម្បីរៀបចំបញ្ជីស្ថិតិដីធ្លីសម្រាប់គ្រួសារនីមួយៗ”។
លោក រ៉ាយ រ៉ៃ ស្នងការនគរបាលខេត្តរតនគិរីបានថ្លែងថាលោកអុីមត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ កាលពីថ្ងៃអាទិត្យ អំពីការចោទប្រកាន់ទាំងនេះ។ លោករៃ៉បានមានប្រសាសន៍បន្ដថា “ ខ្ញុំ និងមន្ត្រីរបស់ខ្ញុំបានទៅដល់ទីនោះ បន្ទាប់ពីទទួលបានព័ត៌មានអំពីការជំរិតទារប្រាក់ពីអ្នកភូមិ ហើយយើងបាននាំគាត់ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរពីព័ត៌មានលម្អិតបន្ថែមទៀត” លោកបន្ថែមថាលោកអុីមនឹងត្រូវព្យួរពីការងាររបស់គាត់ជាច្រើនខែ។
លោកចាន់សុវ៉េតអនុប្រធានផ្នែកអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក ថ្លែងថា បន្ថែមលើករណីនៅក្នុងខេត្តរតនគិរី នេះមន្ត្រីស៊ើបអង្កេតរបស់លោកបានទទួលសេចក្តីរាយការណ៍ពីអំពើពុករលួយស្រដៀងគ្នានេះពាក់ព័ន្ធនឹងកម្មវិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីក្នុងខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ។
លោកមានប្រសាសន៍បន្ដថា “ ខ្ញុំបានបញ្ជូនមន្ត្រីស៊ើបអង្កេតរបស់ខ្ញុំទៅកន្លែងទាំងនេះហើយ ដើម្បីប្រមូលព័ត៌មាន បន្ទាប់ពីទទួលបានព័ត៌មានពីមន្ត្រីរបស់ខ្ញុំ។ខ្ញុំគិតថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែន គួរតែណែនាំមន្ត្រីឲ្យដាក់ទោសមន្ត្រីទាំងនេះឲ្យបានធ្ងន់ធ្ងរពីព្រោះពួកគេមិនត្រូវជំរិតទារប្រាក់ពីប្រជាពលរដ្ឋក្រីក្រឡើយ”។
លោកគៀតច័ន្ទថារិទ្ធអ្នកនាំពាក្យនគរបាលជាតិបានថ្លែងថា ធ្លាប់មានសេចក្តីរាយការណ៍អំពីការប្រព្រឹត្តបែបនេះពីសំណាក់មន្ត្រីនគរបាលតាំងពីមុនពេលចាប់ផ្តើមកម្មវិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះទៅទៀត។ លោកមានប្រសាសន៍បន្ដថា“ ថ្នាក់ដឹកនាំរបស់យើងតែងតែរំឭកដល់មន្ត្រីនគរបាលរបស់យើងមិនឲ្យពួកគេប្រព្រឹត្តដូច្នេះទេ។យើងបានបញ្ជាក់រួចហើយពីការប្តេជ្ញារបស់យើងថា បើសិនពួកគេពាក់ព័ន្ធក្នុងទង្វើដូច្នេះយើងនឹងចាត់វិធានការប្រឆាំងពួកគេ”។
នៅពេលសួរថា តើមាននគរបាលទារសំណូកពីអ្នកភូមិប៉ុន្មានករណី ដែលបានរាយការណ៍នៅក្នុងកិច្ចប្រឹងប្រែងនាពេលថ្មីៗនេះ ដើម្បីធ្វើការវាស់វែងដីធ្លី ឲ្យអ្នកភូមិដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីនោះ លោកបានឆ្លើយថា “ ខ្ញុំមិនទទួលបន្ទុករឿងនេះទេដូច្នេះខ្ញុំមិនចាំឡើយប៉ុន្ដែជារៀងរាល់ឆ្នាំនិងជារៀងរាល់ខែយើងទទួលបានសេចក្តីរាយការណ៍ជាច្រើន ដែលទាក់ទងនឹងករណីបែបនេះ”។ លោកឧត្ដមសេនីយ៍ទោ គៀតច័ន្ទថារិទ្ធបានជំរុញឲ្យអ្នកជួបប្រទះបញ្ហាបែបនេះដាក់ពាក្យបណ្ដឹងទៅស្នងការនគរបាលខេត្ត៕
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយឃិនណៃ