មន្ត្រីក្រសួងការបរទេសម្នាក់ បានលើកឡើងថា ប្រទេសជាសមាជិកអាស៊ានទាំង១០ កាលពីម្សិលមិញបានយល់ព្រមចំពោះចំណុចសំខាន់ៗនៃក្រមប្រតិបត្តិសម្រាប់ដោះស្រាយជម្លោះដ៏ក្តៅគគុកនៅសមុទ្រចិនខាងត្បូង និងបានចាប់ផ្ដើមការពិភាក្សាស្ដីអំពីសេចក្តីព្រាងចុងក្រោយជាមួយក្រុងប៉េកាំង។
សេចក្ដីសម្រេចនេះទំនងជាជំទាស់ទៅនឹងជំហររបស់ប្រទេសហ្វីលីពីន កាលពីខែមេសា ដែលថា ប្រទេសចិនត្រូវតែនៅក្រៅដំណើរការព្រាងក្រមប្រតិបត្តិនេះរហូតដល់សមាជិកអាស៊ានទាំងអស់យល់ព្រមលើក្រមប្រតិបត្តិចុងក្រោយសិន។
ចិនកំពុងមានទំនាស់ជាមួយប្រទេសព្រុយណេម៉ាឡេស៊ីហ្វីលីពីននិងវៀតណាមដើម្បីកាន់កាប់តំបន់សម្បូរដោយឧស្ម័ន និងប្រេងនៅសមុទ្រនេះ និងមានភាពតានតឹងកាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបណ្ដាលឲ្យមានការភ័យខ្លាចអំពីការប្រកួតប្រជែងសព្វាវុធក្នុងតំបន់ និងការប៉ះទង្គិចផ្នែកយោធា។
មន្ត្រីជាន់ខ្ពស់មកពីសមាជិកអាស៊ានទាំង១០ និងប្រទេសចិនបានជួបគ្នានៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើការពិភាក្សាក្រៅផ្លូវការស្ដីអំពីក្រមប្រតិបត្តិនេះ។ រដ្ឋមន្ត្រីការបរទេសក្នុងតំបន់ទាំងអស់បានជួបគ្នាកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីបញ្ហានេះបន្ថែមទៀត។
លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា “នៅរសៀលនេះ រដ្ឋមន្ត្រីការបរទេសទាំងអស់បានជួបគ្នា ហើយពួកគាត់បានអនុម័តចំណុចសំខាន់ៗនៃក្រមប្រតិបត្តិនេះ” ប៉ុន្ដែលោកមិនបានបង្ហើបឲ្យដឹងថា តើចំណុចសំខាន់ៗនោះគឺជាអ្វីនោះទេ។
លោកបានបន្ដថា “រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ ក៏បានយល់ព្រមឲ្យមាន កិច្ចប្រជុំ [មន្ត្រីជាន់ខ្ពស់] រវាងអាស៊ាន និងចិនស្ដីអំពីក្រមប្រតិបត្តិនេះ ដូច្នេះនៅពេលនេះពួកគាត់អាចចាប់ផ្ដើមជួបគ្នា ដើម្បីធ្វើការលើក្រមប្រតិបត្តិរួមនេះ”។
លោកបានមានប្រសាសន៍សំដៅដល់គោលការណ៍អនុវត្ត ដែលមិនមានកាតព្វកិច្ចផ្លូវច្បាប់ និងមានអាយុកាលរាប់ទស្សវត្សរ៍ មកហើយនេះថា “នេះគឺជាអ្វីដែលយើងធ្វើការជាមួយនឹងប្រទេសចិន [ស្ដីអំពីក្រមប្រតិបត្តិ] ពីព្រោះក្រមប្រតិបត្តិនេះ គឺជាឯកសារពាក់ព័ន្ធនឹងប្រទេស១១ មិនមែនត្រឹមតែអាស៊ាននោះទេ។វាគឺជាឯកសារពាក់ព័ន្ធនឹងអាស៊ានទាំង១០ និងប្រទេសចិន”។ លោកថ្លែងថា “ដូច្នេះ នៅពេលនេះអ្វីដែលមន្ត្រីទាំងអស់បានធ្វើ គឺអនុម័តនូវចំណុចសំខាន់ៗនៃក្រមប្រតិបត្តិនេះ ហើយចាប់ពីពេលនេះតទៅ ពួកគាត់ត្រូវតែចាប់ផ្ដើមពិភាក្សាជាមួយប្រទេសចិន”។
ប្រទេសកម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ និងជាអ្នកទទួលជំនួយដ៏ធំផ្នែកយោធា និងហិរញ្ញវត្ថុពីទីក្រុងប៉េកាំងនោះបានគាំទ្របំណងប្រាថ្នារបស់ប្រទេសចិនដើម្បីចូលរួមក្នុងការព្រាងក្រមប្រតិបត្តិនេះ តាំងពីដំបូងមក។
នៅឯកិច្ចប្រជុំអាស៊ាន កាលពីខែមេសាប្រទេសហ្វីលីពីន មានៈជំទាស់នឹងគំនិតនេះ។ លោកប្រធានាធិបតី បេនិកណូ អាគីណូ (Benigno Aquino) បានទទូចសុំឲ្យសមាជិកអាស៊ានមាន“គោលជំហររួម”លើក្រមប្រតិបត្តិនេះ មិនមែនត្រឹមតែចំណុចសំខាន់របស់វាទេ មុនពេលកិច្ចប្រជុំជាមួយនឹងប្រទេសចិន។ ពេលនោះ ប្រទេសថៃ និងអគ្គលេខាធិការអាស៊ាន ក៏គាំទ្រទីក្រុងម៉ានីលដែរ។
លោក អាល់បឺត រ៉ូសារីយ៉ូ (Albert Rosario)រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានបដិសេធមិននិយាយជាមួយនឹងអ្នកយកព័ត៌មានទេកាលពីម្សិលមិញ។ មន្ត្រីស្ថានទូតម្នាក់ បានលើកឡើងថា គណៈប្រតិភូនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ទោះបីជាកិច្ចប្រជុំនេះបានចប់រយៈពេលមួយម៉ោងក្រោយពេលកំណត់ក៏ដោយ ក៏លោក ដាតូ ស្រុី អានីហ្វា អាម៉ាន់ (Dato’ Sri Anifah Aman) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងថា កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅ “ដោយរលួនដែរ”។
លោកបានថ្លែងថា “យើងបានពិភាក្សាអំពីសមុទ្រចិនខាងត្បូង ហើយយើងនឹងពិភាក្សាបន្ដទៀត។ ខ្ញុំគិតថា យើងនឹងអាចរកដំណោះស្រាយឃើញ ដូច្នេះវាជាការពិភាក្សាមួយប្រកបដោយផ្លែផ្កា”។ បញ្ហាដោយឡែកមួយទៀតនាពេលព្រឹកថ្ងៃនោះ លោកកៅ គឹមហួន បានស្វះស្វែងពន្យល់ប្រាប់ពីមូលហេតុដែលផែនការមានសមាជិកអចិន្ត្រៃយ៍ចំនួនប្រាំរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ គឺចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក ចូលរួមនៅក្នុងសន្ធិសញ្ញាអាស៊ាន ដែលប្រកាសថា អាស៊ានជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ត្រូវបានពន្យារពេល។
ឯកសារបីពាក់ព័ន្ធនឹងសន្ធិសញ្ញាស្ដីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរ នៅអាស៊ីអាគ្នេយ៍ ត្រូវចុះហត្ថលេខា កាលពីម្សិលមិញ ថ្ងៃនេះ និងថ្ងៃព្រហស្បតិ៍។លោកកៅ គឹមហួន បានមានប្រសាសន៍ថា ការចុះហត្ថលេខានឹងត្រូវពន្យារពេល “រហូតដល់ប្រទេសសមាជិកអាស៊ានអាចធ្វើការរួមគ្នាយ៉ាងជិតស្និទជាមួយនឹងសមាជិកនៃ [ក្រមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ] ដើម្បីដោះស្រាយបញ្ហានេះ… ការខ្វែងគំនិតគ្នានៃសមាជិក [ក្រុមប្រឹក្សាសន្ដិសុខ]នេះ”។
លោកបានថ្លែងដោយមិនបញ្ជាក់សេចក្តីលម្អិតថា បារាំងមានការព្រួយបារម្ភអំពី “ការការពារខ្លួន” ចំណែកឯអង់គ្លេសវិញមានការព្រួយបារម្ភអំពី “ការគំរាមកំហែងថ្មីៗ”។
លោកបានមានប្រសាសន៍ថា “នៅក្នុងករណីនៃប្រទេសរុស្ស៊ី វាមានលក្ខណទូលំទូលាយជាងនេះបន្ដិច ដោយសារតែខ្លួនកំពុងត្រូវគេវាយប្រហារ ស្ថិតនៅក្រោមការវាយប្រហារ មិនថាតើនេះជាប្រទេសមួយ កងប្រដាប់អាវុធ ឬក៏សម្ពន្ធនិមិត្តរបស់ខ្លួន ឬក៏អាចជានាវាបរទេស ឬក៏យន្តហោះចម្បាំងឆ្លងកាត់ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរនោះទេ”។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកមិនបានលើកអំពីការខ្វែងគំនិតណាមួយទេ ប៉ុន្ដែ បានរក្សាសិទ្ធិក្នុងការធ្វើបែបនេះ ក្នុងអំឡុងពេលដំណើរការផ្តល់សច្ចាប័ននេះ។
ប្រទេសចិនទំនងជាត្រៀមខ្លួនជាស្រេច ដើម្បីចុះហត្ថលេខា ប៉ុន្ដែ លោកកៅ គឹមហួន បានថ្លែងថា អាស៊ានបានសម្រេចចិត្តពន្យារពេលរហូតដល់កិច្ចព្រមព្រៀងទាំងអស់អាចចុះហត្ថលេខា “ម្ដងមួយៗ” នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកក្រោយនៅក្នុងខែវិច្ឆិកា។ លោកបានមានប្រសាសន៍ថា មានការខ្វែងគំនិតគ្នាទាំងនេះ “នៅនាទីចុងក្រោយ”។
នៅពេលសុំឲ្យបញ្ជាក់អំពីការមិនយល់ស្របរបស់បារាំង លោកស្រី ឡូរិន បឺណាឌី (Laurence Bernardi) លេខាទី១ប្រចាំស្ថានទូតបារាំងបានមានប្រសាសន៍ថា ពួកគេបានទទួលដំណឹងថា ការចុះហត្ថលេខានេះ ត្រូវបានពន្យារពេល ដោយសារតែសមាជិកអាស៊ានមាន”បញ្ហាបច្ចេកទេស មិនទាន់បានដោះស្រាយ” មិនមែនក្រុមប្រឹក្សាសន្ដិនោះទេ។ លោកស្រីបានមានប្រសាសន៍ថា “បារាំងនៅតែប្ដេជ្ញាថា នឹងចុះហត្ថលេខា និងអនុវត្តក្រមប្រតិបត្តិនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា