យោងតាមអ្នកសង្កេតការណ៍នយោបាយបានឲ្យដឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអនុម័តនីតិវិធីមួយមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំក្រោយ ដែលនឹងរារាំង លោក សម រង្ស៊ីមេដឹកនាំគណបក្សប្រឆាំង អំឡុងពេលធ្វើយុទ្ធនាការ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័នបោះឆ្នោតនេះ មានផែនការបង្កើតនីតិវិធីថ្មីមួយ ដែលនឹងរារាំងលោក សម រង្ស៊ី មិនឲ្យធ្វើយុទ្ធនាការ។
លោក ទេព នីថា បានមានប្រសាសន៍ថា“ជាទូទៅ ទណ្ឌិតដូចជាលោកសមរង្ស៊ីមិនមានសិទ្ធិចុះឈ្មោះ ឬឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតបានទេ ដូច្នេះយើងកំពុងតែពិចារណាដើម្បីហាមប្រាមពួកគេមិនឲ្យធ្វើយុទ្ធនាការ។
លោកបានមានប្រសាសន៍បន្ថែមថា នីតិវិធីនេះនឹងត្រូវបង្កើតឡើងត្រឹមឆ្នាំ២០១៣ ឲ្យបានមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងខែកក្កដា។ លោកក៏បានមានប្រសាសន៍ផងដែរថាតាមនីតិវិធីថ្មីនេះ លោកសមរង្ស៊ីនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើវីដេអូខនហ្វ្រេនពីបរទេសជាមួយនឹងសមាជិកគណបក្សរបស់លោកនៅទីនេះទៀតឡើយ។ ទោះជាយ៉ាងនេះក្តី លោកទេពនីថាបានបដិសេធថាការបង្កើតនីតិវិធីនេះ មិនមានគោលដៅចំពោះលោក សម រង្ស៊ីតែម្នាក់នោះទេ។
លោកសមរង្ស៊ីដែលបាននិងកំពុងតែរស់នៅក្នុងការនិរទេសខ្លួននៅទីក្រុងប៉ារីសចាប់តាំងពីចុងឆ្នាំ២០០៩មក ត្រូវបានសាលាដំបូងពីរផ្តន្ទាទោសឲ្យជាប់ពន្ធនាគារសរុប១២ឆ្នាំ តាមការចោទប្រកាន់ពីបទញុះញង់ ផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈដោយការដកបង្គោលតម្រុយព្រំដែននៅតាមព្រំដែនប្រទេសវៀតណាម។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា នីតិវិធីនេះមានគោលដៅចំពោះលោក សម រង្ស៊ី ពិតប្រាកដ ហើយថា វាជាការរំលោភសេរីភាពនៃការបញ្ចេញមតិ។ លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា“នីតិវិធីបែបនេះ មិនគួរផ្តោតលើបុគ្គល ឬគណបក្សណាមួយនោះទេ។ វាជាការរើសអើងផ្នែកនយោបាយ”។
លោក គល់ បញ្ញា ប្រធានប្រតិបត្តិគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថាវាច្បាស់ណាស់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងតែមានគោលដៅលើ លោក សម រង្ស៊ី ហើយថា នីតិវិធីនេះនឹងធ្វើឲ្យបាត់បង់ជំនឿទុកចិត្តលើស្ថាប័នបោះឆ្នោតនេះ។
លោកបញ្ញាបានមានប្រសាសន៍ថា“ការធ្វើដូច្នេះមិនជំរុញឲ្យមានការបោះឆ្នោតដោយសេរី ឬយុត្តិធម៌ទេ។ វារារាំងសេរីភាពនៃការបញ្ចេញមតិ។ ពួកគេកំពុងតែរារាំងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមួយក្រុម”។លោកបានបន្ថែមថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរតែផ្តោតលើការកែទម្រង់ផ្លូវច្បាប់ផ្សេងទៀត ដូចជាការមិនស្របគ្នាក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ឬការបង្ហាញអំពីហិរញ្ញវត្ថុពេលធ្វើយុទ្ធនាការ។
ទោះជាយ៉ាងណាលោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកគាំទ្រនីតិវិធីថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “វាអាស្រ័យលើច្បាប់។ ប្រសិនបើអ្នកមានទោសជាប់ពន្ធនាគារ អ្នកនឹងត្រូវបាត់បង់សិទ្ធិបោះឆ្នោតហើយ”៕
ប្រែសម្រួលដោយចេវប៊ុននី