មន្រ្តីពន្ធនាគារបាននិយាយកាលពីម្សិលមិញថា មន្ត្រីខេត្តពោធិ៍សាត់នឹងបើកការដ្ឋានសាងសង់ពន្ធនាគារថ្មីមួយនៅខែក្រោយនេះនៅលើផ្ទៃដីទំហំប្រាំពីរគីឡូម៉ែតស្ថិតនៅក្រៅក្រុងពោធិ៍សាត់ដែលអាចផ្ទុកអ្នកទោសបានទ្វេដង បើប្រៀបធៀបនឹងពន្ធនាគារបច្ចុប្បន្្ន ដែលស្ថិតនៅកណ្តាលក្រុង។
លោក ងួនឡាយ ប្រធានពន្ធនាគារខេត្តនេះបានមានប្រសាសន៍ថាពន្ធនាគារថ្មីនេះនឹងត្រូវសាងសង់លើផ្ទៃដីទំហំប្រាំពីរហិកតា
ហើយនឹងអាចផ្ទុកអ្នកទោសបានចំនួន៦០០នាក់ គឺកើនឡើងពីចំនួនអ្នកទោសប្រហែល៣០០នាក់ ដែលពន្ធនាគារខេត្តមានស្រាប់ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ អាចផ្ទុកបាននាពេលបច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា “ពន្ធនាគាររបស់ខ្ញុំនឹងប្តូរទៅពន្ធនាគារថ្មីដែលធំទូលាយជាងនេះ ក្នុងពេលឆាប់ៗនេះ”។លោកបានបន្ថែមទៀតថា ពន្ធនាគារបច្ចុប្បន្នត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ១៩៨២ ហើយអាចផ្ទុកអ្នកទោសបានចំនួន២២១នាក់។
លោក ងួនឡាយ មានប្រសាសន៍បន្តថា ទីតាំងដីពន្ធនាគារបច្ចុប្បន្ននេះ នឹងត្រូវលក់ឲ្យទៅវិនិយោគិនឯកជន ប៉ុន្តែថាមិនទាន់មានអ្នកទិញនៅឡើយទេ។ អង្គការសិទ្ធិមនុស្សនានាបានលើកឡើងថាការចង្អៀតណែនណាន់តាន់តាប់នៅក្នុងប្រព័ន្ធពន្ធនាគាររបស់ប្រទេសកម្ពុជា ពេលនេះកាន់តែមានស្ថានភាពអាក្រក់ទៅៗ មួយផ្នែកដោយសារតែមានការស្ទាក់ស្ទើរក្នុងការដោះលែងឲ្យនៅក្រៅឃុំ ចំពោះជនសង្ស័យណាដែលត្រូវបានឃុំខ្លួនដោយសារតែការប្រព្រឹត្តបទល្មើសមជ្ឈិម៕ប្រែសម្រួលដោយ ព្រំ ម៉ារ៉ាឌី