អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាម្នាក់បានថ្លែងថា បញ្ហាក្នុងដែនសមុទ្រចិនខាងត្បូងដ៏ស្មុគស្មាញ ត្រូវបានលើកឡើងកាលពីម្សិលមិញ នៅឯកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនៅក្នុងតំបន់ និងសមភាគីរបស់អាស៊ានមកពីប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង។
ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី ក្នុងរាជធានីភ្នំពេញលោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសបានមានប្រសាសន៍ថា លោក អាល់បឺត ដែល រ៉ូសារីយ៉ូ (Albert Del Rosario)រដ្ឋមន្ត្រីការបរទេសរបស់ហ្វីលីពីន បានលើកឡើងពីតំបន់មានជម្លោះនៅក្នុងដែនសមុទ្រចិនខាងត្បូង។
លោកបានបន្ដទៀតថា “ក្នុងរដ្ឋមន្ត្រីការបរទេសអាស៊ាន មានរដ្ឋមន្ត្រីម្នាក់បានលើកឡើងយ៉ាងខ្លី អំពីតម្រូវការនៃការអនុវត្តក្រមប្រតិបត្តិ (DOD)ឲ្យមានប្រសិទ្ធភាពខ្ពស់និង ការពិភាក្សាដើម្បីតាក់តែងក្រមប្រតិបត្តិតែប៉ុណ្ណោះ។វាជាការលើកឡើងយ៉ាងខ្លីដោយរដ្ឋមន្ត្រីម្នាក់”។
បញ្ហាក្នុងដែនសមុទ្រចិនខាងត្បូងដែលប្រទេសចិនបានទាមទារជាមួយប្រទេសជាសមាជិកអាស៊ានមួយចំនួន ដូចជាព្រុយណេម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម ដែលបានប្រែក្លាយជាប្រធានបទពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូលរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលប្រទេសកម្ពុជាជាប្រធាន។
ប្រទេសជាសមាជិកអាស៊ាន ដែលបានអះអាងទាមទារ មានចិត្តចង់បានក្រមប្រតិបត្តិមួយ ដើម្បីដោះស្រាយជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង។ កាលពីម្សិលមិញ នៅពេលសួរអំពីការលើកឡើងរបស់ហ្វីលីពីន ជុំវិញជម្លោះដែនទឹកជាមួយចិន អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតសូវ៉ាន់ បានលើកឡើងថា “និយាយពីសេចក្ដីសង្ឃឹម និងក្ដីកង្វល់ គឺអំពីការអូសបន្លាយ។ បើនិយាយពីសេចក្ដីសង្ឍឹមនោះវិញ គឺមានន័យថា យើងនឹងអាចរកដោះស្រាយអំពីបញ្ហាទាំងនេះបាន”។
កាលពីថ្ងៃច័ន្ទ លោកគឹមហួនបានថ្លែងថាមន្ត្រីមកពីប្រទេសជាសមាជិកអាស៊ាន និងមកពីប្រទេសចិន បានយល់ព្រមលើ“ចំណុចសំខាន់ៗ” ហើយនិងចាប់ផ្ដើមពិភាក្សាជាប្រចាំអំពីក្រមប្រតិបត្តិ។ លោកបានបន្ដថា “រដ្ឋមន្ត្រីជាច្រើនបានអនុម័តនូវចំណុចសំខាន់ៗ នៅក្នុងសេចក្ដីព្រាងគោលការណ៍ អនុវត្តរួចហើយ។ នេះគឺជាយន្តការផ្នែកបទដ្ឋានមួយ ដែលនឹងក្លាយជាផ្លូវការ ដោយសង្ឃឹមថា មានតម្លៃជាផ្លូវច្បាប់”។
លោក សូ៊រិន បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងការបរទេសទាំងអស់នឹងពិភាក្សាម្ដងទៀត នៅឯកិច្ចប្រជុំកំពូលអាស៊ាន និងចិននៅព្រឹកនេះ។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា គេនឹងធ្វើនៅថ្ងៃស្អែក ដើម្បីឲ្យដឹងថាតើការសម្របសម្រួលគ្នាអាចជាផ្លូវការបានទេ។ការប្រជុំនោះនឹងត្រូវរៀបចំឡើងដើម្បីពិភាក្សាជាផ្លូវការ ឬក៏ត្រូវទុកជាក្រៅផ្លូវការបន្ដទៀត”។
លោកក៏បានលើកឡើងផងដែរថាបញ្ហាប្រទេសឧបទ្វីបកូរ៉េខាងជើង ដែលត្រូវបានគេមើលឃើញថា ជារដ្ឋកុម្មុយនីស្ត ដែលតែងតែគឃ្លើននឹងការហាមប្រាមរបស់សហគមន៍អន្តរជាតិមិនឲ្យផលិតអាវុធនុយក្លេអ៊ែរ ក៏ត្រូវបានគេលើកមកពិភាក្សាផងដែរនៅកិច្ចប្រជុំនោះ។លោកបានថ្លែងបន្ដថា “ជាការពិត ប្រទេសកូរ៉េខាងត្បូងបាននិយាយអំពីឧបទ្វីបកូរ៉េ ចំណែកឯប្រទេសចិនក៏និយាយអំពីឧបទ្វីប និងជប៉ុន ក៏បាននិយាយអំពីបញ្ហាឧបទ្វីបនេះដែរ។
លោក គឹមហួន ថ្លែងបន្ដថា “ជាការពិតពួកគេជំរុញឲ្យគូភាគីត្រូវបន្តអត់ធ្មត់ ហើយត្រូវអនុវត្តតាមការដោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ”៕ ប្រែសម្រួលដោយ ឃិនណៃ