Simon Lewis និង ផន បុប្ផា
ខេមបូឌា ដេលី
មន្ត្រីលើកឡើងថា លោកស្រី ហ៊ីលឡារី
គ្លីនតុន(Hillary Clinton)រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានលើកឡើងអំពីជម្លោះទឹកដី នៅក្នុងសមុទ្រចិនខាងត្បូង ជាមួយ
នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកស្រីបានគូសបញ្ជាក់អំពីសារៈសំខាន់ ដែលរដ្ឋការរបស់លោកប្រធាធិបតី បារ៉ាក់អូបាម៉ា (Barack Obama)កំពុងតែយកចិត្តទុកដាក់មកលើតំបន់អាស៊ាន។
ដោយមកដល់ប្រទេសកម្ពុជាមុនពេលកិច្ចប្រជុំកំពូលអាស៊ីបូពា៌ លោកស្រី គ្លីនតុនបានជួបពិភាក្សាជាមួយបណ្តារដ្ឋមន្ត្រីការបរទេសមកពីតំបន់អាស៊ាន និងបានបង្ហាញអំពីចំណាប់អារម្មណ៍ដ៏ខ្លាំង របស់សហរដ្ឋអាមេរិកមកលើតំបន់ ដែលជាផ្នែកមួយ
នៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បី“ ធ្វើជា
ស្នូល” របស់គោលនយោបាយក្រៅប្រទេស
របស់ខ្លួនពីមជ្ឈិមបូពា៌ និងឆ្ពោះទៅកាន់តំបន់អាស៊ីបាស៊ីហ្វិក។
លោកស្រី គ្លីនតុន ប្រាប់មន្ត្រីការបរទេសមកពីតំបន់អាស៊ាននៅក្នុងកិច្ចប្រជុំនៅឯខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន កាលពីម្សិលមិញថា“ សហរដ្ឋអាមេរិកមានការប្តេជ្ញាយកចិត្តទុកដាក់ចំពោះតំបន់
អាស៊ីបាស៊ីហ្វិក ហើយរដ្ឋការរបស់លោកអូបាម៉ា បានពង្រឹងការ ចូលរួមរបស់យើង
ក្នុងតំបន់អាស៊ី ដើម្បីបង្កើតជាយុទ្ធសាស្ត្រ
ចម្បងនៃគោលនយោបាយការបរទេសរបស់
យើង ហើយសសរទ្រូងនៃយុទ្ធសាស្ត្រនោះ គឺដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងពង្រឹងសេដ្ឋ
កិច្ចយុទ្ធសាស្ត្រ និងទំនាក់ទំនងរវាងប្រជា
ជននិងប្រជាជនកាន់តែជ្រៅឡើងៗ”។
លោកស្រីបានបន្ដថា “ នៅពេលគេសួរខ្ញុំ
នៅក្នុងប្រទេសរបស់ខ្ញុំថា ហេតុអ្វីបានជាខ្ញុំយកចិត្តទុកដាក់មកលើតំបន់អាស៊ានខ្លាំងម៉្លេះ ខ្ញុំបានប្រាប់អ្នកទាំងនោះថា យើងធ្វើ
ការជាមួយអាស៊ាន អំពីបញ្ហាដែលមានសារៈសំខាន់ ចំពោះអាមេរិក ពីបញ្ហាសន្ដិសុខ
ដែនទឹក ការដាក់បម្រាមមិនឲ្យមានអាវុធ
នុយក្លអ៊ែរ រហូតដល់កំណើនសេដ្ឋកិច្ច។យើងមានការវិនិយោគនៅក្នុងតំបន់អាស៊ានច្រើនជាងនៅក្នុងប្រទេសចិន”។
ក្នុងអំឡុងកិច្ចប្រជុំ លោកស្រី គ្លីនតុន ក៏បានសន្យាថា នឹងផ្ដល់ឲ្យតំបន់អាស៊ានជាជំនួយសម្រាប់ការអភិវឌ្ឍថ្មីមួយពីសហរដ្ឋ
អាមេរិក នូវយន្ដការ ដែលមានឈ្មោះថា គំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រ សម្រាប់ពង្រឹងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីបា៉ស៊ីហ្វិក។
លោកស្រីបានមានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមនឹង “ ផ្ដោតលើសសរស្ដម្ភប្រាំមួយគឺកិច្ចសហប្រតិបត្តិការក្នុងតំបន់ សមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មចូលរួមចំណែក
នៅក្នុងតំបន់ទន្លេមេគង្គក្រោម ការគំរាមកំហែងឆ្លងដែន ការអភិវឌ្ឍបែបលទ្ធិប្រជាធិបតេយ្យ និងកាកសំណល់សង្គ្រាម”។
តែទោះជាយ៉ាងណា លោកស្រី មិនបានបញ្ជាក់លម្អិតថា តើនឹងត្រូវចំណាយថវិកាប៉ុន្មាននៅក្នុងគំនិតផ្ដួចផ្ដើមនេះទេ។
នៅចុងសប្ដាហ៍នេះ លោកស្រីនឹងដឹកនាំគណៈប្រតិភូធុរជនអាមេរិកដ៏ធំបំផុតមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងវេទិកាពាណិជ្ជកម្ម អាស៊ាន-អាមេរិក នៅក្នុងក្រុង
សៀមរាបអង្គរ។
ទោះបីជាលោកស្រី គ្លីនតុន មានចំណាប់អារម្មណ៍ខ្លាំងមកលើតំបន់អាស៊ីក៏ដោយ ក៏គោលដៅរំពឹងទុកនោះ គឺផ្ដោតអំពីជម្លោះដែនទឹកដីរវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានចំនួនបួននៅក្នុងសមុទ្រ
ចិនខាងត្បូង ដែលសម្បូរទៅដោយប្រេងនោះឯណោះទេ។
លោក អៀង សុផាល្លែតជំនួយការផ្ទាល់របស់លោក ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានថា លោកស្រី គ្លីនតុន បានជួបពិភាក្សា
ជាមួយលោកនាយករដ្ឋមន្ត្រីបន្ទាប់ពីកិច្ច
ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក និងបានលើកយកបញ្ហាសមុទ្រចិនខាងត្បូងមកពិភាក្សា។
លោកបានមានប្រសាសន៍ថា “ អ្វីដែលលោកជំទាវចង់ឃើញនាពេលនេះ គឺតាក់
តែង [ក្រមប្រតិបត្តិ] មួយរបស់បណ្ដាប្រទេស
ជាសមាជិកអាស៊ាន ដែលប្រកបដោយប្រសិទ្ធ
ភាព ពាក់ព័ន្ធនឹងជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង”។ លោកបានបន្ថែមថា លោកស្រីគ្លីនតុន ក៏បានលើកឡើងផងដែរថា លោកស្រីនឹងប្រកាសអំពីការផ្ដល់ជំនួយជាប្រាក់៥០លានដុល្លារសម្រាប់ការអភិវឌ្ឍតាមតំបន់ទន្លេមេគង្គក្រោម នៅថ្ងៃសុក្រនេះ។
ជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ដែល
ប្រទេសចិន បាននិងកំពុងប្រជែងអះអាងថាជាម្ចាស់កម្មសិទ្ធិ ជាមួយនឹងប្រទេសជាសមាជិកមួយចំនួនទៀត ដូចជា ប្រទេសហ្វីលីពីន វៀតណាម ព្រុយណេ និងម៉ាឡេស៊ី នោះ បានក្លាយជាបញ្ហាសំខាន់ជាងគេនៅក្នុងកិច្ចពិភាក្សា អំឡុងពេលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។
ថ្វីបើប្រទេសចិន បានស្នើឲ្យរក្សាទុកបញ្ហា
នេះសម្រាប់ជារបៀបវារ:ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃនេះក្តី ក៏លោកស្រី គ្លីនតុន បានមានប្រសាសន៍នៅដើមសប្តាហ៍នេះថា អំឡុងពេលដែលលោកស្រីស្ថិតក្នុងប្រទេសកម្ពុជា លោកស្រីនឹងលើកឡើងពីបញ្ហានេះ។
អំឡុងកិច្ចប្រជុំកាលពីម្សិលមិញ ក្រុមអ្នក
ការទូតបានខិតខំជាខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យ
ឈានដល់ការយល់ស្របគ្នានូវពាក្យពេចន៍ប្រើក្នុងឃ្លាមួយស្តីពីជម្លោះដែនសមុទ្រនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបណ្តាប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងបញ្ចេញក្រោយកិច្ចប្រជុំនៅសប្តាហ៍នេះ។
ក្រោយពីការចុះហត្ថលេខាក្នុងឆ្នាំ២០០២
ស្តីពីគោលការណ៍អនុវត្តន៍ ស្តីពីសមុទ្រចិនខាងត្បូង បណ្តាប្រទេសជាសមាជិកអាស៊ានកំពុងតែព្យាយាមព្រាងក្រមប្រតិបត្តិមួយដើម្បីគ្រប់គ្រងការដោះស្រាយជម្លោះ ក្នុងដែនសមុទ្រនេះ។
មន្ត្រីការបរទេសមកពីបណ្តាប្រទេសជាសមាជិកអាស៊ានបានយល់ស្របតាមចំណុច
សំខាន់ៗនៃក្រមប្រតិបត្តិ ប៉ុន្តែ មានចំណុច
មួយ ដែលទំនងជាត្រូវជាប់គាំងនោះ គឺ
ត្រង់ថា តើនៅក្នុងសេចក្តីថ្លែងការណ៍នេះត្រូវលើកឡើងពី“ឧបទ្ទវហេតុជាក់លាក់មួយចំនួន” ដូចជាភាពតានតឹងកើតឡើងកាលពីខែឧសភា ដែលនៅពេលនាវារបស់ចិន និងហ្វីលីពីនបានប្រឈមមុខដាក់គ្នា នៅឯ
ប្រជុំកោះ Scarborough Shoal ដែរឬយ៉ាងណា។
លោកស៊ូរ៉ាពង្ស តូវីចាក់ឆៃគុល (Surapong
Tovichakchaikul) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានមានប្រសាសន៍ថា ជំហររបស់លោកគឺថា“ មិនចាំបាច់លើកឡើងអំពីឧបទ្ទវហេតុជាក់លាក់ទាំងនោះទេ”។
ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ម្សិលមិញ លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងថា មិនទាន់មានការសម្រេចយល់ព្រមតាមពាក្យពេចន៍នោះនៅឡើយទេ។
លោកបានបន្តថា “ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានកំពុងបន្តធ្វើកិច្ចការទាក់ទិននឹងការប្រើប្រាស់ពាក្យពេចន៍នេះ។ហើយក្នុងឋាន:ជាប្រធានអាស៊ាន កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ តែយើងនៅតែជួបប្រទះបញ្ហាខ្លះនៅឡើយ”។
បន្ទាប់ពីជំនួបមួយយ៉ាងយូរ ដែលឥត
បានគ្រោងទុក រវាងលោក ហោ ណាំហុង
រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អាល់បឺត ដែល
រ៉ូសារីយ៉ូ (Albert del Rosario) និងមន្ត្រីចិន
រួចមក លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី
មានប្រសាសន៍ថា សេចក្តីព្រាងនៃសេចក្តី
ថ្លែងការណ៍រួមនេះ ត្រូវបានដាក់ជួូនប្រទេស
កម្ពុជា ដែលជាប្រធានអាស៊ានរួចហើយ។
លោក ណាតាឡេហ្គាវ៉ា មានប្រសាសន៍ទៀតថា “ ខ្ញុំសង្ឃឹមថា វាអាចនឹងឲ្យផលល្អប៉ុន្តែយើងនឹងរង់ចាំមើលសិន។យើងទើបតែបានធ្វើការលើសេចក្តីព្រាងនេះ និង
ប្រគល់វាជូនប្រធានអាស៊ានសម្រាប់ឲ្យគាត់
កោះហៅយើងមកវិញម្តងទៀតប៉ុណ្ណោះ។
វាជាសេចក្តីព្រាងស្តីពីការព្រមព្រៀងទូទៅមួយ និងជាអត្ថបទសម្របសម្រួលមួយ ដូច្នេះគ្មាននរណាពេញចិត្ត១០០ភាគរយឡើយ។ពេលនេះ ខ្ញុំគ្រាន់តែមានបំណងប្រាថ្នាចង់ស្រោចស្រង់ស្ថានការណ៍ និងគ្រាន់
តែសង្ឃឹមថា អាចធ្វើឲ្យប្រាកដថា អាស៊ាននៅមានគោលជំហររួមមួយដដែល”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
និង តែម សុខុម