កាលពីម្សិលមិញ នគរបាលបានវាយដំនិងចាប់ខ្លួនតំណាងសហជីពម្នាក់ ក្នុងរាជធានីក្រោយពីក្រុមកម្មកររោងចក្រកាត់ដេរជាង២០នាក់ បានដើរក្បួនទៅដាក់ញត្តិរបស់ពួកគេនៅឯខុទ្ទកាល័យលោក នាយករដ្ឋមន្ដ្រីហ៊ុន សែន។
ក្រុមកម្មកររោងចក្រកាត់ដេរថៃយ៉ាង(Tai Yang) ដែលជាសមាជិកសហភាពសហជីពកម្ពុជា បានដើរក្បួនពីសួនសេរីភាពទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដែលនៅទីនោះ កម្មកររោងចក្រកាត់ដេរថៃយ៉ាង ៥០០នាក់ផ្សេងទៀតកំពុងតវ៉ាទាមទារប្រាក់បំណាច់ការងារនិងអត្ថប្រយោជន៍ផ្សេងៗទៀត។
ក្រោយពីដាក់ញតិ្តទាមទាររបស់ខ្លួនជូនខុទ្ទកាល័យលោក នាយករដ្ឋមន្ដ្រី ហ៊ុន សែនរួចហើយ ក្រុមកម្មករបានអង្គុយសម្រាកនៅក្នុងសួនក្បែរនោះ ស្រាប់តែពេលនោះនគរបាលខណ្ឌដូនពេញនិងនគរបាលអន្តរាគមន៍រាជធានីប្រហែល៦០នាក់បានសំដៅទៅរកពួកគេហើយបានសំុឲ្យពួកគេចាកចេញ។
ក្រុមកម្មករបានតវ៉ាថា ពួកគេចង់សម្រាកហើយនគរបាលបានរុញច្រានពួកគេឲ្យចេញពីសួននោះ។លោក រុ៉ង បញ្ញា តំណាងសហភាពសហជីពកម្ពុជា បានព្យាយាមតតាំង ប៉ុន្តែនគរបាលបានរុញឲ្យដួល ហើយបានវាយក្បាលគាត់ជាច្រើនដំបងឆក់។
កម្មករឈ្មោះ មុន ផល្លី បាននិយាយថា“នគរបាលបានប្រើដំបងឆក់វាយក្បាលគាត់ជាច្រើនដង ហើយគាត់បានដួលទៅដីដោយមានឈាមហូរយ៉ាងច្រើន”។ “ខ្ញុំបានឃើញស្រ្តីខ្លះត្រូវបានរុញឲ្យដួល ហើយខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង”។បន្ទាប់ពីនគរបាលនាំគាត់ចូលរថយន្តលោក បញ្ញា បានស្រែកយំថា “ ខ្ញុំមិនជឿថា នគរបាលខ្មែរអាចវាយខ្ញុំដូច្នេះ”។ “ខ្ញុំមិនជឿថា នគរបាលកម្ពុជាអាចវាយខ្ញុំបែបនេះទេ។ ខ្ញុំលែងមានជំនឿលើពួកគេហើយ។ ខ្ញុំជាជនជាតិខ្មែរ។ ក្រោយពីការវាយដំនេះកម្មការិនី បានយំស្រែកអំពាវនាវសុំឲ្យលោកស្រី ហីុលឡារីគ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលមកបំពេញទស្សនកិច្ចជួយអន្តរាគមន៍ទៅរដ្ឋាភិបាលដើម្បីជួយពួកគេ។
កម្មការិនីឈ្មោះ សៀង លាងហេង បាននិយាយទាំងទឹកភ្នែកថា “ខ្ញុំសូមអំពាវនាវដល់លោកស្រី ហីុលឡារី គ្លីនតុន និងរដ្ឋាភិបាល ជួយអន្តរាគមន៍ក្នុងរឿងនេះ។ វាជាអំពើដ៏ឃោរឃៅនិងហិង្សាចំពោះពួកយើង”។ លោក បញ្ញា គឺជាក្មួយប្រុសរបស់លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលបាននិងកំពុងដឹកនាំបន្តការតវ៉ានៅរោងចក្រកាត់ដេរថៃយ៉ាងជាងមួយសបា្ដាហ៍មកហើយ និងដែលបានសន្យាកាលពីម្សិលមិញថា នឹងបន្ដការតវ៉ារហូតដល់ការទាមទាររបស់ក្រុមកម្មករបានសម្រេច។ “ ប្រសិនបើឈាមយើងស្រក់ដល់ដី ខ្ញុំនិយាយថា ថ្ងៃស្អែកឬខានស្អែកនឹងមានដំណោះស្រាយហើយ។សូមកំុឲ្យឈាមរបស់យើងស្រក់ដោយគ្មានផលប្រយោជន៍ឲ្យសោះ។
រហូតមកដល់យប់មិញនេះ លោក បញ្ញាបាជាប់ឃំុនៅស្នងការដ្ឋាននគរបាលរាជធានីនៅឡើយ។ លោក រ៉ាត រ័ត្នមុនី អគ្គលេខាធិការសហភាពសហជីពកម្ពុជា បាននិយាយថា នគរបាលយល់ព្រមដោះលែងលោក បញ្ញា ប្រសិនបើគាត់ផ្ដិតមេដៃលើឯកសារសារភាពថា គាត់បានវាយតប់ជាមួយនគរបាល។
លោក ភួង មាល័យ ស្នងការរងនគរបាលរាជធានីដែលបានដឹកនាំនគរបាលអន្ដរាគមន៍និងបានត្រួតពិនិត្យកម្មករនៅសួនសេរីភាពបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ដោយហៅការវាយដំនេះថា ជាអំពើដ៏ឃោរឃៅនោះ លោក ដេវ វែល (Dave Welsh)នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកសម្រាប់ពលកម្មអន្តរជាតិ បញ្ជាក់ថា រឿងនេះបានកើតឡើងនៅថ្ងៃតែមួយដែលមន្ត្រីរដ្ឋាភិបាលនិងថៅកែរោងចក្របានសម្រេចចិត្តបង្កើនអត្ថប្រយោជន៍នានា ដែលជាមូលហេតុមួយ ក្នុងចំណោមមូលហេតុនានា ចំពោះការតវា៉របស់កម្មកររោងចក្រកាត់ដេរថៃយ៉ាង។
លោក វែល បានថ្លែងថា “ខ្ញុំនឹងព្យយាមនាំយកបញ្ហានេះជូនលោកស្រីហីុលឡារី គ្លីនតុន ទុកជាគំរូនៃការរំលោភបំពានការងារនៅកម្ពុជា។វាជាការចំអកឡកឡាយ ដែលបញ្ហានេះកើតឡើងនៅថ្ងៃដែលកម្ពុជាកំពុងធ្វើឲ្យមានការរីកចម្រើនដល់សិទ្ធិការងារ”៕
ប្រែសម្រួលដោយ លី ដារ៉ូ