31 C
Phnom Penh

មន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​ប្រមាថ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​មន្ត្រី​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថាកង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​ កាល​ពី​ថ្ងៃ​អង្គារ​ បានឃាត់​ខ្លួន​មន្ត្រី​មួយ​រូប​ ធ្វើការនៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​​ស្វាមី​របស់​គាត់​ ពីបទ​ព្យា​យាម​បោក​ប្រាស់​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​មួយ ដែល​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន សែនបាន​ប្រកាស​កាល​ពី​ខែ​មុន។

វា​គឺ​ជា​លើក​ទី​២ហើយ​​ក្នុង​សប្ដាហ៍​នេះ ដែល​អាជ្ញា​ធរ​បាន​ចាប់​​ខ្លួន​ ឬ​ឃាត់​ខ្លួន​មន្ត្រី​ ដោយសង្ស័យថាបានបំពាន​ផែន​ការ​ផ្តល់ប័ណ្ណ​កម្មសិទ្ធិដីធ្លីចាប់​តាំង​ពី​លោក​ ហ៊ុនសែន បាន​ប្រកាស កាលពី​ពាក់​កណ្ដាល​ខែ​មិថុនាមក។

លោក​ ឱ​ បូរិនមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បានមាន​ប្រសាសន៍​ថា លោក​ស្រីមាស​ សុខុនដែល​ធ្វើ​ការ​នៅ​ការិយា​ល័យ​កិច្ច​​ការ​ច្បាប់​នៃ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ស្វាមី​របស់​គាត់ ត្រូវ​បាន​ឃាត់​ខ្លួន​ តាមបញ្ជា​​ផ្ទាល់​​ពី​លោក​អភិ​បាល​ខេត្ត​ ឡូយ សុផាត កាលពី​ថ្ងៃ​អង្គារពី​បទ“ញុះ​ញង់”។លោក​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ឃាត់​ខ្លួន​ពួក​គាត់​តាម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាល​ខេត្ត​ [កាលពី​ថ្ងៃ​អង្គារ​] ។ពេលនេះ​

ពួកគាត់​កំពុង​ស្ថិត​នៅ​ទី​បញ្ជាការ​របស់យើង។ ដំបូង ​យើង​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៣​នាក់ រួម​ទាំង​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះផង​ ប៉ុន្ដែ​ ​យើង​បាន​ដោះ​លែង​១១នាក់ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ពេល​នេះ ​មានតែ​ប្ដី​ប្រពន្ធ​ពីរ​នាក់នេះប៉ុណ្ណោះ  ដែលយើង​​កំពុង​​សាក​សួរដោយ​​សារ​តែ​ពួកគាត់​បាន​ធ្វើ​ការ​ញុះញង់”។

លោក​ ផឹក សុបិន អភិបាល​ក្រុង​ស្ទឹងត្រែងបានមាន​ប្រសាសន៍ថា​ លោកស្រី មាស សុខុន ត្រូវ​បាន​ឃាត់​ខ្លួន​នៅពេល​ប្រឈម​ជាមួយ​នឹង​​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​កំពុង​អនុវត្ត​​ផែន​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​។

កាលពី​ថ្ងៃទី១៤ ខែ​មិថុនា លោក​ ហ៊ុន​សែនបាន​ប្រកាស​ផែន​ការ​លម្អិត​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ភូមិ​រាប់មុឺន​គ្រួសារ​ ដែល​កំពុង​រស់​នៅ​លើដី​ព្រៃ​របស់​រដ្ឋ​ ក្នុងតំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​អតីតព្រៃ​សម្បទាន​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​។ចាប់​តាំង​ពី​ពេលនោះ​មក និស្សិត​ស្ម័គ្រ​ចិត្ត១.១០០នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ជួយ​វាស់​វែងដី​​នៅ​​​​តាមតំបន់​នានា។

លោកផឹក​ សុបិនបានថ្លែងថាលោកស្រី មាស​ សុខុន គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​មួយចំនួន​ ដែល​បាន​កាប់​ឆ្ការ​ដី​ព្រៃ​ដោយខុស​ច្បាប​់នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧ ក្នុងបំណងដើម្បីចាប់​យក​ដីរដ្ឋ​ កាលពីជាង​ប្រាំ​ឆ្នាំ​មុន មុន​ពេល​អាជ្ញា​ធរ​មូល​ដ្ឋានបាន​​បណ្ដេញ​ពួកគេ​ចេញ​ កាលពី​ឆ្នាំ​២០០៧​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ពេលលោក​ស្រី មាស សុខុន បានឮ​ពីគម្រោង​​​ផ្ដល់ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ថ្មី​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី​ លោក​ស្រីក៏​បាន​ប្រមូល​គ្នី​គ្នាមួយ​ចំនួនក្នុង​គោល​បំណង​ទាមទារ​យក​ដី​នោះមកវិញ។ ប៉ុន្ដែនៅ​ពេលនិស្សិត​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​បាន​ទៅ​ដល់​ និង​មិន​ព្រម​ចុះ​ហត្ថ​លេខា​ទទួលស្គាល់​លោក​ស្រី​ក្នុង​គម្រោង​នេះ ស្រាប់តែលោកស្រីមាសសុខុន ​កើត​ក្ដី​ក្ដៅ​ក្រហាយ​​ ដោយ​សួរ​នាំពី​សិទ្ធិ​អំណាច​របស់ពួកនិស្សិត។

លោកបាន​មាន​ប្រសាសន៍​ថា “ទង្វើ​របស់​គាត់​ជា​ការ​ប្រមាថដល់​​ក្រុម​និស្សិត​របស់យើង​នៅ​ពេល​គាត់​សុំ​មើល​លិខិត​បញ្ជាបេសកកម្ម​របស់​ពួកគេ​ ហើយ​បាន​សួរ​ថាអ្នក​ណា​ជាអ្នក​បញ្ជា​ពួកគេ​ឲ្យ​មក​។គាត់​ធ្វើ​ដូច​ជាមិន​អើ​ពើ​នឹង​គម្រោង​កំណែ​ទម្រង់​ដីធ្លី​ថ្មី​ៗ​នេះរបស់នាយក​រដ្ឋ​មន្ត្រី​អ៊ីចឹង។និស្សិត​ទាំង​នេះពាក់មួក​កាតិប​ និង​ស្លៀកពាក់ឯក​សណ្ឋាន​ដែល​មាន​ស្លាក​សញ្ញា​ក្រសួង​រៀប​ចំ​ដែន​ដី ​នគរូប​​នីយ​កម្ម និងសំណង់ហេតុ​អ្វី​បាន​ជា​គាត់​នៅ​តែ​សួរ​ទៀត​?”។

ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់​ពីនាយ​​ប៉ុស្ដិ៍​នគរ​បាល​ឃុំ​មួយ​រូប និង​នាយ​ប៉ុស្ដិ៍​រងរបស់​គាត់​ នៅ​ក្នុង​ខេត្ត​រតនគិរីត្រូវ​បាន​ព្យួរការងារ​នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​ ពី​បទ​ទាម​​ទារ​ប្រាក់​ពី​អ្នក​ភូមិ​ក្នុង​មូល​ដ្ឋាន​ ដែល​ចង់​មាន​ឈ្មោះ​នៅ​ក្នុង​កម្ម​វិធី​ផ្ដល់​កម្មសិទ្ធិ​ដី​ធ្លី​នេះ។ មន្ត្រីទាំង​ពីរ​រូបនេះក៏​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ធ្វើ​ការ​សាក​សួរ​ដែរ​។ លោកអ៊ូចឡេង ​​​សកម្ម​ជន​សិទ្ធិ​មនុស្ស​ជា​យូរ​មក​ហើយ​ ដែល​ធ្វើ​ការ​អំពី​បញ្ហា​ដីធ្លី​ បាន​មាន​ប្រសាសន៍​ថាការចាត់​វិធាន​ការទៅ​លើ​មន្ត្រី​ប្រព្រឹត្ត​ល្មើសនឹង​គោល​នយោបាយ​ដីធ្លី ដែលជា​វិស័យពោរពេញទៅដោយអំពើ​ពុក​រលួយខ្លាំង​​នោះ ជា​រឿង​មិន​ធម្មតា​ឡើយ។

លោកបាន​មាន​ប្រសាសន៍​ថា ពេល​នេះ​អាជ្ញា​ធរប្រហែល​ជា​​ប្រុង​ប្រយ័ត្ន ​ជាពិសេស​​ដោយ​សារ​ការ​ព្រួយ​បារម្ភ​ថាប្រសិន​បើ​​មន្ត្រី​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​​បំពានបទបញ្ជារបស់លោក​ ហ៊ុន សែន ដែល​ត្រូវ​បានប្រកាសជា​​ សាធារណៈ​ទេនោះ “ប្រជា​ពល​រដ្ឋ​នឹង​លែង​មាន​ជំនឿ​​លើ​​នាយក​រដ្ឋ​មន្ត្រី​ទៀតហើយ”៕

(រាយ​ការណ៍​បន្ថែម​ដោយ Zsombor Peter)​​

                 ប្រែ​សម្រួល​ដោយតែមសុខុម                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស