នៅក្នុងបន្ទប់ស្ទើរតែទទេស្អាតមួយនៅជាន់ទី២ នៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង រូបថតអតីតមេដឹកនាំរបបខ្មែរក្រហម ត្រូវបានរលុបដោយសារការសរសេរគូសវាសក្រវេមក្រវាម។ ភ្នែក មាត់ត្រូវបានគេឆ្កៀលចេញមាត់ត្រូវបានគេខ្វែងពីលើ ហើយរូបនីមួយៗមានសរសេរពាក្យពេចន៍បរិហារយ៉ាងសាហាវមានដូចជា “អាក្បត់ជាតិ!។ អាឆ្កែ។ អាងាប់អត់ដីកប់ អាងាប់នេះងាប់ទៅគ្មានថ្ងៃងើបក្បាលរួច!”។
អក្សរគូសវាសនៅលើមុខរបស់ នួន ជា សរសេរថា “ អាថោកគ្មានកេរ្តិ៍ខ្មាស”។ គូសក្រវេមក្រវាមនៅលើថ្ងាសរូបថតរបស់ អៀងសារី កាលពីនៅក្មេង មានសរសេរពាក្យខ្លីតែមានន័យ ដែលបោះពុម្ពមិនបាន។ នៅលើរូបថតរបស់ ឌុច ដែលមុខរបស់គាត់ត្រូវរលុបបាត់ដោយស្នាមយ៉ាងជ្រៅ មានសរសេរពាក្យស្លោកនៃរបបនោះថា“ ទុកក៏មិនចំណេញ យកចេញក៏មិនខាត”។
ខណៈដែលសារមន្ទីរនេះបានពុះពារគ្រប់គ្រងរូបថតបិទជាសាធារណៈ កាលពីអតីតកាល បែរជាការសរសេរគូសវាសទាំងនេះ បង្ហាញនូវអារម្មណ៍ផ្សេងៗគ្នា។ បើទោះជាគ្មានសោភ័ណភាព និងដែនកំណត់ក៏ដោយ ការគូសវាសទាំាងនេះ គឺសុទ្ធតែសម្តែងនូវការឈឺចាប់យ៉ាងខ្លាំង។ដូច្នេះហើយ បុគ្គលិករបស់សារមន្ទីរបានសម្រេចចិត្តដោះស្រាយវាទៅតាមវិធី ដែលមិនបានគ្រោងទុកជាមុន។
លោក ចំរើន អ្នកនាំភ្ញៀវនៅសារមន្ទីរ និងជានិច្ចកាលតែងតែនាំអ្នកភូមិ ដែលចូលរួមកម្មវីធីរបស់សាលាក្តីខ្មែរក្រហមបានពន្យល់ថា “មនុស្សជាក្រុមមកតាមរយៈសាលាក្តីខ្មែរក្រហម តែងតែមកទស្សនាទីនេះ ហើយពេលខ្លះ ខ្ញុំឃើញពួកគេសរសេរគូសវាសនៅលើរូបថតទាំងនេះ។ ប៉ុន្តែ ខ្ញុំមិនអាចហាមប្រាមពួកគេទេ ដោយសារតែកំហឹង និងអារម្មណ៍របស់ពួកគេ”។
លោកបានពន្យល់ថា មុនក្រុមនេះដើរទស្សនាសារមន្ទីរ អ្នកនាំភ្ញៀវបានណែនាំពួកគេជាមុន ដើម្បីជៀសវាងកុំឲ្យមានការបំផ្លាញរូបថត។ លោក ចំរើន មានប្រសាសន៍ថា “ បច្ចុប្បន្ននេះ ខ្ញុំបានបិទសេចក្តីប្រកាស ហាមពួកគេមិនឲ្យសរសេរលើរូបថត ប៉ុន្តែ បើទោះជា មានសេចក្តីប្រកាសក៏ដោយ ក៏ពួកគេនៅតែសរសេរដដែល ពីព្រោះពួកគេខឹងខ្លាំងពេក”។
ការអត្ថាធិប្បាយទាំងនោះ មានជាភាសាអង់គ្លេស ចិន និងមានទាំងភាសាអុីតាលីទៀងផង តែគេឃើញមានការសរសេរជាភាសាខ្មែរច្រើនលើសលប់ជាងគេ។ពាក្យសរសេរលើរូបថតភាគច្រើន ជាពាក្យដែលមិនអាចបោះពុម្ពផ្សាយលើទំព័រកាសែតបានឡើយ។ សំណូមពរយា៉ងវែងលើរូបថត ឌុច សរសេរថា “ ចិញ្ច្រាំឲ្យខ្ទេច យកវាទៅស្ងោរហើយឲ្យឆ្កែស៊ីទៅ ប៉ុន្តែ សូម្បីតែឆ្កែក៏មិនចង់ស៊ីរបស់បែបនេះដែរ ពីព្រោះសូម្បី តែសត្វឆ្កែក៏មានអារម្មណ៍ ដូចមនុស្សធម៌ខ្លះដែរ”។
សារមន្ទីរនេះបាននិងកំពុងតែពុះពារថែរក្សារូបថតបិទជាសាធារណៈ អស់រយៈពេលច្រើនឆ្នាំហើយ ដើម្បីគ្រប់គ្រងកុំឲ្យមានការសរសេរគូសវាស លើរូបថតដោយយករូបថតចម្លងថ្មីមកដាក់ជំនួសវិញ នៅពេលរូបថតទាំងនោះខូចអស់។
លោក កែ សុប៉ុណ្ណាកា នាយកសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ទទួលស្គាល់ថា “យើងមានការលំបាកក្នុងការទប់ស្កាត់សកម្មភាពសរសេរគូសវាសនៅលើរូបថត”។ លោកបានបន្តថា “សាច់ញាតិរបស់គ្រួសារខ្លះ ត្រូវបានគេសម្លាប់អំឡុងរបប ប៉ុល ពត ហើយអ្វីដែលពួកគេសរសេរ គឺដើម្បីបញ្ចេញកំហឹងរបស់ពួកគេ”។
លោក សុទ្ធារា៉ មុនី វេជ្ជបណ្ឌិតព្យាបាលជំងឺផ្លូវចិត្ត និងជាទីប្រឹក្សាបច្ចេកទេសប្រចាំអង្គការចិត្តសង្គម អន្តរវប្បធម៌ ដែលជាអង្គការព្យាបាលសុខភាពផ្លូវចិត្ត ដែលជារឿយធ្វើការជាមួយជនរងគ្រោះដោយសារខ្មែរក្រហម បានមានប្រសាសន៍ថា សកម្មភាពបំផ្លាញមិនសមនឹងកើតឡើងព្រោះតែរឿងធម្មតានោះទេ ប៉ុន្តែ មានបញ្ហាខាងផ្លូវចិត្ត ទើបសារមន្ទីរបណ្តែតបណ្តោយឲ្យមានការគូសវាសកាន់តែច្រើន។ “ដើម្បីអនុញ្ញាតឲ្យពួកគេបញ្ចេញទស្សនខ្លួនឯង ដើម្បីចំណាយថាមពលដែលមិនចាំបាច់ចំណាយ គឺប្រសើរជាងការបិទមាត់ ឬរក្សាប្រតិកម្មក្នុងខ្លួន”។ ដោយឧត្តមគតិសម្រាប់ ជនរងគ្រោះត្រូវប្រឈមនឹងអារម្មណ៍បែបនេះ តាមរយៈអ្នកជំនាញខាងសុខភាពផ្លូវចិត្ត “ ប៉ុន្តែ យ៉ាងហោចណាស់ប្រសិនបើពួកគេមានជាក្រុម ពួកគេអាចផ្តល់ការគាំទ្រខ្លះដល់គ្នាទៅវិញទៅមក”។
លោកផ្តល់អនុសាសន៍ថា “ កុំព្យាយាមលាក់វា ឬបញ្ឈប់វា ប៉ុន្តែឲ្យវាចេញមកក្រៅជាមួយដោយមានការគាំទ្រ។វាមិនអាក្រក់ទេ សម្រាប់ការបញ្ចេញប្រតិកម្មបែបនេះ”។
អង្គុយនៅក្រៅសារមន្ទីរនៅមុខគំនូរនិយាយអំពីជីវប្រវត្តិសម្រាប់ ដាក់តាំងលក់ លោក ប៊ូ ម៉េង ដែលរួចជីវិតពីស-២១ បានមានប្រសាសន៍ថា លោកតក់ស្លុតនៅពេលដឹងអំពីពាក្យសរសេរគូសវាសលើរូបថតបិទជាសាធារណៈនេះ។
លោកមានប្រសាសន៍ដោយកំហឹងថា “ នេះជាកំហុសរបស់ជនពាល”។ បន្ទាប់ពីអ្នកនាំភ្ញៀវម្នាក់បានពន្យល់ថា វាជារឿយៗត្រូវបានបង្កើតឡើងដោយជនរងគ្រោះ លោក ម៉េង បានពិចារណាឡើងវិញ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំត្រូវគេធ្វើទារុណកម្មនៅទីនេះ ហើយដេកក្នុងពន្ធនាគារនេះ អស់រយៈពេលជាងបីឆ្នាំ។ហើយប្រសិនបើខ្ញុំខឹង ឌុច និងអ្នកផ្សេងទៀតខ្ញុំ ត្រូវតែជេរប្រទេចពួកគេ។ នេះជាអារម្មណ៍របស់ជនរងគ្រោះ ដែលរងការឈឺចាប់”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី