30.1 C
Phnom Penh

ក្រុមហ៊ុន​ ខេមបូឌា​ យេលឡូ ផេក លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ម៉ា​ឡេស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ក្រុ​មហ៊ុន​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ម្ចាស់​ក្រុម​ហ៊ុន​ខេមបូឌា​ យេលឡូ ផេក ​(Cambodia Yellow Pages)​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​ ដើម្បី​លក់​ភាគ​ហ៊ុន​ចំនួន​៥១​ភាគ​រយ​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​សាខា​របស់​ក្រុម​ហ៊ុន​សិក្សា​ស្រាវ​ជ្រាវ​ និង​បច្ចេក​វិទ្យា​ (CBSA Bhd)​ របស់​ប្រទេស​ម៉ា​ឡេស៊ី​ ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​២,០៤​លាន​ដុល្លារ។

តាម​ការ​បង្ហាញ​កាល​ពី​សប្តាហ៍​មុន​ពី​សំណាក់​ក្រុម​ហ៊ុន​ CBSA ដែល​ត្រូវ​បានលាត​ត្រដាង​នៅ​លើ​ទី​ផ្សារ​មូលបត្រ​គូឡាឡាំពួ​(Kuala Lumpur Stock Exchange)​ បាន​ឲ្យ​ដឹង​ថា​ ​ផល​ប្រយោជន៍របស់​ក្រុម​ហ៊ុន ​ខេមបូឌា​ យេឡូ​ ផេក​ នឹង​ត្រូវ​បាន​ផ្ទេរ​ពី​ក្រុម​ហ៊ុន​ ខេម​ វ៉ាយ​ភី​ ខូអិលធីឌី​ (Cam YP Co. Ltd)​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ស៊ីប៊ី​អេស​អេ​ អុីន​ធើណេសិន​ណល​ អេស​ឌី​អេន​ ប៊ីអេឆ​ឌី​ CBSA International Sdn Bhd (CIBS)​ ជា​ក្រុម​ហ៊ុន​សាខា​របស់​ក្រុម​ហ៊ុន​ CBSA ដោយសារ​ការ​រក​បាន​ពី​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ ក្នុង​ទឹក​ប្រាក់​​ចំនួន១,៤២​លាន​ដុល្លារ​ ឬ​​៧០​ភាគ​រយ​។

តាម​ការ​លាត​ត្រដាង​​លើ​ផ្សារ​មូល​បត្របាន​ឲ្យ​ដឹង​ដូច្នេះ​ថា​ “ការ​ទិញ​យក​ភាគ​ហ៊ុន​នេះ​ នឹង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ CBSA​ មាន​លទ្ធភាព​ពង្រីក​សៀវ​ភៅ​បញ្ជី​រាយ​ឈ្មោះ​ស្ថា​ប័ន​របស់​ខ្លួន​ ព្រម​ទាំង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​មុខ​ជំនួញ​នៅ​ក្នុង​តំបន់​បាន​ ហើយ​វា​ក៏ស្រប​គ្នា​នឹង​យុទ្ធ​សាស្ត្រ​ពង្រីក​មូលដ្ឋាន​របស់​ក្រុម​ហ៊ុន​ CBSA​ នៅ​ទូ​ទាំង​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។​ កិច្ច​ព្រម​ព្រៀង​គ្នា​នឹង​មាន​ដំណើរការ​រហូត​ដល់​ត្រី​មាស​ទី៣​ក្នុង​ឆ្នាំ​នេះ។

ក្រុម​ហ៊ុន​ ខេម​ វ៉ាយ​ភី​ នឹង​រក្សា​ទុក​ភាគ​ហ៊ុន​ចំនួន​៤៩​ភាគ​រយ​ ចំណែក​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ ដូចជា​នាយក​ប្រតិបត្តិ​ លោក​ គីម​ ជេមមេសស្តាដ​ (Kim Gjemmestad)​ជា​ដើម​ នឹង​នៅ​គ្រប់​គ្រង​ក្រុម​ហ៊ុន​នេះ​ដដែល។ លោក​ ជេមមេសស្តាដ​ បាន​ចាប់​ផ្តើមបង្កើត​សៀវភៅ​​បញ្ជី​រាយ​ឈ្មោះស្ថាប័ន​ លើក​ដំបូង​​ក្នុង​ឆ្នាំ​១៩៩៩​ ដោយ​បានហៅ​​​សៀវ​ភៅ​នេះ​ថា ​ សៀវ​ភៅ​បញ្ជីរាយ​ឈ្មោះស្ថាប័ន” ​(Business Directory)​ មុន​ពេល​លោក​ទទួល​បាន​សិទ្ធ​ិបើក​ធ្វើ​ប្រតិបត្តិ​ការ​ ក្រោម​ឈ្មោះ​ យេលឡូ​ ផេក​ (Yellow Pages) ឬសៀវ​ភៅ​ទំព័រ​លឿង​នៅ​ក្នុង​ឆ្នាំ​២០០១។

អ្នក​ស្រី​ ឡាយ​ សុភាព​ អ្នក​គ្រប់​គ្រង​ទូ​ទៅ​ក្រុម​ហ៊ុន​ ខេម​ វ៉ាយ​ភី​ បាន​ឲ្យ​ដឹង​តាម​អុីម៉េល​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ “ ក្រុម​ហ៊ុន​ CBSA​ នឹង​នាំ​យក​មក​ជា​មួយ​នូវ​ប្រតិបត្តិ​ការ​លំដាប់​ថ្នាក់​ពិភព​លោក​ ហើយ​ក្រុម​ហ៊ុន​នេះ​កំពុង​​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ទូ​ទាំង​តំបន់អាស៊ីអាគ្នេយ៍​ដោយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ទាំង​អ្នក​ផ្សព្វ​ផ្សាយ​ ទាំង​អ្នក​ប្រើ​ប្រាស់”។

សៀវ​ភៅ​ Yellow Pages​ ត្រូវ​បាន​បោះពុម្ព​ចំនួន​២០.០០០​ក្បាល​ ដោយ​បាន​បញ្ចូល​បញ្ជី​រាយ​ឈ្មាះ​ស្ថាប័ន​ក្នុង​ស្រុក​ចំនួន​១៣.០០០​ស្ថាប័ន​ នៅ​ពេល​ដែល​សៀវ​នេះ​ត្រូវ​បាន​បោះ​ពុម្ព​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០១។​

អ្នក​ស្រី​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​សៀវភៅ​បញ្ជី​រាយ​ឈ្មោះ​សា្ថប័នសម្រាប់​ឆ្នាំ​២០១២​-​២០១៣​ត្រូវ​បាន​រៀប​ចំរួច​រាល់​ នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ​ ក្រុម​ហ៊ុន​នឹង​បង្កើន​ចំនួន​បោះ​ពុម្ពដល់​ទៅ​ពីរ​ដង​ ហើយ​បញ្ចូលបញ្ជី​ឈ្មោះ​ស្ថាប័ន​ក្នុង​ស្រុក​ប្រមាណ​២៥.០០០ស្ថាប័ន​នៅ​លើ​ទំព័រ​សៀវ​ភៅ​នេះ។

គេហទំព័រ​ Yellow Pages​ ក៏​ត្រូវ​បានដំណើរការ​កាលពី​ឆ្នាំ​១៩៩៩​ដែរ​ ដោយ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគមនា​គមន៍​ នៅ​មុន​ពេល​ចុះ​កិច្ច​សន្យា​ផ្ទេរ​ទៅ​​ក្រុម​ហ៊ុន​ ខេម វ៉ាយភីឆ្នាំ២០១១។​ បច្ចុប្បន្ន​ គេហទំព័រ​នេះ​មាន​អ្នក​មើលប្រមាណ​១៥០.០០០​នាក់​ក្នុង​មួយ​ខែ។

យោង​តាម​ការ​បង្ហាញ​នៅ​លើ​ផ្សារ​មូល​បត្រ​នៅក្នុង​ប្រ​ទេស​ម៉ា​ឡេស៊ី​ បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​នៃ​ការ​ធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​កាល​ពី​ឆ្នាំ​មុន​របស់​ក្រុម​ហ៊ុន​ ខេម​ វ៉ាយ​ភី​ បង្ហាញ​ឲ្យថា​ បន្ទាប់​ពី​បង់​ពន្ធ​រួច​ក្រុម​ហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន​២៣១.៤៦៧​ដុល្លារ​ ព្រម​ទាំង​មាន​ទ្រព្យ​សកម្ម​តម្លៃ​៦១.១៤៦​ដុល្លារ៕

       ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស