38.1 C
Phnom Penh

ទី​​បំផុត​កងទ័ព​​​កម្ពុជា-ថៃ​បាន​ដកចេញ​ពី​ប្រាសាទ​​​ព្រះ​​​វិហារហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកសាឯម​​​, ខេត្ត​​​ព្រះ​​​វិហារ – ទា​​​ហាន​​​ថៃ​និងទាហាន​​​កម្ពុជា រាប់​​​រយ​​​នាក់​​​​​​បាន​​​រៀប​​​ចំ​​​អី​​​វ៉ាន់​​របស់​​​ខ្លួន​​​ រួច​​​​​​ចាក​​​ចេញ​​​ពី​​​តំបន់​ប្រាសាទ​​​ព្រះ​​​វិហារ​​​​ហើយ​​​​​​កាល​​​ពី​​​ម្សិល​​​មិញ ​នៅ​ក្នុង​ផែន​ការ​​​ដក​​​ទ័ពចេញ​​​រួម​​​គ្នា ដ៏​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​​​​ដែលលោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បាន​​​ប្រ​​​កាស​កាលពី​​​ថ្ងៃ​​​សុក្រ​​​នៅក្នុង​​​ខេត្ត​​​សៀម​​​រាប។

នៅពេល​​​ដែល​​​ផ្ទាំ​​​ង​​​អ័ព្ទ​​​​​នា​​​​​​ព្រឹក​​​ព្រលឹម​​​​​​បានផាត់​​​ចេញ​​អស់​​​​​​ពី​​​ប្រាសាទ​​​នៅ​​​លើ​​​កំពូល​​​ភ្នំ​​​នេះ ទិដ្ឋភាព​​​នៅទី​​​នោះ​​​ គឺ​​​ខុស​​​ប្លែក​​​​​​​​​ពី​​​ទិដ្ឋ​​​ភាព​​​​កាលពី​​​ខែ​​​កុម្ភ:ឆ្នាំ​​​២០១១​ ដែល​​​នៅ​ពេល​​​​​​នោះ​​​មានការ​​​ប្រយុទ្ធ​​​គ្នា​​​រយ:ពេល​​​បួន​​​ថ្ងៃ​​​រវាង​​​កង​​​ទ័ព​​​ថៃ​​​និង​​​​​​កង​​​ទ័ព​​​កម្ពុជា ​​​ដោយ​​​​ ធ្វើ​​​ឲ្យ​​​ទាហាន​​​ចំនួន​​​១២​​​នាក់​​​បាត់​​​បង់​​​ជីវិត។

រយ:ពេល​​​​​​ប៉ុន្មាន​​​ខែ​​​ក្រោយ​​​ពី​​​ការ​​​​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​នោះ ​​​ស្នាម​​​ឈាម​​​​​​នៅតែដិត​​​ជាប់​​​នឹង​​​ថ្ម​​​ប្រាសាទ​​​សង់​​​នៅ​​​សត​​​វត្សរ៍​​​ទី​​​១១​​​នេះ​​​នៅ​​​ឡើយ។ទាហាន​​​ប្រដាប់​​​ដោយ​​​កាំ​​​ភ្លើង​​​ស្វ័យ​​​ប្រ​​​វត្តិ​​​ និង​​​កាំភ្លើងរ៉ុកកែត​​​ បាន​​​ដើរ​​​ទៅ​​​ដើរ​​​មកជិត​​​ជញ្ជាំង​​​ប្រាសាទ​​​នេះ​​​ ដែល​​​​​​​​​​​សុស​​​ទៅ​​​ដោយ​​​ស្នាម​​​គ្រាប់​​​។

ប៉ុន្តែ​​​ មុនពេល​​​ថ្ងៃ​​​ត្រង់​​​​​ កាល​​​ពី​​​ម្សិល​​​មិញ​​​លែងឃើញកាំ​​​ភ្លើង​​​យន្ត​​​ធុនធ្ងន់ទៀតហើយ ដែល​​​ទាហានថៃ​​​ បាន​​​​​​ដាក់​​​​​​នៅ​​​ខាង​​​ភាគី​​​ថៃ​​​ ​​​ចាប់​​​តាំង​​​ពី​​​​​​ការ​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​ដំបូង​​​​​​បាន​​​ផ្ទុះ​​​​​​​​​ឡើងកាល​​​ពី​​​ឆ្នាំ​​​២០០៨​​​មក​​​ គឺមិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​ប្រាសាទ​​​​​​នេះ​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​របស់​​​អង្គ​​​ការ​​​យូណេស្កូ​​​​​​ ជា​​​សម្បត្តិ​​​បេតិក​​​ភណ្ឌ​​​ពិភព ​លោក​​​។ នគរ​​​បាល​​​ និង​​​សន្តិសុខ​​​​​​​​​ប្រាំ​​​មួយ​​​​​​នាក់ ដែល​​​គ្មាន​​​​​​អាវុធ​​​​​​ក្នុង​​​ដៃ បាន​​​​​​ដើរ​​​ល្បាត​​​​តាមច្រក​​​​ទ្វារ​​​ចូល ​​នៅពេល​ពីរ​​បី​​​នាក់​​​ទៀត​​​​​​កំពុងលេង​​​​អុក​​​​​​​​​ក្រោម​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​ក្បែរ​​​នោះ។

ការ​​​ដក​​​កងទ័ព​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ គឺ​​​ជា​​​ការ​​​អនុ​​​វត្ត​​​តាម​​​សេច​​​ក្តី​​​បង្គាប់​​​មួយ ​​​ដែល​​​តុលាការ​​​យុត្តិ​​​ធម៌​​​អន្តរ​​​ជាតិ​​​ (ICJ) ​​​​​​បាន​​​ចេញ​​​កាលពី​​​មួយ​​​​​​ឆ្នាំ​​​មុន​​​ ដែលក្នុងដីកា​​​បង្គាប់​​​នេះ​​​បាន​​​កំណត់​​​តំបន់​​​គ្មាន​​​យោធា​​​​​​មួយ​​​នៅ​​​ជុំ​​​វិញ​​​ប្រាសាទ ​​​​​​និង​​​តំបន់​​​មាន​​​ជម្លោះ​​​៤,៦​​​គីឡូម៉ែត្រ​​​ក្រឡា​​​ ជាប់​​​​​ប្រាសាទ​​ ហើយ​​​បាន​​​បង្គាប់​​ឲ្យ​​​កងទ័ព​​​ថៃ​​​និង​​​​ទាហាន​​​កម្ពុជាទាំង​​​អស់​​​ដក​​​ចេញ​​ “ ភ្លាមៗ”។

លោក ទ្រី​​ ពិសិដ្ឋ ​​​មន្ត្រី​​​មួយ​​​​​​រូបមកពីអគ្គ​​​ស្នង​ការ​​​នគរ​​​បាល​​​ជាតិ ដែល​​​​​បាន​​​ទទួល​​​មុខ​​​​​​ងារ​​​ថ្មី​​​របស់​​​ខ្លួន ​​​​​​ដើម្បី​​​ការ​​​ពារ​​​នៅ​​​ប្រាសាទ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ​​​បាន​​​រំឭក​​​ពីទិដ្ឋភាព​​​នៅ​​​ទី​​​នេះ​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដែល​​​នៅ​​​ពេល​​​​​​នោះ​​​លោក​​​បាន​​​មក​​​លេង​​​ប្រាសាទ​​​នេះ​​​ក្នុង​​​ឋាន:​ជា​ជន​​​ស៊ីវិល។

លោក​​​បាន​​​​​​និយាយ​​​ថា “ ​​​ពេលនោះ មាន​​​សុទ្ធ​​​តែ​​​ស្នាមឈាម​​​ និង​​​គ្រាប់​​​​​​បែក​​​​​​ចង្កោម​​​រាយប៉ាយជុំ​​​វិញ​​​ប្រាសាទ​​​ និង​​​បរិវេណ​​​ជុំ​​​វិញ​​​ប្រាសាទ​​​។ ​​​តែ​​​ពេល​​​នេះ ​​​យើង​​​លែង​​​ឃើញ​​​ស្នាមឈាម​​​ ឬយុទ្ធ​​​ភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​ទៀត​​​ហើយ​​​។​​​ គ្មាន​​​ទាហាន​​​ប្រ​​​ដាប់​​​អាវុធ​​​ទៀត​​​ទេ​​​នៅ​​​ពេល​​​នេះ​​​​​​”។

ដោយ​​​សារការ​​​វាយ​​​ប្រយុទ្ធ​​​គ្នា​​​ជិត​​​លែង​​​ជា​​​ការ​​​គំរាម​​​កំហែង​​​ទៀត​​​ហើយ​​​នោះ ​​​លោកទ្រី ពិសិដ្ឋ ​​​ត្រូវ​​​ផ្តោត​​​​​​ការយក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​បញ្ហា​​​បន្ទាន់​​​ផ្សេងៗទៀត។លោក​​​បាន​​​លើក​​​ឡើងថា “ ខ្ញុំ​​​អាច​​​មើល​​​ឃើញ​​​សក្តា​​​នុពល​​​របស់​​​ប្រាសាទ​​​នេះ​​​​​​​​ ពីព្រោះ​​​វា​​​លែ​​​ងជា​​​កន្លែង​​​វាយ​​​ប្រ​​​យុទ្ធ​​​គ្នា​​​ទៀត​​​ហើយ​​​ វា​នឹងជា​កន្លែង​អាច​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេស​​​ចរ​​​កាន់​​​តែ​​​ច្រើន​​​ឲ្យ​​​ចូល​​​មក​​​ទស្សនា​​​​​​ភាព​​​អច្ឆរិយនៃ​​​ប្រាសាទ​​​ព្រះ​​​​​​វិហារ”។

នៅពាក់​​​កណ្តាល​​​ផ្លូវ​​​ចុះ​​​ពី​​​ប្រាសាទ​​​​លើ​កំពូល​​​ភ្នំ​​​នេះ ទាហាន​​​កម្ពុជា​​ទាំង​​​៤៨៥​​​នាក់​​​​​​បាន​​ប្រ​​​មូល​​​ផ្តុំ​​​គ្នា​​​ និង​​​ឈរ​​​​​​​​​ជា​​​ជួរសម្រាប់​​​ពិធី​​​មួយ​​​ បង្ហាញពីការ​​​ដក​​​ថយ​​​របស់​​​ពួកគេ​​​ជា​​​ផ្លូវ​​​ការ។ សម្រាប់​​​លោក សេក  ធាលី ​​​យល់​​​ឃើញ​ថា​ការ​​​ដក​​​ទ័ព​​​នេះ​​​រាង​​​យឺត​​​បន្តិច​​​។ ​​​ដោយបាន​​​ឈរ​​​​ជើង​​​នៅ​​​ប្រាសាទ​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៨​​​​ មក​​​នោះ ពេល​​​នេះ​​​លោក​​​​​កំពុងឈរ​​​នៅ​​​មុខ​វេទិកា​​​​​មួយ​​​ ដែល​​​ពេញ​​​ទៅ​​​ដោយ​​​មន្ត្រីយោធា​​​ ​និង​​​​​​មន្ត្រី​​​ផ្នែកការទូត​​​​​​ ដែល​​​បាន​​​ជូនពរលោក។

លោក​​​បាន​​​និយាយទាំង​​​​​​​​​កាន់កាំ​​​ភ្លើង​​​វែង​​​ក្នុង​​​ដៃ​​​​​​ថា “ ខ្ញុំ​​​សប្បាយ​​​រីករាយ​​​ណាស់​​​ដែល​​​កងទ័ព​​​បាន​​​ដក​​​ចេញ​​​ដូច្នេះ​​​​​​។​​ខ្ញុំ​​​សង្ឃឹម​​​ថា នឹង​​​មិន​​​មាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​តាមព្រំ​​​ដែន​​​ទៀត​ទេ។ខ្ញុំ​​​ចង់​​​ឃើញ​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​ជា​​​កន្លែង​​​​សម្រាប់​​​​​​​​​ទេស​​​ចរ​​​មក​​​ទស្សនា ​​​​​​មិនមែន​​​កន្លែង​​​សម្រាប់​​​ប្រ​​​យុទ្ធ​​​គ្នា​​​ឡើយ”។

លោក ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​កម្ពុជា បាន​​​បញ្ចេញ​​​ទឹក​​​មុខ​ស្រស់​ស្រាយនៅ​ក្នុង​​​ពេល​​​ដក​​​ទ័ព​​​ចេញ​​​នេះ។​​​ លោក​បាន​​​​​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួមនៅ​​​​ក្នុង​​​ឱកាសនោះ​​​ថា “ នេះ​​​គឺ​​​ជាការ​​​​​​បង្ហាញ​​​ពី​​​សុ​​​ច្ឆន្ទ:​​របស់​​​យើង​​​ ដើម្បីការពារ​​​សម្បត្តិ​​​បេតិក​ភណ្ឌ​ពិភពលោក​​​មួយ​​​នេះ ដូច្នេះ​​​យើង​​​​​​ពិតជា​​​ចង់​ដក​​​ទ័ព​​​ចេញ​​​ណាស់​​​ ដើម្បី​​​កុំ​​​ឲ្យ​​​មាន​​​យោធា​​​នៅ​ក្នុង​​​តំបន់​​​គ្មាន​​​យោធា​​​។​​​ ហើយ​​​ថ្ងៃ​​​នេះ​​​​​​យើង​​​ធ្វើ​​​បាន​​ហើយ”។

ទោះជាយ៉ាងណាក៏ដោយ ការដកកង​ទ័ព​នេះ វាមិនមែនជារឿងងាយ ឡើយ។ បន្ទាប់​​​ពី​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​​​​​​បាន​​​បង្គាប់​​​ឲ្យ​​​ដក​​​ទ័ព​​​ចេញ​​​កាលពី​​​ខែ​​កក្កដា​​​ឆ្នាំ​​​២០១១​​​មក​​​ រដ្ឋាភិបាល​​​ក្រុង​​​បាង​​​កក និង​​​រដ្ឋា​ភិបាល​​​រាជធានីភ្នំពេញ​​​​​​ បាន​​​សន្យា​​​មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​នោះ​​​ថា នឹង​​​អនុ​​​វត្ត​​​តាម ប៉ុន្តែ​​​ភ្លាមៗ​​​​​​នោះ ​​​ក៏​​​មាន​​​ការទាមទារ​​​លក្ខ​​​ខណ្ឌ​​​ថ្មីៗ​​​ សម្រាប់​​ការ​​​ដក​​​ទ័ព​​​ចេញ​​​ពី​​​តាម​​​ព្រំ​​​ដែន។​​​ប្រទេស​​​កម្ពុជា បាន​​​ទទូច​​​​​​ឲ្យ​​​​​​ដាក់​​​ពង្រាយ​​​​​​ក្រុម​

សង្កេត​​​ការណ៍មក​​​ពី​​​ប្រទេស​​​ឥណ្ឌូណេ​ស៊ី​ដែល​​​បាន​​​ព្យាយាម​​​សម្របសម្រួល​​​ក្នុង​​​ជម្លោះ​​​​នេះ ​​​នៅ​​​ប្រាសាទ​​​​​​ព្រះ​​​វិហារសិន មុននឹង​​​ការ​​​ដក​​​ទ័ព​​​អាច​​​ចាប់​​​ផ្តើម​​​បាន។ដំបូង​​​ភាគី​​​ថៃបាន​​​ជំទាស់​​​នឹង​​​គំ​​​និត​​​ដាក់​​​ពង្រាង​​​ក្រុម​​​សង្កេត​​​ការណ៍​​​នេះ ប៉ុន្តែ​​​​​​បន្ទាប់​​​មក ​​​បាន​​​និយាយ​​​ថា ​ខ្លួន​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​ចូល​​​មក​​​ ក្រោយ​​​ពី​​​​​​ការ​​​ដក​​​ទ័ព​​​ចេញ​​​រួច​​​។​​​​​​​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស