ស្រុកសាឯម, ខេត្តព្រះវិហារ – ទាហានថៃនិងទាហានកម្ពុជា រាប់រយនាក់បានរៀបចំអីវ៉ាន់របស់ខ្លួន រួចចាកចេញពីតំបន់ប្រាសាទព្រះវិហារហើយកាលពីម្សិលមិញ នៅក្នុងផែនការដកទ័ពចេញរួមគ្នា ដ៏គួរឲ្យភ្ញាក់ផ្អើលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បានប្រកាសកាលពីថ្ងៃសុក្រនៅក្នុងខេត្តសៀមរាប។
នៅពេលដែលផ្ទាំងអ័ព្ទនាព្រឹកព្រលឹមបានផាត់ចេញអស់ពីប្រាសាទនៅលើកំពូលភ្នំនេះ ទិដ្ឋភាពនៅទីនោះ គឺខុសប្លែកពីទិដ្ឋភាពកាលពីខែកុម្ភ:ឆ្នាំ២០១១ ដែលនៅពេលនោះមានការប្រយុទ្ធគ្នារយ:ពេលបួនថ្ងៃរវាងកងទ័ពថៃនិងកងទ័ពកម្ពុជា ដោយ ធ្វើឲ្យទាហានចំនួន១២នាក់បាត់បង់ជីវិត។
រយ:ពេលប៉ុន្មានខែក្រោយពីការវាយប្រយុទ្ធគ្នានោះ ស្នាមឈាមនៅតែដិតជាប់នឹងថ្មប្រាសាទសង់នៅសតវត្សរ៍ទី១១នេះនៅឡើយ។ទាហានប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងរ៉ុកកែត បានដើរទៅដើរមកជិតជញ្ជាំងប្រាសាទនេះ ដែលសុសទៅដោយស្នាមគ្រាប់។
ប៉ុន្តែ មុនពេលថ្ងៃត្រង់ កាលពីម្សិលមិញលែងឃើញកាំភ្លើងយន្តធុនធ្ងន់ទៀតហើយ ដែលទាហានថៃ បានដាក់នៅខាងភាគីថៃ ចាប់តាំងពីការវាយប្រយុទ្ធគ្នាដំបូងបានផ្ទុះឡើងកាលពីឆ្នាំ២០០៨មក គឺមិនយូរប៉ុន្មានបន្ទាប់ពីប្រាសាទនេះត្រូវបានចុះបញ្ជីរបស់អង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌពិភព លោក។ នគរបាល និងសន្តិសុខប្រាំមួយនាក់ ដែលគ្មានអាវុធក្នុងដៃ បានដើរល្បាតតាមច្រកទ្វារចូល នៅពេលពីរបីនាក់ទៀតកំពុងលេងអុកក្រោមដើមឈើមួយដើមក្បែរនោះ។
ការដកកងទ័ពកាលពីម្សិលមិញ គឺជាការអនុវត្តតាមសេចក្តីបង្គាប់មួយ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញកាលពីមួយឆ្នាំមុន ដែលក្នុងដីកាបង្គាប់នេះបានកំណត់តំបន់គ្មានយោធាមួយនៅជុំវិញប្រាសាទ និងតំបន់មានជម្លោះ៤,៦គីឡូម៉ែត្រក្រឡា ជាប់ប្រាសាទ ហើយបានបង្គាប់ឲ្យកងទ័ពថៃនិងទាហានកម្ពុជាទាំងអស់ដកចេញ “ ភ្លាមៗ”។
លោក ទ្រី ពិសិដ្ឋ មន្ត្រីមួយរូបមកពីអគ្គស្នងការនគរបាលជាតិ ដែលបានទទួលមុខងារថ្មីរបស់ខ្លួន ដើម្បីការពារនៅប្រាសាទនេះកាលពីថ្ងៃអង្គារ បានរំឭកពីទិដ្ឋភាពនៅទីនេះក្នុងពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាកាលពីឆ្នាំមុន ដែលនៅពេលនោះលោកបានមកលេងប្រាសាទនេះក្នុងឋាន:ជាជនស៊ីវិល។
លោកបាននិយាយថា “ ពេលនោះ មានសុទ្ធតែស្នាមឈាម និងគ្រាប់បែកចង្កោមរាយប៉ាយជុំវិញប្រាសាទ និងបរិវេណជុំវិញប្រាសាទ។ តែពេលនេះ យើងលែងឃើញស្នាមឈាម ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះទៀតហើយ។ គ្មានទាហានប្រដាប់អាវុធទៀតទេនៅពេលនេះ”។
ដោយសារការវាយប្រយុទ្ធគ្នាជិតលែងជាការគំរាមកំហែងទៀតហើយនោះ លោកទ្រី ពិសិដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់លើបញ្ហាបន្ទាន់ផ្សេងៗទៀត។លោកបានលើកឡើងថា “ ខ្ញុំអាចមើលឃើញសក្តានុពលរបស់ប្រាសាទនេះ ពីព្រោះវាលែងជាកន្លែងវាយប្រយុទ្ធគ្នាទៀតហើយ វានឹងជាកន្លែងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឲ្យចូលមកទស្សនាភាពអច្ឆរិយនៃប្រាសាទព្រះវិហារ”។
នៅពាក់កណ្តាលផ្លូវចុះពីប្រាសាទលើកំពូលភ្នំនេះ ទាហានកម្ពុជាទាំង៤៨៥នាក់បានប្រមូលផ្តុំគ្នា និងឈរជាជួរសម្រាប់ពិធីមួយ បង្ហាញពីការដកថយរបស់ពួកគេជាផ្លូវការ។ សម្រាប់លោក សេក ធាលី យល់ឃើញថាការដកទ័ពនេះរាងយឺតបន្តិច។ ដោយបានឈរជើងនៅប្រាសាទនេះចាប់តាំងពីឆ្នាំ២០០៨ មកនោះ ពេលនេះលោកកំពុងឈរនៅមុខវេទិកាមួយ ដែលពេញទៅដោយមន្ត្រីយោធា និងមន្ត្រីផ្នែកការទូត ដែលបានជូនពរលោក។
លោកបាននិយាយទាំងកាន់កាំភ្លើងវែងក្នុងដៃថា “ ខ្ញុំសប្បាយរីករាយណាស់ដែលកងទ័ពបានដកចេញដូច្នេះ។ខ្ញុំសង្ឃឹមថា នឹងមិនមានការប៉ះទង្គិចគ្នានៅតាមព្រំដែនទៀតទេ។ខ្ញុំចង់ឃើញប្រាសាទព្រះវិហារជាកន្លែងសម្រាប់ទេសចរមកទស្សនា មិនមែនកន្លែងសម្រាប់ប្រយុទ្ធគ្នាឡើយ”។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ចេញទឹកមុខស្រស់ស្រាយនៅក្នុងពេលដកទ័ពចេញនេះ។ លោកបានមានប្រសាសន៍ទៅកាន់អ្នកចូលរួមនៅក្នុងឱកាសនោះថា “ នេះគឺជាការបង្ហាញពីសុច្ឆន្ទ:របស់យើង ដើម្បីការពារសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ដូច្នេះយើងពិតជាចង់ដកទ័ពចេញណាស់ ដើម្បីកុំឲ្យមានយោធានៅក្នុងតំបន់គ្មានយោធា។ ហើយថ្ងៃនេះយើងធ្វើបានហើយ”។
ទោះជាយ៉ាងណាក៏ដោយ ការដកកងទ័ពនេះ វាមិនមែនជារឿងងាយ ឡើយ។ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិបានបង្គាប់ឲ្យដកទ័ពចេញកាលពីខែកក្កដាឆ្នាំ២០១១មក រដ្ឋាភិបាលក្រុងបាងកក និងរដ្ឋាភិបាលរាជធានីភ្នំពេញ បានសន្យាមិនយូរប៉ុន្មានបន្ទាប់ពីនោះថា នឹងអនុវត្តតាម ប៉ុន្តែភ្លាមៗនោះ ក៏មានការទាមទារលក្ខខណ្ឌថ្មីៗ សម្រាប់ការដកទ័ពចេញពីតាមព្រំដែន។ប្រទេសកម្ពុជា បានទទូចឲ្យដាក់ពង្រាយក្រុម
សង្កេតការណ៍មកពីប្រទេសឥណ្ឌូណេស៊ីដែលបានព្យាយាមសម្របសម្រួលក្នុងជម្លោះនេះ នៅប្រាសាទព្រះវិហារសិន មុននឹងការដកទ័ពអាចចាប់ផ្តើមបាន។ដំបូងភាគីថៃបានជំទាស់នឹងគំនិតដាក់ពង្រាងក្រុមសង្កេតការណ៍នេះ ប៉ុន្តែបន្ទាប់មក បាននិយាយថា ខ្លួននឹងអនុញ្ញាតឲ្យពួកគេចូលមក ក្រោយពីការដកទ័ពចេញរួច។