29 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ីជួយ​ស្វែង​រក​មតិ​រួម​ ក្រោយ​កិច្ច​ប្រជុំ​អាស៊ាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​តែមួ​យ​​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប​់​​ពី​មិន​បា​ន​​ចេញ​​សេចក្តី​​ថ្លែង​កា​រ​ណ៍​រួម​ ជា​លើក​ដំ​បូ​ងនៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​ពេល​៤៥​ឆ្នាំ របស់​កិច្ច្​ប្រជុំ​អាស៊ាន រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​រំពឹង​ថា នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួ​យ​នៅ​ថ្ងៃ​នេះ​ស្តីពី​បញ្ហា​ជម្លោះ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង។

លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ម្សិល​មិញ​នៅ​ក្រសួង​ការ​បរទេស​ថា  “ បណ្តា​រដ្ឋមន្ត្រីការ​បរទេស​​ព្រម​ព្រៀង​លើ​គោល​​ការណ៍​ជាមូល​ដ្ឋាន​មួយចំនួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង។ ខ្ញុំ​បាន​ស្នើ​ឲ្យ​មាន​ការ​ព្រម​ព្រៀង​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន អំពីចំណុចជា​គោល​​ការណ៍មូល​ដ្ឋាន​ទាំង​នេះ។ យើង​នឹង​បញ្ជូន​ចំណុចទាំង​នេះ​ទៅ​រដ្ឋមន្ត្រី​ការ​បរទេស​​នានា ហើយ​ខ្ញុំ​សង្ឃឹមថា ត្រឹម​ថ្ងៃ​ស្អែក ​យើង​នឹង​ទទួល​បានការ​យល់​ព្រម​ពី​រដ្ឋ​មន្ត្រីការ​បរទេស​អាស៊ាន​ទាំង​អស់​”។

អំឡុង​កិច្ច​ប្រជុំ​កាលពី​សប្ដាហ៍​មុន នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​ហ្វីលីពីន ដែល​ទាម​ទារចំណែកដែន​ទឹក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង រួម​ជាមួយ​នឹង​ប្រទេស​វៀតណាម ព្រុយណេ និង​ប្រទេស​ម៉ាឡេស៊ី បាន​ស្ដី​បន្ទោស​កម្ពុជា ដែលធ្វើ​ជា​ប្រធានអាស៊ាន ចំពោះ​ការ​បរា​ជ័យ​​មិនអាចចេញ​សេចក្ដី​ថ្លែងការណ៍​​រួម​នេះ។ ក្រុម​អ្នក​ការទូត​បាន​លើក​ឡើង​ថា មាន​ការ​ខ្វែង​គំនិត​គ្នា​មួយជុំវិញ​បញ្ហាថា តើ​ត្រូវ​លើក​ឡើង​អំពី​ឧបទ្ទវហេតុ​ក្នុង​ជម្លោះ​ជាមួយ​ចិន​​​ដូចជាការធ្វើសមយុទ្ធ​​​​​​យោធា​​​ថ្មីៗនេះ​ នៅ​ក្បែ​រប្រជុំ​កោះ​​​Scarborough ​​​Shoal។

នៅ​ក្នុង​សន្និសីទ​កាសែត​ ​កាលពី​ម្សិល​មិញបន្ទាប់ពី​កិច្ច​ប្រជុំ​មួយ​រវាង​លោក​ ហោ​ ណាំ​ហុង​ និង​លោក ម៉ាទី ណាតា​ឡេហ្គាវ៉ា រដ្ឋ​​​មន្ត្រី​​​ការបរទេសឥណ្ឌូណេសុី ដែល​លោក​ទាំង​ពីរ​នៅ​មានចំណុចស្រពេច​ស្រពិលអំពី​សេចក្ដី​លម្អិត​នៃ​មតិ​រួម​។ ទោះ​ជាយ៉ាង​នេះក្ដី លោក​ទាំង​ពីរ​បាន​ខិត​ខំ​ប្រឹង​ប្រែង​បន្ធូរបន្ថយការ​ខ្វែង​គំនិត​គ្នា​ កាលពី​សប្ដាហ៍​មុន ​រវាង​សមាជិក​ អាស៊ាន។

លោក ណាតាឡេហ្គាវ៉ា បន្ថែម​​​ថា“ អាស៊ាន​​​​​​នៅ​​​តែអាច​​​បន្តរួប​​​រួម​​​គ្នា​​​បាន​​​ដោយ​ប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់ចំពោះ​ការព្រួយបារម្ភរបស់បណ្តាប្រទេស​​​ជា​​​​​​​​សមា​ជិក”។  លោក ណាតាឡេហ្គាវ៉ា ​ចំណាយពេលពីរ​​ថ្ងៃ ដើម្បីពិគ្រោះ​យោបល់​ដ៏​ល្អិត​ល្អន់​ជា​មួយ​បណ្តា​រដ្ឋ​មន្ត្រី​ការ​​​បរទេស​​​អាស៊ាន ដោយក្ដី​សង្ឃឹម​ថា នឹង​ទទួល​​បាន​នូវ​មតិ​រួម​មួយ​។

លោក កៅ គឹម​ហួន រដ្ឋ​លេខា​ធិការ​ក្រសួង​​​​ការ​បរទេស​ ថ្លែងថា “ កាល​​​មុន យើង​បានដើរ​​​​​​​ហួស​ពី​សេចក្ដី​ថ្លែង​ការណ៍​រួម​​​​ហើយ ឥឡូវ​​​យើង​កំពុង​តែ​ឈាន​ទៅ​មុខ”​។ លោក​បាន​បន្ថែមថា រដ្ឋ​មន្ត្រី​ទាំង​អស់​បាន​យល់ព្រម​ជា​គោលការណ៍​​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ដែល​គេ​រំពឹង​ថា នឹង​ត្រូវ​​​ប្រកាសនៅ​ថ្ងៃ​នេះ បន្ទាប់​ពី​មាន​ការ​សម្រេច​យល់​ព្រម​។

លោក គឹមហួន បាន​បញ្ជាក់​ថា សេចក្ដី​ថ្លែង​ការណ៍​នេះ នឹង​លើក​ឡើង​អំពី​ការ​ព្រួយ​​​​បារម្ភ​នៅក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង ក៏ប៉ុន្ដែ នៅពេល​សួរ​ថា តើ​វា​នឹង​និយាយ​ពី​បញ្ហា​តាន​​តឹង​ក្នុង​ប្រជុំ​កោះ Scarborough Shoal ឬ​យ៉ាង​ណា​នោះ​ លោក​រដ្ឋ​លេខាធិការ​បានថ្លែង​ថា លោក​មិន​អាច​អត្ថាធិប្បាយ​អំពី​ហេតុ​ការណ៍​នេះឡើយ​។លោក​បាន​សង្កត់ធ្ងន់​ថា “ ជា​​​ការពិត បណ្តា​រដ្ឋ​មន្ត្រី​ការបរទេស​នឹង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​​​ឃើញថា យើងទាំង​អស់​គ្នា​កំពុង​តែ​សហ​កា​រ​​គ្នា ពួកគេ​បាន​និង​កំពុង​តែ​សហ​ការ​គ្នា​ ហើយ​ពួកគេ​នឹង​បន្តធ្វើ​ការ​ជាមួយ​គ្នា”។

ក៏ប៉ុន្ដែ បើ​ទោះ​ជាក្រុម​មន្ត្រី​បញ្ជាក់​ថា សាម​គ្គី​ភាព​របស់​អាស៊ាន នៅតែ​មិន​ត្រូវ​រ៉ូវ​គ្នា​ដោយ​សារ​តែ​ការ​បរាជ័យ​កាលពី​សប្ដាហ៍​មុន​នោះ សាធារណជន​នៅ​តែ​បន្ដ​រិះ​គន់​ ហើយ​កម្ពុជាបាន​ស្វះ​ស្វែង​រក​វិធី​ការ​ពារ​ដែរ។ កាលពី​ម្សិល​មិញ ក្រសួង​ការបរទេស​បាន​​ធ្វើ​ការ​បញ្ជាក់​អំពី​សេចក្ដី​រាយការណ៍​របស់​ទី​ភ្នាក​់​ងារ​ព័ត៌មាន​ Reuters អំពី​កិច្ច​ប្រជុំ​នេះ ដែល​ចេញ​ផ្សព្វ​ផ្សាយ​នៅ​​សប្ដាហ៍​នេះដោយ​​​​ដកស្រង់សម្តី​អ្នក​ការទូត​អនាមិក ដែល​​​បាន​រិះ​គន់​ដល់តួនាទីជា​ប្រធាន​របស់​កម្ពុជា ហើយ​ចោទ​ប្រកាន់​កម្ពុជា​ថា ត្រូវបាន​​​ចិន​ទិញ។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសបាន​លើក​ឡើង​ថា“ ចាប់​តាំង​ពី​សារ​ព័ត៌មាន​ Reuters បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍ពីក្រុង​ម៉ានីល​មក វា​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​នោះទេ ដែល​ផ្អែក​លើប្រភព​​​ម្នាក់មិន​​​និយាយ​អ្វី​ជា​វ​ិជ្ជមាន ​តែ​លាប​ពណ៌​​តួនាទី​ប្រធាន​​​​អាស៊ាន​ របស់​កម្ពុជា”។

លិខិត​ប្រៀប​ធៀប​មួយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាសែត​ ឌឹ​ណេសិន កាលពី​ថ្ងៃ​អង្គារ​ តាម​​​រយៈលោកស្រី យូ អយ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បន្ទាប់​ពី​មាន​អត្ថបទ​រិះ​គន់​ប្រហាក់​ប្រហែល​គ្នា​មួយទៀត ចេញ​​​ផ្សាយ​នៅក្នុង​សារព័ត៌មាន​នេះ។ លោកស្រីលើក​ឡើងថា “ កម្ពុជា​សោក​ស្ដាយ​​​​បំផុត ដែល​ខ្លួន​មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមបាន ដោយ​សារ​តែ​ការ​​​​​​ទាម​ទារ​​​ពីប្រទេស​ហ្វីលីពីន និង​ពីប្រទេស​វៀត​​​​ណាមឲ្យ​ដាក់​បញ្ចូល​បញ្ហា​ប្រជុំកោះ Scarborough Shoal និង​ការ​ទាម​ទារ​របស់វៀត​ណាម ចំពោះ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ និង​​​តំបន់​​​ឆ្នេរ​​​ទឹក​​​រាក់។

​​​វាជាការមិន​អាច​ទទួល​​​យក​បាន​សម្រាប់​អាស៊ាន នៅ​​​ពេល​​​សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ ក្លាយជា​ចំណាប់​ខ្មាំង​​​ ព្រោះតែការ​ទាម​ទារពី​ប្រទេស​ហ្វីលីពីននិង​ប្រទេស​វៀត​ណាម នៅក្នុង​ដែនសមុទ្រ​ចិន​ខាង​ត្បូង”​។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ប្រទេស​ហ្វីលីពីន បាន​ផ្ដល់​នូវ​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​​​​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ដ៏វែង​មួយ​ របស់​ក្រសួង​ការ​បរទេស​ហ្វីលីពីនកាលពី​​ម្សិល​​មិញ មន្ត្រី​ម្នាក់​បាន​លើក​ឡើង​អំពីការ​បរា​ជ័យ​នៃ​កិច្ច​ប្រជុំនេះ ហើយ​បាន​ស្ដី​បន្ទោសទៅលើ​ជំហរ​របស់កម្ពុជា។

ដោយគិតថា ជា​ “ រឿង​ប្រឌិត”  មួយ​ដែល​ប្រទេស​ហ្វីលីពីន បាន​ខំបង្កឲ្យមាន​​ភាព​តានតឹង​កាន់​តែ​កើន​ឡើង​ អំឡុង​ការ​ចរចា​ តែ​​​លោក​​​ស្រី​អនុរដ្ឋ​មន្ត្រី​ អឺលីនដា បាស៊ីលីយ៉ូ (Erlinda F.Basilio) បាន​ពោល​សង្កត់​ថា ការ​បរាជ័យ​ក្នុង​ការ​ចរចា​នេះ មិន​មែន​ជាកំហុស​​​ដោយសារ​​​គោលជំហរ​របស់​ក្រុង​ម៉ានីលទេ។

​លោក​ស្រី​បានលើក​ឡើង​ថា “ ភាព​តាន​​​តឹង​​ ដែល​លើក​ឡើង​ដោយ​អាស៊ាន មិន​មែន​ចាត់ទុកថា​ មកពី​ប្រទេស​ហ្វីលីពីន​ទេ ក៏ប៉ុន្ដែ តាម​សេចក្ដីរាយ​ការណ៍​ថា គឺ​ដោយ​សារ​តែ​ការ​បរាជ័យ​របស់​ប្រធាន​អាស៊ាន ក្នុង​ការ​ស្វែង​រក​មតិ​រួម​មួយ​។ ខ្ញុំ​សង្ឃឹម​ថា នឹង​បង្ហាញ​​​ទិដ្ឋភាព​ពិត​ប្រាកដ​ អំឡុង​កិច្ច​ប្រជុំថ្នាក់រដ្ឋ​មន្ត្រី​តាមទស្សនមតិ​របស់​ជន​ជាតិ​ហ្វីលីពីន​ម្នាក់ ហើយ​ក្នុង​ដំណើរ​ការ​នេះ​ ត្រូវ​កែ​តម្រូវ​កំហុស​ធ្ងន់​ធ្ងរ​ ដែល​បង្កឡើង​ដោយ​អ្នក​ខ្លះ​ដែល​មិន​​​មានវត្តមាន​ក្នុងកិច្ច​ប្រជុំទាំង​នោះ”៕

(រាយ​ការណ៍​បន្ថែមដោយ​ ផន បុប្ផា)

ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស