27.5 C
Phnom Penh

នគរបាល​ចាប់​ខ្លួន​អ្នក​ភូមិ​ប្រាំ​មួយ​នាក់​មកពី​សហគមន៍​ដែល​បាន​​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អ៊ុយ រី អភិបាល​រង​ខេត្ត​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​​ថា នគរ​បាល​ខេត្ត​បាត់​ដំបង​ កាល​ពី​ថ្ងៃ​ពុធ​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​​ប្រាំមួយ​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជា​មួយ​អ្នក​ជំនួញ​​ក្នុង​មូល​ដ្ឋាន​ម្នាក់​បន្ទាប់​ពី​អ្នក​ភូមិ ១០​នាក់​ផ្សេង​ទៀត​បាន​ចោទ​ប្រកាន់​បុរសទាំង​នោះ​ថា​ បាន​ឆបោក​អ្នក​ភូមិ​​នៅ​តំបន់​​នេះ។

ទោះ​ជា​យ៉ាង​ណា ​អ្នក​ភូមិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​​ប្រ​ចាំ​ស្រុក​គាស់​ក្រឡ ​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​នេះ​​គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​សហ​គមន៍​នេះ​​​តែ​​ប៉ុណ្ណោះ ព្រោះ​សហគមន៍​នេះ​បាន​ជាប់​គាំង​ក្នុង ជម្លោះដីធ្លី​​ដោយសារ​ដី​​នៅ​ក្នុង​ឃុំ​ដូន​បា៉រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ​។

ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ប្រ​ជា​ពលរដ្ឋ​១.០០០​គ្រួសារ​​ដែល​រស់​នៅ​លើ​ដី​មាន​ជម្លោះ​នោះ​ បាន​ដាក់​សំណើ​ទៅ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ឲ្យ​​​​វាស់​វែង​ដី​របស់​ពួក​គាត់​តាម​គម្រោង​​ថ្មី​របស់​រដ្ឋាភិបាល​សម្រាប់​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។

លោក​ អ៊ុយ រី​ បាន​មាន​ប្រសាសន៍​បន្តថា “អាជ្ញា​ធរ​របស់​យើង​នឹង​បញ្ជូន​និស្សិត​ស្ម័គ្រ​ចិត្ដ​របស់​​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វាស់​វែង​ដី​ឲ្យ​ពួក​គាត់​ [អ្នក​ភូមិ] ប៉ុន្ដែ ​យើងត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជាមុន​សិន”​។

លោក ម៉េង លី អ្នកសើុប​អង្កេត​អង្គការ​អាដហុក​ ប្រចាំ​ខេត្ត​នេះ​បាន​ថ្លែង​ថា ឈ្មោះ​ យឹម វីរៈ អាយុ​៤២​ឆ្នាំ​ ស សាម៉ុន អាយុ​៣៨ឆ្នាំខឿន សារ៉េត អាយុ​៥៩​ឆ្នាំ ឌី វុធ អាយុ៣៩ឆ្នាំរៀម រុន អាយុ​៤៥​ឆ្នាំ និង​ ឈួយ​ សិន អាយុ៤១​ឆ្នាំ ត្រូវ​​​នគរបាល​ខេត្តចាប់​ខ្លួន កាល​ពី​ថ្ងៃ​ពុធ​ ។ លោក​បន្តថា​ “ប្រ​ជា​ពល​រដ្ឋ​​ទាំង​១.០០០​គ្រួសារ​នោះ​ត្រូវ​បាន​​ទទួល​រង​ការ​គំរាមកំហែង​ពី​អ្នក​មាន​អំណាច​ និង​កង​រាជ​អាវុធ​ហត្ថ”។​​

អ្នក​ភូមិ​ម្នាក់​ឈ្មោះ ឌី​ សុជាតិ​​ អា​យុ​៥៧​ឆ្នាំ​​​បាន​និយាយ​ថា​ “ យើង​សូម​អំ​ពាវ​នាវ​​ទៅ​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន ឲ្យ​វាស់​វែង​ដី​ឲ្យ​ពួក​យើង ​ដើម្បី​​​​​បញ្ឈប់​ការ​បំភិត​បំភ័យ​ និង​ការ​រំខាន​​ដល់​ការ​ធ្វើ​ស្រែ​របស់​អ្នក​ភូមិ​។តំណាង​របស់​ពួកយើង​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា​ និង​ត្រូវ​បាន​​ចោទ​ប្រកាន់​ថា បាន​ឆបោក​យក​លុយ​ពី​​អ្នក​ភូមិ​ផ្សេង​ទៀត​ ប៉ុន្ដែ តាម​ការ​ពិត​ អ្នក​​ឆបោក​នោះ​ គឺ​​ជា​​អាជ្ញាធរមូលដ្ឋាន​ទៅ​វិញ​ទេ​”។

អ្នក​ស្រី​ សុភាព អាយុ​៥៧​ឆ្នាំ​ ជា​អ្នក​ភូមិ​ម្នាក់​ ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ពេញ​របស់​គាត់​ ដោយ​សារ​​ភ័យ​ខ្លាច​ការ​ធ្វើ​បាប​ពី​អាជ្ញាធរ​បាន​និយាយ​ថា ចន្លោះ​​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ​ដល់​ថ្ងៃ​ទី​១២​ ខែ​កក្កដា មាន​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​​និង​នគរបាល​ស្រុក ​​បាន​ដើរប្រមូល​ស្នាម​មេដៃ​ពី​អ្នក​ភូមិ​ ដោយ​អះអាង​ថា ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​​ដីធ្លី​ដល់​អ្នក​ភូមិ។ អ្នក​ស្រី​បាន​បន្ដ​ថា “ ​តាម​ពិត​ពួក​គេ​បោក​ប្រាស់​យើង​ ពួក​គេ​បាន​ប្រមូល​ស្នាម​មេដៃ​របស់​យើង​ ដើម្បី​ប្តឹង​​តំណាង​របស់​យើង​ចំនួន​ប្រាំមួយ​នាក់​ពី​បទ​​ឆបោក​​ប្រាក់​អ្នក​ភូមិទៅ​វិញទេ”។

កាល​ពី​ម្សិលមិញ​ អ្ន​កភូមិ​​ប្រហែល​​១០០​នាក់​នៅ​ក្នុង​តំបន់​​នោះ​បានធ្វើ​ដំ​ណើ​ទៅ​កាន់​ទី​ស្នាក់ការខេត្ត​របស់​​គណបក្ស​ប្រ​ជាជន​កម្ពុជា​​ដើម្បី​ស្នើ​សុំ​ឲ្យ​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​ឲ្យ​ពួក​គាត់​។​ ក្រុម​អ្នក​ភូមិ​ក៏​​​ប៉ុនប៉ង​​តវ៉ា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​បុរស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​ប្រាំមួយ​នាក់​ដែរ​ ​​ប៉ុន្តែ​ ត្រូវ​បាន​នគរបាល​រារាំង៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស