លោក អ៊ុយ រី អភិបាលរងខេត្ត បានថ្លែងកាលពីម្សិលមិញថា នគរបាលខេត្តបាត់ដំបង កាលពីថ្ងៃពុធបានចាប់ខ្លួនអ្នកភូមិប្រាំមួយនាក់ដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយអ្នកជំនួញក្នុងមូលដ្ឋានម្នាក់បន្ទាប់ពីអ្នកភូមិ ១០នាក់ផ្សេងទៀតបានចោទប្រកាន់បុរសទាំងនោះថា បានឆបោកអ្នកភូមិនៅតំបន់នេះ។
ទោះជាយ៉ាងណា អ្នកភូមិ និងអង្គការសិទ្ធិមនុស្សប្រចាំស្រុកគាស់ក្រឡ លើកឡើងថា ការចាប់ខ្លួននេះគឺគ្រាន់តែធ្វើឡើងដើម្បីដាក់សម្ពាធលើសហគមន៍នេះតែប៉ុណ្ណោះ ព្រោះសហគមន៍នេះបានជាប់គាំងក្នុង ជម្លោះដីធ្លីដោយសារដីនៅក្នុងឃុំដូនបា៉រយៈពេលប្រាំឆ្នាំមកហើយ។
ការចាប់ខ្លួននេះធ្វើឡើងភ្លាមៗបន្ទាប់ពីប្រជាពលរដ្ឋ១.០០០គ្រួសារដែលរស់នៅលើដីមានជម្លោះនោះ បានដាក់សំណើទៅក្រុមនិស្សិតស្ម័គ្រចិត្តឲ្យវាស់វែងដីរបស់ពួកគាត់តាមគម្រោងថ្មីរបស់រដ្ឋាភិបាលសម្រាប់ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី។
លោក អ៊ុយ រី បានមានប្រសាសន៍បន្តថា “អាជ្ញាធររបស់យើងនឹងបញ្ជូននិស្សិតស្ម័គ្រចិត្ដរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវាស់វែងដីឲ្យពួកគាត់ [អ្នកភូមិ] ប៉ុន្ដែ យើងត្រូវតែដោះស្រាយបញ្ហាជម្លោះដីធ្លីជាមុនសិន”។
លោក ម៉េង លី អ្នកសើុបអង្កេតអង្គការអាដហុក ប្រចាំខេត្តនេះបានថ្លែងថា ឈ្មោះ យឹម វីរៈ អាយុ៤២ឆ្នាំ ស សាម៉ុន អាយុ៣៨ឆ្នាំខឿន សារ៉េត អាយុ៥៩ឆ្នាំ ឌី វុធ អាយុ៣៩ឆ្នាំរៀម រុន អាយុ៤៥ឆ្នាំ និង ឈួយ សិន អាយុ៤១ឆ្នាំ ត្រូវនគរបាលខេត្តចាប់ខ្លួន កាលពីថ្ងៃពុធ ។ លោកបន្តថា “ប្រជាពលរដ្ឋទាំង១.០០០គ្រួសារនោះត្រូវបានទទួលរងការគំរាមកំហែងពីអ្នកមានអំណាច និងកងរាជអាវុធហត្ថ”។
អ្នកភូមិម្នាក់ឈ្មោះ ឌី សុជាតិ អាយុ៥៧ឆ្នាំបាននិយាយថា “ យើងសូមអំពាវនាវទៅនិស្សិតស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យវាស់វែងដីឲ្យពួកយើង ដើម្បីបញ្ឈប់ការបំភិតបំភ័យ និងការរំខានដល់ការធ្វើស្រែរបស់អ្នកភូមិ។តំណាងរបស់ពួកយើងចំនួនប្រាំមួយនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែកក្កដា និងត្រូវបានចោទប្រកាន់ថា បានឆបោកយកលុយពីអ្នកភូមិផ្សេងទៀត ប៉ុន្ដែ តាមការពិត អ្នកឆបោកនោះ គឺជាអាជ្ញាធរមូលដ្ឋានទៅវិញទេ”។
អ្នកស្រី សុភាព អាយុ៥៧ឆ្នាំ ជាអ្នកភូមិម្នាក់ ដែលបដិសេធមិនប្រាប់ឈ្មោះពេញរបស់គាត់ ដោយសារភ័យខ្លាចការធ្វើបាបពីអាជ្ញាធរបាននិយាយថា ចន្លោះពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី១២ ខែកក្កដា មានមន្ត្រីកងរាជអាវុធហត្ថនិងនគរបាលស្រុក បានដើរប្រមូលស្នាមមេដៃពីអ្នកភូមិ ដោយអះអាងថា ជាផ្នែកមួយនៃដំណើរការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកភូមិ។ អ្នកស្រីបានបន្ដថា “ តាមពិតពួកគេបោកប្រាស់យើង ពួកគេបានប្រមូលស្នាមមេដៃរបស់យើង ដើម្បីប្តឹងតំណាងរបស់យើងចំនួនប្រាំមួយនាក់ពីបទឆបោកប្រាក់អ្នកភូមិទៅវិញទេ”។
កាលពីម្សិលមិញ អ្នកភូមិប្រហែល១០០នាក់នៅក្នុងតំបន់នោះបានធ្វើដំណើទៅកាន់ទីស្នាក់ការខេត្តរបស់គណបក្សប្រជាជនកម្ពុជាដើម្បីស្នើសុំឲ្យនិស្សិតស្ម័គ្រចិត្តវាស់វែងដីឲ្យពួកគាត់។ ក្រុមអ្នកភូមិក៏ប៉ុនប៉ងតវ៉ានៅខាងក្រៅសាលាដំបូងខេត្ត ដើម្បីទាមទារឲ្យដោះលែងបុរសដែលត្រូវបានចាប់ខ្លួនទាំងប្រាំមួយនាក់ដែរ ប៉ុន្តែ ត្រូវបាននគរបាលរារាំង៕
ប្រែសម្រួលដោយ ឃិន ណៃ