35 C
Phnom Penh

​កម្ពុជា​​មិន​ទទួល​យក​ការបន្ទោស ​​ចំពោះប្រ​ជុំ​អា​ស៊ាន​បរា​ជ័យ ​ដែល​បង្កដោយវៀត​ណាម និង​ហ្វីលីពីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្ត្រី​ការ​បរទេសកម្ពុជា​ លោក​ ហោ​ ណាំ​ហុង​​ កាល​ពី​ថ្ងៃ​សុក្រ​បានវាយបកវិញ ដោយឆ្លើយដាក់ប្រ​ទេសវៀតណាម និង​ ប្រ​ទេសហ្វីលីពីន​ ចំពោះបរា​ជ័យ​របស់​ប្រ​ទេសជា​សមាជិក​អាស៊ាន ក្នុងការ​ខក​ខាន​មិនបានចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ស្តី​អំ​ពី​ជម្លោះ​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​។

អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ​ ចាប់តាំង​ពី​មានកិច្ចពិភាក្សានៅ​រាជ​ធានី​ភ្នំពេញ​អំពី​ជម្លោះដែន​ទឹក​រវាង​ប្រទេស​ជា​សមាជិក​​អា​ស៊ានមួយចំនួនជា​មួយ​ប្រទេស​ចិន​​ដែល​បណ្តាល​ឲ្យ​ការ​ចរចាទទួលបរា​ជ័យ​ទាំងស្រុង​នោះ​ លោក ហោ ណាំហុង ក្រោយមក​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ស្តី​អំ​ពី​បញ្ហា​នេះ​ ដែល​លោក​ បាន​លើកឡើងថា​ ប្រទេស​​​ទាំង​អស់​បាន​យល់​ស្រប​រួច​ហើយ។​​

ទោះជា​យ៉ាង​ណា​ក៏ដោយ ចំណុចគួរ​កត់​សម្គាល់គឺ​ការ​មិនដាក់បញ្ចូលទៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​អំ​ពី​ជម្លោះនៅ​​ជុំវិញ​តំបន់​កោះ​ Scarborough Shoal រវាងការទាមទាររបស់ប្រ​ទេស​ហ្វី​លី​ពីន​ និង​ប្រ​ទេស​ចិន​ បាន​ធ្វើ​ឲ្យ​តឹងកាន់​តែ​ខ្លាំង​ឡើងៗ​ក្នុង​ពេល​ថ្មីៗ​នេះ​​និងការទាមទាររបស់ប្រ​ទេស​វៀត​ណាម​ថា​ជាតំបន់​សេដ្ឋកិច្ចផ្តាច់មុខ​ និង​ជា​តំបន់​ឆ្នេរ​ទឹក​រាក់​​របស់​ខ្លួន​។

លោក ហោ ណាំហុង បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​ខុទ្ទកាល័យ​របស់លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​ថា “ មានរដ្ឋ​មន្ត្រី​ការ​បរទេស​អា​ស៊ាន​ពីរ​រូប ​ដែល​ខ្ញុំ​មិន​ចង់បញ្ចេញ​ឈ្មោះ​បាន​បដិសេធ​មិន​ទទួល ​និង​បាន​ទទូច​ថា​ បញ្ហា​ជម្លោះ​ទ្វេ​ភាគី​របស់​​ខ្លួន​គួរ​ត្រូវ​​ដាក់​បញ្ចូល​ក្នុង​សេចក្តីថ្លែង​ការ​ណ៍​នោះ​មិន​ដាក់​បញ្ចូល​បញ្ហា​របស់​ខ្លួន​ទេ​ នោះ​​ពួក​គេ​មិន​យល់​ព្រម​ទៅ​នឹង​មតិរួមនោះ​ឡើយ។តើ​នេះ​ជា​កំហុស​អ្នក​ណា​?”។

លោករដ្ឋ​មន្ត្រី​ការ​បរទេស​ បានមាន​ប្រសាសន៍ថា “​ ក្នុង​នាម​ជា​ប្រ​ធាន​អាស៊ាន​…នៅ​ពេល​មាន​បញ្ហា​ជម្លោះ​កាន់​តែ​​ខ្លាំង​​ឡើងៗ​រវាង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​ ប្រ​ធានអា​ស៊ាន​មិន​គួរ​ចាក់​សាំង​បន្ថែម​លើ​ភ្លើង​នោះ​ទេ។​ប្រ​ធាន​អា​ស៊ាន​ត្រូវ​តែ​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តាន​តឹង។​នេះ​គឺ​ជា​ជំហរ​ជា​គោលការណ៍​របស់​កម្ពុជា​”។

ទោះ​បី​​លោក ហោ ណាំ​ហុងបាន​ព្យាយាម​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំង​នោះ​ ដែល​ប្រ​ទេស​កម្ពុជា​ជឿ​ថា ​ មាន​កំហុស​ចំពោះ​បរាជ័យនៃការ​​​ចរចានោះ តែចុង​ក្រោយ​លោក​បាន​បញ្ជាក់​តាមរយៈអារម្មណ៍​ពិត​របស់​លោក ​នៅ​ពេល​អ្នក​កាសែត​ម្នាក់​ បាន​ចោទ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ប្រ​ទេស​ឥណ្ឌូណេស៊ី​ ​ដើរ​តួ​ជា​អាជ្ញា​កណ្ដាល​ ដើម្បី​ស្រោចស្រង់កិច្ច​ប្រ​ជុំ​ នៅ​ពេល​ដែល​ខ្លួន​មិន​មែន​ជា​​ប្រ​ធានអាស៊ាននោះ។

លោក ហោ  ណាំ​ហុង ​ថ្លែង​ថា “ ប្រ​ទេសឥណ្ឌូណេស៊ី​បាន​ទទួល​យក​ការ​ផ្ដួច​ផ្ដើម​គំនិត​ ដើម្បី​ពិភាក្សា​ជា​មួយ​​​​ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​វៀតណាម​​​ ដោយ​សារ​ប្រ​ទេស​ទាំង​នេះ​ជា​ប្រ​​ភព​នៃ​ឧបសគ្គ​។​កម្ពុជា​បាន​​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​របស់​ខ្លួន​រួច​ហើយ ​ហើយ​មិន​អាច​ធ្វើ​អ្វី​​ថែម​ទៀត​ទេ”។

កាល​ពី​ថ្ងៃ​ពុធ និងថ្ងៃព្រហស្បតិ៍​ រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​ លោក​​ម៉ាទី​ណាតា​ឡេ​ហ្គាវ៉ា​  បាន​ធ្វើ​ដំណើ​រទៅ​ទីក្រុង​ម៉ានីល​ ក្រុងហាណូយ និងរាជ​ធានី​ភ្នំពេញ ​ដើម្បី​ព្យាយាមជា​លើក​ទី​២ ក្នុងការស្រោចស្រង់​នូវ​ទំនាក់​ទំនង​​រវាង​ប្រ​ទេសជា​ស​មា​ជិក​អាស៊ាន។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម ចេញ​កាល​ពី​ថ្ងៃ​សុក្រ បានរាប់បញ្ចូលនូវចំណុចទាំង​ប្រាំ​មួយ ដែល​រួម​បញ្ចូល​ទាំង​ “​​សេចក្ដី​សន្និដ្ឋាន​​ដំបូង​បង្អស់” នៃ​ក្រម​ប្រតិបត្តិ​​មួយសម្រាប់​​ដោះស្រាយជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង​ដោយគោរព​តាមសន្ធិ​សញ្ញា​របស់អង្គការ​សហ​ប្រ​ជា​ជាតិ​ ស្តី​អំពី​ច្បាប់​សមុទ្រ​ និង​កិច្ច​ព្រម​ព្រៀង​​មួយ​​ក្នុងការ​ដោះស្រាយជម្លោះ​ដោយ​សន្តិវិធី។

​មន្ត្រី​នៅ​ឯ​ក្រ​សួង​ការ​បរទេស​ប្រ​ទេស​ហ្វីលីពីន​​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សំណួរ ទាក់ទងនឹងសេចក្ដី​ថ្លែង​ការណ៍​រួម​ ដែល​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ទេ។​ទោះ​ជា​យ៉ាង​​ណា​​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ ក្រ​សួង​ការ​បរទេស​ហ្វីលីពីន​ បាន​លើក​ឡើង​ថា​​ ការ​បង្កឲ្យមាន​អារម្មណ៍​តឹង​តែង​ណា​មួយ​​នៅ​អំឡុង​ពេល​កិច្ច​ប្រ​ជុំ​អាស៊ាន​នោះ​គឺ​”​​​​​​មិន​អាច​ដាក់បន្ទុកមកលើ​ប្រ​ទេស​​ហ្វីលីពីនបានទេ​” ​​ប៉ុន្តែ​ “​វាជាការ​បរា​ជ័យ​របស់​ប្រ​ធានច្រើ​នជាង ដែល​មិន​អាច​ទទួល​​បាន​មតិ​រួម​មួយ”។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះដែរ បាន​លើក​ឡើង​ថា​ “​ក្នុង​គម្រោង​ការរបស់​អាស៊ាន​​ប្រ​ទេស​ហ្វីលីពីន​ត្រូវ​ការ​ដំណោះ​ស្រាយ​មួយ​សម្រាប់ផល​ប្រ​យោជ​ន៍ដល់ជាតិ​ជា​ចម្បង​”។

ក្រសួង​ការ​បរទេស​សិង្ហបុរី ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បាន​សរសើរ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ ​​ទោះ​បី​ខ្លួន​បាន​សង្កេត​ឃើញ​ថា​ មាន​តែ​ចំណុច ​មួយចំនួននៃ​គម្រោង​កាល​ពី​សប្តាហ៍​មុន​ត្រូវ​បាន​ដាក់​បញ្ចូល​ក៏​ដោយ។

សេចក្ដី​ថ្លែង​ការណ៍​នោះ​​បន្ត​ថា​ “សេចក្ដី​ថ្លែង​ការណ៍​នេះ ​គឺ​​​ជា​លទ្ធផល​នៃ​កិច្ច​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ពី​ប្រ​ទេស​ឥណ្ឌូ​ណេស៊ី​។ ជា​ដំណើរ​ការ​ ដើម្បី​ជួស​ជុល​នូវ​ការ​ខូច​ខាត​ ដែល​បណ្ដាល​មក​ពី​​បរា​ជ័យ​នៃ​កិច្ច​ប្រ​ជុំ​ថ្នាក់រដ្ឋ​មន្ត្រី​ការ​បរទេស​អា​ស៊ាន​លើក​ទី​៤៥ ដែលមិនអាចចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ និង​ដើម្បីស្តារមុខមាត់​អា​ស៊ាន​​​​​ ដែល​ជា​គ្រឹះ​នៃការកសាង​តំបន់​”។

អ្នក​វិភាគ​ផ្នែក​នយោ​បាយ​បាន​បន្ត​លើក​ឡើង​ថា​ មូល​ហេតុ​ខ្លះនៃបរាជ័យក្នុង​ការ​ស្វែងរកមតិ​រួម​​ កាល​ពី​សប្តាហ៍​មុន គឺ​​​​ដោយ​សារ​ការ​យល់​ថា​ ប្រ​ទេស​កម្ពុជា​កំពុង​តែ​មាន​ទំ​នាក់​​​ទំ​នង​​ជិត​ស្និទ្ធជា​មួយ​ប្រ​ទេស​ចិន ​​ដែល​ធ្វើ​ឲ្យ​បាត់​អព្យាក្រឹត្យភាព​​របស់​ខ្លួន។ តាម​ពិត​ខណៈ​ដែល​ប្រ​ទេស​ទាំង​ពីរ​ គឺ​ប្រ​ទេស​ហ្វីលីពីន​ និងប្រ​ទេស វៀតណាម ជឿ​ថា​ អា​ស៊ាន​អាច​ជួយដោះ​ស្រាយ​ជម្លោះ​ជា​មួយ​ប្រ​ទេស​ចិន​បាន​ តាមរយៈប្រ​ទេស​

នៅ​ក្នុង​ប្លុក​ តែលោក​ ហោ ណាំហុង​ កាល​ពី​ថ្ងៃ​​សុក្រ​ បាន​បន្ត​លើក​ឡើង​ថា ​ជម្លោះ​នោះ​“ជា​បញ្ហា​​ទ្វេភាគី” រវាង​បណ្តាប្រ​ទេស​ ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​នឹង​​ក្រុង​ប៉េកាំង។

លោកបាន​ថ្លែង​បន្ត​ថា “ ​បើ​ទោះ​បី​ជា​​ប្រ​ជុំ​កោះ​ Scarborough Shoal ជា​បញ្ហា​ទ្វេ​ភាគី ​និង​តំបន់​សេដ្ឋកិច្ចផ្តាច់មុខ ​​មិន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក៏​ដោយ​​ វា​នៅតែ​មិនមែន​ជា​ដោះ​ស្រាយ​ចំ​ពោះ​បញ្ហា​នេះដែរ…ផ្ទុយ​ទៅ​វិញ​វា​អាច​បង្កឲ្យ​មាន​ការពិបាកថែម​ទៀត ​សម្រាប់​ការ​ចរចារ​នៅ​ពេល​អនាគត”។

កចិ្ចប្រ​ជុំថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេសអា​ស៊ាន​លើក​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា​​ ក្នុងរាជ​ធានីភ្នំ​ពេញ ដែល​នៅ​ពេល​នោះ​ ប្រធា​នា​ធិបតី​សហ​រដ្ឋ​​អាមេរិក លោក បារ៉ាក់ អ៊ូបាម៉ា​ (Barack Obama) សង្ឃឹម​ថា​ នឹងមក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំកំពូល​ស្តីពីអា​ស៊ី​បូព៌ា​ផង​ដែរ​។

លោក ហោ ណាំហុង​ បាន​ថ្លែង​ថា​ប្រ​ទេស​ណា​មួយ ​មាន​សេចក្តីប្រាថ្នាចង់​ដោះ​ស្រាយ​បញ្ហាជម្លោះក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង​​ តាម​រយៈ​​​តំបន់​នៅ​ឯ​កិច្ច​ប្រ​ជុំ​​​នោះ​នឹង​អាច​មាន​ការ​ខក​ចិត្ត​ម្តង​ទៀត។

លោកបានថ្លែងបន្ត​ទៀត​ថា “​បើ​មិន​មាន​មតិ​រួម​មួយ​ ស្តី​ពី​បញ្ហា​នោះ​ទេ ​បញ្ហា​នោះ​មិន​អាច​ដាក់បញ្ចូលឲ្យក្លាយ​ជា​ឧបសគ្គ​ ចំពោះ​សហគម​អាស៊ាន​នោះ​ឡើយ។វា​គួរ​ទុក​ដោយ​​ឡែក​ សម្រាប់​ការ​ពិភាក្សា​នៅ​លើក​ក្រោយ​ទៀត។​ កម្ពុជា​​មិន​ចង់​ឲ្យ​យកបញ្ហា​ទ្វេ​ភាគី​​ មកដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ទេ”៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស