32 C
Phnom Penh

​អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​​​​កម្ពុជាបង្ហោះ​​​​​​បទ​​​សម្ភាស​​ជាមួយ​លោក ឌឺវីឡេ តាម​​​គេហទំព័រយូធ្យូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​នៅក្នុង​​​​​​ចំណាត់​​​ការ​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​មួយ​​​ អគ្គ​​​ស្នង​​​ការ​​​នគរ​​​​​​បាល​​​ជាតិ​​​​​​​​​កម្ពុជា បាន​​​បង្ហោះ​​​វីដេអូ​​​មួយ​​​​​​ក្នុង​​​គេហ​​​ទំព័រ​​​របស់​​​ខ្លួន ​​​ដែល​​​នៅ​​​ក្នុង​​​នោះ បុរស​​​ជន​​​ជាតិ​​​បារាំង​ឈ្មោះ​ ប៉ាទ្រីក ហង់រី ឌឺវីឡេ (Patric Henri Devillers)​ និយាយ​​​​​​ថា​លោក​​​​​​ធ្វើ​​​ដំណើរ​​​តាម​​​ជើង​​ហោះ​​​​​​ហើរ​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​ ក្នុង​​​នាម​​​ជា​​​បុរស​​​ម្នាក់​​​មាន​​សេរីភាព​​​ពេញ​​​លេញ​​​ និងដោយគ្មាន​​​​ការ​​​គាប​​​សង្កត់​​​ណា​​មួយ​ពី​​​អាជ្ញាធរ​​​កម្ពុជា​​​ឡើយ។

វីដេអូដែល​​​​​​នគរ​​​បាល​​​បាន​​​​​​​​​បង្ហោះ​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍តាម​​​គេហ​​​ទំព័រយូធ្យូ (You Tube) ​​​នេះ​​​ ទំនង​​​ជា​​​​​​មាន​​​បំណង​​​ច្រាន​​​​​ចោល​​​ការ​​​លើក​​​​ឡើង​​​ណា​​​មួយដែរ​​ថា ការ​​​ធ្វើ​​​ដំណើរ​​​តាម​​​ជើង​​​ហោះ​​​ហើរ​​​របស់​​​លោក ឌឺវីឡេ កាលពី​​​យប់​​​ថ្ងៃ​​​អង្គារ​ទៅ​​​​កាន់​​​ប្រទេស​​​ចិន ត្រូវ​​​បាន​​​បង្ខិត​​​បង្ខំ​​​ហើយ​​​មើល​​​ទៅ។

តែ​​​ទោះ​​​ជា​​​យ៉ាងណា ពេល​​​ធ្វើ​​​សម្ភាស​​​ខណៈពេល​​​កំពុង​​​អង្គុយ​​​លើ​​​សាឡុង​​​ក្នុង​​ផ្នែក​​​វីអាយភី (VIP) ​​​នៃ​​​អាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​​ភ្នំពេញ លោក ឌឺវីឡេ ​​​​​​​​​បាន​​​ងាក​​​មើល​​​នេះ​​​មើល​​​​នោះ ហើយ​​​ពេល​​​ខ្លះ​​ហាក់​​​ដូចជា​​​មាន​​​ការ​​​ភ័យ​​​ខ្លាច​​​​​ចំពោះ​​​វត្ត​​​មាន​​​របស់​​​​​​មន្ត្រី​​​មួយ​​​រូប​​​សួរ​​​សំណួរ​​​លោក​​​ជា​​​ភាសា​​​បារាំង ​​​អំពី​​​របៀប​​​និង​​​មូលហេតុ​​​ដែល​​​លោក​​​ត្រូវ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា។

បន្ទាប់​​​មក​​​ទៀត ​​ក្នុង​​​វីដេអូ​​​​​​នេះ គេ​​​​អាច​​​មើល​​​ឃើញ​​​លោក ឌឺវីឡេ ដើរ​​​ឆ្លង​​​កាត់​​​គយ​​​ក្នុង​​​ផ្នែក​​​វីអាយភី ដែល​​​​​​ជាធម្មតា​​​មិន​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​អ្នក​​​ដំណើរ​​​ធម្មតា​​​ឡើយ ​ហើយ​​​​​​នៅទី​​​នោះ ​គេ​​​អាច​​​មើល​​​ឃើញ​​​ក្រុម​​​មន្ត្រី​​​អន្តោ​​​ប្រ​​​វេសន៍​​​ និង​​​បុរស​​​ម្នាក់​​​ដែល​​​ទំនង​​​​ជា​​​អង្គ​​​រក្ស។

លោក ឌឺវីឡេ ​​​បាន​​​និយា​​​យ​​ដាក់​​​ម៉ាស៊ីន​​​ថត​​​ថា “ ខ្ញុំ​​​​​​នឹង​​​​​​ត្រូវ​​​ចេញ​​​​​ដំណើរ​​​ទៅ​​​កាន់​​​ក្រុង​​សៀង​​​ហៃ (Shanghai) នៅយប់​​​​​​នេះ​​ ហើយ​​​បន្ទាប់​​​មក​​​ទៀត​​​ប្រហែល​​​ជា​​​ត្រូវ​​​​​​បន្ត​​​ដំណើរ​​​ទៅ​​​កាន់​​​ក្រុង​​​ប៉េកាំ​​​ង​​​​​​ ដើម្បី​​​សហការ​​​នៅក្នុង​​​រឿង​​​ក្តីស៊ើប​​​អង្កេត​​​លើ​​​លោក​​​ស្រី ហ្គូ ខៃឡាយ​​​(Gu Kailai)”។

លោក ឌឺវីឡេ ​​​​​​មាន​​​ទំនាក់​​​ទំនង​​​រក​​​ស៊ី និង​​​រឿង​​​ផ្ទាល់​​​ខ្លួន​​​ជា​​​មួយ​​​លោកស្រី​ ហ្គូ ​ខៃឡាយ​ភរិយា​​​របស់​​​លោក ប៉ូ ស៊ីឡាយ (Bo Xilai) អតីត​​​ឥស្សរជន​​​ជាន់​​​ខ្ពស់​​​​​ក្នុង​​​បក្ស​​​កុម្មុយ​​​នីស្ត​​​ចិន​។​អ្នក​​​ទាំង​​​ពីរ​​​នេះ​​​​​​​​​ស្ថិត​​​ក្រោម​​​ការស៊ើបអង្កេត​​​​ចាប់​​​តាំង​​​ពី​​​ខែមេសា​​​មក​​​ គឺនៅពេល​​​ដែល​​​លោក ប៉ូ ស៊ីឡាយ ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​គណៈកម្មា​​​ធិការ​​​មជ្ឈិម​​​​​​បក្ស​​​ ហើយ​​​លោក​​​ស្រីហ្គូ ខៃឡាយ ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ពីបទ​​​សម្លាប់​​​​​បុរស​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​អង់​​​គ្លេស​​​ ម្នាក់​​​ឈ្មោះណេល ហេវូដ (Neil Heywood) កាល​​​ពី​​​ខែ​​​វិច្ឆិកា​។

ពេល​​​សួរ​​​ថា តើ​​​លោក​​​​ធ្វើ​​​ដំណើរ​​​ទៅ​កាន់​​​ប្រទេស​​​ចិន​​ ដោយ​​​សារ​​ស្ថិត​​​​ក្រោម​​​សម្ពាធ​​​ឬ​​​យ៉ាងណា​​​នោះ លោក ឌឺវីឡេ ​​​បាន​​​និយាយ​​​​​​ដាក់​​​កាមេរ៉ា​​​ថា “ ខ្ញុំ​​​ចាក​​​ចេញ​ទៅ​​​កាន់​​​គោល​​​ដៅ​​​​នេះ​​​ដោយ​​​មាន​​​សេរីភាព​​”។ ​​​​​​​​នៅពេល​​​នោះ លោក ឌឺវីឡេ ថែម​​​ទាំង​​​បាន​​​ថ្លែងអំណរគុណ​​​​​​ចំពោះ​​​អាជ្ញាធរ​​​ទៀត​​​ផង។​​​ លោក​​​បាន​​និយាយ​​​ថា “ ខ្ញុំ​​​សូម​​​​ថ្លែង​​​អំណរ​​​គុណ​​រដ្ឋាភិបាល​​​កម្ពុជា ​​​​ចំពោះ​​​ការ​​​ដោះ​​​​លែង​​​ខ្ញុំ​​​ឲ្យ​​​មាន​​​សេរីភាព​​​ និងជាពិសេស​​​សូម​​អរគុណ​​​ចំពោះ​​​នគរ​​​បាល​​​អន្តោ​​​ប្រ​​​វេសន៍​​​​ដែល​​​បាន​​​ស្វាគមន៍ខ្ញុំ​​​យ៉ាង​​​កក់​​​ក្តៅ​​​អំឡុង​​​រយ:​ពេល​​​​ប៉ុន្មាន​​​​​​សប្តាហ៍​​​ចុង​​​ក្រោយ​​​នេះ​​​ដោយ​​​ការ​​​ យក​​​ចិត្ត​​​ទុក​​​ដាក់​​​ និង​​ភាព​​​​​​រួសរាយ​​​រាក់​​​ទាក់”។​​​​​​​​​​​​​​​

វីដេអូ​​​នេះ​​​បង្ហា​​​ញពី​​​លោក​​ ឌឺវីឡេ ​​​យក​​​ឯក​​​សារ​​​របស់​​​ខ្លួន​​​ទៅ​​​​​​បោះ​​​ត្រា​​​​​​នៅ​​​ផ្នែក​​​វី​អាយ​​​​​ភីនៃ​​​អាកាស​​​យានដ្ឋាន​​​នេះ​​​ ដែល​​​នៅ​​​ចំណុច​​​​​​មួយ​​​​​​​​កាមេរ៉ា​​​​​​​​​បាន​​​ពង្រីក​​​យឺត​​​​​​ៗ​​​ចាប់​​​យក​​​រូប​​​ភាព​​​លោក​​​ ឌឺវីឡេ ​​​ដែល​​​​​​​​​មាន​​​ទឹក​​​មុខ​​​ហាក់​​​ដូច​​​ជា​​​ភ័យ​​​ខ្លាច។ ​​​គេ​​​មើល​​​ឃើញ​​​បុរស​​​មួយ​​​ចំនួន​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​​​​នៅទី​​​នោះ​​​នៅពេល​​​​​​លោក ឌឺ​​​វីឡេ ត្រូវ​​​ឡើងជិះ​​​យន្ដ​ហោះ​តាម​ជើង​​​ហោះ​​​ហើរ​​​នោះ។ ពេល​​​នេះ​​គេ​​​មិន​​​ដឹង​​​ច្បាស់​​​ថា តើ​​​លោក ឌឺវីឡេ ត្រូវ​​​​​​គេ​​​អមដំណើរ​​​ឡើង​​​ជើង​​​ហោះ​​​ហើរ​​​នោះ​​​ឬ​​​យ៉ាង​​​​​​ណា​​​ទេ។

អាជ្ញាធរ​​​កម្ពុជា​​​ មិន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​​​​សារព័ត៌​​​មាន​​​ចូល​​​ជួប​​​លោក ឌឺវីឡេ ទេ អំឡុង​​​ពេល​​​ឃុំ​​​ឃាំង​​​លោក​​​ បន្ទាប់​​ពីលោក​​​​​​ត្រូវ​​​បាន​ឃាត់​​​ខ្លួន​​​នៅ​​​ឯ​​​ភោជ​​​នីយដ្ឋាន​​​​​​មួយ​​​​​​កន្លែង​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ​​​កាលពី​​​ថ្ងៃទី​​​១៣ ខែ​​​មិថុនា​​​តាម​​​សំណើ​​​របស់​​​ប្រទេស​​​ចិន មក។

យោង​​​តាម​​​ក្រសួង​​​ការ​​​បរទេស​​​បារាំ​​​ង​​​បាន​​​ឲ្យ​​​ដឹងថា លោក ឌឺវីឡេ ​​​ទទួល​​​បាន​​​ការ​​​ធានា​​​​ច្បាស់​​​លាស់​​​ពី​​​ប្រទេស​​​ចិន​​​ មុនពេល​​​​​​យល់​​​​ព្រម​​ជួយ​​​ដល់​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​ពួកគេ។ លោក​​ឧត្តមសេនីយ៍ឯក​​​ ខៀវ សុភ័គ ​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​​​​មហា​​​ផ្ទៃ​​​កម្ពុជា ​​​​​​បានថ្លែង​ថា​ទោះជា​​​លោក​​ ឌឺវីឡេ ​​​ត្រូវបាន​​​អាជ្ញាធរកម្ពុជាដោះ​​​លែង​​​ ឲ្យធ្វើដំ​ណើរ​​​តាម​ជើង​​​​ហោះហើរ​​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​ក្តី ​​​ក៏​​​លោក​​​ត្រូវ​​​បាន​​​​នាំ​​​ឆ្លង​​​កាត់​​​ផ្នែក​​​វីអាយ​​​ភី​​​នៃ​​អាកាស​​​យាន​ដ្ឋាន​​​នេះ​​​ដែរ ដើម្បី​​​គេច​​​ពី​​ក្រុម​​​អ្នក​​​សារ​​​ព័ត៌​​​មាន។

លោកបាន​​​មាន​​​ប្រ​​​សាសន៍ថា “ មូល​​​ហេតុ​​​ដែល​​​គាត់​​​​​​ត្រូវ​​​នៅ​​​ក្នុង​​​ផ្នែក​​​វីអាយភី ​​​ដោយ​​​សារតែ​​​យើង​​​ខ្លាច​​​អ្នក​​​សារព័ត៌​​​មាន​​​​​​មក​​​ចោម​​​រោម​​​​​​បង្ក​​​បញ្ហា”។ ពេល​​​សួរ​​​ថា តើលោក​​​​ព្រួយ​​​បារម្ភ​​​ថា វីដេអូ​​​​នេះ​​​​​​ប្រហែល​​​ជា​បណ្តាល​ឲ្យ​​​សាធារណ​​​ជន​​​គិតថា លោក ឌឺវីឡេ ​​​ត្រូវ​​​បាន​​​បង្ខិត​​​បង្ខំ​​​ឲ្យ​​​​​​ធ្វើ​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​បែប​​​នេះ​​​ឬ​​​យ៉ាង​​​ណា​​​នោះ ​​​លោក ខៀវ សុភ័គ បាន​​​​​​មានប្រ​​​សាសន៍បន្ថែមទៀតថា “ សាធារណ​​​ជន​​​មិន​​​យល់​​ វា​ស្រេច​​​​តែ​​​ពួកគេ ខ្ញុំ​​​មិន​​​ខ្វល់​​​ថា​ពួក​គេ​​​​គិត​​​អ្វី​​​ឡើយ”។ មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ស្ថាន​​​ទូត​​​បារាំង​​​ មិន​​​បាន​​ឆ្លើយ​​​​​​បំភ្លឺ​​ចំៗ​​​ទេ​​​ទាក់​​​ទិន​​​នឹង​​​​​​​​​វីដេអូ​​​នេះ ​​​ប៉ុន្តែ​​​​ពិត​​​​​​ជា​​​បាននិយាយ​​​ថា ​​​វីដេអូ​​​នេះ​​​ទំនង​​​ជា​​​ត្រូវ​បាន​​​ផលិត​​​ឡើង​​​តាម​​​សំណើរបស់​​​អាជ្ញាធរ​​​កម្ពុជា​​​ហើយ​​​មើល​​​ទៅ។

លេខាទី​​​​​​១ ឡូរ៉ង់ ប៊ែរណាឌី (Laurence Bernardi) ​​​នៅ​​​ស្ថាន​​​ទូត​​​ បារាំង ប្រចាំ​​​រាជ​ធានី​ភ្នំពេញ ​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា ​ “វាមិន​​​មែន​​​អាស្រ័យ​​​លើ​​​យើង​​​ធ្វើ​​​ការ​​​បំភ្លឺ​​ពី​​​គុណ​​​ភាព​​​ ឬ​​​ខ្លឹម​​​សារ​​​នៃ​​​វីដេអូ​​​នេះ​​​ទេ”៕ ​

ប្រែ​​​សម្រួល​​​ដោយ តែម សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស