សាលាដំបូងខេត្តកំពង់ឆ្នាំង បានសាកសួរអ្នកភូមិបួននាក់ក្នុងចំណោមអ្នកភូមិចំនួន១២នាក់ដែលត្រូវបានកោះហៅ ដើម្បីសាកសួរចំពោះករណីជម្លោះដីធ្លី នៅស្រុកសាមគ្គីមានជ័យ ដែលអ្នកភូមិចំនួន៨០គ្រួសារបានដាក់់ញត្ដិប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនឯកជនមួយដែលអ្នកភូមិបានចោទប្រកាន់ថា បានចាប់យកដីរបស់ពួកគាត់នោះ។
នៅពេលជម្លោះកើតចេញពីពីការចោទប្រកាន់ពាក់ព័ន្ធការចាប់យកដីធ្លីនោះ តុលាការបានកោះហៅអ្នកភូមិចំនួន១២នាក់ ដើម្បីសាកសួរ បន្ទាប់ពីពួកគាត់ត្រូវបាន ចោទប្រកាន់ពីបទបង្ខូចឈ្មោះ និងពីបទញុះញង់ដោយ មេដឹកនាំចំនួនប្រាំនាក់ ដែលជាខ្មែរអុីស្លាមនៅក្នុងឃុំក្រាំងលាវ ដែលអ្នកភូមិបានអះអាងថា មានជាប់ពាក់ព័ន្ធនឹងងការចាប់យកដីរបស់់ពួកគាត់នោះ។ លោក ស៊ុន ពូ អាយុ៣៦ឆ្នាំ អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលលោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានសាកសួរនោះ បានលើកឡើងថា គាត់មានកិច្ចសន្យា ដែលបញ្ជាក់ថា មេដឹកនាំខ្មែរអុីស្លាមទាំងប្រាំនាក់នោះបានរួមគំនិតជាមួយ អ្នកស្រីអ៊ូ ខាលី អ្នក ជំនួញម្នាក់ដើម្បីចាប់យកដីរបស់ពួកគាត់។
លោក ស៊ុន ពូ បានលើកឡើងថា “ យើងមានភស្តុតាងអំពីមេដឹកនាំ ដែលជាជនជាតិអុីស្លាមទាំងប្រាំនាក់នោះ។ យើងមិនបានញុះញង់ ឲ្យអ្នកភូមិផ្សេងទៀតប្រឆាំងនឹង ពួកគេទេ ប៉ុន្តែ អ្នកភូមិចង់តវ៉ា ដើម្បីទាមទារថាអ្នកភូមចង់ទុកដីព្រៃនេះសម្រាប់ប្រើជាផលប្រយោជន៍សហគមន៍ របស់អ្នកភូមិ”។ លោក ស៊ុន ពូ បាននិយាយថា តុលាការគួរតែលើកលែងការចោទប្រកាន់ពីបទបង្ខូចឈ្មោះ និងការញុះញង់នេះ ហើយបែរមកផ្តោតលើថា តើនរណាជាម្ចាស់ដីវិញ។
លោក សំ ចាន់គា អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិ មនុស្សអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ជម្លោះដីធ្លីនេះបានកើតឡើងកាលពីឆ្នាំមុន នៅពេលអ្នកភូមិចំនួន១០៣គ្រួសារ នៅក្នុងភូមិត្រមូងជ្រុំ ឃុំក្រាំងលាវ បានលក់ដីរបស់ខ្លួនទំហំ១៣៦ហិកតា ទៅឲ្យអ្នកស្រី កាលី ដែលជាអ្នកជំនួញនោះ។ ទោះបីជាយ៉ាងណា ពេលដែលអ្នកស្រី កាលី បានបញ្ជូន គ្រឿងចក្រទៅឈូសឆាយដីព្រៃ ដែលខ្លួនទើបតែបានទិញនោះ ពួកគេបែរជាបានឈូសឆាយដីអ្នកភូមិទំហំ៦៥៤ហិកតាទៅវិញ។
កាលពីខែមករា លោក វិបុលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានប្រឈមមុខជាមួយអ្នកភូមិទាំងនោះ ចំពោះការតវ៉ាប្រឆាំងនឹងអ្នកស្រី កាលី ដោយបានប្រាប់អ្នកភូមិថា អ្នកស្រីមានសិទ្ធិឈូសឆាយដីទំហំ៦៥៤ហិកតា ដែលគាត់បានទិញពីមេដឹកនាំទាំងប្រាំនាក់ដែលជាជនជាតិអុីស្លាម ហើយប្រសិនបើអ្នកភូមិមិនសុខចិត្ត អ្នកភូមិគួរតែ ដាក់ពាក្យបណ្តឹងទៅតុលាការ។
អ្នកភូមិបានដាក់់ពាក្យបណ្តឹងទៅអភិបាលខេត្ត និងសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា គឺលោក គង់ សំអុល ប៉ុន្តែ ករណីនេះនៅមិនទាន់បានដោះស្រាយនៅឡើយទេ។ លោក វិបុល បានលើកឡើងថា ទោះជាយ៉ាងណា កាលពីថ្ងៃទី៩ ខែកក្កដា មេដឹកនាំទាំងប្រាំនាក់ដែលជាជនជាតិអុីស្លាមបានដាក់ពាក្យបណ្តឹងចោទប្រកាន់ពីបទបង្ខូចឈ្មោះ និងញុះញង់ប្រឆាំងនឹងអ្នកភូមិដែលបានតវ៉ាទាំងនេះ ហើយក្រោយមកប៉ុន្មានថ្ងៃ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចេញដីកាកោះហៅអ្នកភូមិទាំង១២នាក់នេះ។
លោក សំ ចាន់គា អ្នកសម្របសម្រួល អង្គការអាដហុកបានថ្លែងថា គាត់មិនដែលបានឃើញដីកាកោះហៅ ណាធ្វើយ៉ាងលឿនដូច្នេះពីតុលាការក្នុងប្រទេសកម្ពុជាឡើយ។ លោកបានបន្តថា “ខ្ញុំគិតថា តុលាការកាត់ក្តីក្នុងករណី នេះពិតជាលឿនពេកហើយ។ វាពិតជាករណី ចម្លែកណាស់។ខ្ញុំមិនដែលឃើញករណីបែបនេះពីមុនមកទេ។
មេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំខ្មែរអុីស្លាមទាំងប្រាំនាក់នោះ គឺលោក មុត សេន បដិសេធថា មិនបានលក់ដីអ្នកភូមិទេ។ ប៉ុន្តែ លោក បានអះអាងថា អ្នកភូមិត្រមូងជ្រុំមិនបានកាន់កាប់ដីដែលអ្នកស្រី កាលី ទាមទារនោះទេ។ នៅមិនទាន់កំណត់កាលបរិច្ឆេទ សម្រាប់បន្តការសាកសួរនៅឡើយទេ៕ ប្រែសម្រួលដោយ ពេជ្រ សុភ័ក្ត្រ