24.9 C
Phnom Penh

ចំណាប់​ខ្មាំង​ម្នាក់​ និង​ចោរ​ប្លន់​បី​នាក់​​ស្លាប់​ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ខេត្ត​សៀម​រាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចោរ​បី​នាក់​ និង​ចំណាប់​ខ្មាំង​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​ក្នុង​ការ​ផ្ទុះ​អាវុធ​​ ជាមួយ​នគរបាល​ បន្ទាប់​ពី​ការ​ប្លន់​ហាង​លក់​គ្រឿង​អលង្ការ​មួយកន្លែង​មិន​បាន​សម្រេច​​ក្នុង​ខេត្ត​សៀម​រាប​កាល​ពី​ម្សិល​មិញ​។

លោក ព្រំ សែន អធិការ​នគរបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា ចោរ​ប្លន់​បួន​នាក់​រួម​ទាំង​អ្នក​បើក​បរ​​​ម្នាក់​របស់​ក្រុម​នេះ​ផងនោះ ត្រូវ​បាន​បញ្ឈប់​នៅ​​កន្លែង​នគរ​បាល​បិទ​ផ្លូវ​ក្រោយ​ពេល​ថ្ងៃ​ត្រង់​បន្តិច​​ ​​​ចម្ងាយប្រហែល​​ ១០​គីឡូម៉ែត្រពី​ផ្សារ​ធំ ក្នុង​ស្រុក​ពួក​ ​ដែល​នៅ​ទី​នោះ​​ពួក​គេ​បាន​ប្លន់​យក​​មាស ​និងប្រាក់​តម្លៃ​ប្រហែល​២២.០០០​ដុល្លារ​​ ​ពី​អាជីវ​ករលក់​គ្រឿង​អលង្ការ​ពីរនាក់​។

លោក ព្រំ សែន បាន​មាន​ប្រសាសន៍​ថា ដំបូង​ ចោរ​ទាំង​នេះ​បាន​ព្យាយាម​​គេច​ពី​របាំង ​រាំង​ផ្លូវ​របស់​នគរបាល ដោយ​បើក​កិន​ជើង​​មន្ត្រី​​នគរ​បាលម្នាក់​ដែល​កំពុង​​បំពេញ​​ការ​ងារ​នេះ​ មុន​ពេល​នគរ​បាល​បញ្ឈប់​ពួកគេ​បាន​។ ​លោក ព្រំ សែន ​មាន​ប្រសាសន៍​ថា ត្រង់នេះ​ហើយ​ដែល​​ក្រុម​ចោរ​បាន​បោះ​បង់​រថយន្ដ​ ហើយ​រត់​កាត់​​វាល​ស្រែ​នៅ​ក្បែរ​នោះ​ ហើយ​​​បាន​ចាប់​កសិករ​ប្រាំ​នាក់​ជា​ចំណាប់​ខ្មាំង​ រួម​ទាំង​ស្ត្រី​ពីរ​នាក់​ និង​ក្មេង​ប្រុស​ម្នាក់​ផង។

លោក​បាន​មាន​ប្រសាសន៍​ថា “ ​បន្ទាប់​ពី​យើង​បាន​ឡោម​ព័ទ្ធ​ពួក​គេ​នៅ​វាល​ស្រែ​នោះ​ក្រុម​ចោ​រប្លន់​បាន​បាញ់​ចំណាប់​ខ្មាំង​ម្នាក់ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​នោះ​ ដើម្បី​ឲ្យ​​នគរ​បាល​ដក​ខ្លួន​ចេញ​​។ ក៏ប៉ុន្ដែ បន្ទាប់​មក​ពួក​គេ​បាន​បាញ់​មក​លើ​នគរបាល​ ហើយ​នគរបាល​បាន​​បាញ់​សម្លាប់​ចោរ​ប្្លន់​បី​នាក់​​ និងអ្នក​​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ធ្ងរ”។

លោក​បាន​មាន​ប្រសាសន៍​ថា ចំណាប់​ខ្មាំងម្នាក់​​ដែល​ត្រូវ​បានចោរ​បាញ់​​សម្លាប់​នោះ​ គឺ​ជា​បុរស​ ហើយ​លោក​​បាន​​ប្រាប់​​ថា​​​ ចោរ​ប្លន់​​ម្នាក់​ដែល​បាន​ស្លាប់​​នោះ​ឈ្មោះ​ ចាន់ សុវណ្ណ​អាយុ​៣៦​ឆ្នាំ ។ លោក​បាន​បន្ថែម​ថា អាជីវករ​លក់​គ្រឿង​អលង្ការ​ ដែល​ត្រូវ​បាន​ប្លន់​នោះ​ និង​ចំណាប់​ខ្មាំង​ផ្សេង​ទៀត​មិន​បាន​រង​របួស​ឡើយ​ ហើយ​នគរបាល​ស្រុក​ និង​ខេត្ត​ប្រហែល​៣០០​នាក់​ បាន​ចូល​រួម​ក្នុង​ប្រតិបត្តិ​ការ​នេះ។

លោក អុឹង ឡាក់ អភិបាល​​រង​ស្រុកមាន​ប្រសាសន៍​ថា នគរបាល​បាន​ព្យាយាមនិយាយ​ជា​មួយ​ពួក​ចោរ​ប្លន់​កុំ​ឲ្យ​​​​ប្រឈម​មុខ​គ្នា​ មុន​ពេល​ចំណាប់​ខ្មាំង​រូប​នេះ​ត្រូវ​បាន​សម្លាប់​ហើយ​ការ​ផ្ទុះ​អាវុធ​ក៏​បាន​កើត​ឡើងតែម្តង​។ លោក អុឹង​ ឡាក់​ ​មាន​ប្រសាសន៍ថា​ “ ​មុន​ពេល​​បាញ់​នោះ​​ យើង​បាន​ចរចា​ជាមួយពួក​ចោរ​ប្្លន់​ ក៏​ប៉ុន្ដែ ពួកគេ​មិន​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​ទេ​ នៅពេល​ដែល​ពួក​គេ​ត្រូវ​បាន​ឡោម​ព័ទ​្ធ”។

លោក ឌួង សុខា នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ដែល​បានឃើញ​ការ​ប្រឈម​មុខ​គ្នា​នោះ​ ​មាន​ប្រសាសន៍​ថា “ នៅ​ពេល​នគរបាល​បាន​ឡោម​ព័ទ្ធ​ពួក​គេ​ ពួក​គេ​ហ៊ាន​បាញ់​មក​លើ​នគរបាល​ ពី​ព្រោះ​ក្រុម​ចោរ​ប្លន់​ចង់​រត់​គេច​ខ្លួន។ ក្រុម​ចោរ​ប្លន់​បាន​បាញ់​មក​លើ​នគរបាល​មុន​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឡោម​ព័ទ្ធ​”។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ផ្ទុយ​ពី​ការ​លើក​ឡើង​​របស់​លោក ព្រំ​ សែន លោក​ សុខា បាន​មាន​ប្រសាសន៍​ថា ចំណាប់​ខ្មាំង​ពីរ​នាក់​ទៀត​ក៏បាន​​រង​របួស​ដែរ​ ក្នុង​ការ​ផ្ទុះ​អាវុធ​ចុង​ក្រោយ​។ លោកគ្មាន​ព័ត៌មាន​លម្អិត​អំពី​ការ​រង​របួស​របស់​ពួក​គេ​ ឬ​ស្ថាន​ភាព​របស់​ពួក​គេ​ឡើយ​ ប៉ុន្ដែ លោក​បាន​មានប្រសាសន៍​ថា ពួក​គេ​ និង​មន្ត្រី​នគរបាល​ដែល​រង​របួស​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀម​រាប។

លោក សុខា បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ករណី​ដ៏​សាហាវ​មួយ​ ហើយ​សម្រាប់​ស្រុក​នេះ​ វា​ជា​ករណី​ប្លន់​​លើក​ដំបូង​ដែល​មាន​មនុស្ស​ស្លាប់​”​ នៅ​ឆ្នាំ​នេះ​។ យោង​តាម​លោក សម សុភិន អធិការ​រង​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុ​ការណ៍​​ដោយ​ឡែក​មួយ​ទៀត​ នៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ​កាល​ពី​ម្សិល​មិញ ចោរ​បួន​នាក់​បាន​ប្លន់​អាជីវករ​ប្តូរ​​ប្រាក់​និង​លក់​មាស​បួន​នាក់​នៅ​ផ្សារ​មួយ​ក្នុង​ស្រុក​អូរ​ជ្រៅ នៅ​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​រសៀល​ ហើយ​​បាន​ប្លន់​យក​ប្រាក់​ និង​មាស​​​ដែល​គេ​មិន​ដឹង​ចំនួន ជា​ច្រើន​។

លោក សុភិន​ បាន​មាន​ប្រសាសន៍​ថា ចោរ​​ប្លន់​ពីរនាក់​ក្នុង​ចំណោម​ចោរ​ប្លន់​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​​បាត់​ ហើយ​ពីរ​នាក់​ទៀត​កំព​ុង​ត្រូវ​បាន​នគរបាល​តាម​ចាប់​ខ្លួន​ ហើយ​​ឡោម​ព័ទ្ធ​​នៅ​​វាល​មួយ​កាល​ពី​យប់​ម្សិល​មិញ​ចម្ងាយ​ ​ប្រហែល​ប្រាំ​គីឡូម៉ែត្រ​ពី​កន្លែង​ប្លន់​នោះ៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស