33 C
Phnom Penh

ស្ថាន​​​ភាព​​​សុខភាព​​​របស់​​​លោក សុខ អាន ​​​ធូរស្រាល​​​ហើយ ប៉ុន្ដែ​​​នៅ​​​បន្ដ​​​​ព្យាបាល​​​ក្នុង​​​ប្រទេស​​​សិង្ហបុរី ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ អ្នក​​​នាំ​​​ពាក្យ​​​របស់​ទីស្តី​ការគណៈរដ្ឋមន្ត្រីបាន​​​អះអាង​​​ថា លោក​​​ឧប​នាយក​​​រដ្ឋ​​​មន្ត្រី​​​ សុខ អាន មាន​​ជំងឺក្រួស​​​នៅ​​​ក្នុង​​​តម្រង​​​នោម​​​ និងសម្រាក​​​ព្យាបាល​​​នៅ​​​ក្នុង​​​ប្រទេស​​​សិង្ហបុរី ហើយនេះ​​​ជា​​​ព័ត៌មាន​​​ដំបូង​​​ ដែល​​​រដ្ឋា​​​ភិបាល​​​បាន​​​បញ្ចេញពាក់ព័ន្ធនឹង​​​សុខភាព​​​របស់​​​លោក សុខ អាន បន្ទាប់​​​ពី​អវត្ត​មានមិនបានបំពេញការងាររបស់​​​លោក​រយៈ​ពេល​​​ជាច្រើន​​​សប្ដាហ៍​​​។​​​

លោក ផៃ​​​ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្ដី​​​ការ​គណៈ​​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​ប្រសាសន៍ថា វេជ្ជ​បណ្ឌិត​​​បាន​​​សុំ​​​ឲ្យ​​​លោក​​​ សុខ អាន បន្តស្នាក់​​​​​​នៅ​ក្នុង​​​ប្រទេស​សិង្ហបុរី​​​ ដែល​​​នៅទី​​​នោះ​​​លោក​​​បាន​​​ទទួល​​​ការ​​​​ព្យាបាល​អស់​​​រយៈពេលដ៏យូរ​​​មក​​​ហើយ។ លោកបាន​​បង្វែរសំណួរ​ផ្សេង​ទៀតទៅ​​​ឲ្យ​​​អង្គភាព​​​ព័ត៌មាន​​​ និង​ប្រតិ​​​​​កម្ម​​​រហ័ស​​​របស់​​​ទី​​​ស្ដី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី ដែល​បាន​​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​​សុខ​​​ភាព​​​របស់​​​លោក សុខ​​​ អាន។​​​

លោក ផៃ​​​ ស៊ីផាន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​មិន​​​អីទេ។​​​ជំងឺនោះ​​​គឺ​​​ជាក្រួសនៅ​​​ក្នុង​​​តម្រង​​​នោម។​​​វា​​​ត្រូវ​​​បាន​​​យក​​​ចេញ​​​ហើយហើយ​​​លោក​​​មិន​​​អី​​​នោះ​​​ទេ”។ ទោះ​​​បី​​​ជាលោក​​​ សុខ អាន​​​ ​​​ដែល​សុខ​ភាព​​​របស់​​​លោក​​​ទំនងជាបានធូរស្រាល​​​ក៏​​​ដោយ ក៏​​​កាល​​​ពី​​​ដើម​​​ខែនេះ​​​ លោក ផៃ​​​ ស៊ី​​​ផាន ​​​មាន​​​​ប្រសាសន៍​​​ថា មាន​​​គេ​​​ប្រាប់​​​ដំណឹង​​​ជាច្រើន​​​អំពីស្ថានភាព​​​សុខ​​​ភាព​​​របស់​​​លោក សុខ​​​ អានរាប់​​​ទាំង​​​ព័ត៌មាន​​​ដែល​​​ថា លោក សុខ​​​ អាន​​​មាន​​​ជំងឺ​​​លើស​​​ឈាម​​​បន្តិច​​​បន្ដួច។​​​

ទោះ​​​ជាយ៉ាងណា មន្ត្រី​​​នៅ​​​ទី​​​ស្ដី​​​ការ​​​គណៈ​រដ្ឋ​​​មន្ត្រីបាន​​​លាក់លៀមអំពី​​​បញ្ហា​​​សុខភាព​​​របស់​​​លោក សុខ អាន ដោយ​​​ហេតុ​​​ថា​​​ បញ្ហា​​​សុខ​​​ភាព​​​របស់​​​លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី គឺ​​​ជា​​​រឿង​​​ផ្ទាល់​​​ខ្លួន។  លោក កែវ រ៉េមី អនុប្រធាន​​​អង្គភាព​​​ព័ត៌មាន ​​​និង​​ប្រតិកម្មរហ័ស​​​របស់​​​ទី​​​ស្ដី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បានមាន​​​ប្រសាសន៍​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ថា លោក  សុខ អាន​​​ មាន​​​សុខ​​​ភាព​​​ល្អណាស់ និង “ គ្មាន​​​បញ្ហាអ្វី​​​នោះទេ”។​​​ គេ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ថា​​​ តើ​​​ពេលណា​​​លោក សុខ អាន​​​ នឹង​​​វិលមក​បំពេញ​តួនាទី​របស់​​​លោក​​​​ក្នុង​​​រដ្ឋាភិបាល​​​វិញ​​​នោះទេ។

ក្រៅ​​​ពី​​​មាន​​​តំណែងថ្នាក់ដឹកនាំក្នុង​​​ទី​​​ស្ដីការ​​​​គណៈរដ្ឋ​​​មន្ត្រី លោក​​​ សុខ​​​ អាន​​​ គឺជាប្រធាន​​​អាជ្ញាធរ​​​អប្សរា ដែល​​​ជាស្ថាប័នគ្រប់​​​គ្រង​​​ប្រាសាទអង្គរ​​​វត្ត ជាប្រធាន​​​អាជ្ញាធរ​​​ប្រេង​​​កាត​​ជាតិ​​​​កម្ពុជា ដែល​​​គ្រប់​​​គ្រងឧស្សាហកម្ម​​​ប្រេង ​​​និងឧ​​​ស្ម័នទាំង​​​អស់ និងជា​​​ប្រធាន​​​គណៈ​​​ កម្មាធិការ​​​សាលាក្ដី​​​ខ្មែរ​​​ក្រហម​​​របស់​​​រដ្ឋា​ភិបាល​​​ ព្រមទាំងមាន​​​តំណែង​​​ច្រើន​​​ទៀត៕

​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស