30 C
Phnom Penh

​អង្គការសិទ្ធិ​មនុស្ស​ថា សេច​ក្តី​ព្រាង​ច្បាប់ស្តីពី​ដីកសិកម្ម​អាច​ធ្វើ​ឲ្យ​ការ​ចាប់​យក​ដី​ធ្លី​ក្លាយ​ជាស្រប​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គ​ការ​សិទ្ធិ​មនុស្ស​មួយ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ ចេញ​ផ្សាយ​កាល​ពី​ម្សិល​​​មិញ​​​​ថា ច្បាប់ស្តីពី​ការ​គ្រប់​គ្រង​​ដីកសិកម្ម ដែល​បច្ចុប្បន្ន​ក្រសួង​កសិ​កម្ម​​កំពុង​ព្រាង​នោះ ​គឺ​ជា​ការ​គំរាម​​កំហែង​មួយ​ចំពោះ​ម្ចាស់​ដីឯក​ជន​ ពីព្រោះ​​​​វា​ដាក់​ទោស​ព្រហ្មទណ្ឌ​​ដល់​កសិករ​​ណា​ ដែល​មិន​គោរព​​តាម​អំណាច​ថ្មី​​​របស់​រដ្ឋាភិបាល​​​​​​ក្នុងការបង្កើត​តំបន់​កសិកម្ម។

យោង​តាម​សេច​ក្តី​ព្រាង​ច្បាប់​ថ្មីនេះ​ រដ្ឋា​​​ភិបាល​នឹង​អាចបង្កើត​តំបន់​កសិកម្មបាន មិន​​ថា ​​​វាជា​​​ដី​​រដ្ឋ​ ឬ​ឯក​ជន​ឡើយ​​ សម្រាប់​អ្វី​ដែល​គេ​ហៅ​ថា “តំបន់​អភិ​វឌ្ឍន៍​កសិកម្ម” ដរាប​ណា​​ “ម្ចាស់​កម្ម​សិទ្ធិ​ដីធ្លី​តូចៗ” ​​យល់​ព្រម។ ប៉ុន្តែ​អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា ​ច្បាប់​នេះ​អាច​នឹង​​ត្រូវ​គេ​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឲ្យ​​ការ​ចាប់​យក​ដី​ធ្លី​ក្លាយ​ជាស្រប​​ច្បាប់​ ​ ហើយ​​​​អ្នក​ដែល​មិន​​យល់ស្រប​​នឹង​សេច​ក្តី​សម្រេច​​បង្កើត​តំបន់​កសិកម្ម នឹង​ត្រូវ​​ជាប់​ពន្ធ​នាគារ។

អង្គ​ការ​លីកាដូ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​ដដែល​នេះ​ថា “សេច​ក្តី​ព្រាង​ច្បាប់​​ដែល​បច្ចុប្បន្នក្រសួង​កំពុងតាក់​តែង​នេះ ​​អាច​​​​នឹង​​ត្រូវ​​គេ​ប្រើ​ប្រាស់​ជា​របាំង​ច្បាប់​​​សម្រាប់​​​​ការ​ពារ​សកម្មភាព​​​​ចាប់​យក​ដីធ្លី​ និង​សម្រាប់​​ការ​ពារ​អ្នក​ ដែល​​ប្រាថ្នា​ចង់​កេង​ចំណេញ​ និង​ទទួល​ផល​ប្រ​យោជន៍​ផ្ទាល់ខ្លួន​ពី​ដីធ្លី និង​ធនធាន​នានា​​នៅក្នុង​​ប្រទេស​កម្ពុជា។អ្វី​ដែល​​​​គួរ​ឲ្យ​​​ព្រួយ​បារម្ភ​បំផុត​នោះ​ គឺ​ច្បាប់នេះ​បង្កើត​​​​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​​ក្នុង​បទឧក្រិដ្ឋ​ចំពោះ​​​សកម្មភាព​​ណា​មួយ​ ដែល​ល្មើស​នឹង​បទ​​បញ្ញត្តិ​ក្នុង​​ច្បាប់​នេះ”។

តាម​ជំពូក​១០​នៃ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ អ្នក​ដែល​មិន​គោរព​តាម​បទ​បញ្ញត្តិ​​​ក្នុង​​ច្បាប់​នេះ​ អាច​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​រហូត​ដល់​មួយ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ទៅ១0.០០០.០០០​រៀល ឬ​ប្រហែល​២.៥០០​ដុល្លារ​។ ច្បាប់នេះ​បានចែង​ថា​ នៅ​ពេល​​សេចក្ដី​​​​សម្រេច​បង្កើត​ “តំបន់​អភិវឌ្ឍ​ន៍​​កសិកម្ម” ត្រូវ​បាន​ធ្វើ​ឡើង​ កសិករ​ និង​អាជ្ញាធរ​មូលដ្ឋាន​នឹង​ជួប​​ប្រ​ជុំ​គ្នា ដើម្បី​សម្រេច​រក​វិធី​​ណា​ល្អ​បំផុត​ក្នុង​ការ​ប្រើប្រាស់​ដី​ និង​ដំណាំ​ដែល​ត្រូវ​ដាំដុះ​។ មាត្រា១២​នៃសេចក្ដីព្រាង​​​ច្បាប់​​​នេះ​​​​ក៏​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាលបង្កើត​តំបន់​កសិកម្ម​តាមដែលខ្លួនចង់​​​បានផងដែរ ដើម្បីបង្កើត“​តំបន់​អភិរក្ស​ជីវចម្រុះ​”។​នៅត្រង់​​មាត្រា​នេះ​​គ្មាន​និយមន័យ​ច្បាស់​លាស់​ទេ។

ច្បាប់​នេះ​ចែង​ថា “​ច្បាប់​នេះ​អនុវត្ត​ទៅ​លើ​ដី​កសិកម្ម​​គ្រប់​​ប្រ​ភេទ​ មិន​ថា ជា​ដី​ឯក​​​ជន​ដីរបស់​រដ្ឋ​ ដី​ឯក​ជនរបស់រដ្ឋ​ ឬ​ជា​សហគមន៍​​​ឡើយ​​ គឺ​នៅគ្រប់​តំបន់​កសិកម្ម​ធម្ម​ជាតិ​ទាំង​អស់​ក្នុង​ប្រទេស​​កម្ពុជា”។ ទោះ​បី​ជា​ច្បាប់​នេះ​ចែង​យ៉ាង​ច្បាស់​ថា អ្ន​កដែល​មិន​ព្រម​​ចូល​​​​រួមក្នុង​តំបន់​អភិវឌ្ឍន៍​នឹង​ត្រូវ​ទទួល​​បាន​សំណង​ក្ដី​ ក៏​ច្បាប់​នេះ​មិន​ចែង​ថា សំណង​នោះ​មាន​ចំនួន​ប៉ុន្មាន​​ឡើយ។

របាយ​ការណ៍​របស់​អង្គការ​លីកាដូ​​នេះ​​បាន​​​លើក​ឡើង​ថា “​សេចក្ដី​ព្រាង​ច្បាប់​នេះ​​ចែង​ថា នឹង​មា​ន​ការ​ផ្តល់ “សំណង​សមរម្យ​” ដែល​មិន​ទាក់​ទិន​នឹង​តម្លៃ​នៅ​​លើ​ទី​ផ្សារ​ ឬវិធាន​ការ​ណា​ផ្សេងទៀតឡើយ ហើយ​ដែល​ត្រូវ​​ទុក​ឲ្យ​​​​រដ្ឋាភិបាល​សម្រេច​ចិត្ត​ទាំង​ស្រុង​។ការ​ធ្វើ​បែប​នេះ​មិន​ខុស​ពី​ការ​ធ្វើ​ឲ្យ​ការ​ចាប់​យក​ដី​ធ្លី​ដោយខុសច្បាប់ ក្លាយ​ជា​ស្រប​ច្បាប់​នោះ​ឡើយ​​​​”។

លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​មាន​ប្រសាសន៍​ថា ច្បាប់​នេះ​កំពុង​​​តែ​​​ស្ថិត​​​​ក្នុង​ដំណាក់​កាល​ព្រាង​​ប៉ុណ្ណោះ​ ហើយ​ថា អង្គការ​ក្រៅរដ្ឋាភិ​បាល​នានា​​នឹង​ត្រូវ​​​អញ្ជើញ​​​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ឲ្យ​ចូល​រួម​ពិភាក្សា​អំពី​សេច​ក្តី​ព្រាង​ច្បាប់​នេះ​។ ទោះ​ជាយ៉ាង​ណា​ លោក​បាន​បន្ថែម​ថា ច្បាប់​នេះ​គឺ​ស័ក្តិសម​នឹង​ស្ថានភាពបច្ចុប្បន្ន។

លោក​បាន​មាន​ប្រសា​សន៍​​បន្ថែម​​​ទៀត​​​ថា“សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​​​តឹង​តែងទេ​​ ហើយ​​​​យើង​នឹង​ជំរុញ​ឲ្យ​អនុម័ត​សេចក្ដី​ព្រាង​នេះ​ឲ្យ​បាន​ឆាប់​ ដើម្បី​ទប់​ស្កាត់​ការ​បាត់​បង់​ដី​កសិកម្ម​ ពី​ព្រោះ​ [កសិករ​ខ្លះ] ​បាន​យក​ដី​ស្រែ​មកធ្វើជាដីសម្រាប់​សង់​ផ្ទះ​”។

លោក ប្រាជ្ញ​ ប៊ុនធឿន វ័យ​៣៧​ឆ្នាំ​ ជា​កសិករ​ម្នាក់​ និង​ជា​អនុប្រធាន​សមាគម​កសិករ​សម្រាប់​​អភិវឌ្ឍ​ន៍សន្ដិភាព ​លើក​ឡើង​ថា បទ​​​បញ្ញត្តិនៃច្បាប់​​នេះរឹត​បន្ដឹងខ្លាំងពេក​លើ​ជីវភាព​រស់​នៅ​របស់​ប្រជា​កសិករ​ រីឯ​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ទៀត​សោត​​ គ្រាន់​តែ​បន្ថែម​​​សម្ពាធ​ទៅ​លើ​គ្រួសារ​នៅ​តាម​ទី​ជន​បទ​​មិន​​​ឲ្យ​លក់​ដីឲ្យ​ទៅ​ក្រុមហ៊ុន​តាម​រយៈ​ដី​សម្បទាន​​​​សេដ្ឋកិច្ច​​ប៉ុណ្ណោះ​។

លោកបាន​​លើក​ឡើង​បន្ថែម​​​ទៀត​ថា “ជាឧ​ទា​​​ហរណ៍​ ឆ្នាំ​នេះ​ ប្រសិន​បើ​កសិករ​មិន​ចង់​បង្ក​បង្កើន​ផល​ស្រូវ​ ហើយ​ពួកគាត់​​ចង់​ផ្លាស់​ប្ដូរ​ប្រភេទដំណាំ​របស់​ខ្លួន​នោះ​ យើង​ចាំ​បាច់​ត្រូវ​ដាក់​សំណើ​សុំការអនុញ្ញាតទៅ​ក្រសួង​ និង​ត្រូវធ្វើ​តាម​​អ្វី​ តាមតែគេប្រាប់​។ យើង​នឹង​ស្នើ​សុំឲ្យ​ក្រសួង​ធ្វើ​វិសោធនកម្ម​ និង​ធ្វើ​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​តុល្យ​​​ភាព​​​ជាង​នេះ ដើម្បី​ដក​ការ​ផ្ដន្ទាទោស​ចេញ”៕

ប្រែសម្រួលដោយ​ តែម សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស