28 C
Phnom Penh

ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋានកម្ពុជា​គ្រោង​វិនិយោគ​ ដើម្បីបង្កើន​សមត្ថភាពអាកាសយានដ្ឋាន​ទ្វេដង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នៅ​ឯ​អាកាស​យាន​ដ្ឋាន​ បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​អា​កាស​យាន​ដ្ឋាន​​កម្ពុជា​ (Cambodia Airports)​ គ្រោង​វិនិ​យោគ​​ទឹក​ប្រាក់​ចំនួន១០០​លាន​ដុល្លារ​ នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​ពង្រីក​ទំហំ​អាកាស​យាន​ដ្ឋាន​​នៅ​ខេត្ត​សៀមរាប​ និង​រាជធា​នីភ្នំ​ពេញ​ ព្រម​ទាំង​ដើម្បី​បង្កើន​ចំនួន​អ្នក​ដំណើរ​ ដែល​ឆ្លង​កាត់​តាម​អាកាសយានដ្ឋាន​ទាំង​ពីរ​របស់​ខ្លួន​ឲ្យ​បាន​ទ្វេដង។

លោក​ អែមម៉ាញូអ៊ែល​ មឺណង់តូ​ (Emmanuel Menanteau)​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ ដែលភាគ​ហ៊ុន​ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​ ក្រុម​ហ៊ុន​សំណង់​របស់​បារាំង​ វាំងស៊ី​ (Vinci)​ ហើយ​ជា​អ្នក​គ្រប់​គ្រង​អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ កិច្ចការ​​ពង្រីក​អា​កាស​យានដ្ឋាន​ ត្រូវ​បាន​រំពឹង​ថា​ នឹង​​បញ្ចប់​នៅ​ឆ្នាំ​២០១៥។

លោក ​អែមម៉ាញូអ៊ែល​ មឺណង់តូ បាន​ឲ្យ​ដឹង​ថា​ “ យើង​បាន​ដឹង​ហើយ​ថា​ ជា​ពិសេស​សម្រាប់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ នៅមុន​ឆ្នាំ​២០១៥​ យើង​ត្រូវ​តែ​ធ្វើ​អ្វី​មួយ​ ហើយ​យើង​ក៏​កំពុង​តែ​​ធ្វើ​ការ​ពង្រីកកន្លែង​ភ្ញៀវ​រង់​ចាំ​នៅ​ឯ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ និង​សៀម​រាប​ ដោយ​លោក​បានមាន​ប្រសាសន៍​​បន្ថែម​ថា​ លទ្ធភាព​អាកាស​យាន​ដ្ឋាន​​នីមួយៗ​ នឹង​ត្រូវ​បង្កើន​ ដើម្បី​ទទួល​អ្នក​ដំណើរ​បាន​ក្នុង​ចន្លោះ​ពី​៤,៥​លាន​នាក់​ ទៅ​​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

លោក​បាន​បន្ថែម​ទៀត​ថា​ “យើង​រំពឹង​ថា​ នឹង​បញ្ចប់​ដំណាក់​កាល​គូសប្លង់​នៅ​ឆ្នាំ​នេះ​ ហើយ​បន្ទាប់​មក​នឹង​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ឲ្យ​ចាប់​ផ្តើម​ការ​សាង​សង់​នៅ​ក្នុង​ត្រី​មាស​ទី១​ឆ្នាំ​ក្រោយ”។

យោង​តាម​ទិន្នន័យ​ ដែល​បានផ្សព្វ​ផ្សាយ​ដោយ​ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​តាម​អាកាស​យានដ្ឋាន​ទាំង​ពីរ​នេះ​ បាន​កើន​ឡើង​ចំនួន​១៩,៧​ភាគ​រយ​ ពោល​គឺ​កើន​ជិត​ដល់​២លាន​នាក់​នៅ​ក្នុង​ឆមាស​ទី១​ឆ្នាំ​នេះ​ បើប្រៀប​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ មាន​លទ្ធ​ភាព​ទទួល​អ្នក​ដំណើរ​បាន​២,៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ចំណែក​ឯ​អាកាស​យាន​ដ្ឋាន​សៀម​រាប​ អា​ច​ទទួល​បាន​ចំនួន​១,៥​លាន​នាក់។

ការ​សាងសង់​ពង្រីក​កន្លែង​រង់​ចាំ​  គឺ​ផ្នែក​មួយ​នៃ​គម្រោង​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​២៥០​លាន​ដុល្លារ​ ទៅ​៣០០​លាន​ដុល្លារ​ ដែល​​ត្រូវ​បាន​លៃ​ទុក​សម្រាប់​អភិវឌ្ឍអាកាស​យាន​ដ្ឋាន​មួយ​ក្នុង​ចំណោម​អាកាស​យានដ្ឋាន​ទាំង​បី​កន្លែង​របស់​ប្រទេស​កម្ពុជា​ឲ្យ​បាន​មុន​ឆ្នាំ​២០២០។

នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហនុ​ មាន​តែយន្ត​ហោះ​មួយ​ប៉ុណ្ណោះ​ ដែល​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​កាន់​តំបន់​ឆ្នេរ​មួយនេះ។​ ខណៈ​ដែល​ក្រុម​ហ៊ុន​អាកាស​​យានដ្ឋាន​កម្ពុជា​ ​មាន​ផែន​ការ​វិនិយោគ​​អាកាសយានដ្ឋាន​ខេត្ត​ព្រះ​សីហនុ​របស់​ខ្លួន​ ក្រុម​ហ៊ុន​នឹង​សម្រេច​វិនិយោគ​នៅ​ពេល​ណា​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ច្រើន។

លោក​ មឺណង់តូ​ បានមាន​ប្រសាសន៍​ថា“​ យើង​តែង​តែ​មាន​បំណង​អភិវឌ្ឍអាកាស​យានដ្ឋាន​ខេត្ត​ព្រះសីហនុ​ ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រា​តែ​មាន​អ្នក​ធ្វើ​ដំណើរ​​ទៅ​ទីនោះ ​និង​នៅ​ពេលមាន​ជើង​ហោះ​ហើរ​​ច្រើន​ ព្រម​ទាំង​នៅ​ពេល​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវ​បាន​អភិវឌ្ឍ ដែល​មាន​ន័យ​ថា​មាន​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ថ្មីៗ​ជា​ច្រើន”។

ដោយ​មាន​អ្នក​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ មាន​ជើង​យន្ត​ហោះ​ជា​ច្រើន​ចាប់​ផ្តើម​ធ្វើការ​ហោះ​ហើរ​ផ្ទាល់​មកកាន់​ប្រទេស​កម្ពុជា​ រួម​មាន​ជើង​យន្ត​ហោះ​មក​ពី​ទីក្រុង​ ប៉ារីស​ ទីក្រុង​ គុនមីង​ នៅ​ក្នុង​ខេត្ត​យូណាន​ ប្រទេស​ចិន៕ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស