លោក ដេវិដឆាណ្ឌល័រ (David Chandler) ដែលជាសាក្សីជំនាញបានប្រាប់សាលាក្តីខ្មែរក្រហមកាលពីម្សិលមិញថាខៀវសំផនត្រូវបានគេគោរពកោតសរសើរយ៉ាងខ្លាំងថា ជា “ មនុស្សស្អាតស្អំក្នុងសង្គម ដែលគេគោរពនិងឲ្យតម្លៃ” ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ប៉ុន្តែព្រះអង្គម្ចាស់ នរោត្តម សីហនុ ក្នុងសម័យនោះមិនទុកចិត្តគាត់ដោយសារហេតុផលនេះ។
លោកឆាណ្ឌល័រដែលបានបម្រើការជាមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦២បានមានប្រសាសន៍ថា ពេលនោះ ខៀវ សំផន គឺជាបញ្ញវ័ន្តឆ្វេងនិយមវ័យក្មេងម្នាក់ ដែលល្បីថាជាមនុស្សគ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលបានឡើយ។
ខៀវសំផនបានធ្វើជាប្រមុខរដ្ឋនៃរបបខ្មែរក្រហម ប៉ុន្តែបានអះអាងម្តងហើយម្តងទៀតថា គាត់គ្រាន់តែជាអាយ៉ងម្នាក់ប៉ុណ្ណោះ ហើយថា គាត់មិនបានដឹងអ្វីទាំងអស់អំពីអំពើឃោរឃៅអំឡុងពេលនោះ។
លោក ឆាណ្ឌល័របានមានប្រសាសន៍តាមការសាកសួរពីមេធាវីការពារ ខៀវ សំផនថា“ គាត់ទទួលបានការកោតសរសើរពីអ្នកដែលស្រឡាញ់ភាពស្មោះត្រង់។ ខ្ញុំគិតថា សីហនុ ក៏ខ្លាចគាត់បន្តិចបន្តួចដែរ ដោយសារតែលក្ខណៈសម្បត្តិបែបេនះ។ គាត់មានឈ្មោះល្បីត្រង់ថា គាត់ជាមនុស្សម្នាក់ដែលគេមិនអាចទិញទឹកចិត្តបាន ហើយនៅក្នុងចំណោមមន្ត្រីជំនិតៗនៅក្នុងសម័យសីហនុ កម្រមានមនុស្សបែបនេះណាស់…។ គាត់ជាមនុស្សមួយប្រភេទ ដែលសម្ដេច សីហនុ មិនដឹងថា ត្រូវទាក់ទងដោយរបៀបណាទេ។ គាត់ គ្មានបទពិសោធជាមួយមនុស្ស ដែលគាត់មិនអាចគ្រប់គ្រង កេងចំណេញ មានឥទ្ធិពលលើការទិញ និងជួលបានឡើយ”។
ថ្វីបើមានការព្រួយបារម្ភបែបនេះក្តី ឬប្រហែលជាដោយសារតែឥរិយាបថបែបនេះ សីហនុ បានស្នើសុំឲ្យ ខៀវ សំផនចូលធ្វើការមួយរយៈពេលខ្លីក្នុងជួររដ្ឋាភិបាលរបស់ទ្រង់ ជាមន្ត្រី្កក្រសួងពាណិជ្ជកម្ម។ “ លោកបានទទួលស្គាល់នៅក្នុងសំណេររបស់លោកថា ហេតុផលមួយក្នុងចំណោមហេតុផលដែលព្រះអង្គម្ចាស់ដាក់ “ ខៀវ សំផន” ចូលធ្វើការនៅការិយាល័យក្នុងក្រសួងពាណិជ្ជកម្ម គឺដើម្បីចង់ដឹងថា តើគាត់អាច
ចូលរួមជាមួយក្រុមនេះបានឬអត់ ហើយការងាររបស់ ខៀវ សំផន ជាសមាជិកគណៈរដ្ឋមន្ត្រី គេមិនដែលសង្កេតឃើញមានអំពើពុករលួយសោះឡើយ។ អ្វីដែលធ្វើឲ្យ ស៊ីហនុព្រួយបារម្ភនោះមិនមែនគ្រាន់តែដោយសារគាត់ជាមនុស្សម្នាក់ដែលព្រះអង្គមិនចូលចិត្តឡើយ ប៉ុន្តែ ថែមទាំងជាមនុស្សម្នាក់ ដែលអាចអនុវត្តគោលការណ៍សីលធម៌បានល្អជាងសហការីរបស់ព្រះអង្គទៀតផង”។
ក្រោយមក ខៀវ សំផន ត្រូវបានបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ អំឡុងសម័យកាលមួយដែលកំពុងមានជម្លោះផ្ទៃក្នុង និងស្ថានភាពចលាចលកាន់តែខ្លាំង។ ខៀវ សំផន រួមជាមួយនឹងមិត្តបញ្ញវ័ន្ត ដូចជា ហ៊ូ យន់ និង ហ៊ូ នឹម ជាដើម បានភៀសខ្លួនទៅចូលរួមជាមួយក្រុមម៉ាគីក្នុងឆ្នាំ១៩៦៧ ដើម្បីក្លាយខ្លួនជាសមាជិកបដិវត្តន៍ពេញសិទ្ធិ។ មនុស្សទាំងបីនាក់នេះត្រូវបានគេស្គាល់ថា “ ខ្មោចទាំងបី”។
លោក ឆាណ្ឌល័រ បានមានប្រសាសន៍ថា “ សីហនុ ភ័យខ្លាច ហើយនៅពេល សីហនុ ភ័យខ្លាច ព្រះអង្គកាន់តែគឃ្លើន…។ ខ្ញុំដឹងថា ខៀវ សំផន ដឹងថា ការគំរាមកំហែងនេះប្រហែលជាមានអ្វីលើសពីពាក្យសម្តីទៅទៀត វាអាចមានការធ្វើបាបលើរាងកាយ ហើយខ្ញុំគិតថា គាត់ប្រហែលជាគិតបានត្រឹមត្រូវ ពីព្រោះ សីហនុ បានចេញបញ្ជាឲ្យដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រជាជនរួចទៅហើយ”។
ពីរបីឆ្នាំក្រោយមក ខៀវ សំផន បានលេចមុខជាថ្មីនៅក្នុងរបបខ្មែរក្រហម ដោយធ្វើជាអគ្គមេបញ្ជាការកងទ័ពបដិវត្តន៍ និងក្រោយមកបានជំនួស សីហនុ ក្នុងនាមជាប្រមុខរដ្ឋ។លោក ឆាណ្ឌល័រ បានមានប្រសាសន៍ថា ទោះបីជាតាមលក្ខណ:បច្ចេកទេស នេះជាតំណែងខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាក្តី ក៏គេនៅតែមិនច្បាស់លាស់ថា តើមុខតំណែងនេះពាក់ព័ន្ធនឹងអ្វីខ្លះឲ្យពិតប្រាកដនោះទេ។
មុខតំណែងនានាក្នុងជួររដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងក្នុងរដ្ឋធម្មនុញ្ញនៃរបបកម្ពុជាប្រជាធិបតេយ្យ មិនស្របគ្នាទៅនឹងអំណាចពិតប្រាកដដែលមាននៅក្នុងបក្សកុម្មុយនីស្តកម្ពុជាឡើយ។ លោក ឆាណ្ឌល័រ បានមានប្រសាសន៍ថា “ មុខតំណែងកំពូលនេះមិនសមនឹងមនុស្សនេះ ឬមនុស្សដែលបានប្រើប្រាស់អំណាចក្នុងរបបកម្ពុជាប្រជាធិបតេយ្យឡើយ។ មុខតំណែងនេះពិតជាមានមែន ប៉ុន្តែ យើងមិនដឹងអ្វីទាំងអស់អំពីភារកិច្ចពាក់ព័ន្ធនឹងមុខតំណែងនេះ”។
អំឡុងពេលផ្តល់សក្ខីកម្មរបស់ខ្លួនប្រឆាំងនឹងអតីតចៅហ្វាយនាយរបស់ខ្លួន កាលពីខែមីនា កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស២១ បានប្រាប់សាលាក្តីថា ខៀវ សំផន
ត្រូវបានខ្មែរក្រហមលើកបន្តុបឲ្យធ្វើជាអាយ៉ងក្នុងរយៈពេលប៉ុន្មានឆ្នាំ មុនការដួលរលំនៃរដ្ឋាភិបាលក្រុងភំ្នពេញ ដោយសារតែគាត់ជាមនុស្សស្អាតស្អំម្នាក់ក្នុងចំណោមមនុស្សស្អាតស្អំបំផុត។
ក្នុងពេលកន្លងមក លោក ឆាណ្ឌល័រ និងបញ្ញវ័ន្តផ្សេងៗទៀត ធ្លាប់បានសរសេរថា ថ្វីបើ ខៀវ សំផន មានតួនាទីជាអាយ៉ងក្តី ក៏គាត់នៅតែមានពិរុទ្ធភាពចំពោះបទឧក្រិដ្ឋដែលត្រូវបានប្រព្រឹត្តក្នុងរបបនោះដែរ។ជាអ្នកគាំទ្រ ប៉ុល ពត ដ៏ស្មោះស្ម័គ្រ ខៀវ សំផន បាន
ជួយអនុវត្តគោលនយោបាយរបស់បក្សទូទាំងប្រទេស ហើយបានជំរុញឲ្យកម្មាភិបាលប្រហារជីវិតមនុស្ស។ លោក ឆាណ្ឌល័រ បានផ្តល់សក្ខីកម្មកាលពីសបា្តហ៍មុនថា គាត់ក៏បានធ្វើជាប្រធានការិយាល័យលេខ៨៧០ ជាទីស្នាក់ការកណ្តាលរបស់ ប៉ុល ពត ដែលគ្រប់គ្រងរំហូរព័ត៌មានចេញចូលបក្សផងដែរ។
ឌុច បានលើកឡើងកាលពីខែមីនាថា ខ្លួនបានអានសំណេរប្រវត្តិសាស្រ្តរបស់លោកឆាណ្ឌល័រ រួចហើយ ហើយមិនយល់ស្របនឹងការលើកឡើងថា ខៀវ សំផន ជា “ មនុស្សអាក្រក់” ក្នុងសំណេរទាំងនោះឡើយ៕
ប្រែសម្រួលដោយ តែម សុខុម