33.3 C
Phnom Penh

តំណាង​សហ​ប្រជាជាតិ​លើក​ឡើង​ថា កំណើន​ការ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ​ជាការ​ព្រួយ​បារម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ប្រចាំ​តំបន់​របស់​អង្គការ​​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​គ្រឿង​ញៀន​ខុស​ច្បាប់​បាន​លើក​ឡើង​ កាលពី​ម្សិល​មិញ​ថាកំណើន​ចំនួន​មនុស្ស​​ ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជាពី​បទ​ល្មើស​គ្រឿង​ញៀន ​ជាការ​ព្រួយ​បារម្ភ​មួយ​ និង​​ត្រូវ​ការ​ការ​ស៊ើបអង្កេត។

ចំនួន​នៃ​ការ​ចាប់​ខ្លួនមនុស្ស​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន​ ដែល​ត្រូវ​បាន​នគរ​បាល​កម្ពុជា​រាយការណ៍នោះ​ បាន​កើន​ឡើង​ពី​៨៦៤​ករណី​ក្នុង​ឆ្នាំ​២០១០​ដល់​២.៣៨១​ករណី​ក្នុង​ឆ្នាំ​២០១១ ​នេះ​បើ​យោង​តាម​ការិយាល័យ​អង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​គ្រឿង​ញៀននិង​បទ​ឧក្រិដ្ឋ​​ (UNODC)។

លោកហ្គារីឡេវិស (Gary Lewis)​តំណាង​ UNODC ប្រចាំ​តំបន់​អាស៊ី​​ខាង​កេើត​ និង​ប៉ាស៊ីហ្វិកបានថ្លែង​ថា “ ខ្ញុំ​បារម្ភ​ណាស់​អំពី​ចំនួន​នៃ​ការ​ចាប់​ខ្លួន​មនុស្ស​ ដែល​បាន​កើត​ឡើង​។ ការ​កើន​ឡើង​បីដង​នៃ​ចំនួន​​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន “ បង្ហាញ​ឲ្យ​​យើង​ដឹង​​នូវ​អ្វី​មួយ​ ហើយ​រឿង​នេះ​​ធ្វើ​ឲ្យ​យើង​ព្រួយ​​បារម្ភ​”។

លោក ឡេវិស បានមាន​ប្រសាសន៍​ថាការ​​កើន​ឡើង​នេះ​បង្ហាញ​ពី​​ភាព​ល្អ​​ប្រសើរ​​ក្នុង​ការ​អនុវត្ត​ច្បាប់​ ឬ​​ការ​កើន​ឡើង​ខ្ពស់​ជាង​មុន​​នៃ​បទ​ល្មើស​គ្រឿង​ញៀន​។ ទោះ​ជា​​យ៉ាង​នេះក្ដី​ លោក​​ថ្លែង​ថា “ វា​អាច​មាន​ន័យ​ថាមាន​ហេតុផល​ផ្សេង​ទៀត​ ចំពោះ​ការ​ចាប់​ខ្លួន​​មនុស្ស​​ពី​បទ​​រក្សា​ទុក ​​​និង​​ប្រើ​ប្រាស់​​ព្រម​ទាំង​​ជួញ​ដូរ​គ្រឿង​ញៀន”។

លោកឡេវិសបាន​​លើក​ឡើង​​នៅ​ក្រៅ​សិក្ខាសាលា​តំបន់​មួយ​ស្ដី​អំពីគម្រោង​របស់​ UNODCដែល​មានឈ្មោះ​ថា ការ​ត្រួត​ពិនិត្យ​ការ​​ផលិត​គ្រឿង​ញៀន​ ការវិភាគ​ ការ​រាយ​ការណ៍​ និង​និន្នាការ​​​ថា UNODC នឹង​ត្រួត​​ពិនិត្យតួលេខ​នេះ​។

លោកដេវិដហាឌីង (David Harding)ទី​ប្រឹក្សា​ បច្ចេក​ទេស​ទទួល​បន្ទុក​គ្រឿង​ញៀន​នៅ​ឯ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មិត្ត​សំឡាញ់​អន្ដរ​ជាតិ​ ដែល​​​ទាក់​ទង​ដោយ​ផ្ទាល់​​ជាមួយ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀននៅ​តាម​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ បាន​​ថ្លែង​ថា មាន​គោលការណ៍​ច្បាស់​លាស់​មួយ​​​ដើម្បី​បង្កើន​​ការ​​ចាប់​ខ្លួន​ជន​ល្មើស​គ្រឿង​ញៀន​ថ្នាក់​ទាប​ ​ព្រោះ​​ពួក​គេ​​អាច​បណ្ដាល​ឲ្យ​មាន​ផល​​ប៉ះ​ពាល់​។

លោកហាឌីងបាន​ថ្លែង​ថា“ គោល​នយោ​បាយ​​ភូមិឃុំ​​មាន​សុវត្ថិភាព​ឆ្នាំ​២០១០​ បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ចាប់​ខ្លួន​​មនុ​ស្ស​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន​”។​ លោក​បាន​មាន​ប្រសាសន៍ថាការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឲ្យ​កាន់​តែ​មាន​ការ​លំបាក​ ចំពោះ​​អង្គកា​រក្រៅ​រដ្ឋាភិបាល​ ដែលមាន​បំណង​ផ្ដល់​​សេវា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ ដែល​ចុះ​ទៅ​​ជួយ​​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ញៀន​។

លោក​បាន​ថ្លែង​ថា “មាន​ការ​ប្រឹង​ប្រែងជាច្រើន​ក្នុង​ការ​​​គ្រប់គ្រង​បញ្ហា​​គ្រឿង​ញៀន​ ក៏ប៉ុន្ដែ​ មិនមាន​ការ​ប្រឹង​ប្រែង​ច្រើន​ក្នុង​ការ​​គ្រប់គ្រង​បញ្ហា​​សុខភាព​​នោះទេ។​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​​​ក្នុង​ការ​ទំនាក់​ទំនង​​ជាមួយ​អ្នក​​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ជា​ប្រចាំ”។

លោកខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា កា​រចាប់​ខ្លួន​មនុស្ស​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​គឺ​ជា​ការ​សម​ហេតុ​ផល ព្រោះ​នគរ​បាល​ចាប់​ខ្លួន​​តែជន​សង្ស័យ​ណា ​​នៅពេល​ដែលខ្លួន​​មាន​ភស្ដុតាង​ ហើយ​បាន​លើក​ឡើង​​ថាការ​កើន​ឡើង​​នៃ​ការ​ចាប់​ខ្លួន​នេះ គឺ​ដោយ​សារតែ​​ការ​កើន​ឡើង​នៃ​​សកម្ម​ភាព​ខុស​ច្បាប់​។ លោក​ឧត្តម​សេនីយ៍​ឯកខៀវសុភ័គ ​មាន​​ប្រសាសន៍​ថា “ ​អ្នក​អាច​ចាប់​ត្រី​បាន​ច្រើន​ពី​ព្រោះមាន​ត្រី​​ច្រើន​នៅ​ក្នុង​ទឹក​។ ដូច្នេះ​យើង​​អាច​និយាយ​បា​ន​ថា មាន​បទ​ល្មើស​ ច្រើន​នោះ​ជា​មូល​ហេតុ​ដែល​យើង​ចាប់​មនុស្ស​​បាន​កាន់​តែ​ច្រើន​”៕

ប្រែសម្រួល​ដោយ ចេវ​ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស