នគរបាលបាននិយាយថា កាលពីថ្ងៃអាទិត្យសមាជិកចំនួនប្រាំបីនាក់នៃគ្រួសារមួយត្រូវបានចាប់ខ្លួន ក្នុងរាជធានីភ្នំពេញចំពោះការចាប់បង្ខាំងមនុស្សប្រាំនាក់ដោយខុសច្បាប់ដោយអ្នកទាំងនោះសុទ្ធតែជាសមាជិកនៃគ្រួសារមួយផ្សេងទៀត ដែលបានរងការចាប់រំលោភសេពសន្ថវ: និងត្រូវគេបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន។
លោកប៊នសំអាតអធិការនគរបាលខណ្ឌបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថាអាជ្ញាធរបានដឹងរឿងនេះនៅពេលស្ត្រីម្នាក់បានស្រែកឲ្យគេជួយពីរានហាលផ្ទះជាន់ទី២ក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យដោយស្រែកថានាងត្រូវគេចាប់បង្ខាំង។
លោកសំអាតបានមានប្រសាសន៍ថា “យើងបានជួយសង្គ្រោះមនុស្សប្រាំនាក់ រួមទាំងស្ត្រីបីនាក់ផង មកពីខេត្តកំពង់ចាម ដែលបានចាញ់បោកក្រុមចែកចាយគ្រឿងញៀន ហើយត្រូវគេឃំុខ្លួនអស់ពីរថ្ងៃកន្លះ”។
លោកបានបន្ថែមថា នារីរងគ្រោះបីនាក់ដែលជាបងប្អូនបង្កើត មានឈ្មោះដូចជា កែវ ស្រីនាង អាយុ១៧ឆ្នាំ កែវ ស្រី ភ័ណអាយុ ១៩ឆ្នាំ និងកែវ សុភី អាយុ ១៧ ឆ្នាំនិងយុវជនឈ្មោះ ឃី ភារី អាយុ ២៨ឆ្នាំនិង ប៊ី រ៉ាភ័ណ អាយុ២១ឆ្នាំជាសមាជិកក្នុងគ្រួសាររងគ្រោះមកពីស្រុកចំការលើនេះ ត្រូវបានជនល្មើសល្បួងឲ្យមកភ្នំពេញដោយសន្យាថា នឹងរកការងារឲ្យធ្វើ និងទិញសម្លៀកបំពាក់ថ្មីឲ្យ ។
លោកបានលើកឡើងទៀតថា ប៉ុន្តែនៅពេលដែលពួកគេបានមកដល់ផ្ទះនៅភ្នំពេញដែលពួកគេគិតថានឹងជួលនេះពួកគេបែរជាត្រូវគេបង្ខំឲ្យលក់ថ្នាំញៀនទៅវិញ។នៅពេលពួកគេបដិសេធ ពួក គេក៏ត្រូវជនល្មើសឃំុខ្លួនក្នុងបន្ទប់ បង្ខំឲ្យប្រើប្រាស់គ្រឿងញៀននិងធ្វើទារុណកម្ម។
លោកបន្តថាស្ត្រីវ័យក្មេងទាំងនោះត្រូវជនល្មើសចាប់រំលោភនិងវាយដំយ៉ាងដំណំ ហើយត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។ លោកលើកឡើងថា“ ជនល្មើសទាំងប្រាំបី នាក់ រួមទាំងស្ត្រីបីនាក់ផងនោះគឺជាសាច់ញាតិនឹងគ្នា។ យើងនឹងបញ្ជូនពួកគេទៅសាកសួរនៅតុលាការ។ពួកគេត្រូវបានចោទប្រកាន់ពីបទល្មើសបួនករណីផ្សេងគ្នា”។លោកបានបញ្ជាក់ថាជនសង្ស័យត្រូវបានចោទប្រកាន់ពីបទរំលោភស្ត្រីទាំងនេះបង្ខំជនរងគ្រោះឲ្យប្រើប្រាស់និងលក់គ្រឿងញៀន ព្រមទាំងជំរិតទារប្រាក់១០.០០០ដុល្លារពីក្រុមគ្រួសារជនរងគ្រោះទៀតផង។
លោកបានមានប្រសាសន៍ថាឈ្មោះ ចិត្រចន្ធីអាយុ៣០ឆ្នាំនិងប្រពន្ធឈ្មោះ ក្រូចសាវី អាយុ៣០ឆ្នាំ ព្រមទាំងឈ្មោះ ក្រូច ធឿន អាយុ៣២ឆ្នាំ ដែលជាសមាជិកគ្រួសារនេះត្រូវបាននគរបាលចាប់ខ្លួន នៅពេលដែលពួកគេព្យាយាមជិះរថយន្តគេចខ្លួន។ លោកបន្ថែមទៀតថា នគរបាលបានចាប់ខ្លួនជនសង្ស័យប្រាំនាក់ផ្សេងទៀតនៅផ្ទះ ដែលជនរងគ្រោះត្រូវបានឃុំខ្លួន។
លោកបានមានប្រសាសន៍ទៀតថាពីរនាក់ក្នុងចំណោមជនសង្ស័យទាំងនេះបានឆ្លើយសារភាពថាខ្លួនស្ថិតក្នុងក្រុមមួយដែលលក់គ្រឿងញៀនទូទាំងរាជធានីភ្នំពេញ។នគរបាលបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនមួយចំនួនតូចនិងថង់បា្លស្ទីកចំនួន១០.០០០ប្រើសម្រាប់ច្រកថ្នាំញៀន ប៉ុន្តែសង្ស័យថា ថ្នាំញៀនច្រើនជាងនេះ ត្រូវបានជនសង្ស័យចាក់ចូលក្នុងបង្គន់ មុនពេលនគរបាលទៅដល់។
លោក ចេងខុនប្រធានភូមិទួលពង្រ បានលើកឡើងថា “ ស្ត្រីរងគ្រោះម្នាក់បានបង្ហាញខ្លួននៅលើរានហាលជាន់ទី២នៃផ្ទះជួលរបស់ជនសង្ស័យ ហើយបានស្រែកហៅអ្នកភូមិឲ្យជួយ។វាបានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោម អ្នក ភូមិ ហើយពួកគេបានទូរស័ព្ទចូលប៉ុស្តិ៍វិទ្យុអេប៊ីស៊ី (ABC) ដើម្បីប្រាប់ពួកគេឲ្យ ជួយផ្សព្វផ្សាយនូវអ្វី ដែលបានកើតឡើង និងសូមឲ្យនគរបាលជួយសង្គ្រោះជនរងគ្រោះ”៕
ប្រែសម្រួល ដោយ ពេជ្រ សុភ័ក្ត្រ