40.6 C
Phnom Penh

អង្គការសិទ្ធិ​មនុស្ស​​​អាដហុកអះអាងថា​​​ នគរបាល​​​ព្យាយាម​​​បិទ​​​វេទិកា​​ពិភាក្សាអំពីបញ្ហាជម្លោះដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​​​ការពារ​​​សិទ្ធិមនុស្ស​​​ម្នាក់បាន​​​លើក​​​ឡើង​​​ថា នគរបាល​​​មូលដ្ឋាន​​​ក្នុង​​​ស្រុក​​​វើនសៃ ខេត្ត​​​រតនគិរី​​​ កាល​​​ពី​​​ម្សិល​​​មិញ ​​​បាន​​​ព្យាយាម​​​បិទ​​​ការជួបជុំ​​របស់​​​សហគមន៍​​​​​​​​​ដែល​​​អ្នក​​​ភូមិ​​​កំពុង​​​តែ​​​រៀនសូត្រ​​​អំ​​​ពី​​​សិទ្ធិ​​​ដីធ្លី​​​ ពី​ព្រោះ​​​អង្គ​​​ប្រជំុ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើឡើង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាតជាមុន​​​។

យោង​​​តា​​​ម​​​លោក​​​ ប៉ែន បុ៊ណ្ណារ៍ អ្នក​​​សម្រប​​​​សម្រួល​​​របស់អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​​​រតនគិរី​​​ បាន​​​ឲ្យដឹង​​​ថា នគរបាល​​​មកពីឃំុ​​​ភ្នំ​​​កុក ​​​ពីរ​​​នាក់​​​ បាន​​​ទៅ​​​ដល់​​​​​​​​​កន្លែង​​​ប្រជុំ ​​​ដែល​​​មាន​​​អ្នក​​​ភូមិ​​​ចំនួន២០នាក់​​​បាន​​​មកចូល​​​រួម​​​ ហើយ​​​ពួក​​​គេ​​​បាន​​​ទាមទារ​​​ឲ្យបិទ​​​អង្គ​​​ប្រជំុ​​​នេះ ដោយ​​​មាន​​​បទបញ្ជា​​​ពី​​​អាជ្ញាធរ​​​ស្រុក។

លោក ប៉ែន​​​ ប៊ុណ្ណារ៍ ​​​បន្ទាប់​​​មក​​​បាន​​​ទូរ​ស័ព្ទ​ហៅ​​​លោក​​​ ជា​​​ សុខ​​​ នាយ​​​នគរ​​​បាល​​​ឃំុ​​​ ដើម្បី​​​ឲ្យ​​​មក​​​ជួយដោះស្រាយ​​​បញ្ហា​​​នេះ​​​ ប៉ុន្តែ ​​​លោក ​ជា​​​ សុខ បានចេញ​​​បទបញ្ជាម្តង​​​ហើយ ម្តង​ទៀត​​​​ថា ​អង្គ​ប្រជំុ​​​នេះ​​​ត្រូវ​​​តែ​​​បិទ​​​។ លោក​ថ្លែង​ថា “នាយ​​​នគរបាល​​​ឃំុ​​​….បាន​​​បញ្ជា​​​ឲ្យខ្ញុំ​​​បិទ​​​អង្គប្រជំុនេះ ​​​​ដោយបាន​​​ប្រាប់​​​ខ្ញុំ​​​ថា​ អភិ​បាល​​​​ស្រុកកំពុង​​​តែ​​​ចេញ​​​ដីកាហើយ​​​”។

លោក បុ៊ណ្ណារ៍ លើកឡើងថានៅ​ក្នុង​តំបន់​នេះមានជម្លោះ​​​ដីធ្លី​​​ដ៏រុាំរ៉ៃ​​​ ជាមួយ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​​កៅស៊ូ​​​ចំនួន​​​ពីរ​​​នៅ​​​ក្នុងតំបន់​​​នោះ​​​ ដោយ​បាន​​​ធ្វើ​​​ឲ្យប៉ះ​​​ពាល់​​​ដល់​​​អ្នក​​​ភូមិ​​​រាប់​​​ពាន់​​​​គ្រួសារ​​​នៅក្នុង​​​ឃំុ​​​ចំនួន​​​បី។ លោក​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក មាន​​​បំណង​​​ចែក​​​ចាយ​​​ច្បាប់​​​ភូមិបាល​​​ និង​​​ច្បាប់​​​ព្រៃ​​​ឈើ​​​ទៅ​​​​ឲ្យ​​​អ្នក​​​មក​​​ចូល​​​រួម​​​ក្នុងអង្គប្រជំុ​​​ ដោយ​សារ​ពួក​គាត់​ចង់​​​ឲ្យគេ​​​ចុះ​​​បញ្ជី​​​ដីរបស់ខ្លួន​​​នៅ​​​​ក្នុង​​​គម្រោង​​​ផ្តល់​​​ប័ណ្ណ​​​កម្មសិទិ្ធ​​​ដីធ្លី ​​​ដែល​​​ផ្តួច​​​ផ្តើម​​​ដោយ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ សែន។

លោក​​​ថ្លែងថា “ថ្វីបើ​​​មាន​​​ការ​​​ព្យាយាម​​​រារាំងពីមន្ត្រី​​​នគរ​បាល ​​​និង​ពី​លោក​​​មេឃំុ​​​​​​​​​ លី ​នឿន​​​ ​ដើម្បី​​​បញ្ឈប់​​​អង្គ​ប្រជំុ​​​នេះ​​​​ក៏ដោយ  ក៏អង្គការ​​​សិទិ្ធមនុស្ស​​​អាដ​ហុកនៅ​​​​តែបន្ត​ការ​​​​​ប្រជំុ​​​របស់​​​ខ្លួន​​​ដោយ​​​ជោគ​ជ័យ។ លោក ជា​​​ សុខ បាន​​​ច្រានចោល​​​ការ​​​​ចោទ​​​ប្រកាន់​​​នេះ​​​ដោយ​​​​​​​លើក​​​ឡើង​​​ថា ​លោក​​​​គ្រាន់​​​តែ​​​មាន​​​បំណង​​​ចង់​​​ដឹង​​​ថា តើ​​​ហេតុ​​​អី្វ​​​បាន​​​ជា​​​ជួបជុំគ្នានៅទីនោះ ដោយ​​​គ្រាន់​​​តែ​ចង់ដឹង​​​ថា​​​ តើ​​​អង្គ​​​ប្រជំុ​​​នេះ​​​មាន​​​សុវត្ថិភាព​​​គ្រប់​គ្រាន់​​​ដែរ​​​ឬទេ។

លោកបានលើកឡើង​​​ថា​​ “គេ​​​បានទៅ​​​ភូមិ​​​នោះហើយ​​​ដើេរប្រមែល​​​ប្រមូល​​​អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​ឲ្យចូល​​​រួម​​​ប្រជំុ​​​ដោយ​​​មិន​​​បាន​​​ផ្តល់​ដំណឹង​​​​ដល់​​​អាជ្ញាធរ​​​ជាមុន។ យើង​​​គ្រាន់​​​តែ​​​ឈៀងចូ​​ល​​​ ដើម្បី​​​ពិនិត្យមើល​​​ថា​​​ តើ ហេតុអី្វ​​​បាន​​​ពួកគេ​​​ប្រមូល​​​ផ្តុំគ្នា​​​ និងដើម្បី​​​ធានា​សន្តិ​សុខ​​​ និង​​​សុវត្ថិភាពដល់​​​ពួក​​​គេ​​​តែប៉ុណ្ណោះ​​​”។

ប៉ុន្តែ​​​ លោក​​ ប៊ុណ្ណារ៍ ​​​ថ្លែងថា​​​អាជ្ញាធរ​​​បាន​​​មក​​​រារាំង​​​ការប្រឹងប្រែង​​​របស់អង្គការ​​​សិទិ្ធ​​​មនុស្ស​​​ក្នុងការ​​​ផ្តល់​ចំណេះ​​​​ដឹង​ដល់អ្នក​​​ភូមិ​​​ក្នុង​​​ការ​​​ប្រើ​​​​ប្រាស់​​​សិទិ្ធ​​​របស់​​​ខ្លួន ស្របពេល​​​​​​ក្រុម​​​និស្សិត​​​ស្ម័គ្រចិត្ត ​ក្នុង​គម្រោង​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​​​សិទិ្ធ​​​ដី​​​ធ្លី​​​របស់​​​លោក ​​​ហ៊ុន សែន​​​ បាន​​​ធ្វើ​ដំណើរ​​​​ទៅតាម​​​តំបន់នៅ​​​ទូទាំង​ប្រទេស​​​ ​ដើម្បី​​​វាស់​​​វែង​​​ដីធ្លី​​​ និង​​​ផ្តល់​​​ប័ណ្ណ​​​កម្មសិទិ្ធដី​​​ធ្លី​​​នោះ​​​។ ​លោក​​​បន្តថា​​​ “ ​​​ការ​​​​​​រារាំង​​​​​​នេះ ​​​គឺ​​​ជា​​​ការ​​​រើសអើង​ចំពោះក្រុម​​​សកម្ម​ជន​ការ​​​ពារ​​​សិទិ្ធ​​​មនុស្ស​​​ កំពុង​​​​​ផ្តល់​ការ​​​អប់​​​រំ​​​ និង​​​ផ្តល់​​​ប្រឹក្សា​​​ស្តីអំពី​​​សិទិ្ធ​​​មនុស្ស​​​ និង​​​គោល​​​នយោ​​​បាយដីធ្លី​​​របស់​​​រដ្ឋា​ភិបាល​​​”។

លោក ជំុ​​​ ងឹល អភិបាល​​​ស្រុក​​វើន​​​សៃ ​បាន​​​​បញ្ជាក់​​​ថា មន្ត្រី​​​អាជ្ញាធរ​​​ពិត​​​ជាបានទៅ​​​ទី​​​នោះ​​​មែន ប៉ុន្តែ​​​ លោក​​​​​​លើក​​​ឡើង​​​ថា ​និស្សិត​​​ស្ម័គ្រចិត្ត​​​មួយចំនួន​​​បាន​​​ទៅ​​​ដល់តំបន់​នោះ​ហើយ ​​​ដើម្បី​​​ប្រមូល​​​ទិន្នន័យ​​​ និង​​​វាស់​​​វែង​​​ដីធ្លី​​​ របស់អ្នក​​​ភូមិ​​​ទាំង​​​ឡាយ​​​ណា​​​ ដែល​​​មាន​​​​​​ជម្លោះ​​​ដី​​​​ធ្លី​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ អេស​​​ខេ ​​​ទទួល​​​​បាន​​​សិទិ្ធ​​​កាន់​​​កាប់​​​ដី​​សម្បទាន​​​នៅ​តំបន់​នោះ​​​។

លោក​បា​នបន្ថែម​ថា“​ដំបូង​​​ឡើយ​​​យើង​​​​មិន​​ដឹង​​​ថា​​​ ពួកគេ​ទំាង​នោះ​​​​​​​ជា​​​នរណា​​​នោះទេ​​​ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើប​​​យើង​​​បញ្ជូន​មន្ត្រីរបស់​​​យើង​ឲ្យ​​​ទៅ​​​ត្រួត​​​ពិនិត្យមើល​​​កន្លែង​​​នោះ​​​ ពី​ព្រោះ​​​សកម្មជន​​​ការពារ​​​សិទ្ធិមនុស្ស​​​មិនបាន​​​​ផ្តល់​​​ដំណឹង​​​ឲ្យយើង​​​ដឹង​​​អំពី​​​ប្រជំុ​​​ ដែល​​​គេ​គ្រោង​​​​ទុក​​​​​​ទេ​​​។ យើង​​​មិនបាន​​រា​រាំង​អង្គការ​​​​​​សិទិ្ធ​​​មនុស្ស​​​​​​មិន​​​ឲ្យប្រជំុនោះ​​​ទេ។​ ហើយ​ការ​​​​ចោទប្រកាន់នេះ ​​​គឺវា​​​មិន​​​ពិត​​​ឡើយ​”៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង​​​​​​                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស