29.3 C
Phnom Penh

អ្នក​​​ភូមិ​​​នៅតែ​​​បន្ត​​​ធ្វើដំណើរ​​​ភ្លូកទឹក​​​ភ្លូកដី​​​ទៅ​​​មើល កំណាត់​​​ឈើ​​​មាន​​​បារមី​​​ នៅ​​​​​​​​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ​​​អ្នក​​​ភូមិ​​​ទាំង​​​ក្រុម​ៗ​​​បាន​​​​​ធ្វើ​ដំណើរ​ទៅ​​​​ស្រុក​​​បាកាន​​​ខេត្ត​​​ពោធិ៍សាត់​​​ដើម្បី​​​មើល​​​ឈើមួយកំណាត់​​​ធំ​​​ ដែលគេ​​​ជឿថា​​​ មាន​​​បារមី​​​អាច​​​នាំ​​​មក​​​នូវ​​​​សំណាង​ល្អ​និង​​​អាច​​​ព្យាបាល​​​ជំងឺបាន។

អ្នក​​​ភូមិ​​​ជាង​​​៣.០០០នាក់​​​បាន​​​មក​​​កាន់​​កន្លែងនេះ​​​ចាប់​​​តាំង​​​ពី​​ថ្ងៃទី១៥​​​ខែ​​​កក្កដា​​​​មក​បន្ទាប់​​​ពី​​កំណាត់​​​ឈើ​​​មួយ​ដើម​​​​​​ប្រវែង​​​១៣​ម៉ែត្រ​​​ត្រូវ​​​បាន​​​គេ​​​គាស់​​​យក​​​ចេញ​​​ពី​​​បាត​​​ស្រះ​មួយ​ដែល​ទើប​ជីក​​​​​​នៅ​​​ពេល​​​ថ្មី​​ៗនេះ ។ តាំង​​​ពី​ថ្ងៃគាស់​​​ចេញមក​​​ កំណាត់ឈើ​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​ជឿថា មាន​​​បារមី​​គ្រប់យ៉ា​​​ង​​​​ចាប់​ពី​​បារមីព្យាបាល​​​ជំងឺរហូតដល់​​​ការ​​​ផ្តល់​​​ជា​​​លាភ​​​សក្ការៈ។

អ្នក​​​ភូមិ​​​​​​យក​​​ម្សៅ​​​ទៅលាប​​​លើ​​កំណាត់​​ឈើនោះ​​​ដោយ​​​សង្ឃឹមថា​​​ នឹងបាន​​​លេខ​​​ឆ្នោត។​​​ ពួកគេ​​​នាំ​​​គ្នា​​​ផឹក​​​ទឹក​​​ស្រះ និង​​​យក​​​ដី​​​ភក់​​​​នៅ​ជិត​ឈើ​នោះ​មក​លាប​​​ខ្លួន​​​ទៀត​​​ផង​​​។ លោក ហ៊ុន នៅ ប្រធាន​​​ភូមិ​​​ព្រៃយាង​​​ ឃំុ​​​អូរតា​​​ប៉ោង​​​ ស្រុក​​​បាកាន​​​ខេត្ត​​​ពោធិ៍សាត់​​​ បាន​មានប្រសាសន៍ទាំង​​​អស់​​​សំណើច​​​ថា “ មនុស្ស​​​​នៅ​តែនាំ​​​គ្នា​​​មក​​​”។

លោក​​​បន្ថែម​​​ថា អ្នក​​​ភូមិ​​​ប្រហែល​​​១៥០​នាក់​​​ទៀត​​​បាន​​​មក​​កន្លែង​​​នេះ​​​​កាលពី​​ម្សិល​មិញ​​​ គឺ​សុទ្ធតែ​​​មក​​​ពី​​ទី​ឆ្ងាយៗ ​​​ដូចជា​​​ភ្នំពេញតាកែវ និង​​​ប៉ោយ​​​ប៉ែត​​​ជា​ដើម។ លោក​​​​​​មាន​​​ប្រសាសន៍ថា​​​ “ មនុស្ស​​​ទាំង​​​នេះ​​​បាន​​​ឮថា​​​ ​​​កំណាត់ឈើនេះ​​​ចេះ​​​និយាយ។​​​​

អ្នក​​​ខ្លះ​​​ថែម​​​ទាំង​​​បាន​​​ឮថា ឈើនេះ​​​ត្រូវ​​​បាន​​​គេគាស់​​​មក​​​ទាំង​​​​​​ស្លឹក​​​ខៀវ​​​ស្រងាត់​​​ទៀត​​​ផង​​​។ ខ្ញុំ​​​កំពុង​​​តែ​​​ឆ្ងល់​​​ថា ហេតុ​​​អី​​​្វបាន​​​ជា​​​មនុស្ស​​​ទាំង​​​នេះ​​​ជឿ​​​បែប​​​នេះ​​​”។​​​ អ្នក​​​ជំនាញ​​​និយាយ​​​ថា​​​ ទស្សនបែបនេះ​​​​កើត​​​​ចេញ​​​ពី​​​ជំនឿខាង​​​ព្រលឹង​​​​​​ដែល​​​​​​មាន​​​ក្នុង​​​សង្គម​​​ខ្មែរ​​​តាំង​​​ពី​​​មុន​​​ពុទ្ធ​សាសនា​ចូល​មក​ម្លេ៉ះ។

លោក ដោក ណារិន រដ្ឋលេខាធិការ​​​ក្រសួង​​​​ធម្មការ​​​និង​​​សាសនា​​​បាន​​​មាន​​​ប្រ​​​សាសន៍ថា​​​តាមប្រវត្តិសាស្រ្ត​​​ ប្រជាជន​​​ខ្មែរ​​​​​​មាន​​​ជំនឿ​​បារមី​កើេត​ចេញ​ពី​​វត្ថុធម្មតា។

លោក​​​មាន​​​ប្រសាសន៍ថា​​​ “ មនុស្ស​​​មានជំនឿ​​​បែបនេះ​​​ពី​​​មួយ​​​ជំនាន់ទៅ​​​មួយ​​​ជំនាន់​​​។​​​នេះ​​​មិនមែន​​​ជា​​​ជំនឿតាម​​​បែប​​​ពុទ្ធសាសនា​​​ទេ ​​​ប៉ុន្តែ​​​ជា​​​ជំនឿ​​​តាម​​​បែប​​​ព្រហ្មញ្ញសាសនា​​​។​ មនុស្ស​​​ចេះ​​​តែ​​​​​ជឿ​តៗគ្នា”។ ប៉ុន្តែ​ មាន​ពាក្យ​​​អាចាម​​​អារា៉ាម​​​​​​ថា មនុស្ស​​​​ដែល​​​បាន​​​មក​​​​គោរព​​​កំណាត់​​​ឈើនេះ​បាន​​​ឈ្នះ​​​ឆ្នោត​ ហើយ​​​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​មាន​​​ចំណាប់​​​អារម្មណ៍​កាន់​តែ​​​​​​​ខ្លាំង​​មក​​​លើ​​​កំណាត់​​​ឈើ​នេះ។ អ្នក​​​ដែល​​​ស្វែង​​​រក​​​ជំនួយពី​​​កំណាត់​​​​​​ឈើនេះ​​​​​​មិន​​​អាច​​​​​បញ្ចុះ​បញ្ចូល​​ដោយ​សារ​ការ​ប្រកាស​​​ថា​​​​​​ ឈើនេះគ្មាន​​​បារមីនោះ​​​ទេ។

លោក ភោគ សាវុធ​​​ ប្រធាន​​​មន្ទីរ​​​ធម្មការ​និង​​​សាសនា​​​ខេត្ត​​​ពោធិ៍សាត់​​​​​​មាន​​​ប្រសាសន៍​ថា​​​“ខ្ញុំ​​​ព្យាយាម​​​ប្រាប់​​​មនុស្សទាំង​​​នោះ​​​ថា កំណាត់​​​ឈើនេះ​​​គ្មាន​​​បារមី​​​អ្វី​​​ទេ​​​ ប៉ុន្តែ​​​ពួកគេ មិន​​​ជឿ​​​ខ្ញុំ​​​ទេ។​​​គេ​នៅ​តែ​ជឿលើ​​​ឈើនោះ​​។ ខ្ញុំ​មិន​អាច​រារាំង​ពួកគេ​បានទេ​”។ កាលពីដើម​​​ឆ្នាំនេះ យុថ្កា​​​មួយ​​​ដែល​​បាន​​​​ស្ទូច​ចេញ​​​ពី​​​បាត​​​ទន្លេ​​​មេគង្គ​​​នៅ​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បានក្លាយជា​​​វត្ថុ​​​សម្រាប់​​​គោរព​​​បូជា​​​ភ្លាម​​​​​​ៗបន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​ចាប់​​​ផ្ដើម​​និយាយថាយុថ្កានេះ​មាន​​បារមី​​​​។ មនុស្ស​ប្រមាណ​​​២០០​នាក់​​​ក្នុង​​​មួយថ្ងៃ​​​បាន​​​ធ្វើ​​​ដំ​​​ណើរ​​​ទៅ​​​វត្ត​​​ប្រជំុ​​​សាគរ​​​ក្នុង​​​ខណ្ឌឫស្សីកែវ​​​រាជធានីភ្នំពេញ​​​ ព្រោះ​គេ​បាន​យក​​​​យុថ្កា​​​ទម្ងន់​​​ពីរតោន​​​នេះ​​​ទៅ​​​​ទុក​​​នៅ​​​ទី​​​នោះ​​​ ហើយ​ពួក​គេ​​​​បាន​​​អុជ​ទៀន​​​​​ធូប យកផ្កាភ្ញី​​​ ផ្លែឈើ​​​ និង​​​ម្ហូបអាហារ​ទៅ

​ដាក់​សែននៅ​ទី​នោះ​​​ទៀតផង​​​៕

                  ប្រែសម្រួលដោយ ហម​​​ សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស