27 C
Phnom Penh

ជម្លោះ​​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​​ រវាង​កម្ពុជា និង​ក្រុង​ហាណូយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ប្រទេស​កម្ពុជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជម្លោះ​ដែន​ទឹក​នៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ អំឡុង​កិច្ច​ប្រជុំ​អាស៊ាន​រយៈ​ពេល​មួយ​សប្ដាហ៍​ក្នុង​រាជធានី​ភ្នំពេញ​​កាល​ពី​ដើម​ខែ​នេះ​ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវរឿង​ដ៏​កម្រ​មួយ​ ដែល​រដ្ឋា​ភិបាលកម្ពុជា​ហា៊ន​​ប្រឆាំង​ទៅ​នឹង​ប្រទេស​វៀត​ណាម​ ដែល​ជា​ប្រទេស​ជិត​ខាង​ និង​ជា​សម្ពន្ធ​មិត្ត​របស់​ខ្លួន​នៅ​លើ​ឆាក​អន្ដរជាតិ​។

អ្នក​អង្កេតការណ៍និង​អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ភាព​ប្រេះ​ឆា​នេះ​ជា​សញ្ញា​​ថ្មី​បំផុត​នៃ​ឥទ្ធិពលធ្លាក់​ចុះ​របស់​ប្រទេស​វៀតណាម ចំពោះ​ប្រទេស​ដែល​ខ្លួន​ធ្លាប់​បាន​ជួយ​ ប៉ុន្ដែ គេ​រំពឹង​ថា ទំនាក់​ទនង​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម នឹង​អាច​ប្រសើរ​ឡើង​វិញ​។

លោកខាលថាយ័រ (Carl Thayer) អតីតសាស្ត្រាចារ្យ​នៅ​ឯ​សាកល​វិទ្យល័យ​ញូវសៅ​វេលស៍ (New South Wales) របស់​បណ្ឌិត្យ​​សភា​កង​ទ័ព​ការ​ពារ​ជាតិ​អូស្ត្រាលី ​លើក​ឡើង​ថា “ ​ប្រទេស​វៀតណាម​ពិត​ជា​មិន​សប្បាយចិត្ត​សោះ ដោយ​សារ​តែ​​កម្ពុជា​បាន​ជំទាស់​មិន​ព្រម​​ចេញ​សេចក្ដីថ្លែងការណ៍​រួម​”។ ​ទោះ​បី​ជា​យ៉ាង​ណា​លោក​បាន​បន្ថែម​ថា​ “ ភាគី​ទាំង​ពីរ​មាន​រចនា​សម្ពន្ធរឹងមាំសម្រាប់​ស្តារទំនាក់​ទំនង​ទ្វេភាគី​របស់​ខ្លួន​ ដែល​នឹង​អាច​ទ្រាំទ្រ​នូវ​ភាព​តាន​តឹង​ថ្មីៗ​នេះ​បាន​”។

ភាព​តាន​តឹង​ទាំង​នោះ​​ធូរ​ស្បើយ​ឡើង​​វិញ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែកក្កដា នៅ​ពេល​ ដែល​​កិច្ច​ប្រជុំ​របស់រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ានបាន​ទទួលបរាជ័យ​ក្នុង​ការ​សង្គ្រោះ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ ក្នុងការ​ខកខានមិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ដែលជា​បរាជ័យ​លើក​ដំបូង​បង្អស់ក្នុងរយៈ​ពេល​៤៥​ឆ្នាំ​ នៃ​ប្រវត្តិ​កិច្ច​​ប្រជុំ​របស់​ខ្លួន​។

ប្រទេស​ហ្វីលីពីន ចង់​ឲ្យ​​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមដើម្បី​បញ្ជាក់ការ​ពិត​ អំពីការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុងដែន​សមុទ្រ ​កាល​ពី​ពេល​ថ្មី​ៗ​ជាមួយ​នឹង​ប្រទេស​ចិន ជុំវិញ​ជម្លោ​ះនៅតាមប្រជុំ​កោះ​មួយចំនួន នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​កន្លែង​សម្បូរ​ទៅ​ដោយ​ធនធានប្រេង​ និង​ឧស្ម័ន​នោះ។រីឯ​ប្រទេស​វៀតណាមដែល​កំពុង​តែ​ប្រកួត​ប្រជែង​ និង​កំពុង​តែ​មាន​ភាព​តាន​តឹង​កើន​ឡើង​ ចំពោះ​ការ​ទាម​ទារ​សិទ្ធិ​កាន់​កាប់​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​នឹង​ប្រទេស​ចិន​ដែរ​នោះ​ ក៏បាន​គាំទ្រ​ទង្វើ​នេះ​ដែរ​។ប៉ុន្ដែប្រទេស​កម្ពុជា ​ដែល​ជា​ប្រធាន​អាស៊ាន​ ​ក្នុង​ឆ្នាំ​​នេះ បាន​បដិសេធ​ថា មិន​បាន​បរាជ័យ​នៅ​ក្នុង​​​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​នោះ​ទេ​។

ទោះ​បី​ជា​រដ្ឋាភិបាលក្រុងភ្នំពេញ​បាន​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ ​ចំពោះ​ការ​លើក​ឡើង​មួយ​ចំនួន​ថា ខ្លួន​កំពុង​តែ​បម្រើ​ប្រទេស​ចិន​ ដែល​ជាអ្នកបាន​ផ្ដល់​ជំនួយយ៉ាង​ច្រើនដល់​កម្ពុជា និងមិន​ចង់​ឲ្យ​កិច្ច​ប្រជុំអាស៊ាន​ ​លើក​យក​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​​មក​​​​ពិភាក្សា​ក៏ដោយក៏​ប្រទេស​កម្ពុជា​នៅ​តែ​ទទួល​​​ង​ការ​រិះ​គន់​ជា​ច្រើនពី​សាធារណៈជន។

ប្រទេស​វៀត​ណាម​​ប្រហែល​ជា​បរាជ័យ​នៅក្នុង​ការ​លើកយក​ជម្លោះ​ក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង មកពិភាក្សា​ក្នុង​កិច្ច​ប្រជុំនេះ​។ប៉ុន្ដែលោកថាយ័របាន​មាន​ប្រសាសន៍​ថារដ្ឋា​ភិបាលទី​ក្រុង​ហាណូយ បាន​ប្រើ​វិធី​សាស្ត្រ​ “ជាក់​ស្ដែង” បន្ថែម​ទៀត​​ ដើម្បី​រក្សា​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា​ ​និង​ជាមួយប្រទេសលាវ។

លោក​​​លើក​ឡើង​ថា “ ប្រទេស​វៀត​ណាម​មើល​ឃើញ​ថា ឥទ្ធិពល​របស់​ខ្លួន​មក​លើ​ប្រទេស​កម្ពុជា និង​ប្រទេស​លាវបាន​ធ្លាក់​​ចុះ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ ដែល​កំពុង​តែ​កើន​ឡើង​នោះ​។ប៉ុន្ដែ ប្រទេស​វៀត​ណាម​មិន​បាន​បង្ហាញ​ថាទំនាក់​ទំនង​ទាំង​នេះ​បាន​ធ្លាក់​ចុះ​ដល់​ចំណុច​សូន្យ​នោះ​ទេ”។លោក​បាន​បន្ដ​ថា“ប្រទេស​វៀតណាម​មាន​តួនាទី​សំខាន់ណាស់​មក​លើ​ប្រទេស​ទាំង​ពីរ​នេះ។ ប្រទេស​វៀតណាម​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ចំពោះ​សកម្ម​ភាព​ជាក់ស្តែងរបស់​ប្រទេស​ចិន​ នៅក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ច្រើន​ជាង​​ការ​ព្រួយ​បារម្ភ​ចំពោះ​ឥទ្ធិពល​ប្រទេស​ចិន​មក​លើ​ប្រទេស​កម្ពុជា​”។

លោក ថាយ័រ ក៏បាន​​​គូស​​​បញ្ជាក់​​​ផង​​​ដែរ​​​ថាទំនាក់​​​ទំនង​​​បែបជិត​​​ខាង​​​របស់​​​ប្រទេសនេះមិនសូវបានល្អ​​​ ចាប់តាំងពីមានការប្រឆាំង​​​ដោយពាក្យសម្តីចំពោះប្រទេសវៀត​​​ណាម​​​ ពីសំណាក់​​​គណបក្ស​​​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​គណបក្ស​​​នេះ ចង់មានប្រៀប​​​ជា​​​មួយដៃ​​​គូ​​​ចម្រុះ​​​នៅក្នុងរដ្ឋាភិបាល​​​ និងការព្យាយាម​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​របស់គណបក្ស​​​ប្រឆាំង​​​ ក្នុង​​​ការ​ធ្វើឲ្យមានភាពតានតឹងជុំវិញ​​បញ្ហាព្រំដែន។

លោក ប៉ាវិន ឆាឆាវ៉ាល់ប៉ុងពុន (Pavin Chachavalpongpun) សាស្ត្រាចារ្យ​​​មកពី​មជ្ឈ​មណ្ឌល​​​សម្រាប់​​​ការ​​​សិក្សាស្រាវជ្រាវ ផ្នែក​​​អាស៊ីអាគ្នេយ៍​​​របស់​​​សាកល​​​វិទ្យាល័យ​​​ក្យូតូ ​(Kyoto University) បាន​​​លើក​​​ឡើង​​​ថា ប្រទេ​​ស​​​​កម្ពុជា​​​ពិត​​​ជាបាន​​​ធ្វើ​​​កិច្ច​​​ការ​​​មួយ​​​យ៉ាង​​​ល្អ​​​ដោយ​​​ធ្វើឲ្យ​​​មាន​​​តុល្យភាព​​​នៃ​​​ទំនាក់​​​ទំនង​​​ជាមួយ​​​នឹង​​​ប្រទេស​​​ជិត​​​ខាង​​​ធំ​​​ពីរ​​​របស់​​​ខ្លួន​​​ហើយ​​​លោក​​​ ហេង សំរិន ប្រធាន​​​រដ្ឋសភា​​​ជាតិ​​​ដែល​​​បានធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​ក្នុង​​​សប្ដាហ៍នេះ​​​ ទំនង​​​មាន​​​ន័យ​​​ថាដើម្បី​​​ធ្វើ​​​ឲ្យ​​​អារម្មណ៍​​​តាន​​​តឹង​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ធូរ​​​ស្រាល​​​ឡើង​​​វិញ។

បន្ទាប់​​​ពី​​​ផ្ដួល​​​រំលំរបបខ្មែរ​​​ក្រហមភ្លាម​​​ប្រទេស​​​វៀតណាម បាន​​​លើកបន្តុប​​​លោក​​​ហេង​​​ សំរិនដែល​​​ជា​​​អ្នក​​​គេចចេញពីរបប​​​ខ្មែរ​​​ក្រហម​​​ ឲ្យ​​​ធ្វើ​​​ជា​​​មេដឹក​​​នាំ​​​នៃ​​​របប​​​ថ្មី​​​។មន្ត្រី​​​​​កម្ពុជា​​​ និងមន្ត្រី​​វៀតណាម​​​បាន​​​លើកឡើង​​​ថា ដំណើរ​​​របស់​​​លោក​​​ ហេង សំរិន ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​ គឺ​​​ផ្ដោត​​​លើ​​​កិច្ច​​​ពិភាក្សា​​​អំពី​​​ការ​​​ធ្វើ​​​ពាណិជ្ជកម្ម​​​។

លោក ​​​ប៉ាវិន បាន​​​មានប្រសាសន៍​​​ថា “ ប៉ុន្ដែ​​​[នៅពេលនេះ​​​] គេ​​​បាន​​​ដឹង​​​យ៉ាង​​​ច្បាស់​​​ថា​ ការ​​ធ្វើ​​​ដំណើរ​​​របស់​​​លោក​​​ ហេង​​​ សំរិន​​​ ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម​​​ គឺ​​​ដើម្បី​​​ជួយ​បក​ស្រាយ​​​ការ​​​យល់​​​ច្រឡំ​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​។ មួយ​​​សប្ដាហ៍​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​បាន​​​ទទួល​បរាជ័យ​​​ ដោយមិនអាចចេញ​​​សេចក្ដី​​​ថ្លែ​ង​ការណ៍​​​រួម​​​បាន រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​អាស៊ាន​​​ ទីបំផុតបាន​​​រៀបចំ​​​ចេញសេចក្ដី​​​ថ្លែងការណ៍​​​រួម​​​មួយ​​​ ដែល​​​មាន​​​ប្រាំមួយ​​​ចំណុច​​​ ស្ដី​​​អំពី​​​ជម្លោះក្នុងដែនសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ ដើម្បី​​​ជួយ​​​បញ្ជៀស​​​នូវ​​​ភាព​​​ចម្រូង​​​ចម្រាស ជុំវិញ​ជម្លោះ​​នៅ​​តាមប្រជុំ​​​កោះ​​​ជា​​​ច្រើន​​​។

នៅ​​​ក្នុងអត្ថបទ​​​មួយ​​​ស្ដីអំពីទំនាក់​​​ទំនង​​​ការបរទេស​​​ ដែលសរ​​​សេរ​​​ដោយ​​​លោកចូសូគឺឡានហ្សិក​​​ (Joshua Kurlantzick)​សាស្ត្រា​ចារ្យ​​​​ប្រចាំ​​​តំបន់​​​អាស៊ីអាគ្នេយ៍​​​បានលើក​​​ឡើង​ថា​ សេចក្ដី​​​ថ្លែងការណ៍​​​រួម​​​នេះ​​​មិន​​​មាន​​​អ្វីប្លែក​ទេ​ព្រោះ​​​វា​​​មិន​​​បាន​​​ដាក់​​​បញ្ចូល​​​នូវ​​​ជម្លោះ​​​នៅ​​​តាម​​​ប្រជុំ​​​កោះ​​​នោះ​​​ឡើយ។​​​

លោកបានលើកឡើងថាពាណិជ្ជកម្ម​​​ទ្វេ​ភាគី​​​រវាងប្រទេសចិន និងប្រទេស​​​កម្ពុជា​​​ ត្រូវ​បាន​​​គេ​​​រំពឹង​​​ថា នឹងកើនឡើងទ្វេ​​​ដង​​​ក្នុង​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ក្រោយ។ លោកបានបន្ថែម​​​នៅ​ក្នុង​​​អុីម៉េល​​​​ថារដ្ឋាភិបាល​ក្រុងហា​ណូយ ​មិន​សង្ឃឹមថាអាចប្រកួតប្រជែងនឹងជំនួយ​​​ពី​រដ្ឋាភិបាលក្រុងប៉េកាំងបានឡើយ។

លោកអៀន ស្តរី(Ian Storey)​សាស្ត្រា​ចារ្យ​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​​នៅវិទ្យាស្ថាន​​​សម្រាប់​​​ការ​សិក្សាអំពី​​​អាស៊ីអាគ្នេយ៍ នៅក្នុងប្រទេស​​​សិង្ហបុរី បាន​​​លើក​​​ឡើង​​​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ានខែនេះ​​​ ប្រទេស​​​កម្ពុជា​​​ច្បាស់​​​ណាស់​​​បាន​​​ចាត់ទុកប្រទេស​​​ចិន​​​សំខាន់ជាង​​​ប្រទេស​​​វៀត​​​ណា​​​ម។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា​យើង​​​អាច​​​និយាយ​​​បានថា ប្រទេស​​វៀត​ណាម​ពិត​​​ជា​​​ខឹងរដ្ឋា​​​ភិបាលរបស់​លោក ហ៊ុន សែនឥតឧបមាហើយ​​​បញ្ហា​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​ទំនាក់ទំនង​​​ទ្វេភាគី​​​។វា​​​អាច​បង្ហាញ​​​​ឲ្យ​​​ឃើញ​​​ថា ឥទ្ធិពល​​​របស់​​​រដ្ឋាភិបាល​ក្រុង​​​ហាណូយ​​​មក​​​លើ​​​កម្ពុជា​​​បាន​​​ធ្លាក់​​​ចុះ​​​”។

ស្រប​​​ពេលរដ្ឋាភិបាលក្រុងភ្នំពេញ និង​រដ្ឋា​ភិបាលក្រុង​​​ហាណូយ បាន​​​ព្យាយាម​​ចៀសវាង​​​​ការ​​​ចង្អុលមុខ​​​​​​គ្នាជា​សាធារណៈ​ជុំវិញ​ជម្លោះ​ក្នុងដែន​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ លោក​​​បាន​​​លើក​​​ឡើង​​​ថា​​​បរាជ័យ​​​នៃ​​​ទំនាក់​​​ទំនង​​​របស់​ប្រទេស​​​​ទាំង​​​ពីរ​​​ អាច​​​នឹង​​​កាន់តែ​​​យ៉ាប់យ៉ឺន​ថែម​ទៀត។ លោក​​​បាន​​​បន្ថែម​​​ថា​​ “ ចូរ​​​កុំ​​​ភ្លេច​​​ថា បញ្ហា​​​នេះ​​​វា​​​មិន​​​ទាន់​​​ចប់​​​នៅឡើយ​​​ទេ​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​ថា បញ្ហា​​​ជម្លោះក្នុងដែនសមុទ្រ​​​ចិនខាង​​​ត្បូង​​​នឹង​​​អាច​​​លេ​ច​​​ឡើង​​​ម្ដង​​​ទៀត​​​នៅក្នុង​​​កិច្ច​​​ប្រជុំ​​​អាស៊ាន​​​លើកក្រោយ ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​ខែ​​​វិច្ឆិកា ខាង​​​មុខនេះ ​​​ដោយ​​​មាន​​​លោកនាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​ សែន ធ្វើ​​​ជា​​​អធិបតី​​​ភាព​​​ដោយ​​​ផ្ទាល់។ ហើយ​​​កិច្ច​​ប្រជុំដ៏សំខាន់នេះ​​នឹងធ្វើ​​ឲ្យគេ​​​​​ចាប់​​​អារម្មណ៍​​​យ៉ាងខ្លាំ​ង”៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស