មេធាវីនិងតំណាងអ្នកភូមិបាននិយាយកាលពីម្សិលមិញថា សាលាដំបូងខេត្តកោះកុងបានពន្យារពេលសវនាការរឿងក្តីដ៏ចម្រូងចម្រាស់មួយប្រឆាំងនឹងក្រុមហ៊ុនចម្ការអំពៅថៃ ដែលប្រជាពលរដ្ឋជាង២០០គ្រួសារចោទថា បានចាប់យកដីរបស់ពួកគាត់សម្រាប់ចម្ការអំពៅរបស់ក្រុមហ៊ុននេះ។
លោកស្រី នីសោភ័ណ្ឌនារី មេធាវីរបស់អ្នកភូមិមានប្រសាសន៍ថា ប្រធានអង្គជំនុំជម្រះសាលាដំបូងខេត្តបានសម្រេចពន្យារពេលសវនាការនេះពីព្រោះមានប្រជាពលរដ្ឋចំនួន១៥នាក់ បានដកពាក្យបណ្តឹងរបស់ខ្លួនកាលពីពេលថ្មីៗនេះ ហើយមេធាវីតំណាងឲ្យក្រុមហ៊ុនអវត្តមាន។លោកស្រីបានបន្ថែមទៀតថា ពួកគេគួរតែប្រាប់យើងជាមុនអំពីអវត្តមានរបស់មេធាវីតំណាងឲ្យក្រុមហ៊ុននេះ។ លោកស្រីសោភ័ណ្ឌនារីបានថ្លែងថា “ ខ្ញុំគិតថា ការពន្យារពេលសវនាការនេះពិតជាធ្វើឲ្យប៉ះពាល់ដល់សហគមន៍នេះនិងស្ថានភាពរស់នៅរបស់ពួកគាត់… នៅពេលដែលពួកគាត់មកកាន់ទីរួមខេត្តកោះកុង ពួកគាត់ត្រូវប្រមូលប្រាក់ដើម្បីជួលរថយន្ដ ដូច្នេះពួកគាត់បានចំណាយប្រាក់ជាច្រើន និងពួកគាត់មិនទទួលបានលទ្ធផលអ្វីទាល់តែសោះ”។ នេះគឺ ជារឿងក្តីធំមួយ និងស្មុគស្មាញ ដូច្នេះហើយចៅក្រមបានថ្លែងថា លោកត្រូវការពេលវេលា ដើម្បីពិនិត្យសំណុំរឿងនេះ ក៏ប៉ុន្ដែលោកបានចំណាយពេលប្រហែលពីរឆ្នាំមកហើយ ដើម្បីសិក្សាសំណុំរឿងនេះ។
ដីមានទំនាស់ទំហំជាង២.០០០ហិកតានេះស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលក្រុមហ៊ុនឧស្សាហកម្មស្ករសកោះកុង និងក្រុមហ៊ុនដៃគូរបស់ខ្លួនដែលពីមុនជាប់ពាក់ព័ន្ធនឹងលោក លី យ៉ុងផាត់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាមុនពេលលោកបានលក់ភាគហ៊ុនរបស់លោកនោះ បានទទួលជាដីសម្បទានសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៦។ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង២២០គ្រួសារ បានដាក់ពាក្យប្តឹងក្រុមហ៊ុននេះកាលពីខែកុម្ភៈឆ្នាំ២០០៧ ប៉ុន្ដែ ការពន្យារពេល និងការចរចារកដំណោះស្រាយមិនបានសម្រេចបានធ្វើឲ្យរាំងស្ទះដល់ការដោះស្រាយបញ្ហានេះ។
លោកអានហៃយ៉ា តំណាងអ្នកភូមិបានមានប្រសាសន៍ថា អ្នកភូមិចំនួន១៥នាក់ត្រូវបានគេឲ្យប្រាក់២.០០០ដុល្លារជាថ្នូរនឹងការដកពាក្យបណ្តឹងរបស់ពួកគាត់កាលពីខែមិថុនា និងខែកក្កដា។ លោក ហៃយ៉ា បានមានប្រសាសន៍បន្តថា “យើងយល់ថា ពួកគាត់ប្រហែលជាមានគេបំភិតបំភ័យ ឬខ្លាចមានបញ្ហាអ្វីមួយកើតឡើងចំពោះសមាជិកគ្រួសាររបស់ខ្លួនហើយ”។លោកបានបន្ថែមថា ទោះជាយ៉ាងណា លោកមានការសោកស្តាយណាស់ដែលសវនាការនេះត្រូវបានពន្យារពេលម្តងទៀត។
លោក ទូច ឆាយ មេធាវីរបស់ក្រុមហ៊ុនស្ករសកោះកុងបានបញ្ជាក់ថា លោកបានស្នើឲ្យតុលាការពន្យារពេល “ កាលពីសប្តាហ៍មុន” ដោយសារលោកមានការងារបន្ទាន់នៅក្រៅប្រទេស ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសំណងរបស់អ្នកភូមិនោះទេ។ លោក ហេង កេសារោ ប្រធានអង្គជំនុំជម្រះមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
បន្ទាប់ពីបានដឹងថា តុលាការពន្យារពេលសវនាការនេះ ប្រជាពលរដ្ឋជាង២០០នាក់បានតវ៉ានៅខាងក្រៅតុលាការ។អ្នកភូមិម្នាក់ឈ្មោះ យួស ឯម អាយុ៤៨ឆ្នាំដែលបានបាត់បង់ដីចម្ការស្វាយចន្ទីរបស់គាត់អស់៤,៥ហិកតាទៅលើក្រុមហ៊ុននេះបាននិយាយថា អ្នកស្រីបានធ្វើដំណើររយៈពេលមួយថ្ងៃកន្លះទើបមកដល់តុលាការនេះ។
អ្នកស្រីបានបន្ថែមថា”តុលាការមិនខ្វល់អំពីប្រជាពលរដ្ឋក្រីក្រដែលរងការឈឺចាប់ដោយសារការបាត់បង់ដីស្រែចម្ការរបស់ខ្លួនយ៉ាងណានោះទេហើយឥឡូវនេះយើងគ្មានជម្រើសអ្វីដើម្បីចិញ្ចឹមជីវិតទេ”។ ការពន្យាពេលនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីគណៈកម្មាការសិទ្ធិមនុស្សជាតិក្នុងប្រទេសថៃ(NHRC)ដែលជាស្ថាប័នរបស់រដ្ឋាភិបាលមានភារកិច្ចស៊ើបអង្កេតពីការរំលោភបំពានសិទ្ធិមនុស្សនោះ បានបង្ហាញលទ្ធផលបឋមថាក្រុមហ៊ុនឧស្សហកម្មស្កសរឃុនខែន (Khon Kaen Sugar Industry)របស់ថៃបាន “បំពាន”គោលការណ៍សិទ្ធិមនុស្ស។
ក្រុមហ៊ុនឧស្សហកម្មស្កសរឃុនខែនមានភាគហ៊ុនចំនួន៧០ភាគរយនៅក្នុងក្រុមហ៊ុនស្ករសកោះកុង។ លោកបណ្ឌិតនីរ៉ានពីតាវ៉ាត់ចារ៉ា ប្រធានគណៈកម្មាការសិទ្ធិមនុស្សជាតិក្នុងប្រទេសថៃបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា”យើងបានរកឃើញការបំពានសិទ្ធិរស់រានមានជីវិតនិងជាពិសេសសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋ។គណៈកម្មាការសិទ្ធិមនុស្សជាតិក្នុងប្រទេសថៃនេះក៏បានបង្ហាញពីការខកខានមិនបានគោរពសិទ្ធិទទួលបានការអភិវឌ្ឍរបស់ប្រជាពលរដ្ឋដែរ៕
ប្រែសម្រួលដោយឃិនណៃ