33 C
Phnom Penh

១០០​ថ្ងៃ ក្រោយ​ការ​ស្លាប់​​សកម្ម​ជន​ ​នៅ​តែ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​​បើកសវនាការនៅឡើយទេ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​ព័ត៌មាន​លម្អិត​អំពី​ការ​​​បាញ់​សម្លាប់​​លោកឈុតវុទ្ធីសកម្ម​ជន​​បរិស្ថានកាលពី​ថ្ងៃ​ទី​២៦​​ ខែ​មេសា នៅ​មិនទាន់​ច្បាស់​លាស់នោះសាច់​ញាតិ​ មិត្ត​ភក្ដិ និង​សហ​​ការី​ប្រមាណ​៥០០​នាក់បាន​ជួបជុំ​គ្នានៅ​ក្នុង​ខណ្ឌ​មាន​ជ័យរាជ​ធានីភ្នំពេញ​ដើម្បី​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​​គម្រប់​១០០​ថ្ងៃរបស់​លោក​ ឈុតវុទ្ធី​។

កូន​ប្រុសរបស់​លោក ឈុត វុទ្ធី ឈ្មោះចូវ ឧត្តម​រស្មី អាយុ​១៩​ឆ្នាំ បាន​លើក​ឡើង​អំឡុង​ពិធី​​បុណ្យ​នេះ​ថា បើ​ទោះ​ជា​សាលា​ដំបូង​ខេត្ត​កោះ​កុង បាន​សាក​សួរ​សាក្សីចុង​ក្រោយ​ក្នុង​ការ​បាញ់​ប្រ​ហារ​កាលពី​ខែ​មុន​នេះក៏ដោយ ក៏​ខ្លួន​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ណាមួយ​អំពី​រឿង​ក្ដី​នេះនៅ​ឡើយ​ទេហើយ​នឹង​បន្ដ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​។

ឧត្តម​រស្មី បាន​និយាយ​ថា “ ខ្ញុំ​ក្រៀម​ក្រំ​ណាស់​ ដែល​តុលាការ​មិន​បាន​ផ្ដល់​យុត្តិធម៌​ ឬ​ផ្ដល់​សេចក្ដី​លម្អិត​ណាមួយ​អំពី​ពេល​វេលា​ត្រូវ​កាត់​ទោស​នោះ។ខ្ញុំ​បាន​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​តុលាការផ្ដល់​ព័ត៌មាន​នេះ​ភ្លាម​ៗនិង​ផ្ដល់​យុត្តិធម៌​ឲ្យ​គ្រួសារ​របស់ខ្ញុំ”​។

នៅ​ថ្ងៃ​ស្លាប់​នោះ លោក​ វុទ្ធី ដែល​ជា​អតីត​នាយក​អង្គការ​ការពារ​ធន​ធាន​ធម្មជាតិ​ កំពុងតែ​ស្វែង​រក​ភស្ដុ​តាង​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តាម​ជួរ​ភ្នំ​ក្រវាញ នៅ​ក្នុង​ខេត្ត​កោះ​កុង ដែល​ពេល​​នោះ លោក​ប្រឈម​មុខ​គ្នា​ជាមួយ​នឹង​នគរ​បាល​ និង​សន្ដិ​សុខ​។

គណ​ៈ​កម្មាធិការ​ពិសេស​មួយ​ ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​រដ្ឋាភិបាល​ក្នុង​ការ​បាញ់​ប្រហារ​នេះ អះអាង​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​ឈ្មោះ អុិន រតនា បាន​បាញ់​សម្លាប់​លោកឈុតវុទ្ធីបន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​សម្ដី​ផ្ទាល់​ខ្លួន​ ហើយ​ថាឈ្មោះប៉ែនបូរ័ត្នដែល​ជា​សន្ដិ​សុខ​ម្នាក់​ប្រចាំ​ក្រុម​ហ៊ុន​កាប់​ឈើ​ក្នុង​ស្រុក​មួយ​បាន​​បាញ់​សម្លាប់​ អុិន​ រតនា ​នៅ​ពេល​​​ដណ្ដើម​កាំ​ភ្លើង​ពី​មន្ត្រី​រូប​​នេះ។

ឈ្មោះ បូរ័ត្ន តាំង​ពី​ពេល​នោះមក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​​​មនុស្ស​ដោយ​អចេតនាហើយ​ជន​នេះកំពុង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​​ រង់​ចាំ​ការ​កាត់​ទោស​។

សកម្មភាព​ចុង​ក្រោយ​របស់​តុលាការ​គឺ​នៅ​ថ្ងៃ​ទី​១៣​ ខែ​មិថុនាដែល​នៅ​ពេល​នោះ​​ខ្លួន​បាន​សម្ភាស​សាក្សី​ទី​ប្រាំពីរ​ និង​ជា​សាក្សី​ចុង​ក្រោយ​ ដែល​បាន​ឃើញទិដ្ឋភាពនៃ​ការ​បាញ់​ប្រហារ​​នោះ។ ទោះ​ជាយ៉ាង​នេះក្ដី អង្គការ​សិទ្ធិ​មនុស្ស​ជឿថា មាន​សាក្សី​ច្រើន​ទៀត​ ដែល​គួរ​តែ​សាកសួរ​ផង​ដែរ។

លោកនាង​ បូរា៉ទីណូអ្នក​សម្រប​សម្រួល​របស់​អង្គការ​អាដ​ហុក ​ប្រចំា​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា “យោង​តាម​ការ​ស៊ើប​អង្កេត​របស់​យើង​ បាន​ឲ្យ​ដឹង​ថា សាក្សី​ពីរ​ទៅ​បួន​រូប​មិន​ត្រូវ​បាន​កោះ​ហៅមក​សាកសួរ​ទេ ហើយ​ពេល​នេះ​ យើង​មិន​ដឹង​ថាតើ​ រឿង​​ក្ដី​នេះនឹង​ទៅ​ដល់​ដៃ​ចៅ​ក្រម​សាក​សួរ​ ឬ​ក៏អត់ទេ”។ លោក បូរា៉ទីណូ មា​ន​ប្រ​សាសន៍​បន្ថែម​​ទៀត​ថា “ ​យើង​​កំពុង​តែ​ស៊ើប​អង្កេត​រឿង​ក្ដី​នេះ​ដាច​់​ដោយ​ឡែក​ ហើយនឹង​ជំរុញ​ឲ្យ​មន្ត្រី​តុលាការ​បន្ដ​ចាត់​ការ​ក្ដី​នេះ​ថែម​ទៀត​”។ ក្រុម​មន្ត្រី​​សាលា​ដំបូង​បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ឬ​មិន​អាច​ទាក់ទង​​បានឡើយ​។

អ្នក​​​ស៊ើប​​​អង្កេត​​​ជា​​​ច្រើន​​​ ​​​បា​ន​លើកឡើង​​​ថា​​​ ខ្លួន​​​​មាន​​​ការ​​​ព្រួយបារម្ភ​​​ចំពោះ​​​ការ​​​ស្លាប់​​នេះថា អាច​​​ក្លាយ​​​ជា​​​ឧក្រិដ្ឋកម្ម​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​បាន នៅក្នុង​ចំណោម​ឧក្រិ​ដ្ឋ​កម្មមុនៗ ​​ដោយ​​​ដៅ​​​មកលើ​​​អ្នក​​​រិៈគន់​​​រដ្ឋា​ភិបាល ​​​ចំណែក​​​ឯ​​​អ្នក​​​ស៊ើប​​​អង្កេត​​​ផ្សេង​​​ទៀត​​​មាន​​​ការ​​​ងឿង​​​ឆ្ងល់​​​ថា តើ​​​អាច​​​ប៉ះ​​​ពាល់​​​ធ្ងន់ធ្ងរ​​​ដល់​ការ​​​ងារ​​​របស់អង្គការ​​​ក្រៅ​​​រដ្ឋា​ភិបាល​​​ដទៃ​ទៀត​​​ដែរ ឬយ៉ាង​​​ណា៕

   ប្រែ​សម្រួល​ដោយចេវ ​ប៊ុននី                  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស