26 C
Phnom Penh

កសិករកម្ពុជា​ចាប់​ផ្ដើម​នាំ​គ្នា​​​​ ដាំ​ដំណាំ​កសិកម្ម​សរីរាង្គវិញ​ដោយ​សារ​ការ​បារម្ភ​ពី​សុខ​ភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​សំរោង,​ ខេត្ត​តាកែវ​-​កសិករ​ ហាក់​ សឿន​ និង​ក្រុម​គ្រួសារបាន​ធ្វើ​ស្រែ​នៅ​លើ​ផ្ទៃ​ដី​តូច​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​សំរោង ​ជា​ច្រើន​ជំនាន់​កន្លង​មក​ហើយ។​ ក៏​ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០០៧​ កសិករ​ ហាក់​ សឿន ​បាន​ចាប់​ផ្តើម​​​​ផ្លាស់​ប្តូរ​របៀប​ធ្វើ​កសិកម្ម​របស់​ខ្លួន។

កសិករ​ ហាក់​ សឿន​ ​និយាយ​នៅ​ពេល​គាត់​កំពុង​តែ​ដើរ​កាត់​ចម្ការ​ចេក​ និង​ស្វាយ​តូច​មួយ​ដូច្នេះ​ថា​ “​ ខ្ញុំ​មិន​ចង់​ប្រើ​ប្រាស់​ថ្នាំ​គីមី​ទេ​ ពី​ព្រោះ​វា​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​របស់​ខ្ញុំ​ ព្រម​ទាំង​សុខ​ភាព​របស់​អ្នក​ភូមិ​ថែម​ទៀត​ផង ​”។

លោក​ ហាក់​ សឿន​ ស្ថិតនៅក្នុង​ចំណោម​ក្រុម​កសិករមួយ​ចំនួន​តូច​ ក៏​ប៉ុន្តែ​ ជា​ចំនួន​ក្រុម​កសិករ​ដែល​កំពុង​តែ​​កើន​ឡើង​នៅ​ក្នុង​ចំណោម​ប្រជា​កសិករ​កម្ពុជា​ ដែល​កំពុង​តែ​ប្តូរ​ទៅ​ធ្វើ​កសិកម្ម​សរីរាង្គ​វិញ​ ដោយ​សារ​តែមាន​បញ្ហា​ប្រឈម​ខាង​ផ្នែក​សុខ​ភាព​ជា​ច្រើន​ ដែលបណ្តាលមកពី​ការ​ប្រើ​ប្រាស់​ថ្នាំ​កម្ចាត់​​​សត្វ​ល្អិត​​​​។​ កសិករ​រូប​នេះ ​ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រជា​កសិករ​ ដែល​មាន​បំណង​ឈប់​ដាំ​បន្លែ​ដោយ​ប្រើ​ថ្នាំ​គី​មី​ ហើយ​ងាក​មកដាំ​បន្លែ​សរីរាង្គ​វិញ​ម្តង​ ដើម្បី​លក់​ឲ្យ​អតិថិជន​ ដែល​សុខ​ចិត្ត​ចំណាយ​ប្រាក់​ច្រើន​បន្តិច​ទៅ​លើ​បន្លែ​សរីរាង្គ។

កសិករ​ ហាក់​ សឿន​ ដែល​មាន​អាយុ​៤២​ឆ្នាំ​ ឲ្យ​ដឹង​ដូច្នេះ​ថា​ “​ ខ្ញុំ​មិន​ដែល​ធ្វើ​ស្រែ​បាន​ផល​គ្រប់​គ្រាន់​ ដើម្បី​លក់​នោះ​ទេ​ សូម្បី​តែ​សម្រាប់​ហូប​នៅ​ក្នុង​គ្រួសារ​ក៏​មិន​គ្រប់​ផង”​ ។​ កសិករ​រូប​នេះ​បាន​ចូល​រួម​ជា​មួយ​គម្រោង​​កសិកម្ម​សរីរាង្គ​ ដែល​អនុវត្ត​ដោយ​អង្គការ​ សេដាក​ (CEDAC)​ នៅ​ក្នុង​ឆ្នាំ​២០០៧ ​ ហើយ​បច្ចុប្បន្ន​ គាត់​ដាំ​បន្លែ​មួយ​ចំនួន​ដូចជា​ ស្ពៃ​​​អេ​​​ពីណារ​ និង​ត្រប់​វែង​ជា​ដើម។

គាត់​បាន​បន្ថែម​ទៀត​ថា​ “​ ឥឡូវ​នេះ​ខ្ញុំ​ដាំ​បន្លែ​សរីរាង្គ​ពេញ​មួយ​ឆ្នាំ​តែ​ម្តង​ ហើយ​ខ្ញុំ​មាន​​​​ចិញ្ចឹម​ជ្រូកគោនិង​មាន់​ទៀត​ផង​ គ្រួសារ​របស់​ខ្ញុំ​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​”។

លោក​ ហាក់​ សឿន​ គឺ​ជា​កសិករ​មួយ​រូប​ក្នុង​ចំណោម​កសិករ​ខ្នាត​តូច​ចំនួន​២០​នាក់​ទៀត​ នៅ​ក្នុង​ភូមិ​ដែល​កំពុង​តែ​ធ្វើ​កសិកម្ម​បែប​សរីរាង្គ​ សម្រាប់​បរិភោគ​នៅ​ក្នុង​គ្រួសារ​ និង​សម្រាប់​លក់​នៅ​ទី​ផ្សារជិតភូមិព្រម​ទាំង​នៅ​ឯ​ភ្នំ​ពេញ​ទៀត​ផង។​ អង្គការ​ សេដាក​ ក៏​បាន​បង្កើត​សហគមន៍​កសិករ​បែប​នេះ ​ជា​ច្រើនទៀត​ នៅ​ក្នុង​ខេត្ត​កំពត​ កំពង់​ស្ពឺ​ និង​ខេត្ត​ព្រៃ​វែង ​ផង​ដែរ។​ ទោះ​បី​ជា​ក្រុមកសិករ​​​ដែល​បាន​ចូល​រួម​ជា​មួយ​គម្រោង​កសិ​កម្ម​សរីរាង្គ​នៅ​តែ​​​​មាន​ចំនួន​តិច ​គឺ​មាន​កសិករ​ត្រឹម​តែ​ប្រមាណ​៧០នាក់​ក៏​ដោយ​ ក៏​អង្គការ​សេដាក ​ មាន​ផែន​ការ​ពង្រីក​ក្រុម​កសិករ​ដាំ​បន្លែ​សរីរាង្គ​ឲ្យ​បាន​ចំនួន​១.០០០​នាក់។

ការ​ធ្វើ​កសិកម្ម​សរីរាង្គ​ផ្តល់​ប្រយោជន៍​ទ្វេ​ដង​ គឺ​ផលិត​ផល​សរីរាង្គ​អាច​លក់​បាន​តម្លៃ​ខ្ពស់​ ហើយ​ការ​មិន​ប្រើ​ប្រាស់​ថ្នាំ​កម្ចាត់សត្វ​ល្អិត​កាត់​បន្ថយ​ការ​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់​ដោយសារ​ថ្នាំ​ពុល។ យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ ដែល​ត្រូវ​បាន​ចេញ​​​​​ផ្សាយ​ឲ្យ​ដឹង​កាល​ពី​ឆ្នាំ​មុន​ ដោយ​ ទិន្នា​នុប្បវត្ត​វិស​សាស្រ្ត​ កម្ពុជា​(Journal of Toxicology Cambodian)​ បាន​ឲ្យ​ដឹង​ថា​ កសិករ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តែង​តែ​ប្រ​​​ឈម

មុខ​នឹង​គ្រោះ​ថ្នាក់​ ដែល​បណ្តាល​មក​ពី​ការ​ប្រើ​​​​ប្រាស់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ ហើយ​រោគ​សញ្ញា​​​​​ពុលថ្នាំ​ធ្ងន់​ធ្ងរភាគច្រើនដោយសារ​តែ​កង្វះ​ការ​ការ​ពារ។ក្នុង​ចំណោម​កសិករ​ដាំ​ស្ពៃ​អេពីណារ​ចំនួន​៨៩​នាក់​ ដែល​ត្រូវ​បាន​ធ្វើសម្ភាស​ មាន​កសិករ​ដល់​ទៅ​ចំនួន​៨៨​ភាគ​រយ​ធ្លាប់​ជួយ​​​ប្រទះ​នឹង​រោគ​សញ្ញា​ពុល​ថ្នាំ​ធ្ងន់​ធ្ងរ​ ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ថ្នាំ​ដូចជា​ ព្រិល​ភ្នែក​ កន្ត្រាក់​សាច់​ដុំ​ ឈឺ​​​ក្នុង​ទ្រូង​ និង​ឆាប់​ហត់​ជា​ដើម​ ។

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ កសិករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគ​ច្រើន​មិន​ពាក់​ស្រោម​ដៃ​ និង​ម៉ាស់​ការ​ពារ​ទេ​នៅ​ពេល​ពួក​គាត់​ប្រើ​ប្រាស់​ថ្នាំ​ពុល​នោះ។​ ក្រុម​អ្នក​ជំនាញ​បាន​បន្ថែម​ថា​ ថ្នាំ​កំចាត់​សត្វ​ល្អិត​ជា​ច្រើន​ប្រភេទ​ ដែល​កសិករ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ហើយ​ថ្នាំ​ពុល​ទាំង​នោះ​ត្រូវ​បាន​នាំ​ចូល​​​​​ពី​ប្រទេស​មួយ​ចំនួន​ ដូចជា​ ប្រទេស​វៀត​ណាម​ និង​​​​​ចិន​ជាដើមដោយ​មានការ​ណែនាំ​ពី​របៀប​ប្រើ​ប្រាស់​សរសេរជា​​​ភាសា​បរទេស​ ដែល​កសិករ​មិន​អាច​យល់​បាន។

លោក​ គ្រីស្ទៀន​ ហ្វីង​ ទី​ប្រឹក្សា​ខាង​ការ​​​​​ធ្វើ​កសិកម្ម​សរីរាង្គ​នៅ​ឯ​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (GIZ)​ បាន​មាន​ប្រសាសន៍​ថា“​ បន្លែ​ទាំង​ឡាយ​ ដែល​ដាំ​ដុះ​ដោយ​ប្រើ​ប្រាស់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ អាច​ធ្វើ​ឲ្យ​ពុល​បាន​ ហើយ​ប្រសិន​បើ​ប្រើប្រាស់​ថ្នាំ​ក្នុង​បរិមាណ​ច្រើន​ពេក​ វា​អាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។​ ប្រសិន​បើ​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​បរិមាណ​តិច​វិញ​ អ្នក​មិន​អាច​ដឹង​ពី​ផល​អាក្រក់​របស់​វាភ្លាមៗ​នោះ​ទេ​ ក៏​ប៉ុន្តែ​វា​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​អ្នក​ បន្ទាប់​ពី​អ្នក​ប្រើ​ប្រាស់​វា​រយៈ​ពេល​យូរ។​ នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ក្រោយ​ អ្នកនឹង​ឃើញ​​​​​ផល​ប៉ះ​ពាល់​របស់​វា​មក​លើ​សុខ​ភាព​របស់​អ្នក​ជា​មិន​ខាន”។

ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ ដើម្បី​បង្កើន​ទី​ផ្សារ​បន្លែ​សរី​រាង្គ​ ប្រជា​កសិករ​ត្រូវ​តែ​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ល្អៗ​ ព្រម​ទាំង​មាន​លទ្ធ​ភាព​​ស្វែង​រក​ប្រាក់​កម្ចី​ពី​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​បាន។ លោក​ ហ្វីង​ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​ “​ ប្រសិន​បើ​ប្រជា​កសិករ​ចង់​ដាំ​បន្លែ​ដែល​មាន​គុណ​ភាព​ខ្ពស់​ ហើយ​អាច​យក​ទៅ​លក់​នៅ​ទី​ក្រុង​បាន​ ក៏​ប៉ុន្តែ​បែរជា​ខ្វះ​ការ​រៀប​ចំ​ឲ្យ​បាន​សម​ស្រប​នានា​បន្ទាប់​ពី​ការ​ប្រមូល​ផល​នោះ ​ពួក​គាត់​មុខ​ជា​ទទួល​រង​គ្រោះ​ច្រើន​ជា​មិន​ខាន។​ បរិមាណ​ផលិត​នឹង​ធ្លាក់​ចុះ​”។

ហេតុ​ផល​មួយ​ផ្នែក​ទៀត​ ដែល​ធ្វើ​ឲ្យ​បរិមាណ​ផលិត​ធ្លាក់​ចុះ​មក​ដល់​កម្រិត​យ៉ាង​ទាប​ ដោយសារ​តែ​កសិករ​ភាគ​ច្រើន​ខ្វះ​ដើម​ទុន ដើម្បី​រៀប​ចំ​ការ​ធ្វើ​កសិកម្ម​របស់​គាត់​ឲ្យបាន​កាន់​តែ​ប្រសើរ។​ ជាឧទាហរណ៍​ កសិករ​ ហាក់​ សឿន​ ត្រូវ​ចំណាយ​ប្រាក់​ចំនួន​២៥០​ដុល្លារ​ ដើម្បី​ទិញ​សំណាញ់​ពិសេស​ សម្រាប់​ការ​ពារ​បន្លែ​របស់​គាត់​មិន​ឲ្យ​សត្វ​ល្អិត​ស៊ី ​ហើយ​ថវិកា​ទាំងនេះ​គាត់​អាច​រក​ខ្ចី​បាន​ពី​សហករណ៍​កសិកម្ម​នៅ​ក្នុង​ភូមិ​ ដែល​អង្គការ​ សេដាក​ បាន​បង្កើត​​​​​​​ឡើងនៅក្នុងភូមិរបស់គាត់។

លោក​ ហុីម​ ខទៀត​ ​​​មន្ត្រី​ទំនាក់​ទំនង​​​​អង្គការ ​សេដាក​ បាន​ឲ្យ​ដឹង​ថា​ ការ​លំបាក​ក្នុង​ការ​រក​ប្រាក់​កម្ចី​ ធ្វើ​ឲ្យ​អង្គការ​ សេដាក​បង្កើត​​​វិធី​​​សាស្ត្រ​ផ្ទាល់​ខ្លួន​ ដើម្បី​ឲ្យ​ប្រជា​កសិករ​អាច​ទទួល​បានប្រាក់​កម្ចី។លោក​បាន​លើក​ឡើង​ដូច្នេះ​ថា​ “យើង​ជួយ​​កសិករកុំ​ឲ្យ​ពឹង​ផ្អែក​លើ​ស្ថាប័ន​ខាង​ក្រៅ។

​ដើម្បី​ធ្វើ​ដូច្នេះ​បាន ​យើងត្រូវ​បណ្តុះ​បណ្តាល​ និង​ជួយ​កសិករឲ្យ​​​​បង្កើតក្រុម​សន្សំ​ ហើយ​បច្ចុប្បន្ន​នេះ​យើង​មាន​ក្រុម​សន្សំ​ប្រាក់​នៅ​ទូ​ទាំង​ប្រទេស​”។ កសិករ​ ហាក់​ សឿន​ បាន​និយាយ​ថា​ ឥឡូវនេះ​កសិករ​អាច​វិនិយោគ​បាន​ហើយ​ ហើយ​ការ​ចំណាយ​របស់​គាត់​មាន​ចំនួន​ទាប​ជាង​មុន​ នៅ​ពេល​គាត់​ដាំ​ដុះ​ ដោយ​មិន​ប្រើ​ប្រាស់​ថ្នាំ​សំលាប់​សត្វ​ល្អិត។ គាត់​បាន​បន្ថែម​ដូច្នេះ​ថា​ “ឥឡូវ​នេះ​វា​ងាយ​ស្រួល​ណាស់។​ ខ្ញុំ​មិន​ចាំ​បាច់​ចំណាយ​លុយ​ លើ​ជី​ ឬ​ថ្នាំ​គី​មី​ទៀត​ទេ”។ នៅ​ឯ​ខេត្ត​កំពុង​ស្ពឺ​ឯណោះ​វិញ​ ដែល​មាន​ចម្ងាយ​ផ្លូវ​បើក​រថយន្ត​តែ​មួយ​ម៉ាង​ដល់​ លោក​ នាគ​ ថារ៉ែន​ ម្ចាស់​ផ្សារ​លក់​បន្លែ​សរីរាង្គ​ ណេឆឺរ៉ល​ ហ្គាឌិន​ អហ្គានិក​ សប់​ (Natural Garden Organic Shop)​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣​ កំពុង​តែ​បង្រៀន​ក្រុម​កសិករ​ឲ្យ​ដាំ​ដុះ​បន្លែ​សរីរាង្គ។​ ជា​រៀង​រាល់​ខែ​កសិករ​ទាំង​នោះ​ ដាំ​បន្លែ​សរីរាង្គ​យក​ស្លឹក​បាន​ប្រមាណ​៤​តោន​ សម្រាប់​លក់​នៅ​ផ្សារ​ ឯណេឆឺរ៉ល​ ហ្គាឌិន​ អហ្គានិក​ សប់​ ព្រម​ទាំង​លក់​ទៅ​ឲ្យ​សណ្ឋាគារ​នានានៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។

ក៏ប៉ុន្តែ​ការ​បង្កើត​ផ្សារ​លក់​បន្លែ​សរីរាង្គ​ ដែល​មាន​លក្ខណៈ​ដូច​ពេល​នេះ​ មិន​មែន​ងាយ​ស្រួល​នោះ​ទេ។ លោក​ ថារ៉ែន​ បាន​ឲ្យ​ដឹង​ថា​ “ ​ដំណាំ​សរីរាង្គ​មិន​មែន​ងាយ​ស្រួល​ដាំដុះ​នោះ​ទេ។​ អ្នក​ត្រូវ​តែ​គ្រប់់​គ្រង​អ្វីៗ​ទាំង​អស់​ ដែល​យើង​ហៅ​ថា​ការ​គ្រប់​គ្រងទូលំទូលាយ។​ យើយ​ត្រូវ​តែ​គ្រប់​ គ្រង​ទឹក​ ដី​ ជីធ្មជាតិ​ ការ​ការ​ពារ​ពី​សត្វ​ល្អិត​ កិច្ច ការ​បន្ទាប់​ពី​ការ​ប្រមូល​ផល​ គឺ​ថា​រាល់​អ្វីៗ​ទាំង​អស់​តែ​ម្តង ​”។

សព្វ​ថ្ងៃ​នេះ​ក្រសួង​កសិកម្ម​រក្ខា​ប្រម៉ាញ់​ និង​នេសាទ​ មិន​ទាន់​បាន​ព្រៀង​បទបញ្ញត្តិ​សម្រាប់​គ្រប់​គ្រង​ទីផ្សារ​លក់​ផលិត​ផល​សរីរាង្គ​នៅ​ឡើយ​ទេ។​ ហើយ​ការ​បង្កើត​បទ​បញ្ញត្តិ​នេះ​ នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ។​​​

លោក​ ហូ​ ពុទ្ធា​ ប្រធាន​នាយក​ដ្ឋាន​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រម៉ាញ់​ និង​នេសាទ​ បាន​មាន​ប្រសាសន៍​ថា​ “យើង​ត្រូវ​តែ​បង្កើត​វា​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ យើង​កំពុង​ត្រូវ​ការ​ព័ត៌​មាន​ ហើយ​យើង​ទុក​ពេល​ឲ្យ​ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ។​ បន្ទាប់​មក​ យើង​អាច​អង្គុយ​ចុះ​ ហើយ​ពិភាក្សា​អំពី​ការ​រក​ឃើញ​របស់​ពួក​គេ​ជា​មួយ​គ្នា”។

សម្រាប់​ លោក​ ហ្វីង​ នៅ​ឯ​អង្គការ​ GIZ​ វិញ​ ជំហាន​យឺត​យ៉ាវ​របស់​រដ្ឋា​ភិបាល​ ក្នុង​ការ​បង្កើត​បទ​បញ្ញត្តិ​សម្រាប់​ទី​ផ្សារ​លក់​ផលិត​កសិកម្ម​សរី​រាង្គ​ កំពុង​តែ​មាន​បញ្ហា។

លោក​បាន​លើក​ឡើង​ដូច្នេះ​ថា​ “​ ខ្ញុំ​គិត​ថា​ វា​គឺ​ជា​ជំហាន​ដ៏​ចាំ​បាច់​មួយ​ [ក្នុង​ការ​​អនុវត្ត​តាម​សេចក្តី​ណែ​នាំ]​ ដើម្បី​ធានា​ចំពោះ​អតិថិ​ជន​ថា​ ផលិត​ផល​ ដែល​ពួក​គាត់​កំពុង​ទិញ​ ពិត​ជា​ផលិត​ផល​សរីរាង្គ​មែន។​ មនុស្ស​គ្រប់​រូប​អាច​អះ​អាង​ថា​ ផលិត​ផល​សរី​រាង្គ​ ឬ​ធម្មជាតិ​ ក៏​ប៉ុន្តែ​វា​គឺ​ជា​ពាក្យ​មួយ​ ដែល​គ្មាន​ការ​ការ​ពារ​នៅ​ក្នុង​ប្រទេស​កម្ពុជា”ដោយ​លោក​​បន្ថែម​ទៀត​ថា​ អង្គការ​ សេដាក​ បាន​អនុវត្ត​តាម​បទ​​​

ដ្ឋាន​ផលិត​ផល​សរីរាង្គ​ន​របស់​ខ្លួន៕​​

ប្រែសម្រួលដោយកុកទៀន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស