យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មួយថ្ងៃបន្ទាប់ពីការឆ្លើយតបជាសាធារណៈ ចំពោះការលើកឡើងរបស់មន្ត្រីហ្វីលីពីន អំពីបរាជ័យនៅក្នុងកិច្ចប្រជុំអាស៊ានកាលពីខែមុន ក្រសួងការបរទេសរបស់ហ្វីលីពីនបានបន្ទោសឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្នុងប្រទេសនេះ។
លោករ៉ាអ៊ូលហឺណានដេស (Raul Hernandez) អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន ត្រូវបានកាសែតហ្វីលីពីនស្ដារ (Philippine Star) ដកស្រង់សម្ដីថា “ យើងនឹងដាក់កំណត់ទូតមួយ បង្ហាញពីការតវ៉ារបស់យើង។យើងនឹងកោះហៅឯកអគ្គរាជទូតកម្ពុជា ដើម្បីឲ្យលោកពន្យល់ថាតើលោកចង់មានន័យយ៉ាងដូចម្ដេច នៅពេលលោកបានលើកឡើងថាជំហរដែលមិនអាចចរចា និងបត់បែនបាន របស់ប្រទេសសមាជិកអាស៊ានទាំងពីរនេះគឺជានយោបាយដ៏កខ្វក់នោះ”។
យោងតាមរបាយការណ៍នៅក្នុងកាសែតហ្វីលីពីន ដេលី អុីនខ្វាយអឺ (Philippinne Daily Inquirer) និងកាសែត ជីអេមអេ ញូស៍ (GMA News) លោក ហឺណានដេស លើកឡើងថា លិខិតត្រូវបានប្រគល់ទៅដល់ដៃលេខាទី២បន្ទាប់ពីលោកឯកអគ្គរាជទូត ដែលបានអះអាងថាលោកមាន “ ជំងឺ”។
មន្ត្រីការទូតកម្ពុជាបានការពារខ្លួនយ៉ាងខ្លាំងក្លា កាលពីបីសប្ដាហ៍កន្លងទៅនេះ នៅពេលប្រទេសកម្ពុជាទទួលរងការរិះគន់ជាច្រើន ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីខែមុន ។នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងហើយ ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក នៃប្រវត្តិរបស់កិច្ចប្រជុំអាស៊ាន ដែលមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបាន នៅពេលបិទកិច្ចប្រជុំហើយប្រទេសកម្ពុជាបានទទួលរងការរិះគន់ជាច្រើនថា ធ្វើតាម និងកំពុងស្ថិតក្រោមសម្ពាធរបស់ប្រទេសចិន ឲ្យចាត់ទុកបញ្ហាក្នុងដែនសមុទ្រចិនខាងត្បូងជាជម្លោះទ្វេភាគី ហើយមិនគួរដាក់ក្នុងសេចក្ដីថ្លែងការណ៍នោះទេ។ ប្រទេសកម្ពុជាព្យាយាមការពារខ្លួនប្រឆាំងទៅនឹងការរិះគន់ទាំងនេះ ដែលតែងតែសរសេរលិខិតផ្ញើទៅកាន់និពន្ធនាយកកាសែតនៅក្នុងប្រទេសហ្វីលីពីន ប្រទេសថៃនិងនៅក្នុងប្រទេសកម្ពុជា។
ការចាប់កំហុសរបស់ការទូតហ្វីលីពីន បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកាសែតហ្វីលីពីនស្ដារ ចុះផ្សាយលិខិតរបស់លោក ហូស សិរីធញ្ញ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសហ្វីលីពីន ដោយបានរិះគន់ចំពោះការអះអាងរបស់មន្ត្រីការបរទេសហ្វីលីពីន ដែលចោទប្រកាន់ថាបរាជ័យក្នុងកិច្ចប្រជុំអាស៊ាន គឺជាកំហុសរបស់ប្រទេសកម្ពុជា។ ក្នុងលិខិតនោះ លោក សិរីធញ្ញ បានរិះគន់ប្រទេសហ្វីលីពីននិងប្រទេសវៀតណាមថា បានព្យាយាមយកសេចក្ដីថ្លែងការណ៍រួម ធ្វើជាចំណាប់ខ្មាំង តាមរយៈការទាមទារឲ្យដាក់បញ្ចូលបញ្ហាទ្វេភាគី ដែលស្ថិតនៅក្រៅសមត្ថកិច្ចរបស់អាស៊ាននេះ។ ប្រទេសហ្វីលីពីន មិនអាចបញ្ចុះបញ្ចូលប្រទេសដទៃឲ្យជឿលើការអះអាងរបស់ខ្លួននោះទេ។
កាសែតបានដកស្រង់សម្តីរបស់លោក ហឺណានដេស ថា “ យើងមានបំណងចង់បង្ហាញឲ្យឯកអគ្គរាជទូតកម្ពុជាដឹងថាហេតុ អ្វីបានជាប្រធានអាស៊ានគិតតែប្រយោជន៍របស់ប្រទេសដែលមិនមែនជាសមាជិកទៅវិញ ដោយមិនគិតពីប្រយោជន៍ប្រទេសជាសមាជិកអាស៊ាន ដូចជាប្រទេសហ្វីលីពីននិងប្រទេសវៀតណាម។
ការព្យាយាមសុំអត្ថាធិប្បាយជាច្រើនដងពីក្រសួងការបរទេសមិនទទួលបានការឆ្លើយតបនោះទេ។ មន្ត្រីមួយរូប ធ្វើការក្នុងស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីនដែលបដិសេធមិនបញ្ចេញឈ្មោះលើកឡើងថា លោកមិនបានដឹងអំពីបញ្ហានេះទេ ហើយលោកបដិសេធមិនឆ្លើយសំណួរបន្ដទៀតដែរ។
លោកឡៅម៉ុងហៃអ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា “ ខ្ញុំគិតថា ភាពជូរចត់នេះនៅតែមាន និងកាន់តែលំបាកដោយសារតែការប្រើប្រាស់ពាក្យសម្ដីក្នុងសេចក្ដីថ្លែងការណ៍ពីភាគីកម្ពុជា។ ហើយយើងកំពុង តែបង្កើតឲ្យមានសត្រូវថ្មីមួយទៀត ហើយយើងមិនអាចដោះស្រាយបានទេ”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង