29 C
Phnom Penh

សាក្សី​ ៖ ​ ហោ ណាំហុង​ ទទួលខុសត្រូវមណ្ឌល​កែប្រែបឹង​ត្របែក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​មេធាវី​របស់នួនជាព្យាយាម​ឲ្យ​និយាយម្ដង​ហើយ​ម្ដង​ទៀត​អំពី​តួនាទី​មួយ​ចំនួន​ របស់​មន្ដ្រី​ជាន់​ខ្ពស់របស់​រដ្ឋាភិបាល​​សព្វ​ថ្ងៃអំពី​តួនាទី​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ពេល​នោះ សាក្សី​​ម្នាក់​បាន​ប្រាប់​សាលាក្ដី​ កាលពី​​​ម្សិល​មិញ​ថាលោក​ ហោណាំហុងរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ “ទទួល​ខុស​ត្រូវ” មណ្ឌល​កែប្រែ​បឹង​ត្របែក​ របស់របប​ ប៉ុលពត។

ប្រធាន​បទ​និយាយអំពីជីវិត​របស់​លោកហោណាំហុង​ ចាប់​តាំង​ពី​លោក​បាន​ត្រឡប់​ពី​ប្រទេស​បារាំង​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​ឆ្នាំ​១៩៧៥ ត្រូវបាន​លើកឡើង​ជា​ច្រើន​លើក​ច្រើន​សា អំឡុង​ពេល​​សួរ​ដេញ​ដោលសាក្សី​មួយ​ចំនួន​ នៅ​ជំហាន​ដំបូង​នៃ​ការបើកសវនាការសំណុំ​រឿង​០០២ ប៉ុន្ដែមិន​មាន​នរណាម្នាក់ អាចដឹងដូច​លោក​ រ៉ូចឺមតុនទេដែលបានឡើង​តំណែង​ពី​និរសារទៅ​ ជា​ប្រធាន​រដ្ឋបាលរបស់​ការិយាល័យ ប-១នៅក្នុងក្រសួង​ការបរទេសនោះទេ។

មេធាវី​របស់​ នួនជា​ ចង់​លើក​ឡើង​អំពី​តួនាទី​របស់​លោក​ ហោណាំហុងនិង​លោក​ គាតឈន់រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ​ ដែល​​ពួក​គាត់​ទាំង​ពីររូប ​មិន​អនុវត្តការ​កោះ​ហៅ​ កាល​ពី​ឆ្នាំ​២០០៩​ របស់សហចៅ​ក្រម​ស៊ើប​អង្កេត​ ដើម្បី​ឲ្យធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​នេះ។ លោកអិនឌ្រូអៀណូ​ហ្សុី (Andrew Ianuzzi) មេធាវីរបស់នួនជាបាន​​ចំណាយ​ពេល​វេលា​ ក្នុងសវនាការ ​កាលពី​​ម្សិលមិញដើម្បី​ពិនិត្យ​មើលរឿងនេះ​ឡើង​វិញ​។

លោកហោណាំហុងនិង​បញ្ញវ័ន្ដ​រាប់​រយ​នាក់​ទៀត ព្រមទាំងអ្នកការ​ទូត​មួយ​ចំនួន​ ដែល​បាន​ទៅ​ធ្វើ​ការ​ និង​សិក្សា​នៅ​ឯ​បរទេស​ បានវិល​​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​តាមការអំពាវនាវរបស់ពួកខ្មែរ​ក្រហម ​ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាតិ​ឡើងវិញ។ជា​លទ្ធផល​ ពួក​គេ​ភាគ​ច្រើន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួនក្នុង​មណ្ឌលកែប្រែ​បឹង​ត្របែក​ ឬក៏​ត្រូវ​បាន​គេសម្លាប់​ចោល។លោកហោណាំហុងបាន​ទទូច​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោកនិង​ក្រុម​គ្រួសារ​របស់​លោក​ គឺ​ជា​អ្នក​ទោស​ធម្មតា​នៅក្នុងមណ្ឌល​កែប្រែ ហើយបាន​​បដិសេធ​ចំពោះការចោទប្រកាន់ថា លោក​មាន​តួនាទី​ជា​មេដឹក​នាំ​មួយ​រូប​នៅ​ទី​នោះ​។

លោកអៀណូហ្សុីបាន​សួរ​លោករ៉ូចឺមតុន ថា “ កាល​ពី​ព្រឹក​ [ថ្ងៃច័ន្ទ] លោក​ បាន​លើក​ឡើងថាលោកហោណាំហុង ​មាន​ជាប់​ពាក់ព័ន្ធ​នៅ​មណ្ឌល​កែប្រែ​បឹង​ត្របែក​។ ឥឡូវ​ប្រសិន​បើ​ខ្ញុំ​មិន​ច្រឡំ​ទេ​គឺលោកបាន​ចង្អុល​បង្ហាញ​ថាលោក​​ហោណាំហុងបាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​បារាំង​ បន្ទាប់​មក​បាន​វិល​ត្រឡប់​មក​វិញ​ ដើម្បី​កាន់​តំណែង​ជាន់​ខ្ពស់​មួយ​នៅ​ក្នុងប្រទេស​។តើ​នេះ​ជាការ​ត្រឹម​ត្រូវ​ដែរ​ឬទេ?”។

សាក្សី​បាន​លើក​​ឡើង​ថា “ ​បាទ​ត្រឹម​ត្រូវ​ហើយ”។ សាក្សី​នេះ​បាន​បន្ថែម​ថា លោក​ ហោណាំហុង​ បាន​ធ្វើ​ការ​នៅ​ការិយា​ល័យ​ប-១ ក្នុង​រយៈ​ពេល​ខ្លី​ កាល​ពី​ចុង​ឆ្នាំ​១៩៧៨។ លោកអៀណូហ្សុីបន្ទាប់​មក​បាន​សួរ​ថាតើ​លោក​ ហោណាំហុងមាន​បាន​ធ្វើ​ប្រធាន​ឬក៏​អនុប្រធាន​របស់មណ្ឌល​កែប្រែ​បឹង​ត្របែក​ដែរ​ឬទេ​។ លោក​ រ៉ូចឺមតុនបាន​លើក​ឡើង​ថា “ នៅ​ពេល​ក្រសួង​បាន​ទៅ​ទទួល​លោក​ នៅ​ពេល​នោះ​លោក​ពិត​ជា​មាន​ការទទួល​ខុស​ត្រូវ​នៅក្នុង​មណ្ឌល​កែប្រែ​បឹង​ត្របែក​”។

លោកអៀណូហ្សុីត្រូវ​លោក​ និលណុនប្រធានក្រុម​ប្រឹក្សាជំនុំជម្រះ​ ឈប់​ឲ្យ​និយាយ​​បន្ដ​ទៀត​ ហើយ​ក៏មាន​ការជំទាស់​ពីការិយា​ល័យ​អយ្យ​ការ​ផងដែរ​​ នៅ​ពេល​លោក​​សួរ​សាក្សី​ថាតើ​លោក​ ហោណាំហុងមាន​ដែល​បង្ហាញ​ខ្លួន​ចំពោះមុខតុលាការដែរ​ទេព​ីព្រោះ​​​រឿង​នេះ​​ធ្វើឲ្យរដ្ឋាភិបាល​​ព្រួយ​បារម្ភ​​​។

បទ​ពិសោធរបស់​លោក​ ហោណាំហុងនៅក្នុង​របបខ្មែរ​ក្រហម​ គឺ​ជា​ប្រធាន​បទ​មួយ​ដ៏​រសើប​។លោក​ធ្លាប់បាន​ប្ដឹង​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​ គឺ​លោក​ សមរង្ស៊ី​ ពី​បទ​បរិហារ​កេរ្ដិ៍​ កាល​ពី​ឆ្នាំ​២០០៨​ ទាំង​នៅ​ក្នុង​ប្រទេស​បារាំង​ និង​ប្រទេស​កម្ពុជាបន្ទាប់​ពី​លោក​ សមង្ស៊ីបាន​​អះអាង​ជា​សាធារណៈ​ថាលោករដ្ឋ​មន្ត្រី​ការបរទេស​ធ្លាប់​បាន​ដឹក​នាំ​មណ្ឌល​កែប្រែ​បឹង​ត្របែក​។លោកសមរង្ស៊ីត្រូវ​បាន​តុលាការនៅ​ក្នុង​ប្រទេសបារាំងនិង​នៅ​ក្នុងប្រទេសកម្ពុជា​រក​ឃើញ​ថា មាន​ទោស​​ ប៉ុន្ដែ តុលាការ​កំពូល​របស់​ប្រទេស​បារាំង​ក្រោយ​មកបានកែប្រែ​សេចក្ដី​សម្រេច​របស់​តុលាការ​ប្រទេស​បារាំង​ កាល​ពី​ខែមេសាឆ្នាំ​២០១១។លោកហោណាំហុង ធ្លាប់​ឈ្នះ​​ក្តី នៅ​ប្រទេស​បារាំង​កាល​ពី​ដើម​ទស​វត្សរ៍​ទី​៩០​ ប្រឆាំង​ទៅ​នឹង​សម្ដេចឪ នរោត្ដមសីហនុ ចំពោះ​ការចោទប្រកាន់​ស្រដៀង​គ្នា​នេះដែរ​​។​

ទូ​រសារ​​​សម្ងាត់របស់​ស្ថាន​ទូត​អា​មេរិក នា​ឆ្នាំ​​២០០២ ​ដែល​​ចេញ​កា​ល​ពី​ឆ្នាំ​ទៅដោ​យ​អង្គការ​ប្រឆាំ​ង​កា​រ​​សម្ងាត់ ឈ្មោះថា WikiLeak បា​ន​លើក​ឡើង​ថា “ លោកហោណាំ​​ហុងបា​ន​ត្រឡប់​មក​កាន់ប្រទេ​ស​កម្ពុជា​វិញ​ បន្ទាប់​ពី​​ខ្មែ​រ​ក្រហ​ម​​ចូ​ល​កាន់​អំ​ណា​ច​ ប៉ុន្តែ​មិន​ត្រូ​វ​បា​ន​​សម្លាប់​ទេពី​ព្រោះ​លោក​ជាមិត្ត​រួ​ម​ថ្នាក់​របស់​ អៀងសារី​…។ លោក​បា​ន​ក្លាយ​ជា​ប្រធា​នមណ្ឌ​លកែប្រែ​​​បឹង​ត្របែក ​[ស៊ិច] ហើយ​លោក​ និង​ភរិយា​​​របស់​លោក ​បា​ន​​ឃុបឃិត​គ្នា​ក្នុង​កា​រ​​សម្លាប់​អ្នក​ទោសអស់ជា​ច្រើននាក់​”។នៅ​ពេល​លេចចេញ​នូវទូរ​សារ​សម្ងាត់​នេះលោកហោណាំ​ហុងបា​នរំឭក​លោកចេហ្វដាយ​ហ្គល (Jeff Daigle)ភារ​ធារី​​របស់​​ស្ថាន​ទូ​តអាមេរិក ជំ​ុ​វិញ​កា​រ​​ចោទ​ប្រ​កា​ន់នេះ​ ដែ​ល​លោក​បា​ន​ចាត់​ទុក​ថា “ ជា​កា​រ​​ចោទ​ដ៏​គ្រោះ​​ថ្នាក់​ និងមិន​អា​ច​ទទួល​យក​​បា​ន​”។

លោកកុយគួងអ្នក​នាំ​ពាក្យ​ក្រ​សួ​ង​កា​រ​​បរ​ទេស​​បា​ន​លើក​ឡើង​ក្នុង​សារ​មួយ​កា​ល​ពី​ម្សិល​មិញ​ថា “ ឯក​ឧត្តម​ ហោណាំ​ហុងគឺ​ជា​អ្ន​ក​ទោស​ម្នាក់ ​ក្នុង​ចំ​ណោម​អ្នក​ទោ​សជា​​ច្រើ​នឃុំខ្លួន​នៅក្នុង​មណ្ឌ​ល​កែ​ប្រែ​បឹង​ត្រ​បែ​ក”។ ​លោក​​បន្ថែម​ថា “ លោក​ជា​ជន​រង​គ្រោះ​ក្នុ​ង​​របប​ខ្មែ​រ​ក្រហម​។ សាច់​ញាតិ​របស់​លោក​ជា​ច្រើនក៏​ត្រូវ​​សម្លាប់​​ក្នុ​ង​​របប​នោះ​ដែរ​”។

​មិន​មែនតែលោក​ ហោណាំ​ហុង ​ទេដែលជា​​មន្ត្រី​​រដ្ឋា​​ភិ​​បា​ល​ជាន់​ខ្ពស់នៅក្នុង​រដ្ឋា​ភិបាល​ដែ​ល​ត្រូ​វ​បា​ន​សាលាក្តីខ្មែរ​ក្រហម​ជជីក​សួរ​អំពីអតីត​កា​ល​​របស់លោក​ កា​ល​​ពី​ម្សិល​មិញ​។ លោកអៀណូហ្សុី ​បា​ន​​បញ្ជាក់ដែរ​ថាលោក​ រ៉ូចឺមតុនដឹង​ពី​តួនាទី​របស់​លោកគាតឈន់ហៅ​មុត ​ដែ​ល​លោកបានពណ៌នា​ថា ជា “ កម្មា​ភិបា​ល​ជាន់​ខ្ពស់​” ម្នាក់​នៅក្នុង​ការិយាល័យ​ក្រសួង​កា​រ​បរទេ​ស​ប-១។

​លោក​ រ៉ូចឺមតុនបា​ន​ពន្យល់​ថា “ លោក​ជា​អ្នក​ទទួល​ខុសត្រូវក្នុង​កា​រ​​សរសេរ​​សុន្ទរ​កថា។នេះជាចំណែកនៃ​កា​រ​​ទទួល​​ខុស​ត្រូ​វ​របស់​គាត់​…។ជា​ពិ​សេសគាត់​មា​ន​ទំ​នាក់​ទំ​នង​ជាមួយ​គណៈ​ប្រតិ​ភូ​ចិន​ និងអង្គទូត​ខ្លះដែល​មានតំណា​ង​ប្រចាំប្រទេសកម្ពុជាក្នុង​​របប​កម្ពុជា​ប្រជា​ធិប​​តេយ្យ​”៕

ប្រែ​សម្រួលដោយស៊ាស៊ុយ​ឈាង

និង ​ចេវប៊ុននី​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស