ក្នុងពាក្យបណ្ដឹងមាន១០ទំព័រ មេធាវីរបស់លោក ម៉ម សូណង់ដូម្ចាស់ស្ថានីយវិទ្យុឯករាជ្យកាលពីម្សិលមិញបានជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនក្ដីអាយុ៧១ឆ្នាំរបស់ខ្លួន ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយលើកឡើងថា គាត់មិនរត់គេចខ្លួនឡើយ ហើយថាមិនមានហេតុផលផ្លូវច្បាប់រឹងមាំដើម្បីឃុំខ្លួនគាត់ឡើយ។
លោក សុកសំអឿននាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីរបស់លោកម៉ម សូណង់ដូ មានប្រសាសន៍ថា”យោងតាមមាត្រា២០៤ នៃក្រមនីតិវិធីរដ្ឋប្បវេណីចែងថា មានប្រាំមួយចំណុច ដែលអាចជាហេតុផលសម្រាប់ការឃុំខ្លួនបណ្ដោះអាសន្ន ហើយខ្ញុំគិតថា មិនមានហេតុផលណាមួយក្នុងការបន្ដឃុំខ្លួនលោកម៉មសូណង់ដូទេ”។
មេធាវីបានធ្វើសំណើសុំឲ្យមានការដោះលែងលោកម៉ម សូណង់ដូនៅក្រៅឃុំបណ្ដោះអាសន្នជាលើកទី២ហើយ ចាប់តាំងពីការចាប់ខ្លួនគាត់នៅថ្ងៃទី១៥ ខែកក្កដា។នាយកវិទ្យុសម្បុកឃ្មុំដែលនិយាយគ្មានសំចៃ និងជាប្រធានអង្គការក្រៅរដ្ឋាភិបាលផ្នែកគ្រាំទ្រសិទ្ធិមនុស្ស គឺសមាគមអ្នកប្រជាធិបតេយ្យនោះ លោក ម៉មសូណងដូត្រូវបានចោទប្រកាន់បួនករណី ទាក់ទងនឹងការបង្កើតចលនាអបគមន៍។
ប៉ុន្ដែ ខណៈដែលការចោទប្រកាន់ទាំងនេះបានរងការរិះគន់យ៉ាងខ្លាំងហើយរឿងក្ដីប្រឆាំងនឹងលោក ម៉មសូណង់ដូហាក់ដូចជាមិនរឹងមាំនោះ លោកអាចត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ដោយស្របច្បាប់រហូតដល់ទៅ១៨ខែ។ លោកសុកសំអឿនបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីជោគជ័យនៃសំណើរបស់លោកទេ ក៏ប៉ុន្ដែ លោកមានប្រសាសន៍ថា មានហេតុផលផ្លូវច្បាប់គ្រប់គ្រាន់ ដែលកូន ក្ដីរបស់លោកគួរតែត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
លោកបានមានប្រសាសន៍ថា “ ដំបូងគឺជាបទព្រហ្មទណ្ឌ។អ្វីដែលបានកើតឡើងនៅក្នុងភូមិប្រមា បានបញ្ចប់ហើយ ហើយស្ថិតក្រោមការត្រួតត្រារបស់នគរបាលដែលគួរតែមានភស្ដុតាងពីសាក្សី”។ លោកសំអឿនបានបន្ថែមថា “ គាត់មានផ្ទះមួយខ្នង ស្ថានីយវិទ្យុមួយកន្លែង ហើយគាត់បានដឹងថា នៅពេលដែលគាត់ត្រឡប់មកកម្ពុជាវិញ គាត់នឹងត្រូវគេចាប់ខ្លួន។គាត់ចង់បង្ហាញពីភាពគ្មានកំហុសរបស់គាត់ ហើយ ក៏មកកម្ពុជាទៅ។គ្មានហេតុផលណាមួយ គិតថាគាត់នឹងរត់គេចខ្លួននោះទេ”។
គ្មានការឆ្លើយតបចំពោះសំណើជាច្រើនសុំអត្ថាធិប្បាយពីលោកស្រីចៅក្រមស៊ើបអង្កេត សែមសក្ដិកូឡានិងព្រះរាជអាជ្ញារង មាសច័ន្ទពិសិដ្ឋទេ។អង្គការសិទ្ធិមនុស្សបានរិះគន់ខ្លាំងៗចំពោះរឿងក្ដីនេះ ដោយបានហៅការចោទប្រកាន់នេះថា ជាការមិនត្រឹមត្រូវ និងជាហេតុផលនយោបាយ។អង្គការសិទ្ធិមនុស្សបានបញ្ជាក់ថាលោកម៉មសូណង់ដូ បានផ្សព្វផ្សាយតាមវិទ្យុសម្បុកឃ្មុំនូវពាក្យបណ្តឹងដែលក្រុមអ្នកប្រឆាំងមួយក្រុមបានប្តឹងរដ្ឋាភិបាលកម្ពុជាទៅតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
មួយថ្ងៃបន្ទាប់ពីការផ្សព្វផ្សាយរឿងនេះលោក ម៉មសូណង់ដូត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនចោទប្រកាន់ជាសាធារណៈថាបានបង្កើតចលនាអបគមន៍មួយ។ ភ្លាមៗនោះ សាលាដំបូងខេត្តក្រចេះ បានចេញដីកាចាប់ខ្លួនគាត់តែម្តង។
បើទោះជាវានៅថ្មីៗក៏ដោយ ក៏អង្គការសិទ្ធិមនុស្សបានលើកឡើងថា ខ្លួនមានការព្រួយបារម្ភអំពីការបដិសេធរបស់តុលាការមិនព្រមដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននេះ។ លោកស៊ីវឺយេ (Shiwei Ye) អ្នកតំណាងប្រចាំអាស៊ាននៅសហព័ន្ធសិទ្ធិមនុស្សអន្ដរជាតិបានលើកឡើងថា “ ការបដិសេធមិនព្រមដោះលែងឲ្យនៅក្រៅឃុំនេះ ទំនងជាគ្មានក្រៅពីផែនការដាក់ទោសលោក សូណង់ដូ ចំពោះការរិះគន់រដ្ឋាភិបាលឡើយ។បទចោទប្រកាន់ធ្ងន់ធ្ងរចំពោះលោកហាក់ដូចជាបង្ហាញពីការសម្រេចរបស់រដ្ឋាភិបាល ដើម្បីបំបិទសេរីភាពរបស់លោករយៈពេលយូរ មុនពេលបើកសវនាការ”។
លោកបានបន្ថែមថា “ ការឃុំខ្លួនលោក ម៉ម សូណង់ដូ បណ្ដោះអាសន្នរយៈពេលយូរនឹងបំពានកាតព្វកិច្ចរបស់កម្ពុជានៅក្នុងសន្ធិសញ្ញាសិទ្វិមនុស្ស។អង្គការសិទ្ធិមនុស្សនឹង មិនស្ទាក់ស្ទើក្នុងការបញ្ជូនរឿងក្ដីរបស់លោកទៅក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនតាមអំពើចិត្ត (UNWGAD)”៕
ប្រែសម្រួលដោយចេវប៊ុននី