ស្ត្រីអាយុ២៥ឆ្នាំម្នាក់ ដែលបានរងគ្រោះដោយសារការរលូតកូន បន្ទាប់ពីនគរបាលបានវាយ និងទាត់ក្នុងអំឡុងការតវ៉ាមួយកាលពីខែមិថុនា បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីប្តឹងមន្ត្រី និងនគរបាលខណ្ឌជាច្រើនរូប កាលពីម្សិលមិញ ។
អ្នកស្រីបូវស្រីស្រស់បាននិយាយកាលពីម្សិលមិញថា “ ខ្ញុំមិនចង់បានប្រាក់ជាសំណងនោះទេ ខ្ញុំចង់ឲ្យតុលាការរកយុត្ដិធម៌ឲ្យខ្ញុំពីព្រោះខ្ញុំមិនសប្បាយចិត្តទេ”។ លោកប្រាក់ សាវុធក្រឡាបញ្ជីនៅការិយា ល័យព្រះរាជអាជ្ញា បានមានប្រសាសន៍ថាលោកបានទទួលពាក្យបណ្ដឹងនេះដែលបានប្ដឹង លោក ភួងម៉ាឡៃ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកសុខពេញវុធជាអភិបាលរងខណ្ឌដូនពេញ និងមន្ត្រីនគរបាលដែលគេមិនស្គាល់ឈ្មោះផ្សេងទៀត ដែលតាមចោទថា បានទាត់អ្នកស្រី ហើយលោកបាននិយាយថាលោកនឹងបញ្ជូនពាក្យបណ្ដឹងនោះទៅលោកព្រះរាជអាជ្ញា។
កាលពីថ្ងៃទី២៧ ខែមិថុនាអ្នកស្រីស្រី ស្រស់ ដែលមានផ្ទៃពោះពីរខែបានចូលរួមធ្វើការតវ៉ាដោយសន្ដិវិធី ដើម្បីគាំទ្រស្ត្រីអ្នកភូមិបឹងកក់១៣នាក់ដែលបានជាប់ពន្ធនាគារ ហើយស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំងនោះជាបងស្រីរបស់អ្នកស្រី ឈ្មោះបូវសោភា។
ស្ត្រីទាំង១៣នាក់កាលពីដំបូងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ កាលពីថ្ងៃទី២៤ខែឧសភាដោយសារការតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីតំបន់បឹងកក់ ប៉ុន្ដែ ក្រោយពីមានការថ្កោលទោសពីសំណាក់អង្គការសិទ្ធិមនុស្ស សាលាឧទ្ធរណ៍បានកាត់បន្ថយទោសរបស់ពួកគេ។
នៅថ្ងៃដែលសាលាឧទ្ធរណ៍កំពុងជំនុំជម្រះក្ដី អ្នកស្រីស្រីស្រស់ បានចូលរួមការតវ៉ានៅតាមដងផ្លូវនៅមាត់ទន្លេ ហើយបានក្លាយជាហិង្សាដោយសារនគរបាលបានរុញច្រានពួកគេឲ្យត្រឡប់ទៅក្រោយវិញ។ បន្ទាប់ មកនគរបាលម្នាក់ដែលគេមិនស្គាល់ឈ្មោះ បានទាត់អ្នកស្រី ស្រីស្រស់ ដួលទៅនឹងដី ហើយអ្នកស្រីបានសន្លប់។ អ្នកស្រីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ និងក្រោយមកអ្នកស្រីបានដឹងថា កូនរបស់ស្រីបានរលូត។
អ្នកស្រីស្រីស្រស់ បាននិយាយថាអ្នកស្រីនៅមានសុខភាពខ្សោយដោយសារហេតុការណ៍នេះ និងមិនអាចធ្វើការបាននៅឡើយ។ អ្នកស្រីបន្ថែមថា “ ខ្ញុំចង់ឲ្យពួកគេទទួលខុសត្រូវនូវអ្វីដែលបានកើតឡើងពីព្រោះពួកគេបានធ្វើខុស ខ្ញុំដាក់ពាក្យបណ្ដឹងប្តឹងបុរសទាំងពីរនាក់នេះ [លោកភួងម៉ាឡៃនិងលោកសុខពេញវុធ] ព្រោះពួកគេបានបញ្ជាដោយផ្ទាល់ឲ្យនគរបាលវាយខ្ញុំ”។
លោក ម៉ាឡៃ ថ្លែងកាលពីម្សិលមិញថាលោកមិនខ្វល់អំពីពាក្យបណ្ដឹងប្តឹងលោកទេ ដោយបន្ថែមថា “ បើអ្នកស្រីចង់ប្ដឹង វាស្រេច តែអ្នកស្រី ខ្ញុំមិនខ្វល់ឡើយ។ លោក ពេញវុធ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕
ប្រែសម្រួលដោយឃិនណៃ