29 C
Phnom Penh

លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស​អះអាង​ពី​​តួនាទី​របស់​ខ្លួន​អំឡុង​របប​ខ្មែរ​ក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ហោណាំហុងរដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ កាល​ពី​ម្សិលមិញបាន​រិះគន់​មេធាវី​ការពារ​ក្ដី​មួយ​ចំនួន​ របស់សាលាក្ដី​ខ្មែរ​ក្រហម​ ពី​បទ​“ កកូរកកាយ រឿងដ៏​​ចម្រូង​ចម្រាសរបស់​ឥស្សរ​ជនជាន់​​ខ្ពស់​” បន្ទាប់​ពីមានសាក្សីម្នាក់​បាន​អះអាង​នៅ​​ក្នុង​សវនា​ការ​ថា ​លោក​ ហោណាំហុង ទទួល​ខុស​ត្រូវ​មណ្ឌល​កែ​ប្រែ​បឹង​ត្របែក​ក្នុង​របប​ ប៉ុលពត។

លោករចឺមតុនសាក្សី​ម្នាក់​ ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​រដ្ឋបាលរបស់​ការិយាល័យ​ប-១ ​ក្នុង​ក្រសួង​ការបរទេស​ បាន​​​ធ្វើ​ការអះ​អាង ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​អង្គារ​ អំឡុង​ពេល​មាន​ការសួរ​ដេញ​ដោលពីលោកអែនឌ្រូអៀណូ​ហ្សុី (Andrew Ianuzzi) មេធាវី​ការពារ​ក្ដី​របស់​ នួន​ ជា។

ក្រុម​មេធាវី​ការ​ពារ​ក្ដី​របស់​ នួនជាមាន​បំណង​លើក​ឡើង​អំពី​បទ​ពិសោធរបស់​មន្ត្រី​ជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាល​សព្វថ្ងៃ​ ក្នុង​របប​ខ្មែរ​ក្រហម​ រួម​មាន​លោក ហោណាំហុងដែល​បាន​ត្រឡប់​ពី​ប្រទេស​បារាំង​ មក​កាន់​ប្រទេស​កម្ពុជា​វិញក្នុង​ឆ្នាំ១៩៧៥ ហើយ​ត្រូវ​​ជាប់ឃុំឃាំង​ក្នុង​មណ្ឌល​កែប្រែ​បឹង​ត្របែកជា​មួយ​នឹង​បញ្ញវ័ន្ដ​រាប់​រយ​នាក់ព្រម​ទាំង​អ្នក​ការទូត​ផ្សេងៗ​ទៀត​ផងដែរ​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិលមិញ​ លោកហោណាំហុងបាន​ថ្លែង​ថាលោកគឺ​ជា​អ្នក​ទោស​នៅក្នុង​មណ្ឌល​កែប្រែ​បឹង​ត្របែក​ តែ​ទោះ​ជា​យ៉ាងណា ​លោក​មិន​បាន​បដិសេធ​ចំពោះ​ការ​អះអាង​ថា លោក​ទទួល​ខុស​ត្រូវ​ក្នុងមណ្ឌល​កែប្រែ​នេះ​ទេ​។លោក​ ហោ ណាំហុង ​បាន​​​ថ្លែង​​​​ថា “វា​គឺ​ជា​រឿង​មួយ​អកុសល​ណាស់ ​នៅ​​​ពេល​​​អ្នក​ដែល​ព្យាយាម​ការ​ពារ​កេរ្ដិ៍​ឈ្មោះឲ្យរបប​ខ្មែរ​ក្រហម​ម្នាក់ មាន​គោល​​​បំណង​​​ចង់ឆ្លុះ​​​បញ្ចាំង​​​ពីចំណាប់​អារម្មណ៍របស់ខ្លួន​ និង​បញ្ហា​របស់​ខ្លួន ដើម្បីផល​ប្រយោជន៍​កូនក្តី ដោយ​ប្រើវិធី​កកូរ​កកាយ​រឿង​រ៉ាងដ៏​ចម្រូង​ចម្រាសមក​​​លើ​​​ឥស្សរជន​សាធារណៈ ដូច​ជា​រូប​ខ្ញុំ​ជាដើម​”។

លោក​បាន​បន្ដ​ថា “​របប​ខ្មែរ​ក្រហម​ជា​របប​មួយ​ពោរពេញ​ទៅ​ដោយ សោក​​​នាដកម្ម​​​​បំផុត​ ហើយ​របប​នេះ​បាន​បន្ដ​តាមលង​ប្រជា​​​ជន​កម្ពុជា​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ក្នុងនាមជា​អ្នក​ទោស​មួយ​រូប​ក្នុង​មណ្ឌល​កែប្រែ​បឹង​ត្របែក​ ដែល​ជា​កន្លែង​ខ្ញុំ​បាន​បាត់​បង់​បង​ប្អូន​ស្រី​ចំនួន​ពីរ​នាក់​ និងប្ដី​របស់​ពួកគេ​ កូនៗ រួម​​​ទាំង​​​​ក្មួយ​ស្រី​ម្នាក់​ ព្រម​ទាំង​អ្នក​រួម​ការ​ងារ​រាប់​មិន​អស់​ផ្សេងទៀតនោះ​ ហើយនៅពេល​នេះ​ខ្ញុំ​មិន​មាន​អ្វី​ក្រៅ​ពី​សេចក្តីសោកសង្រេង​ និង​អាណិតអាសូរដល់​ជន​រងគ្រោះ​ និង​គ្រួសារ​របស់​ពួក​គេ​ឡើយ​”។

លោក ហោ ណាំហុង បាន​ថ្លែង​ថា “អង្គ​​​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ គឺ​ជា​តុលាការ​​  និង​​មិន​មែន​ជា​វេទិកា​នយោ​​​បាយ​​​​នោះ​ទេ ហើយ​ខ្ញុំ​ជឿជាក់​ថា ការ​ប៉ុនប៉ង​យក​តុលាការ​ធ្វើ​ជា​រឿង​នយោបាយ​ ឬក៏ ដើម្បី​​​កកូរ​​​​កកាយ​រឿង​ដ៏​ចម្រូង​ចម្រាស គឺ​ជា​ទង្វើ​មួយ​មិន​ស័ក្តិសម​នោះ​ទេ”។ ​លោកបាន​​​បន្ត​​​ទៀតថា លោក​សង្ឃឹម​ថា កេរដំណែល​​​របស់​​​របប​ខ្មែរ​ក្រហម​នឹង​ត្រូវ​គេ​​បោះចោល​ក្នុង​ធុង​​​​សំរាមជា​ប្រវត្តិសាស្ត្រ ដោយ​មិនបាច់​ការពារ​ ឬក៏តវ៉ាឡើយ​​”។

លោក​ ហោ ណាំហុង ព្រមទាំង​មន្ត្រី​រដ្ឋា​​​ភិបាលផ្សេងៗ​ទៀត​ មិន​បាន​ធ្វើ​តាម​ដីកា​កោះ​​​​ហៅរបស់សហ​ចៅក្រម​ស៊ើប​អង្កេត កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​មក​ធ្វើ​ជា​សាក្សី​នៅ​​​ក្នុង​សំណុំ​រឿង​០០២ឡើយ​។ មេធាវី​ការពារ​ក្ដី​បាន​សួរ​សាក្សី​មួយ​ចំនួន​ថា តើ​ពួក​គេ​គិត​ថា រដ្ឋាភិបាល​ខ្លាច​ឃើញ​លោក ហោ ណាំហុង ចូល​ខ្លួន​មកបំភ្លឺ​ក្នុងសវនាការ​។

លោក អៀណូហ្ស៊ី បាន​លើក​ឡើង​ថា លោក​មិន​មាន​តួនាទី​អ្វីត្រូវធ្វើ​អត្ថាធិប្បាយ​ស្ដី​អំពី​យុទ្ធសាស្ត្រ​នៃ​ការ​សាក​សួរ​សាក្សី​របស់​លោក​ នៅ​ក្នុង​តុលាការ​ឡើយ​ ប៉ុន្ដែ លោក​បាន​មាន​ប្រសាសន៍​បន្តថា លោក​នឹង​ស្វាគមន៍​ការសួរ​ដេញ​ដោល​​លោករដ្ឋមន្ត្រី​ក្រសួង​​​ការ​បរទេស​។

លោក អៀណូហ្ស៊ី បាន​មាន​ប្រសាសន៍​បន្ថែមថា “ប្រសិន​បើ​លោក​ ហោ ណាំហុង ពិត​ជា​គិតពី​យុត្ដិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​មែន​នោះ​ ខ្ញុំ​សុំ​ស្នើ​ឲ្យ​លោក​គោរពតាម​ដីកា​កោះ​ហៅ​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហើយ​ខ្ញុំ​ក៏​​ស្នើ​សុំ​ឲ្យ​លោក​​​បង្ហាញ​ខ្លួន​ ដើម្បី​ផ្ដល់​សក្ខីកម្ម​ នៅចំពោះ​មុខ​​អង្គ​​ជំនុំ​ជម្រះ​ នៅ​ពេល​នោះ​ខ្ញុំនឹង​សប្បាយ​រីករាយ​ក្នុង​ការ​សាកសួរ​លោកក្នុងសវនាការ​”។

លោក​ស្រី គ្លែរ ដាហ្វី (Clair Duffy) អ្នក​ឃ្លាំ​មើល​តុលាការ​របស់​អង្គការ​គំនិតផ្ដួច​ផ្ដើម​យុត្តិធម៌​សង្គមសាធារណៈ​ ក៏​បាន​យល់​ស្រប​តាម​​​គំនិតនេះ​​​ដែរ​។ លោក​ស្រី​​មាន​ប្រសា​សន៍​ថា “ខ្ញុំ​គិតថា ​រឿង​នេះ​បាន​លេច​ឡើង​ម្តង​ទៀត ហើយ លោក ហោ  ណាំហុង  ប្រហែល​​​ជា​​​មាន​ភស្ដុតាង​សំខាន់​ៗ​ ដើម្បី​បង្ហាញ​ដល់​​​សាលា​​​ក្ដីខ្មែរ​ក្រហម​ ប៉ុន្តែ ជាអកុសល​ សេចក្ដី​​ថ្លែង​​​ការណ៍​មិន​អាចយកមកធ្វើជា​ភស្ដុតាង​​នៅ​ក្នុង​សវនាការបានទេ​”។

លោក​ស្រី​ បាន​បន្ដ​ថា “ដូច​​​ជា​​​ការ​​​គិត​​​របស់​​​យើងមកយូរ​ហើយ​ វា​ការ​ល្អណាស់​ប្រសិន​បើ​បាន​ឃើញ​ (លោក) អាចមក​​​ឆ្លើយ​​​បំភ្លឺ​​​បាន​នោះ​”។លោក​ស្រី ដាហ្វី បាន​ថ្លែង​ថា ការ​ពិភាក្សា​អំពី​​រឿងនយោបាយ​របស់​មេធាវី​ការពារ​ក្ដីគឺ​ជា​រឿង​ត្រឹម​ត្រូវ​ ហើយ​វា​គឺ​ជា​យុទ្ធសាស្ត្រ​របស់​ពួក​គេ​ ដើម្បី​ធានា​ឲ្យ​បាន​ថា តើ​ចុង​ចោទ​​​​ទាំង​បី​រូប​ទទួល​បាន​ការ​កាត់​ទោស​ដោយ​​​​យុត្ដិធម៌​​ដែរ​ឬទេ។

លោក​ស្រី​បាន​លើក​ឡើង​ថា “​សម្រាប់​ខ្ញុំ​ បញ្ហា​ដែល​មេធាវី​ការពារ​ក្ដី​​របស់​ នួន ជា បាន​លើក​ឡើង​ គឺ​មិន​ខ្វល់​ថា តើ​ចុង​ចោទ​​មាន​ទោស​ឬក៏​អត់នោះ​ទេ​ ប៉ុន្ដែ​ អ្វី​ដែល​ខ្ញុំ​ខ្វល់​នោះ​ គឺចុង​ចោទ​គួរទទួល​​​បានការជំនុំជម្រះ​​​ទោស​​​​ដោយ​យុត្ដិធម៌​តាមរយៈ​​តុលាការ​ដែរ​ឬ​ទេ។ ការ​ចោទ​ប្រកាន់​ទាំង​នោះ​ គឺ​មាន​ជាប់​​​​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ”។

កាល​ពី​ឆ្នាំ​២០០៨ លោក​ ហោ ណាំហុង បាន​ប្ដឹង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ គឺ​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​បារាំង​ និងនៅ​​​ក្នុង​​​ប្រទេស​កម្ពុជា ពី​បទ​បរិហារកេរ្ដិ៍​ ដោយ​​​សារ​​​លោក​ សម រង្ស៊ី អះអាង​ថា លោក​​ ហោ ណាំ​ហុង​ ធ្លាប់​ធ្វើ​ជា​មេដឹកនាំ​នៅ​មណ្ឌល​កែ​​​ប្រែ​បឹង​ត្របែក។ លោក សម រង្ស៊ី ត្រូវ​បាន​តុលាការនៅក្នុង​ប្រទេស​បារាំង និង​​​តុលាការ​​​ក្នុងប្រទេសកម្ពុជា ​​រក​ឃើញ​ថា មានពិរុទ្ធភាព ប៉ុន្ដែ​តុលាការ​កំពូល​របស់​ប្រទេស​បារាំង​ ក្រោយ​​​​មក​បាន​កែប្រែ​សេចក្ដី​សម្រេច​របស់​ប្រទេស​បារាំង​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១១​​​។​​​

លោក ហោ ណាំហុង ក៏ធ្លាប់​បាន​ឈ្នះ​ក្ដី​​​​ក្នុងពាក្យបណ្តឹងប្តឹង​សម្ដេច​ឪ​ នរោត្ដម សីហនុ ក្នុង​ប្រទេស​បារាំង​ កាល​ពី​ដើម​ទស្សវត្សរ៍​​​​ទី​៩០​ ពីបទចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ​​​ដែរ​​​៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស