លោក ហោណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេស កាលពីម្សិលមិញបានរិះគន់មេធាវីការពារក្ដីមួយចំនួន របស់សាលាក្ដីខ្មែរក្រហម ពីបទ“ កកូរកកាយ រឿងដ៏ចម្រូងចម្រាសរបស់ឥស្សរជនជាន់ខ្ពស់” បន្ទាប់ពីមានសាក្សីម្នាក់បានអះអាងនៅក្នុងសវនាការថា លោក ហោណាំហុង ទទួលខុសត្រូវមណ្ឌលកែប្រែបឹងត្របែកក្នុងរបប ប៉ុលពត។
លោករចឺមតុនសាក្សីម្នាក់ ដែលធ្លាប់ធ្វើជាប្រធានរដ្ឋបាលរបស់ការិយាល័យប-១ ក្នុងក្រសួងការបរទេស បានធ្វើការអះអាង របស់ខ្លួន កាលពីថ្ងៃអង្គារ អំឡុងពេលមានការសួរដេញដោលពីលោកអែនឌ្រូអៀណូហ្សុី (Andrew Ianuzzi) មេធាវីការពារក្ដីរបស់ នួន ជា។
ក្រុមមេធាវីការពារក្ដីរបស់ នួនជាមានបំណងលើកឡើងអំពីបទពិសោធរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលសព្វថ្ងៃ ក្នុងរបបខ្មែរក្រហម រួមមានលោក ហោណាំហុងដែលបានត្រឡប់ពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៧៥ ហើយត្រូវជាប់ឃុំឃាំងក្នុងមណ្ឌលកែប្រែបឹងត្របែកជាមួយនឹងបញ្ញវ័ន្ដរាប់រយនាក់ព្រមទាំងអ្នកការទូតផ្សេងៗទៀតផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ លោកហោណាំហុងបានថ្លែងថាលោកគឺជាអ្នកទោសនៅក្នុងមណ្ឌលកែប្រែបឹងត្របែក តែទោះជាយ៉ាងណា លោកមិនបានបដិសេធចំពោះការអះអាងថា លោកទទួលខុសត្រូវក្នុងមណ្ឌលកែប្រែនេះទេ។លោក ហោ ណាំហុង បានថ្លែងថា “វាគឺជារឿងមួយអកុសលណាស់ នៅពេលអ្នកដែលព្យាយាមការពារកេរ្ដិ៍ឈ្មោះឲ្យរបបខ្មែរក្រហមម្នាក់ មានគោលបំណងចង់ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់ខ្លួន និងបញ្ហារបស់ខ្លួន ដើម្បីផលប្រយោជន៍កូនក្តី ដោយប្រើវិធីកកូរកកាយរឿងរ៉ាងដ៏ចម្រូងចម្រាសមកលើឥស្សរជនសាធារណៈ ដូចជារូបខ្ញុំជាដើម”។
លោកបានបន្ដថា “របបខ្មែរក្រហមជារបបមួយពោរពេញទៅដោយ សោកនាដកម្មបំផុត ហើយរបបនេះបានបន្ដតាមលងប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃ។ ក្នុងនាមជាអ្នកទោសមួយរូបក្នុងមណ្ឌលកែប្រែបឹងត្របែក ដែលជាកន្លែងខ្ញុំបានបាត់បង់បងប្អូនស្រីចំនួនពីរនាក់ និងប្ដីរបស់ពួកគេ កូនៗ រួមទាំងក្មួយស្រីម្នាក់ ព្រមទាំងអ្នករួមការងាររាប់មិនអស់ផ្សេងទៀតនោះ ហើយនៅពេលនេះខ្ញុំមិនមានអ្វីក្រៅពីសេចក្តីសោកសង្រេង និងអាណិតអាសូរដល់ជនរងគ្រោះ និងគ្រួសាររបស់ពួកគេឡើយ”។
លោក ហោ ណាំហុង បានថ្លែងថា “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺជាតុលាការ និងមិនមែនជាវេទិកានយោបាយនោះទេ ហើយខ្ញុំជឿជាក់ថា ការប៉ុនប៉ងយកតុលាការធ្វើជារឿងនយោបាយ ឬក៏ ដើម្បីកកូរកកាយរឿងដ៏ចម្រូងចម្រាស គឺជាទង្វើមួយមិនស័ក្តិសមនោះទេ”។ លោកបានបន្តទៀតថា លោកសង្ឃឹមថា កេរដំណែលរបស់របបខ្មែរក្រហមនឹងត្រូវគេបោះចោលក្នុងធុងសំរាមជាប្រវត្តិសាស្ត្រ ដោយមិនបាច់ការពារ ឬក៏តវ៉ាឡើយ”។
លោក ហោ ណាំហុង ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀត មិនបានធ្វើតាមដីកាកោះហៅរបស់សហចៅក្រមស៊ើបអង្កេត កាលពីឆ្នាំ២០០៩ ដើម្បីមកធ្វើជាសាក្សីនៅក្នុងសំណុំរឿង០០២ឡើយ។ មេធាវីការពារក្ដីបានសួរសាក្សីមួយចំនួនថា តើពួកគេគិតថា រដ្ឋាភិបាលខ្លាចឃើញលោក ហោ ណាំហុង ចូលខ្លួនមកបំភ្លឺក្នុងសវនាការ។
លោក អៀណូហ្ស៊ី បានលើកឡើងថា លោកមិនមានតួនាទីអ្វីត្រូវធ្វើអត្ថាធិប្បាយស្ដីអំពីយុទ្ធសាស្ត្រនៃការសាកសួរសាក្សីរបស់លោក នៅក្នុងតុលាការឡើយ ប៉ុន្ដែ លោកបានមានប្រសាសន៍បន្តថា លោកនឹងស្វាគមន៍ការសួរដេញដោលលោករដ្ឋមន្ត្រីក្រសួងការបរទេស។
លោក អៀណូហ្ស៊ី បានមានប្រសាសន៍បន្ថែមថា “ប្រសិនបើលោក ហោ ណាំហុង ពិតជាគិតពីយុត្ដិធម៌នៅក្នុងប្រទេសកម្ពុជាមែននោះ ខ្ញុំសុំស្នើឲ្យលោកគោរពតាមដីកាកោះហៅរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយខ្ញុំក៏ស្នើសុំឲ្យលោកបង្ហាញខ្លួន ដើម្បីផ្ដល់សក្ខីកម្ម នៅចំពោះមុខអង្គជំនុំជម្រះ នៅពេលនោះខ្ញុំនឹងសប្បាយរីករាយក្នុងការសាកសួរលោកក្នុងសវនាការ”។
លោកស្រី គ្លែរ ដាហ្វី (Clair Duffy) អ្នកឃ្លាំមើលតុលាការរបស់អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសាធារណៈ ក៏បានយល់ស្របតាមគំនិតនេះដែរ។ លោកស្រីមានប្រសាសន៍ថា “ខ្ញុំគិតថា រឿងនេះបានលេចឡើងម្តងទៀត ហើយ លោក ហោ ណាំហុង ប្រហែលជាមានភស្ដុតាងសំខាន់ៗ ដើម្បីបង្ហាញដល់សាលាក្ដីខ្មែរក្រហម ប៉ុន្តែ ជាអកុសល សេចក្ដីថ្លែងការណ៍មិនអាចយកមកធ្វើជាភស្ដុតាងនៅក្នុងសវនាការបានទេ”។
លោកស្រី បានបន្ដថា “ដូចជាការគិតរបស់យើងមកយូរហើយ វាការល្អណាស់ប្រសិនបើបានឃើញ (លោក) អាចមកឆ្លើយបំភ្លឺបាននោះ”។លោកស្រី ដាហ្វី បានថ្លែងថា ការពិភាក្សាអំពីរឿងនយោបាយរបស់មេធាវីការពារក្ដីគឺជារឿងត្រឹមត្រូវ ហើយវាគឺជាយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីធានាឲ្យបានថា តើចុងចោទទាំងបីរូបទទួលបានការកាត់ទោសដោយយុត្ដិធម៌ដែរឬទេ។
លោកស្រីបានលើកឡើងថា “សម្រាប់ខ្ញុំ បញ្ហាដែលមេធាវីការពារក្ដីរបស់ នួន ជា បានលើកឡើង គឺមិនខ្វល់ថា តើចុងចោទមានទោសឬក៏អត់នោះទេ ប៉ុន្ដែ អ្វីដែលខ្ញុំខ្វល់នោះ គឺចុងចោទគួរទទួលបានការជំនុំជម្រះទោសដោយយុត្ដិធម៌តាមរយៈតុលាការដែរឬទេ។ ការចោទប្រកាន់ទាំងនោះ គឺមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ”។
កាលពីឆ្នាំ២០០៨ លោក ហោ ណាំហុង បានប្ដឹងមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី នៅក្នុងប្រទេសបារាំង និងនៅក្នុងប្រទេសកម្ពុជា ពីបទបរិហារកេរ្ដិ៍ ដោយសារលោក សម រង្ស៊ី អះអាងថា លោក ហោ ណាំហុង ធ្លាប់ធ្វើជាមេដឹកនាំនៅមណ្ឌលកែប្រែបឹងត្របែក។ លោក សម រង្ស៊ី ត្រូវបានតុលាការនៅក្នុងប្រទេសបារាំង និងតុលាការក្នុងប្រទេសកម្ពុជា រកឃើញថា មានពិរុទ្ធភាព ប៉ុន្ដែតុលាការកំពូលរបស់ប្រទេសបារាំង ក្រោយមកបានកែប្រែសេចក្ដីសម្រេចរបស់ប្រទេសបារាំង កាលពីខែមេសា ឆ្នាំ២០១១។
លោក ហោ ណាំហុង ក៏ធ្លាប់បានឈ្នះក្ដីក្នុងពាក្យបណ្តឹងប្តឹងសម្ដេចឪ នរោត្ដម សីហនុ ក្នុងប្រទេសបារាំង កាលពីដើមទស្សវត្សរ៍ទី៩០ ពីបទចោទប្រកាន់ស្រដៀងគ្នានេះដែរ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង