កាលពីម្សិលមិញ មន្ដ្រីក្រសួងមហាផ្ទៃម្នាក់បានថ្លែងថា ក្រសួងមហាផ្ទៃកំពុងតែធ្វើសេចក្តីព្រាងច្បាប់ស្តីពីការបង្ការអគ្គិភ័យ ដែលតម្រូវឲ្យគ្រប់អាជីវកម្ម និងប្រជាពលរដ្ឋចាំបាច់ត្រូវបំពាក់បំពង់ពន្លត់អគ្គិភ័យគ្រប់ៗគ្នា ហើយអគារខ្ពស់ៗត្រូវមានច្រកអាសន្ន ដើម្បីរត់គេចចេញនៅពេលមានអគ្គិភ័យកើតឡើង។
លោក អ៊ុក គឹមឡេក អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថា ប្រសិនបើច្បាប់នេះត្រូវបានអនុម័តនោះអាជីវករ ត្រូវត្រៀមខ្លួនរើរបស់របរណាដែលងាយឆេះចេញពីតូបរបស់ខ្លួន ហើយចំពោះអ្នកណាមិនគោរពតាមច្បាប់នេះ អាចត្រូវប្រឈមនឹងការផាកពិន័យ និងការជាប់ពន្ធនាគារទៀតផង។
លោក អ៊ុក គឹមឡេក អះអាងថា “យើងនឹងត្រួតពិនិត្យតាមបណ្តាអគារខ្ពស់ៗ មានដូចជាសណ្ឋារគារ ផ្ទះសំណាក់ និងផ្សារទំនើបដើម្បីឲ្យច្បាស់ថា ពួកគេមានប្រព័ន្ធសម្រាប់ពន្លត់អគ្គិភ័យដូចដែលមានចែងក្នុងច្បាប់នេះដែរឬទេ”។លោកគឹមឡេក បដិសេធមិនពិភាក្សាលម្អិត អំពីកម្រិតទោសនិងថាតើអគារកម្ពស់ណាទើបតម្រូវឲ្យមានច្រកអាសន្នដើម្បីរត់គេចពីអគ្គិភ័យឡើយ”។
លោកអះអាងបន្ដថា “ ប្រសិនបើពួកគេពំុមានប្រព័ន្ធការពារអគ្គិភ័យទេនោះទេ យើងនឹងមិនអនុញ្ញាតឲ្យពួកគេសាងសង់ឡើយ”។ អ្នកជំនាញការខាងបង្ការអគ្គិភ័យបានមានប្រសាសន៍ថា ច្បាប់នេះមិនទំនងជាមិនអាចអនុវត្តបានត្រឹមត្រូវនោះទេ។
លោក ប៉ូល ហឺហ្វត ( Paul Hurford) អ្នកពិគ្រោះយោបល់របស់រដ្ឋាភិបាលអំពីបញ្ហាអគ្គិភ័យ និងជានាយកប្រតិបត្តិក្រុមហ៊ុនការពារសុវត្ថិភាពអគ្គិភ័យនៅក្នុងប្រទេសកម្ពុជា ដែលលក់ឧបករណ៍សម្រាប់ការពារអគ្គិភ័យបានមានប្រសាសន៍ថា ច្បាប់នេះគឺជាការជំហានក្នុងទិសដៅត្រឹមត្រូវ ប៉ុន្ដែវាមានការលំបាកក្នុងការអនុវត្ត។ លោកបានបន្តថា “ រដ្ឋាភិបាលកំពុងតែបោះជំហានទៅមុខ ប៉ុន្ដែមានការយឺតយា៉វបន្តិច។ច្បាប់នេះត្រូវប្រើរយៈពេលយូរ ដើម្បីអនុវត្តន៍”។
សេចក្តីព្រាងច្បាប់ថ្មីនេះ បានចាប់ផ្តើមក្នុងរយៈពេលជាងមួយសបា្ដាហ៍ ក្រោយពីមានអគ្គិភ័យដ៏ធំបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រមាណ៥៧ខ្នង នៅផ្សារទួលសង្កែ ក្នុងរាជធានីភ្នំពេញ។
កាលពីឆ្នាំមុនរដ្ឋាភិបាលមានបំណងកាត់បន្ថយករណីកើតមានអគ្គិភ័យក្នុងរាជធានីភ្នំពេញ ដោយខិតខំលក់បំពង់ពន្លត់អគ្គិភ័យតាមកន្លែងធ្វើអាជីវកម្ម។ប៉ុន្ដែ ការខិតខំប្រឹងប្រែងនោះ ត្រូវទទួលរងការរិះគន់ភ្លាមៗ ក្រោយពីម្ចាស់អាជីវកម្មបានត្អូញត្អែរថា មន្ដ្រីនគរបាលបានបង្ខំឲ្យពួកគេទិញបំពង់ពន្លត់អគ្គិភ័យក្នុងតម្លៃខ្ពស់ព្រមទាំងទារលុយបន្ថែមទៀតផង។ លោក អ៊ុក គឹមឡេក មានប្រសាសន៍ថា ច្បាប់អគ្គិភ័យថ្មី នឹងអាចជួួយកាត់បន្ថយអំពើខុសឆ្គងទាំងនេះ។
លោកបានបន្ដថា “ យើងនឹងដាក់ទោសមន្ដ្រីទាំាងឡាយណា ដែលទារប្រាក់ពីប្រជាពលរដ្ឋ។យើងនឹងផ្ដន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារចាប់ពីប្រាំមួយខែដល់ពីរឆ្នាំ”។ ស្របពេលមានការប្រណាំងប្រជែងក្នុងការកសាងអាគារកប់ពពកនៅក្នុងរាជធានី ភ្នំពេញនាយកដ្ឋានពន្លត់អគ្គិភ័យ បានក្លាយជាស្ថាប័នដ៏សំខាន់មួយដែលទាមទារឲ្យមានការពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការបំពាក់ឧបករណ៍ថ្មីៗថែមទៀត ដោយសាររថយន្ដពន្លត់អគ្គិភ័យនៅក្នុងរាជធានី នាពេល បច្ចុប្បន្ននេះ នៅតែមិនទាន់អាចបាញ់ពន្លត់អគ្គិភ័យនៅតាមអាគារ ដែលមានកម្ពស់លើស ពី១០ជាន់បានឡើយ៕
ប្រែសម្រួលដោយលីដារ៉ូ