31 C
Phnom Penh

តុលាការព្រមផ្តល់អភ័យ​ឯក​សិទ្ធិ​ដល់លោក​ស្រី​ មូរ​ សុខ​ហួរ​​ វិញ​តែ​ត្រូវ​បន្តរង់​ចាំ​រដ្ឋ​សភា​អនុម័ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អស់រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​អភ័យ​ឯកសិទ្ធិ​សមា​ជិក​សភា​របស់​លោក​ស្រី​ត្រូវ​បាន​ដក​រួចមកលោក​ ស្រី​ មូរ​ សុខហួរ​ សមាជិក​សភាមកពី​គណបក្ស​ សម​ រង្ស៊ី​ ត្រូវ​បាន​​សាលា​ឧទ្ធរណ៍​សម្រេចផ្តល់ “នីតិ​សម្ប​ទា” ​​វិញ​​ កាលពី​ថ្ងៃ​សុក្រ​។

លោក​ ជួន ស៊ុនឡេង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បានប្រកាសសាលក្រម​​ថា  “​បើ​សិន​ព្រះ​រាជ​អាជ្ញា​មិន​ប្តឹង​សារ​ទុក​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ទេ​នោះ​សាល​ក្រម​នេះ​នឹង​ចូ​ល​ជា​ធរមាន​​ក្នុង​រយៈ​ពេល​មួយ​ខែ​”។ លោក​ព្រះ​រាជ​អាជ្ញា​មិន​​អាច​ទាក់​ទង​​សុំសេចក្តី​អត្ថា​ធិប្បាយ​បាន​ទេ​។

បើ​សិនមិនមានការប្តឹងទាស់នឹង​​សាល​ក្រមនេះទេ មានន័យថា នេះជា​ការ​បើក​ផ្លូវ​ឲ្យ​ផ្តល់​​​អភ័យ​ឯកសិទ្ធិ​ពេញ​លេញ​ដល់​លោក​ស្រី​មូរ​ សុខ​ហួរ​ វិញ​​ទោះ​បី​ជា​ការ​សម្រេច​ចុង​ក្រោយ​​នឹង​ត្រូវ​ធ្វើ​ឡើង​តាមរយៈការ​​បោះ​ឆ្នោត​របស់រដ្ឋសភា​ក្តី​។

អភ័យ​ឯកសិទ្ធិ​របស់​លោក​ ស្រី​ មូរ​ សុខ​ហួរ​ ត្រូវ​បាន​រដ្ឋ​សភា​បោះ​ឆ្នោត​ដកនៅ​ឆ្នាំ​២០០៩​​ គឺធ្វើឡើងភ្លាមៗ ​បន្ទាប់​ពី​​សមា​ជិក​សភា​រូប​នេះ​បាន​ប្រ​កាសថា​​ លោក​ស្រីនឹង​​ប្តឹង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​ពីបទធ្វើ​សេចក្តី​អត្ថាធិប្បាយ​ប្រ​មាថលោក​ស្រី។ លោកនាយក​​រដ្ឋមន្ត្រី​បាន​ប្តឹងបក​វិញ​ តាមរយៈ​បទ​បរិហារ​កេរិ៍្តហើយ​លោក​ ស្រី​ មូរសុខហួរ ​ត្រូវ​បាន​តុលាការរក​ឃើញ​ថា​ មាន​កំហុស និង​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់ពិន័យ​​​ ដែល​ក្រោយ​មក​បានសម្រេចកាត់ប្រាក់​ខែ​របស់​លោក​ស្រី​បន្ទាប់​ពី​លោកស្រី​​បដិសេធមិន​បង់​ពិន័យ​។

នៅ​ខណៈពេល​ដែល​អ្នកវិភាគ​នយោ​បាយ​​បាន​​លើក​ឡើង​ថា អភ័យ​ឯក​សិទ្ធិ​របស់​លោកស្រី​ មូរសុខ​ហួរ ​ គួរ​ត្រូវបាន​​ផ្តល់​ឲ្យ​វិញ​យូរហើយ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​កំហុស​របស់លោក​ស្រី​រួច​ហើយ​​ កាល​ពី​ខែ​សីហា​​​ឆ្នាំ​២០១០ ​តែ​សមាជិក​សភារូបនេះ​បានខិតខំតស៊ូ​ដ៏​អូស​បន្លាយ​ ដើម្បី​ទាមទារ​ឲ្យផ្តល់អភ័យឯកសិទ្ធិ​ឡើង​វិញ​។ មានប្រសាសន៍ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅសាលាឧទ្ធរណ៍ កាលពីម្សិលមិញលោក​ស្រី​ មូរ​ សុខហួរ​ បានចាត់ទុកសាល​ក្រម​​នេះ​ថា​ ​​យឺត​ពេល​។

លោកស្រី សុខហួរ បាន​មាន​ប្រ​សាសន៍​បន្ត​ថា​ “ នេះ​ជា​ការ​សម្រេច​​ដ៏ត្រឹម​ត្រូវ​​ ដែល​​​​ខ្ញុំ​អាច​ទទួល​យក​បាន ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ទាំង​អស់ ​​ដែល​បាន​តាមដាន​​សំណុំរឿងនេះ។ ប៉ុន្តែ សំណុំរឿង​របស់​ខ្ញុំ​នេះ បាន​អូស​បន្លាយ​​អស់​រយៈពេល​ជាង​បី​ឆ្នាំ…ដូច្នោះខ្ញុំ​ឆ្ងល់​ថា តើ​ប្រ​ព័ន្ធ​តុលា​ការ​​ពិត​ជា​ផ្តល់​នូវ​យុត្តិ​ធម៌​ពិតប្រាកដ ​ឬ​យ៉ាង​ណា​ទេ? ពី​ព្រោះ​​ខ្ញុំ​គួរ​តែ​ទទួល​ការផ្តល់​នីតិ​សម្ប​ទានេះ​​ជា​យូរ​មក​ហើយ”។

ទោះ​បី​ជា​ដំណើរ​ការ​បានអូស​បន្លាយ​ដ៏​យូរ​ក៏​ដោយ សមា​ជិក​សភា​មកពីគណបក្ស​ប្រឆាំង​រូប​នេះមាន​ប្រសាសន៍​ថាលោក​ស្រី​​មាន​បំណង​តិច​តួច​ក្នុង​ការ​បន្ធូរ​បន្ថយ​ការ​រិះគន់​តាមរយៈ​ពាក្យ​សម្តី​ ដែល​បានធ្វើ​ឲ្យ​លោក​ស្រី​មាន​បញ្ហា​ជា​មួយគណ​បក្ស​កំពុង​កាន់​អំណាច។ លោក​ស្រី​បាន​បន្ត​ថា “​ ប្រ​ជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​រូប​ខ្ញុំ​ធ្វើ​ជា​តំណាង​របស់​ពួក​គេ​ ពួក​គេ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​នៅស្ងៀមនិង​បិទ​មាត់​នោះ​ទេ”។

លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​របស់​គណៈ​កម្មាធិការសម្រាប់​បោះ​ឆ្នោត​ដោយ​សេរី​ ​និង​យុត្តិ​ធម៌​នៅ​កម្ពុជា មាន​ប្រសា​ស​ន៍​ថា ​នៅ​ពេល​​ដំណើរ​ការ​ផ្តល់ “នីតិ​សម្ប​ទា​” ​បាន​ចាប់​ផ្តើម​​សម្រាប់​លោក​ស្រី មូរ សុខហួរ​ ប៉ុន្តែ​ ​វា​អាចត្រូវការពេលវេលា ដើម្បី​ទទួល​​បាន​អភ័យ​​ឯក​សិទ្ធិ​ពេញ​លេញ​ឡើងវិញ។ លោកបាន​មាន​ប្រសាសន៍​បន្ត​ថា​ “ បញ្ហា​នេះ គឺ​ពួក​គេ​ [រដ្ឋាភិបាល] មិន​មាន​​នីតិវិធី​​ច្បាស់​លាស់ អំពី​ការ​ផ្តល់​អភ័យ​ឯក​សិទ្ធិ​ឲ្យ​តំណាង​រាស្ត្រ​វិញ​ទេ​”។

លោកបញ្ញាបាន​លើក​ឡើង​ផង​ដែរ​ថា  “ មិនអាចទាយទុកមុនបាន​ទេថា​ តើ​រដ្ឋ​សភា​នឹងព្រម​បោះ​ឆ្នោត​អនុម័ត​ផ្តល់​អភ័យ​ឯក​សិទ្ធិ​​ឲ្យ​លោក​ស្រី​ មូរ សុខហួរ​ វិញ ​តាម​សេចក្តី​បង្គាប់របស់​តុលាការ​​ឬ​យ៉ាង​ណា​ទេ​​។រដ្ឋ​សភា​​ជាតិ​ គឺ​ជា​ស្ថា​ប័ន​នយោ​បាយ​ វា​មិន​មែន​ជា​ស្ថា​ប័នវិជ្ជា​ជី​វៈ​នោះ​ទេ។ ​គេ​មិន​មែន​ជា​មន្ត្រី​​រាជ​ការ​ទេ…ហើយ​គេ​ធ្វើ​​សេចក្តី​​សម្រេច​​ ដោយ​យោង​ទៅ​តាម​គោល​ការណ៍​នយោ​បាយ​”។ លោក​បាន​បន្ថែម​ថាតាំង​ពី​​ដំបូង​មកករណី​ដូច​នេះ​ គឺ​មិន​គួរ​​ឈានដល់ការ​ដក​អភ័យ​ឯក​សិទ្ធិ​​ទេ។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា “ ប្រសិន​បើ​អ្នក​​​ចោទ​ប្រកាន់​ពួក​គេ​​ពាក់​ព័ន្ធ​នឹង​ករណី​​បញ្ចេញ​មតិ…​នោះ​វា​មិន​​លើក​ទឹក​ចិត្ត​ឲ្យ​សមា​ជិក​សភា​បំពេញតួ​នាទី​របស់​ខ្លួន​ ដើម្បី​ត្រួត​ពិនិត្យ​ការងាររដ្ឋា​ភិបាល​ នៅ​តាមមណ្ឌល​ឈរឈ្មោះបាននោះ​ទេ​”៕

(រាយ​ការណ៍​បន្ថែម​ដោយ Abby Seiff)

ប្រែ​សម្រួល​ដោយឃិនណៃ​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស