ដើម្បីពន្យល់បកស្រាយអំពីមូលហេតុដែលឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីនមិនបានឆ្លើយតបតាមការកោះហៅរបស់រដ្ឋាភិបាលក្រុងម៉ានីលឲ្យលោកបញ្ជាក់អំពីការធ្វើអត្ថាធិប្បាយរិះគន់ប្រទេសហ្វីលីពីន ក្រសួងការបរទេសកម្ពុជាបានថ្លែង កាលពីម្សិលមិញថាឯកអគ្គរាជទូតកម្ពុជាគឺលោកហូសសេរីធញ្ញបានបញ្ចប់បេសកកម្មរបស់លោកហើយ។
ប្រទេសហ្វីលីពីនបាននិងកំពុងរង់ចាំការឆ្លើយតបពីលោកសេរីធញ្ញអស់រយៈពេលមួយសបា្តហ៍កន្លងមកហើយបន្ទាប់ពីលោកត្រូវបានមន្ត្រីក្រសួងការបរទេសហ្វីលីពីនកោះហៅ កាលពីថ្ងៃទី៣០ ខែកក្កដា ដើម្បីឲ្យលោកពន្យល់អំពីសេចក្តីថ្លែងការណ៍ជាសាធារណរបស់លោករិះគន់ចំពោះការអត្ថាធិប្បាយរបស់មន្ត្រីហ្វីលីពីនម្នាក់ ដែលបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ កាលពីខែមុន។នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកឯកអគ្គរាជទូតកម្ពុជា បានចោទប្រកាន់ប្រទេសហ្វីលីពីននិងប្រទេសវៀតណាមថាបានយកសេចក្តីថ្លែងការណ៍រួមមក“ធ្វើជាវិទ្ធង្សនានិងធ្វើជាចំណាប់ខ្មាំង”ព្រមទាំងបានចោទប្រកាន់មន្ត្រីហ្វីលីពីនពីបទ “មានឧបាយកលវៀចវេ កេងយកចំណេញ និងបំផ្លើស”ដើម្បីឲ្យគេចាប់អារម្មណ៍មកលើខ្លួនតែប៉ុណ្ណោះ។
លោកកុយគួងអ្នកនាំពាក្យក្រសួងការបរទេសបានសរសេរក្នុងសារមួយថា“ឥឡូវនេះអាណតិ្តរបស់លោកឯកអគ្គរាជទូតបានចប់ហើយ។ដូច្នេះប្រទេសហ្វីលីពីនត្រូវរង់ចាំឯកអគ្គរាជទូតថ្មី”។ នៅពេលសួរថាតើអាណត្តិរបស់លោកសេរីធញ្ញ បានបញ្ចប់ទៅនៅពេលណាដែរហើយឯកអគ្គរាជទូតថ្មីនឹងត្រូវទៅជំនួសរូបលោកពេលណាលោកកុយគួងបានឆ្លើយតបថា“អាណតិ្តរបស់លោកបានបញ្ចប់ក្នុងពេលថ្មីៗនេះ”។
លោកសេរីធញ្ញបានជូនសារតាំងដល់ហ្វីលីពីន កាលពីខែកក្កដាឆ្នាំ២០១០ ដែលមានរយៈពេលជិតពីរឆ្នាំកន្លងមកហើយ។ ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំនៅក្រុងម៉ានីល បានរក្សាភាពស្ងៀមស្ងាត់ក្នុងសបា្តហ៍កន្លងមកនេះដោយមិនបកស្រាយចំពោះចម្ងល់ពាក់ព័ន្ធនឹងការកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងម៉ានីលនេះ។
ហេតុការណ៍ទាក់ទងនឹងការទូតចុងក្រោយបំផុត ដែលបានកើតឡើងរវាងប្រទេសកម្ពុជា និងប្រទេសហ្វីលីពីននេះ បានធ្វើឲ្យប្រទេសជាច្រើនកំពុងយកចិត្តទុកដាក់ថាតើប្រទេសកម្ពុជានឹងដោះស្រាយបញ្ហាជម្លោះដែនទឹកដ៏ស្មុគស្មាញ និងក្តៅគគុកក្នុងសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ដោយវិធីណា ក្នុងនាមជាប្រធានអាស៊ាន។
ក្នុងអំឡុងពេលប្រជុំអាស៊ាន កាលពីខែកក្កដាប្រទេសជាសមាជិកអាស៊ានទាំងអស់ បានពិភាក្សាគ្នាអំពីវិធីដោះស្រាយជម្លោះរវាងប្រទេសជាសមាជិកអាស៊ានមួយចំនួននិងប្រទេសចិន។នៅទីបញ្ចប់នៃកិច្ចប្រជុំនោះគឺមិនទទួលបានកិច្ចព្រមព្រៀងទេនិងមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ ដែលនេះជាប្រវត្តិសាស្រ្តលើកដំបូងរបស់ខ្លួន នារយៈពេល៤៥ឆ្នាំ ដែលខកខានមិនបានចេញសេចក្តីថ្លែងការណ៍រួម។
ក្រុមអ្នកវិភាគបានលើកឡើងថាប្រទេសកម្ពុជាបានព្យាយាមគេចមិនឲ្យមានបញ្ហាជាមួយប្រទេសចិន ក្នុងការដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូង។ ប្រទេសហ្វីលីពីនថ្លែងកាលពីម្សិលមិញថា ខ្លួនរំពឹងថានឹងបានជួបជាមួយឯកអគ្គរាជទូតកម្ពុជា។ លោករ៉ាអ៊ូលហឺណាន់ដេស (Raul Hernandez) អ្នកនាំពាក្យក្រសួងការបរទេសប្រទេសហ្វីលីពីនបានថ្លែងថា“យើងនឹងរង់ចាំឯកអគ្គរាជទូតកម្ពុជាឆ្លើយតបនឹងការអញ្ជើញរបស់យើង”។
លោកហឺណាន់ដេស ថ្លែងថាមន្ត្រីស្ថានទូតកម្ពុជាមិនអាចទាក់ទងបានទេ ចាប់តាំងពីថ្ងៃអង្គារ សបា្តហ៍មុនមកនៅពេលដែលលោកភារធារីទូត បានប្រាប់ថាលោកឯកអគ្គរាជទូត សេរីធញ្ញមានជំងឺ។ លោកមានប្រសាសន៍ថា“យើងសង្ឃឹមថា នៅពេលលោកជាពីជំងឺ លោកនឹងមកជួបយើងយើងសង្ឃឹមថា លោកនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យលោកពន្យល់ និងបញ្ជាក់ប្រាប់យើងអំពីសេចក្តីថ្លែងការណ៍របស់លោក។យើងសង្ឃឹមថាក្នុងនាមជាអ្នកការទូតម្នាក់ លោកដឹងថាលោក ត្រូវធ្វើយ៉ាងដូចម៉្តេច ហើយលោកដឹងថានៅ ពេលណារដ្ឋាភិបាលម្ចាស់ផ្ទះបានកោះហៅអ្នកការទូតណាម្នាក់ ពួកគេតែងតែមកជួបជជែកជាមួយរដ្ឋាភិបាលនៃប្រទេសនោះ”៕
ប្រែសម្រួលដោយ ឃិនណៃ