នៅថ្ងៃព្រហស្បតិ៍ សភាជាតិគ្រោងនឹងពិភាក្សាអំពីកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជូនពលករខ្មែររាប់ពាន់នាក់ ទៅធ្វើការនៅក្នុងប្រទេសកាតា ដែលជាប្រទេសមួយធ្លាប់ទទួលរងការរិះគន់ថា បានរំលោភសិទ្ធិពលករចំណាកស្រុកនៅពេលប្រទេសនេះកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ ២០២២។
យោងតាមលោក គាំ កុសល ប្រធានខុទ្ទកាល័យរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសកាតា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីខែឧសភា ឆ្នាំ២០១១ ដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ។ សមាជិកសភាមានគម្រោងពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ នៅថ្ងៃព្រហស្សតិ៍ ដែលតម្រូវឲ្យមានការផ្តល់សច្ចាប័នដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
កាលពីខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះតែតម្រូវឲ្យមានការ“ ត្រួតពិនិត្យ និងអនុម័ត” ពីរដ្ឋសភា។នៅពេលមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ពីលក្ខខណ្ឌការងាររបស់ពលករ ដែលតម្រូវឲ្យមានកិច្ចសន្យាផ្ទាល់ខ្លួននៅក្នុងកិច្ចសន្យានោះ ពួកគេបាននិយាយថា “ នឹងសមស្របតាមកិច្ចព្រមព្រៀង និងច្បាប់ការងាររបស់ប្រទេសកាតា”។
កិច្ចព្រមព្រៀងនេះបញ្ជាក់ថា និយោជកនឹងទទួលខុសត្រូវ ចំពោះការចំណាយលើការធ្វើដំណើរដោយខ្លួនឯង លើកលែងតែកម្មករលាឈប់ ឬ “ មានកំហុសរហូតឈានដល់បញ្ឈប់ពីការងារ”។
លោក អាន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករមានប្រសាសន៍ថាពលករជាច្រើននាក់នឹងត្រូវបញ្ជូនទៅធ្វើការជាកម្មករសំណង់ សម្រាប់សាងសង់កន្លែងប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក ប៉ុន្តែ ពួកគេក៏ធ្វើការងារផ្នែកផ្តល់សេវាកម្មនិងផ្នែកម្ហូបអាហារផងដែរ។ លោកបានមានប្រសាសន៍ថា ដំបូងមានពលករចំនួន៣.០០០នាក់ ដែលត្រូវបញ្ជូនទៅ ហើយតាមរយៈការងារ ដែលមិនត្រូវការជំនាញ អ្នកទាំងនោះអាចទទួលបានប្រាក់ខែពីចន្លោះ៣០០ ទៅ ៥០០ដុល្លារ ក្នុងមួយខែ ឬសម្រាប់អ្នកមានជំនាញមួយច្បាស់លាស់ អាចទទួលបានប្រាក់ខែរហូតដល់១.៤០០ដុល្លារ។
ចាប់តាំងពីស្ថាប័នគ្រប់គ្រងបាល់ទាត់បានប្រកាស កាលពីខែធ្នូ ឆ្នាំ២០១០ថា ប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទាត់ពិភពលោកនៅឆ្នាំ២០២២អង្គការសិទ្ធិមនុស្ស និងអង្គការពលកម្មអន្តរជាតិ សម្តែងការព្រួយបារម្ភអំពីការអនុវត្តច្បាប់ការងាររបស់ប្រទេសនេះ ។
កាលពីខែមិថុនា អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានព្រមានពលករចំណាកស្រុកធ្វើការនៅក្នុងប្រទេសកាតា ដែលភាគច្រើនមកពីភូមិភាគអាសុីអាគ្នេយ៍ “ អាចទទួលរងការកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរ ព្រមទាំងទទួលរងការរំលោភបំពានផងដែរ ដែលពេលខ្លះពួកគេ ទទួលរងនូវការបង្ខិតបង្ខំឲ្យធ្វើការហួសកម្រិត”៕
ប្រែសម្រួលដោយ ពេជ្រ សុភ័ក្ត្រ