អ្នកភូមិ និងមន្ត្រីមូលដ្ឋានម្នាក់ បាននិយាយកាលពីម្សិលមិញថា លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាបានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីដ៏អូសបន្លាយជាមួយក្រុមហ៊ុនស្ករសរបស់ថៃ កាលពីថ្ងៃច័ន្ទ ជាការប៉ុនប៉ង ដើម្បីបញ្ចុះបញ្ចូលអ្នកភូមិឲ្យដកពាក្យបណ្តឹងរបស់ខ្លួនប្រឆាំងនឹងក្រុមហ៊ុននេះ។
ការចុះសួរសុខទុក្ខនេះធ្វើឡើង ខណៈដែលនៅពេលថ្មីៗនេះមានសម្ពាធកាន់តែខ្លាំងឡើងៗមកលើចម្ការអំពៅ ដែលលោក លី យ៉ុងផាត់ ធ្លាប់មានភាគហ៊ុនមួយដែរនោះ ដោយមានអង្គការក្រៅរដ្ឋាភិបាលនានា ជួយ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលប៉ះពាល់ដោយសារចម្ការអំពៅទាំងនេះដើម្បីធ្វើយុទ្ធនាការមួយមានឈ្មោះថា យុទ្ធនាការស្ករសស្អាតស្អំ ដោយសង្ឃឹមថា ពួកគេនឹងទទួលបានដីនេះមកវិញ។ គ្រួសារទាំងនេះចោទក្រុមហ៊ុនចម្ការអំពៅថា បានរំលោភសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួន និងមិនដោះស្រាយសំណងឲ្យពួកគេបានត្រឹមត្រូវឡើយ។
លោក ស សុង តំណាងប្រជាពលរដ្ឋចំនួន២២០គ្រួសារ ដែលតាំងពីឆ្នាំ២០០៧ បានទាមទារឲ្យប្រគល់ដីទំហំ១.៤៩០ហិកតា នៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ដែលត្រូវបានផ្ដល់ឲ្យក្រុមហ៊ុនឧស្សាហកម្មស្ករសកោះកុង ជាដីសម្បទានសេដ្ឋកិច្ច បានមានប្រសាសន៍ថា “ លោក លី យ៉ុងផាត់ បានមកទីនេះដោយផ្ទាល់ដើម្បីបញ្ចុះបញ្ចូលដើមចោទ ឲ្យដកពាក្យបណ្ដឹងប្តឹងក្រុមហ៊ុនស្ករសនេះជាថ្នូរនឹងប្រាក់”។
លោក សុង បានមានប្រសាសន៍ថា សំណើរបស់លោក លី យ៉ុងផាត់ គឺជាផ្នែកនៃការខិតខំប្រឹងប្រែងរួមក្នុងការជំរុញឲ្យអ្នកភូមិដកពាក្យបណ្ដឹងផ្លូវច្បាប់ទាក់ទងនឹងគម្រោងនេះ។ សាលាដំបូងខេត្តកោះកុង បានកោះហៅអ្នកភូមិប្រាំពីរនាក់ ដែលពាក់ព័ន្ធនឹងវិវាទដីធ្លីនេះ មកសាកសួរពីបញ្ហានេះ កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសារបានដកពាក្យបណ្ដឹងពីការទន្ទ្រានយកដីរបស់ខ្លួន។ ការបើកសវនាការដែលគ្រោងធ្វើឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ត្រូវបានផ្អាកបន្ទាប់ពីប្រជាពលរដ្ឋ១៥គ្រួសារ បានដកពាក្យបណ្ដឹងរបស់ខ្លួនជាបន្ដបន្ទាប់ ដោយទទួលយកប្រាក់មួយគ្រួសារៗ ២.០០០ដុល្លារពីមន្ត្រីក្រុមហ៊ុន។
លោកមេឃុំ ឆាយ វុទ្ធ មានប្រសាសន៍ថា លោក លី យ៉ុងផាត់ បានមកជួបជាមួយអ្នកភូមិដែលត្រូវបានកោះហៅទាំងប្រាំពីររូបនេះ កាលពីថ្ងៃច័ន្ទ។ លោក វុទ្ធ បានមានប្រសាសន៍ថា “ គាត់មកទីនេះដើម្បីប្រាប់គ្រួសារទាំងនេះថា មិនចាំបាច់ទៅតុលាការទេ”។ លោកបន្ថែមថា គ្រួសារទាំងនេះក៏ត្រូវបានប្រាប់ផងដែរថា ពួកគេគួរតែកុំយកចិត្តទុកដាក់ចំពោះគំនាបពីដើមចោទផ្សេងទៀតឡើយ។
លោក វុទ្ធ បានមានប្រសាសន៍ថា នៅឯជំនួបនោះ លោក លី យ៉ុងផាត់ ក៏បានផ្ដល់ប្រាក់ដល់ប្រជាពលរដ្ឋបួនគ្រួសារទៀត ដោយសង្ឃឹមថានឹងបញ្ចុះបញ្ចូលអ្នកភូមិផ្សេងទៀតឲ្យដកបណ្ដឹងរបស់ខ្លួន។លោកបានបន្ដថា “ ក៏ប៉ុន្ដែ ការចរចានេះបានបរាជ័យពីព្រោះមានការមិនយល់ស្របជំុវិញចំនួនប្រាក់ដែលបានផ្ដល់ឲ្យ”។
ដោយត្រូវបានសួរថា តើលោក លី យ៉ុងផាត់ កំពុងតែចរចាជួសមុខឲ្យក្រុមហ៊ុននេះ ឬយ៉ាងណា លោក វុទ្ធ បានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយឡើយ។ លោក លី យ៉ុងផាត់ និងតំណាងក្រុមហ៊ុនស្ករសកោះកុង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ទោះជាយ៉ាងណ លោក វ៉េ វង្ស ដៃគូជនជាតិតៃវ៉ាន់នៅក្នុងក្រុមហ៊ុនចម្ការអំពៅនេះ បានលើកឡើងក្នុងសេចក្ដីប្រកាសមួយកាលពីខែមុនថា លោក លី យ៉ុងផាត់ បានលក់ភាគហ៊ុនក្នុងក្រុមហ៊ុនរយៈពេលពីរឆ្នាំមកហើយ។
វិវាទនៅខេត្តកោះកុង បានធ្វើឲ្យមន្ត្រីសហភាពអឺរ៉ុប មានការយកចិត្តទុកដាក់ ដែលបានលើកឡើងថា ស្ករដែលផលិតនៅចម្ការអំពៅខេត្តកោះកុង អាចមានប្រយោជន៍ ដោយសារតែការនាំចូលរួចពន្ធទៅអឺរ៉ុប ក្រោមគម្រោងមួយឈ្មោះ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(Everything But Arms)។
អ្នកស្រី រិទ្ធ ខឿត អ្នកភូមិដែលបានចូលរួមជំនួបប្រជុំកាលពីថ្ងៃច័ន្ទ បានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា លោក លី យ៉ុងផាត់ បានប្រាប់គ្រួសារទាំងនេះថា “ ខ្ញុំគ្មានភាគហ៊ុននៅក្នុងក្រុមហ៊ុននេះទេ ប៉ុន្ដែ ខ្ញុំមានភារកិច្ចមួយដោះស្រាយបញ្ហានេះ ពីព្រោះខ្ញុំបានបញ្ចុះបញ្ចូលក្រុមហ៊ុនថៃធ្វើវិនិយោគចម្ការអំពៅក្នុងប្រទេសកម្ពុជា”។
អមដំណើរដោយភរិយានិងកូនៗរបស់លោក លោក លី យ៉ុងផាត់ បានប្រាប់អ្នកភូមិថា លោកនឹងចេញប្រាក់ពីហោបៅ៉របស់លោក ដើម្បីដោះស្រាយបញ្ហានេះ។អ្នកស្រី រិទ្ធ ខឿត បានមានប្រសាសន៍ថា អ្នកស្រីត្រូវបានលោក លី យ៉ុងផាត់ ផ្ដល់ប្រាក់ចំនួន២.០០០ដុល្លារ ជាសំណងសម្រាប់ការបាត់បង់ដីបីហិកតារបស់អ្នកស្រី ក៏ប៉ុន្ដែ អ្នកស្រីបានបដិសេធ ពីព្រោះសំណងនេះតិចពេក។
មេធាវីម្នាក់របស់ដើមចោទរដ្ឋប្បវេណី បានហៅជំនួបនេះថា ជាការប្រព្រឹត្តមិនត្រឹមត្រូវទាល់តែសោះ ពីព្រោះវាបានធ្វើឡើង ដោយគ្មានវត្តមានមេធាវីរបស់អ្នកភូមិ។ លោក យិន សុវ៉ាត មេធាវីរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍បន្ថែមទៀតថា “ បើទោះជាកូនក្ដីរបស់ខ្ញុំមួយចំនួន បានដកពាក្យបណ្ដឹងក៏ដោយ ក៏តុលាការនៅតែអាចសម្រេចកាត់ក្តីរឿងក្ដីនេះបានដែរ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី