38 C
Phnom Penh

ម្ចាស់​ជំនួយបញ្ចប់​គម្រោង​ POCs សម្រាប​់​មន្ត្រី​រាជការ​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​ជំនួយ​មួយ​ចំនួន​បាន​លើក​ឡើងកាល​ពី​ម្សិលមិញ​ថា ម្ចាស់​ជំនួយ​​បរទេស​បាន​ផ្អាក​គម្រោង​​ប្រាក់​បន្ថែម​លើ​​ប្រាក់​ខែ​សម្រាប់​​មន្ត្រី​​រាជការ​សាធារណៈ​ បន្ទាប់​ពី​មិន​​មាន​ការបង្ហាញ​​ព័ត៌​មាន​​លម្អិតអំ​​ពី​អនាគត​នៃ​គម្រោង​នេះ​ ជាមួយ​នឹង​រដ្ឋាភិបាល​។

លោក​ ហាឌី រីយ៉ាដ​ (Hady Riad) ទី​ប្រឹក្សា​មួយ​រូប​នៅ​ស្ថាន​ទូត​អាល្លឺម៉ង់ ដែល​បាន​ផ្សព្វ​ផ្សា​យពី​គំនិត​ផ្ដួច​ផ្ដើម​នានា​របស់​ម្ចាស់​ជំនួយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ការ​គ្មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​រាជការ​សាធារណៈ​ដែល​ខ្វះ​មូលនិធិ​​នេះ​បាន​ថ្លែង​ថា “ ដៃ​គូមួយ​​ចំនួន​របស់​រដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​ការ​ផ្តល់​មូល​និធិ​នៅ​ដំណាច់​ខែ​មិថុនា”។

ប្រាក់​បន្ថែម​លើ​ប្រាក់​ខែ​ ដែល​ជា​ផ្លូវ​ការ​គេ​ស្គាល់​ថា ប្រាក់​ប្រតិបត្តិ​ការ​អាទិភាព​ (POCs) គឺ​ជា​វិធី​មួយ​សម្រាប់​ម្ចាស់​ជំនួយ​ដំឡើង​ប្រាក់​ខែ​តិច​តួច​របស់​មន្ត្រី​រាជការ​ ដែល​ធ្វើ​ការឲ្យ​​គម្រោង ដែល​​​បានទទួល​​មូលនិធិ​ពី​ម្ចាស់​ជំនួយ។ នៅ​សប្ដាហ៍​នេះ ​ម្ចាស់​ជំនួយ​មួយ​ចំនួន​ និង​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា ប្រាក់បន្ថែម​នេះ​បាន​ឈាន​ដល់​ទី​បញ្ចប់​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា គឺ​​បន្ទាប់​ពី​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​​។​​

លោក​ ហាឌី រីយ៉ាដ ថ្លែង​ថា ម្ចាស់​ជំនួយ​សង្ឃឹម​ថា បាន​​ធ្វើ​ការ​ពិភាក្សា​ចាំបាច់​នានា​ជាមួយ​រដ្ឋាភិបាល​អំពី​អនាគត​របស់​គម្រោង POCs កាល​ ពី​ខែ​វិច្ឆិកា ឆ្នាំមុន​ នៅ​វេទិកា​សហ​​ប្រតិបត្តិ​ការ​អភិវឌ្ឍ​ន៍​កម្ពុជា​ (Cambodian Development Cooperation Forum)។ ប៉ុន្ដែ នៅ​ពេល​ដែល​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​​ភ្ញាក់​ផ្អើល​ ដោយ​សារ​ការ​ពន្យារ​​ពេល​វេទិកា​នេះ​ដោយ​មិន​បញ្ជាក់​ហេតុផល​ច្បាស់​លាស់​នោះ​ ការ​ពិភាក្សា​ស្ដី​ពី POCs មិន​ដែល​កើត​ឡើង​ឡើយ។

វេទិកា​ដែល​ធ្វើ​ឡើង​ប្រហែល​១៨​ខែម្ដង​នេះ គឺ​ជា​ឱកាស​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​​​ និង​ម្ចាស់​ជំនួយ​ ដើម្បី​ពិភាក្សា​អំពី​កម្រិត​ជំនួយ​ប្រសិទ្ធ​ភាព​ជំនួយ និង​ដំណើរ​ការ​កែទម្រង់​។

លោក​ ហាឌី រីយ៉ាដ បាន​មាន​ប្រសាសន៍​ថាបន្ទាប់​ពី​លុប​វេទិកា​នេះ​ចោល ម្ចាស់​ជំនួយ​បាន​ជូន​ដំណឹង​មក​រដ្ឋាភិបាល​ថា ពួក​គេ​នឹង​បញ្ចប់​គម្រោង POCs ត្រឹម​ខែ​កក្កដា។ លោក​បាន​បន្ថែម​ថា ការ​ពិភាក្សា​​​នៅ​ថ្នាក់​ក្រោម​បាន​​បន្ដ​ ប៉ុន្ដែ​ វេទិកា​ម្ចាស់​ជំនួយ​នៅ​មិន​ទាន់​​មាន​ការ​កំណត់​​​ពេល​ឡើងវិញ​​នៅ​ឡើយ​ទេ​។

លោក ហាឌី រីយ៉ាដ បាន​មាន​ប្រសាសន៍​ដោយ​មិនលម្អិត​ថា “ យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ស្ដី​ពី​កំណែ​ទម្រង់​ទូទាត់​។ ពេល​នេះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នេះ​នៅ​ឡើយ”។មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ដែល​បាន​និង​កំពុង​ធ្វើ​ការ​ជាមួយ​ម្ចាស់​ជំនួយ​លើ​បញ្ហា​ POCs បាន​សុំ​មិន​បំភ្លឺទេ​ទាក់​ទិន​នឹង​​ការ​បញ្ចប់​កម្មវិធី​នេះ​។

បុគ្គលិក​នៅ​អង្គការ​នានា ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​ POCs ដូច​ជា​អង្គការ​​សុខភាព​ពិភព​លោក​ (WHO) អង្គការ​ក្លូប៊ល​ ហ្វាន់​ (Global Fund) និង​អង្គការមេឌីកាំ (Medicam)​ ជា​អង្គការ​រួម​ដ៏​ធំ​មួយ​ ដែលគ្រប់​គ្រង​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ដែល​​ធ្វើ​ការ​ខាង​វិស័យ​សុខាភិបាល​ជា​ដើម​នោះ​ ភាគ​ច្រើន​ហាក់​ដូច​ជា​មិន​ដឹង​អំពី​ជោគ​វាសនា​របស់​ខ្លួន​ឡើយ​។​​

លោក ជីវ ប៊ុនធី​ ប្រធាន​រដ្ឋបាល​នៃ​គណៈ​កម្មាធិការ​សម្រប​សម្រួល​របស់​អង្គការ​ក្លូប៊ល​ ហ្វាន់ ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ថ្លែង​​ថា “ ​មាន​ពាក​្យ​ចចាម​អារ៉ាម​ជា​ច្រើន​ ប៉ុន្ដែ យើង​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ​”។

គម្រោង​ POCs នេះ​​គឺ​ជា​ការ​ជំនួស​គម្រោង​​​ប្រាក់​បន្ថែម​លើ​ប្រាក់​ខែ​មុន​ៗ​ចំនួន​បី​ ដែល​បាន​រង​ការ​រិះ​គន់​ចំពោះ​ការ​ទូទាត់​សម្រាប់​​ក្រសួង​ផ្សេង​ៗ​ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា​ និង​​សម្រាប់​​គម្លាត​​ដ៏​ធំ​រវាង​ប្រាក់​​បន្ថែម​តិច​តួច​បំផុត​ និង​ច្រើន​បំផុត​។ គម្រោងPOCs មាន​ពី​៦០​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​មន្ត្រី​រាជ​ការ​ថ្នាក់​ទាប​ រហូត​ដល់​៤០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​​ប្រធាន​​គម្រោង​។

តាម​រយៈ​ការ​ដំឡើង​ប្រាក់​ខែ​របស់​ពួកគេ រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​នានា​សង្ឃឹម​ថា នឹង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រាជការ​សាធារណៈ ដើម្បី​កាត់​បន្ថយ​ការ​ទាម​ទារ​សំណូក​​ និង​ការ​ទៅ​ធ្វើ​ការ​ងារ​ទី​២​ ទី​៣ ក្នុង​វិស័យ​ឯកជន​ ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​។

លោក​ ទៀ ផល្លា អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​​បាន​​ថ្លែង​ថា បុគ្គលិក​ប្រហែល​២.០០០​នាក់​​​ក្នុង​វិស័យ​សុខាភិបាល​​ទទួល​បាន​គម្រោង​POCs ទូទាំង​ប្រទេស ដោយ​​ទទួល​បាន​ប្រាក់​បន្ថែម​សរុប​ចំនួន​១,៤៤​លាន​ដុល្លា​រ​ក្នុង​មួយ​ឆ្នាំ​ៗ​។ លោក​បាន​បន្ដ​ថា លោក​ក៏​បាន​​ដឹង​ពី​ការ​លុប​ចោល​កម្មវិធី​នេះ​ដែរ​ ប៉ុន្ដែ បាន​ថ្លែង​ថា វា​ឆាប់​រហ័ស​ពេក ដូច្នេះ​​ពេល​នេះ​ លោក​មិន​អាច​និយាយ​បាន​ថា ​តើ​វា​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ចិត្ត​របស់​មន្ត្រី​សុខា​ភិបាល​ឬយ៉ាងណា​ទេ​។

​លោកបាន​ថ្លែង​ថា  ទោះ​ជា​យ៉ាង​ណា ​ក្នុង​​ពេល​​​កន្លងមក មានការ​បើក​ប្រាក់​ពី​គម្រោង​POCs និង​ប្រាក់​​បន្ថែម​ផ្សេងៗ​ទៀត​យឺត​យ៉ាវ​ជា​ញឹក​ញាប់។ នៅ​ពេល​ផ្អាក​គម្រោង​ POCs ក៏​នឹង​មាន​ការ​កាត់​បន្ថយ​សេវាខ្លះ​ដែរ​ ប៉ុន្ដែ ជា​រួម​ខ្ញុំ​គិត​ថា ពួក​គេ​នៅតែ​បន្ដ​ធ្វើ​ការ​ងារ​ដដែល​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “​ វា​ជា​បញ្ហា​ពេលវេលា​។ ប្រសិន​បើ​​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​មិន​គ្រប់​គ្រាន់​ ពួក​គេ​នឹង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ខា​ង​ក្រៅ​ដើម្បី​​ស្វែង​រក​ប្រាក់​បន្ថែម”៕

ប្រែ​សម្រួល​ដោយ តែម សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស