30 C
Phnom Penh

សមាជិក​សភា​គណបក្ស​ សម​ រង្ស៊ី ស្នើ​ឲ្យ​រដ្ឋ​សភា​ពិភាក្សា​ពី​បញ្ហា​ព្រំ​ដែន​ជា​មួយ​ប្រ​​ទេស​វៀត​ណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​ គណបក្ស​ សម រង្ស៊ី​ បាន​​ស្នើឲ្យរដ្ឋសភា​អនុញ្ញាត​ឲ្យពួក​គាត់​​​សួរ​សំណួរ​​ថ្មី​ៗ​ទៀត​ដល់​​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ពេលលោក​​មក​​ឆ្លើយ​​បំ​ភ្លឺ​នៅ​ចំពោះ​​​មុខ​ពួក​គាត់​នៅ​ថ្ងៃ​ស្អែកដើម្បី​ដោះ​ស្រាយ​កង្វល់​នានា​អំពី​​បញ្ហា​ព្រំ​ដែន​ជា​មួយ​ប្រទេសវៀតណាម ​ដែល​​មិន​ទាន់​បាន​​កំណត់​​ព្រំ​ដែន​ឲ្យ​បាន​ត្រឹម​ត្រូវ។

គណបក្ស សម រង្ស៊ី បាន​ស្នើ​យ៉ាង​ទទូច​ជា​យូរមក​ហើយ​ឲ្យរដ្ឋាភិបាល​ឆ្លើយ​តប​​ចំ​ពោះ​ការ​អះអាង​របស់​ខ្លួន​ដែល​ថា រដ្ឋា​ភិបាល​បាន​​កាត់​ដី​ដែល​​ជាកម្ម​សិទិ្ធ​ស្រប​ច្បាប់​របស់​ប្រទេសកម្ពុជា​ឲ្យទៅ​ប្រទេសវៀតណាម​ ក៏ប៉ុន្តែ​​ រដ្ឋាភិបាល​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​​ចំពោះ​​ការអះអាងទាំង​នោះ​និង​បាន​ប្តឹង លោក សម​ រង្សុី ប្រធាន​គណបក្ស សម​ រង្ស៊ី ដោយ​ជោគជ័យ ពី​បទ​ផ្សព្វផ្សាយ​ផែនទីដែល​គាំទ្រ​ការ​អះអាង​របស់​គណបក្ស សម រង្ស៊ី តាម​ប្រព័ន្ធអីុនធើណិត​។

មានការ​ពិភាក្សា​​​ជា​ច្រើន​អំពីរឿង​នេះ​ កាលពីខែមិថុនា ​នៅ​ពេល​​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​បាន​រាយការណ៍ថា រដ្ឋាភិបាល​មាន​គម្រោង​កាត់​ភូមិ​ពីរ​ដែល​ស្ថិត​នៅក្នុង​ខេត្ត​កំពង់​ចាម​ ឲ្យទៅ​​​ប្រទេស​វៀតណាម។ កាល​ពី​សប្តាហ៍មុន ​លោក ហ៊ុន សែន បាន​យល់​ព្រម ​ដើម្បី​ឆ្លើយ​​​បំ​ភ្លឺ​​ចំ​ពោះ​​កង្វល់​ទាំង​នោះ​​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើចុះ​ថ្ងៃទី២៦​ខែ​មិថុនា​របស់​លោក សុន ឆ័យ ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី។

នៅ​ក្នុង​លិខិត​ទី​២ ​ចុះ​ថ្ងៃ​ច័ន្ទ​ និង​​ទទួល​បាន​​កាលពីម្សិលមិញ បាន​លើក​ឡើង​ថា​គណបក្ស សម រង្ស៊ី បាន​ស្នើសុំ​ឲ្យប្រធាន​រដ្ឋសភា​ លោក ហេង សំរិន អនុញ្ញាត​ឲ្យមាន​ការ​ពិភាក្សាពេញ​អង្គ​​អំពី​បញ្ហា​ព្រំ​ដែន​នេះ​នៅ​រដ្ឋ​សភា​។

លិខិត​នោះ​បាន​លើក​ឡើង​បន្ត​ទៀតថា “យើង​សូម​ស្នើឲ្យមាន​ការ​ពិភាក្សា​ផ្លាស់​ប្តូរយោបល់​គ្នា​រវាង​សមា​ជិក​សភា​គណបក្ស ប្រឆាំង​និង​សមាជិក​សភា​គណបក្ស ​កាន់​អំណាច​។  ការ​ពិភាក្សា​នេះ​អាច​ផ្តល់​ព័ត៌មាន​ច្បាស់​លាស់​អំពី​ការ​កំណត់​ព្រំដែន​ជូន​ប្រជា​ពល​រដ្ឋ​របស់​យើង​ដែល​ជាម្ចាស់​ប្រទេស​និង​វា​​ឆ្លុះ​បញ្ចាំង​ពីការ​ទទួល​ខុស​ត្រូវ​របស់​ស្ថា​ប័ន​នី​តិ​ប្រតិបត្តិ​និង​នីតិ​បញ្ញត្តិ​”។

លោក ងួន ញ៉ិល អនុប្រធាន​រដ្ឋសភា​បាន​ថ្លែង​ថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន នឹង​ឆ្លើយ​បំភ្លឺ​​​នូវ​សំណួរ​​ចំនួន​​បួន​ដែល​លោក សុន ឆ័យ បាន​​សួរ​នៅ​​ក្នុង​លិខិត​របស់​លោក​ ចុះ​​ពី​ថ្ងៃទី២៦​ខែកក្កដា តែ​ទោះ​ជា​យ៉ាង​ណា​លោកថ្លែង​ថា​លោក​មិន​បាន​ដឹងថា​តើ​​នឹង​អនុញ្ញាត​ឲ្យ​មាន​សំណួរ​​​បន្ថែម​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ។

កាល​ពីថ្ងៃ​ទី១ ខែសីហា ​ លោក  ហ៊ុន សែន​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​ថា លោកត្រូវ​ចំណាយ​ពេល​បួន​ម៉ោង ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​លោក សុន ឆ័យ។ កាលពីម្សិលមិញ​ផង​ដែរ ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយចោទ​ប្រកាន់​ “ ជន​រួម​ជាតិ​​” ​​ដែល​​គេ​មិន​បញ្ចេញ​​ឈ្មោះ​ម្នាក់​ថា  ​បាន​​ចម្លង​ហត្ថលេខា​របស់​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៤ខែ​សីហា​នៅ​លើ​លិខិត​មួយ​ចុះ​​ថ្ងៃទី៦​ខែសីហា អំពីគម្រោង​របស់​លោក ​ដើម្បី​ឆ្លើយ​បំភ្លឺ​អំពី​​បញ្ហាព្រំដែន​នៅ​រដ្ឋសភា​​។​ ក្នុង​លិខិត​នោះ​បាន​លើក​ឡើងបន្ត​​ថា ​“ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បាន​បដិសេធ​​នូវ​​ព័ត៌មាន​មិន​ពិត​នេះ និង​​​ចាត់​ទុក​ទង្វើ​នេះ​ថា​ ជា​ទង្វើ​​​ថោក​ទាប”៕

ប្រែសម្រួលដោយ ឃិន ណៃ​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស