29.3 C
Phnom Penh

លោក ហ៊ុន សែន ៖​ ប្រជា​ជន​គ្រប់រូប ​​គួរទស្សនា​ការថ្លែង​សុន្ទរ​កថា​​ស្តី​ពី​​ បញ្ហា​ព្រំ​ដែនជាមួយ​​​វៀត​​ណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​បាន​ណែ​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ផ្អាក​ការងារ​របស់​ខ្លួន​សិន ហើយ​​តាម​ដានមើល​ការ​ថ្លែង “សុន្ទរកថាជា​ប្រ​វត្តិ​​សាស្ត្រ” របស់​លោក​ស្តីពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសវៀត​ណាម ដែល​លោក​គ្រោង​នឹង​ថ្លែង​នៅ​រដ្ឋ​សភា​នា​ថ្ងៃ​នេះ។

ទីស្តីការ​គណ:រដ្ឋ​មន្ត្រី​ និង​សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​អំពាវ​នាវ​ដល់បណ្តាភោជនីយ​ដ្ឋាន​ទាំង​អស់ ម្ចាស់​ហាង​ និយោជក និង​បណ្តា​ស្ថាប័ន​​របស់​រដ្ឋាភិបាល​ ឲ្យ​មើល​ផ្សាយ​ការ​ថ្លែង​សុន្ទរកថា​ទាំង​ស្រុង​​របស់​លោក​ដែល​មា​ន​រយ:ពេល​បួន​​ម៉ោង​ ដោយអនុញ្ញាតឲ្យ​អតិថិ​ជន​ និង​បុគ្គលិក​​​អាចទស្សនាបានដែរ។

លោក ហ៊ុន​ សែន​ ​មាន​ប្រ​សាសន៍​​ដូច្នេះ​ក្នុ​ង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់់​កំណាត់​ផ្លូវ​ជាតិ​ថ្មី​មួយ​ថា “ សូ​ម​​ក្មួយ​ៗ​ទាំ​ង​អស់ជួប​ជុំ​គ្នា​​នៅ​កន្លែង​​ណា​ ដែល​មាន​ទូរទស្សន៍។មន្ត្រី​រាជ​ការ​ ​និង​កង​កម្លាំ​ង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​តែ​​នាំគ្នា​ទៅ​ធ្វើ​ការ​ ប៉ុន្តែ​ការងារ​របស់​ពួកគេ​ គឺ​អង្គុយ​ស្តាប់”។

ការ​ថ្លែង​សុន្ទរ​កថា​របស់​លោក ហ៊ុន សែនក្នុងសភា​ជាតិ ​ធ្វើ​ឡើង​ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​​សួរ​ពី​សំណាក់​តំណាង​រាស្ត្រមក​ពី​គណ​បក្ស​ សម រង្ស៊ី ពាក់​ព័ន្ធ​នឹង​ការ​បោះ​បង្គោលព្រំ​ដែន​ ដែល​គណ​បក្ស​ប្រឆាំង​​មួយ​នេះ​បាន​អះអាង​ថា កំពុង​ត្រូវ​បានប្រើ​ប្រាស់​ដើម្បី​​កាត់​ដី​ឲ្យ​ទៅ​ប្រទេស​វៀត​ណាម។

នៅ​ក្នុង​សេច​ក្តី​ប្រ​កាស​មួយ​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ សាលា​រាជ​ធានី​​បាន​ស្នើ​សុំ​ឲ្យ​ “ ​រោង​ចក្រ សហគ្រាស ក្រុម​ហ៊ុន ហាង​លក់ដូរ​​និង​ភោជនីយដ្ឋាន​នានា​បើក​ទូរទស្សន៍​ឲ្យ​ចំ​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​នេះ ​ដើម្បីឲ្យ​និយោ​ជិត​ បុគ្គលិក និយោជក និង​អតិថិជន​បាន​មើល​ទាំង​​អស់គ្នា​”។​

សេច​ក្តី​ប្រកាស​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា សាលា​សង្កាត់​ និង​សាលា​ខណ្ឌ​​គួរតែ “ ត្រៀម​ទូរទស្សន៍​នៅតាម​វត្ត​​អារាម​​​​ ស្ថានីយ​ ចំណត​ និង​ទី​សាធារណ:នានា ​សម្រាប់​ឲ្យ​ព្រះ​សង្ឃ​ និង​សាធារណជន​បាន​មើល​ផង”។ សេច​ក្តី​ប្រ​កាស​អំពីការថ្លែង​សុន្ទរ​កថា​ដ៏វែង​របស់​លោក​​​នាយក​រដ្ឋ​មន្ត្រី នឹង​ជួយ​សាធារណជន​“ កុំឲ្យមានការ​ភាន់​ច្រ​ឡំ​តាមរ​យ:​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែលបាន​ផ្សាយ​ព័ត៌​មាន​ខុស​គ្មាន​មូលដ្ឋាន​ច្បាប់ ពី​សំណាក់​ជន​អគតិ”។ សេច​ក្តី​ប្រ​កាស​ស្រ​ដៀង​គ្នា​ដែរ ​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក​ ប្រាក់ សុខុន រដ្ឋ​លេខា​ធិការ​ទីស្តីការ​គណ:រដ្ឋ​មន្ត្រី​ ត្រូវ​បានទីស្តី​ការ​គណ:រដ្ឋ​មន្ត្រី ផ្សព្វ​ផ្សាយ​ទូទាំង​ប្រទេស​។ លោក គួច ចំរើន អភិបាល​ខណ្ឌ​មាន​ជ័យ ​មាន​​ប្រសាសន៍ កាល​ពី​ម្សិល​មិញ​ថា “ ខ្ញុំ​បាន​បញ្ជា​​ចៅសង្កាត់​របស់​ខ្ញុំ​ឲ្យ​ប្រាប់​ប្រជា​ពល​រដ្ឋ​​ឲ្យមើលសម្តេច​​នាយក​រដ្ឋ​មន្ត្រី​ពន្យល់​បក​ស្រាយ​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​ស្អែក​នេះ”។

នៅ​កន្លែង​ធ្វើ​ការ​នានា នាយក​គ្រប់​គ្រង​បាន​និយាយ​ថា ពួកគេ​ក៏​នឹង​ចាក់​ផ្សាយ​ការ​ថ្លែង​សុន្ទរកថា​នេះដែរ​ ឬ​ប្រាប់​​កម្មករ​របស់​ខ្លួន​ឲ្យតាមស្តាប់​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នៅ​ពេល​ល្ងាច។

លោក ហុង លុយ ប្រធាន​រដ្ឋ​បាលនៅ​ឯ​រោង​ចក្រ​កាត់​ដេរ​ សាប្រ៊ីណា (Sabrina) ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​លើក​ឡើងថា “ ពេល​​នេះ​យើង​កំពុង​ប្រញាប់​ប្រញាល់​ដឹក​ជញ្ជូ​នផលិត​ផល​ចេញ​​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែខ្ញុំ​​នឹង​ប្រាប់​ឲ្យ​កម្មករ​តាមដានមើល​ការ​ថ្លែង​សុន្ទរកថា​នេះ​អំឡុង​ពេល​បាយ​ថ្ងៃ​ត្រង់”។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​​បាន​មាន​ប្រ​សាសន៍​ថា “ នគរ​បាល​គ្រប់់​រូប​នឹង​មើល​សម្តេច”។​ លោក​បាន​បន្តថា ក្រសួង​​​មហាផ្ទៃ​បាន​ជូន​ដំណឹង​ទៅ​ប្រធាន​នាយកដ្ឋាន​ទាំងអស់រួច​ហើយ ឲ្យ​ចាក់​ផ្សាយ​ការ​ថ្លែង​សុន្ទរកថា​នេះ។ ទោះ​បីជា​មាន​ការ​រំពឹង​​ថា ​មន្ត្រី​រាជ​ការ​​នឹង​តាម​ដាន​មើល​ការ​ថ្លែង​​សុន្ទរ​កថា​នេះ ​ខណ:ពេល​កំពុង​ធ្វើការ​ក្តី ក៏​លោក ហ៊ុន សែន ​​​បាន​មាន​​ប្រ​សាសន៍​ថា លោក​អនុញ្ញាត​ឲ្យ​ក្រុម​​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែល​កំពុងវាស់​វែង​ដី​ធ្លី​ ក្នុង​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ថ្មី​ជួស​មុខ​ឲ្យ​ក្រសួង​រៀប​ចំដែន​ដី នគរូប​នីយកម្ម និង​សំណង់​​ បាន​ឈប់​សម្រាក​មួយ​ថ្ងៃ។ លោក ហ៊ុន សែន បាន​មាន​​ប្រសា​សន៍​ថា លោក​សង្ឃឹម​ថា និស្សិតស្ម័គ្រ​ចិត្ត​ទាំង​អស់​ក៏​នឹង​មើល​ការ​ថ្លែង​សុន្ទរកថា​នេះ​ដែរ។

​លោកមាន​ប្រសាសន៍​បន្ថែម​ថា លោក​​បាន​បញ្ជា​ទៅ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុងទាំង​អស់​ឲ្យ​ប្រ​មូល​ផ្តុំ​សិស្ស​ និស្សិត​នៅតាម​វត្ត​អារាម ឬសាលា​ស្រុក ដើម្បី​មើល​​ឬស្តាប់​សុន្ទរកថា​នេះ។ លោក​​បាន​ថ្លែង​ថា “ ទូរទស្សន៍​ និង​វិទ្យុ​គ្រប់​ប៉ុស្តិ៍​ទាំងអស់នឹង​​ផ្សាយបន្តផ្ទាល់​”។​លោក​​បន្តថា អ្នក​មើល​​មិន​គួរ​ចាត់​ទុក​ឱ​កាស​នេះ​ថា​ជា​“ ការ​សម្រាក” ឡើយ ថ្វី​បើបានសម្រាកពី​ការ​ងារ​រយៈពេល​បួន​ម៉ោង​ក៏​ដោយ។ លោក​​បានលើក​ឡើង​ទៀត​ថា “ នេះ​ជា​ពេល​​មួយ​ដើម្បីសិក្សា​អំពី​ប្រ​វត្តិ​សាស្ត្រ​របស់​ប្រទេស​កម្ពុជា ទាក់​ទិននឹង​បញ្ហា​ព្រំ​ដែន”៕

ប្រែ​សម្រួល​ដោយ​ តែម​ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស