31 C
Phnom Penh

លោក ហ៊ុន សែន៖ កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីទទួល​បាន​ជោគ​ជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​មានប្រសាសន៍ កាលពី​ម្សិលមិញ​ថា រដ្ឋាភិ​បាលបានទទួលស្គាល់ប្រជា​ពល​រដ្ឋ​ជិត​១០០​.០០០​គ្រួសារ​ ដែល​ពេល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ហើយមាន​ផែនការជា​ច្រើន​​ ដើម្បីរៀបចំដីធ្លីឲ្យ​ប្រជា​ជន​រាប់​មុឺន​គ្រួសារ​ទៀត ​នៅ​ខែ​ខាងមុខ​នេះ។

លោក ហ៊ុន សែន មាន​ប្រសាសន៍ដូច្នេះ​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាង​សង់​កំណាត់ផ្លូវ​ជាតិ​លេខ​៦១ប្រវែង​១២៨​គីឡូមែ៉ត្រ​ ក្នុ​ង​ខេត្ត​កំពង់​ធំ ក្នុងរយៈពេល​តែ​មួយ​សប្ដាហ៍​​ប៉ុណ្ណោះ បន្ទាប់ពី​​លោកបាន​ប្រកាស​ថា និស្សិត​​ដែល​ទៅ​វាស់​វែង​ដី​សម្រាប់​កម្មវិធី​នេះនឹង​មិនធ្វើ​ការ​នៅ​ក្នុង​តំបន់​ ដែល​​ជម្លោះ​កំពុង​បន្ដ​កើត​ឡើង​ទៀត​ទេ ហើយថា ពេល​វេលា​​កំណត់​សម្រាប់​ការ​វាស់​វែង​ដី​ធ្លី​អាច​នឹង​ពន្យារពេល​តទៅទៀត​។

លោក ហ៊ុន សែន បានមាន​ប្រសាសន៍​ថា “ យើង​ស្ថិត​នៅលើ​ផ្លូវ​របស់​យើង ដើម្បី​ឈាន​ដល់​គោល​ដៅ​របស់​យើង។ យើង​ត្រូវ​ការ​តែ​៥.០០០​គ្រួសារ​ទេៀត​ ដើម្បី​ឲ្យ​ឈាន​ដល់​១០០.០០០​គ្រួសារ​។ ផែន​ការ​របស់​យើង​ គឺត្រូវ​វាស់​វែង​ដី​របស់​ប្រជា​ពល​រដ្ឋ​ជាង​៣៥០​.០០០​គ្រួសារ​នៅ​លើ​ដីទំហំ​១,២លាន​ហិកតា ដើម្បី​ផ្ដល់សិទ្ធិដល់​ប្រជា​ពល​រដ្ឋ​ ដើម្បី​ធ្វើ​ជា​ម្ចាស់​ដី​របស់​ខ្លួន​”។ លោកបាន​ពន្យល់​ថា ប្រជា​ពល​រដ្ឋ​សរុប​៩៥.០៦៨​គ្រួសារ​​​ ត្រូវ​បាន​បន្ថែម​ក្នុង​បញ្ជី​ឈ្មោះរបស់ប្រជា​ពល​រដ្ឋ​ ដែល​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​​។ ក្នុង​ចំណោម​គ្រួសារ​ទាំង​នោះ មាន​៧៤.០៤៥​គ្រួសារ​ ដែល​ព្រំ​ដី​របស់​ខ្លួន​ត្រូវបាន​កំណត់រួចហើយ។

លោក ហ៊ុន សែន មិន​បាន​លើក​ឡើង​នូវ​ផែន​ការ​ត្រូវ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ឲ្យ​គ្រួសារ​ទាំង​ឡាយ​នោះ​នៅ​ពេល​អនា​គត​ទេ។ លោក​ ហ៊ុន សែន ​លើក​ឡើង​ថា“ ឥឡូវ​សូម​សង់​ផ្ទះ​ឲ្យ​បាន​ធំចុះ និងគ្មាន​នរណា​ម្នាក់​ហ៊ាន​បោក​ប្រាស់​បងប្អូនទេ​ និង​សូម​ដាំដំណាំ​ផង​។ តែសូមកុំលក់​ដី​​។ រក្សា​វា​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​”។ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​អង្កេត​ ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ ថ្លែង​ថា ​អង្គការ​របស់លោក​មិន​អាច​វាយ​តម្លៃ​ដោយ ​ឯក​រាជ្យ​ ចំពោះ​តួលេខ ​ដែលលោក  ហ៊ុន សែន បាន​ផ្ដល់​នោះទេ ដោយ​សារ​អង្គ​ការ​​របស់​លោកមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ចូល​រួម​ត្រួត​ពិនិត្យ​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ឡើយ។ចាប់​តាំង​ពី​ខែ​មិថុនាមក និស្សិត​ស្ម័គ្រ​ចិត្ត​ជាង១.000​នាក់​ ដែល​សហ​ការ​ជាមួយ​មន្ត្រី​​ មក​ពីក្រសួង​រៀប​ចំដែន​ដី នគរូប​នីយកម្ម និង​សំណង់ ត្រូវបាន​បញ្ជូន​ទៅ​តាមតំបន់​ដាច់​ស្រយាល​ ដើម្បី​វាស់​វែង​ដី តាមការអះអាង​របស់អ្នក​ភូមិ​​ នៅក្នុងតំបន់ដី​ព្រៃរបស់​រដ្ឋ​ ព្រម​​ទាំង​ដីសម្បទាន​សេដ្ឋកិច្ច​ផងដែរ។

ភ្លាមៗ​បន្ទាប់​ពីគម្រោង​ផ្ដល់​កម្មសិទ្ធិ​ត្រូវ​បាន​ប្រកាស​ កាលពី​ខែ​មិថុនាមក ប្រជា​ពល​រដ្ឋ​រាប់​រយគ្រួសារ​​សុំ​កាសែត​វីដេអូ​ ថត​សុន្ទរ​កថា របស់លោក​ ហ៊ុន សែន ដែល​បញ្ជាក់​អំពី​ផែនការ​របស់​លោក។ អ្នក​ភូមិជាច្រើន​បាន​ត្រឡប់​ទៅ​រស់នៅលើ​ដី​ ដែល​ពួកគេធ្លាប់​ត្រូវ​បាន​បណ្ដេញ​ចេញជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ទទួលបានប័ណ្ណពីគម្រោង​នេះ។

ក៏ប៉ុន្ដែ បុគ្គលិក​សិទ្ធិ​មនុស្ស​ បានលើក​ឡើង​ថា វិសាលភាពរបស់​គម្រោង​នេះ​មិន​ច្បាស់​លាស់​ប៉ុន្មាន​ទេ ហើយ​ថា  សេចក្ដី​ប្រកាស​របស់លោក ហ៊ុន សែន ថា ដី​​មាន​ជម្លោះ​នឹង​មិន​ត្រូវ​រាប់​បញ្ចូល​ក្នុង​គម្រោង​នោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​មាន​អារម្មណ៍ថា​ ជា​ការ​បោក​ប្រាស់​។ ខណៈ​ដែល​ចំនួន​ប្រជាពល​រដ្ឋ​​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​គម្រោង​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​នៅ​មិនទាន់​ច្បាស់​នៅ​ឡើយ ក្រុម​អ្នក​រិះ​គន់​ចំពោះគោល​ការណ៍​នេះ លើក​ឡើងថា អ្នក​ចង់បានប័ណ្ណ​កម្ម​សិទ្ធិ​ភាគ​ច្រើន​បំផុត​ គេ​មិន​ទាន់ឲ្យ​ឡើយ​។

លោក សៀ​ភារម្យ នាយក​លេខាធិការ​ដ្ឋាន​ ​ក្រុមការងារពិសេសសិទ្ធិ​លំនៅដ្ឋាន​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ថ្លែង​ថា  “ ប្រជា​ពល​រដ្ឋ​ពិត​ជាសប្បាយ​រីក​រាយ ដោយ​ពួកគេ​គិត​ថា​ ដីមា​ន​ជម្លោះ​របស់​ពួកគេ​នឹង​ត្រូវ​​ក្រុម​ស្ម័គ្រ​ចិត្ត​ជួយ​ដោះ​ស្រាយ​ឲ្យ។ ​​ពេល​នេះ ពួកគេ​ខក​ចិត្ត​ណាស់”។

ជា​ឧទាហរណ៍​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ប្រជា​ពល​រដ្ឋ​ជាង​១០០​គ្រួសារ​បាន​វិល​ត្រឡប់ទៅ​រស់​នៅ​លើ​ដី​​ ដែល​ពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ក្នុង​ឆ្នាំ​២០០៧ ដោយ​សង្ឃឹម​ថា នឹងបាន​ជួបក្រុម​និស្សិត ដើម្បី​ឲ្យ​ជួយកំណត់​ព្រំ​ដី​របស់​ខ្លួន។ ក៏ប៉ុន្ដែ ពេល​នេះ​ពួកគេ​កំពុង​តែ​ចាប់​ផ្ដើម​អស់​សង្ឃឹម។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ អ៊ុង ដានី អាយុ​៤៤​ឆ្នាំ​បាន​និយាយ​ថា “ យើង​បាន​ត្រឡប់​ទៅ​រស់​នៅ​លើ​ដី​នេះ​វិញ ពីព្រោះយើង​សង្ឃឹមថា គម្រោង​ថ្មី​របស់​សម្ដេច​ ហ៊ុន សែន នឹង​ជួយ​ឲ្យយើង​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិស្របច្បាប់​ ដែលយើង​ធ្លាប់​រស់​នៅ និង​ធ្វើ​ស្រែ​ចម្ការ​យូរហើយ។ កាលពី​សប្ដាហ៍​មុន សម្ដេច​ ហ៊ុន សែន បាន​ប្រកាស​ថា និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោកនឹង​មិនទទួល​បន្ទុក​ក្នុង​ការ​វាស់​វែង​ និង​កំណត់​ព្រំដី​ណា ដែល​មាន​​ជម្លោះ​នោះ​ទេ។​

ដូច្នេះ ខ្ញុំមិន​ច្បាស់​ថា តើ​យើង​នឹង​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ ឬ​អត់​នោះទេ”។ ចំណែកក្រុម​និស្សិត​​​ ក៏មាន​បញ្ហា​អំពីសមត្ថ​​ ភាព​របស់ខ្លួនផង​ដែរ នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ផ្ដល់​ប័ណ្ណកម្ម​សិទ្ធិ​ដី​ឲ្យ​អ្នកភូមិ​។ លោក សាញ់ វណ្ណា អាយុ​២៧​ឆ្នាំ ដែល​គ្រួសារ​របស់​លោក​ និង​ប្រជា​ពល​រដ្ឋ​៣០​គ្រួសារ មានជម្លោះដីធ្លី​នៅក្នុងស្រុក​ថ្ម​ពួក ជាមួយ​ក្រុម​ហ៊ុន​មួយ​ក្នុងខេត្ត​បន្ទាយ​មាន​ជ័យ បាន​និយាយ​ថា និស្សិត​ស្ម័គ្រ​ចិត្ត​បាន​មក​ប្រមូល​ ​ព័ត៌មាន​ពី​អ្នក​ទាមទារ​​ កាលពី​ក្នុង​ខែ​មិថុនា។ ប៉ុន្ដែ បន្ទាប់​ពី​សុន្ទរកថារបស់​លោក​ ហ៊ុន សែនប្រាប់​និស្សិត​ថា ពួកគេ​មិន​គួរ​ជ្រៀត​ជ្រែក​ក្នុង​ដី​មាន​វិវាទ​នោះ​ និស្សិត​ទាំង​នេះ​​ប្រាប់​អ្នកភូមិ​ ថា ពួក​គេ​មិន​អាច​ជួយពួកគាត់​បានទេ ហើយ​ពួកគាត់​គួ​រតែ​ដោះ​ស្រាយ​ជា​មួយ​ក្រុមហ៊ុន​។

អ្នកស្រី វណ្ណា និយាយ​ថា “ នៅ​ពេល​និស្សិតទាំង​នេះ នៅ​ទីនេះពួកគេ​បាន​ប្រាប់​យើង​ថា ពួកគេអាចវាស់​ដី​របស់យើងបាន​ ប្រសិន​បើ​យើង​ព្រម​ព្រៀង​​ឲ្យដី​ខ្លះ​ទៅ​ក្រុម​ហ៊ុន​។ យើង​អស់​សង្ឃឹម​ ហើយ​ខ្ញុំ​ខក​ចិត្ត​ណាស់​”។ នៅ​ក្នុង​សុន្ទរកថារបស់លោក កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​លើក​ឡើង​ម្ដង​ទៀតថា ​​អ្នកភូមិដែល​ត្រឡប់​មក​ទាមទារ​ដី​នៅទី​កន្លែងមានវិវាទពីមុន ពុំ​មាន​សិទ្ធិ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ឡើយ​។

លោក អំ សំអាត អ្នកគ្រប់គ្រង​​បច្ចេក​ទេស​​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បានមា​ន​ប្រ​សាសន៍​​ថា​ ពេល​នេះ វា​ទំនងថា នយោ​បាយ​ថ្មី​នេះ​មិន​អាច​ដោះ​ស្រាយ​ឲ្យ​អ្នកមាន​ទំនាស់​ដីធ្លី​​បានទេ។ លោក សំអាត បាន​មាន​ប្រសាសន៍​ថា “ ការ​អនុវត្ត​របស់រដ្ឋាភិបាល​នូវ​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ គឺ​គ្រាន់​តែជា​យន្ដ​ការ​​ទប់​ស្កាត់​មួយ​មិនឲ្យមាន​​ការ​ផ្ទុះ​ឡើង​នូវ​ការ​តវា៉​អំពី​ដី​ធ្លី​នៅ​ពេល​អនាគត។ ចំពោះវិវាទ​ដីធ្លី​ ដែលមាន​ស្រាប់​ ហើយ​ប្រជាពល​រដ្ឋ​បាន​និង​ កំពុង​តែ​ធ្វើ​ការ​តវ៉ា​យ៉ាង​សកម្ម ដើម្បី​ទាម​ទារ​ដី​​របស់​ខ្លួន​មក​វិញ​ គ្មាន​ប្រយោជន៍​ឡើយ”។ លោកបន្ថែម​ថា “ អ្នក​មាន​ទំនាស់ដី​ធ្លីយូរ​ហើយ​ ឆ្អែត​ចិត្ត​នឹង​គោល​នយោបាយ​នេះ”៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​

           

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស