30 C
Phnom Penh

លុបឈ្មោះ​​​​កម្ពុជា​ចេញពី​បញ្ជីរបស់​សហរដ្ឋអាមេរិក​ស្តីពី​ប្រទេស​ងាយរង​គ្រោះ​ដោយអំពើ​ភរេវកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នេះជាលើក​ទី​១​ហើយ​ ក្នុងរយៈ​ពេល​ប្រាំពីរឆ្នាំ​ ដែល​ប្រទេស​កម្ពុជា​បានបាត់​ឈ្មោះ​ពី​របាយការណ៍ប្រចាំឆ្នាំ​របស់​ក្រសួង​ការ​បរ​ទេស​​អាមេរិក ​និយាយអំពី​​ប្រទេស​មួយ​ចំនួន​ ដែល​គេជឿថា ងាយ​ទទួលរង​គ្រោះ​ដោយ​​​ការ​វាយ​ប្រហារ​ពី​ក្រុម​ភេរវជន​ក្នុង​ស្រុក និង​​​​​មកពីក្រៅ​ប្រទេស​។

ចាប់​តាំង​ពី​មានរបាយ​ការណ៍​ប្រចាំឆ្នាំ​ចេញផ្សាយលើក​ទី​១​ និយាយ​​​​​​ពីអំពើ​​​ភេរវកម្ម​​នៅឆ្នាំ​២០០៤​មក​ សហ​រដ្ឋ​អាមេរិក​បាន​​​ចាត់ទុកប្រទេស​កម្ពុជា​ជា​ប្រទេសងាយ​រង​គ្រោះ ដោយសារ​ក្រុម​ភេរវជន ព្រោះ​​​តែ​​​ប្រទេសនេះ​មាន​អំពើ​ពុករលួយ​ ភាពក្រីក្រ និង​មានបញ្ហាចន្លោះប្រហេោងនៅតាមច្រក​ព្រំ​ដែន។ ប៉ុន្តែ​ របាយ​ការណ៍​ថ្មី​បំផុត​ ដែល​ចេញផ្សាយ​ កាល​ពីថ្ងៃទី​៣០ ខែមិថុនា មិន​បាន​និយាយ​ដល់​ឈ្មោះប្រទេស​កម្ពុជា​នោះ​ទេ​។

របាយការណ៍ ចេញផ្សាយលើកមុនៗ បាន​បង្ហាញ​នូវការ​ជឿនលឿន​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ដូច​ជា​ការ​អនុម័ត​ច្បាប់​ប្រឆាំង​​ភេរវកម្មក្នុង​ឆ្នាំ​២០០៧​ និង​ការ​បង្កើត​អង្គភាពស៊ើប​អង្កេត​​​​​​ចរាចរ​​​ផ្នែក​​ហិរញ្ញវត្ថុ​នៅ​ក្នុង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុងឆ្នាំ​២០០៨ ​ដែល​ជា​អង្គការ​​​​មួយសម្រាប់ត្រួត​ពិនិត្យ​សកម្មភាព​ចរា​​​ចរលុយ ​ដែល​អាច​ផ្តល់​ទៅ​ឲ្យ​ក្រុម​ភេរវជន​។

លោក​ មីសែល ​បើណិត(Michelle Benett)​​ អនុប្រធាន​ផ្នែកកិច្ចការ​សាធារណៈ​ របស់​​​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា “ខណៈពេល​យើង​មិន​បានជួបប្រទះ​នូវការ​គំរាម​កំហែង​​​ដោយ​​​អំពើ​ភេរវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ការ​សំខាន់​ត្រូវ ​យល់​ថា កម្ពុជា​ស្ថិតក្នុងផ្ទាំង​ស៊ីប​ដ៏ធំ។ ដោយ​​​សារតែ​វត្តមាន​នៃ​ក្រុម​ជ្រុលនិយម​ក្នុង​​​​តំបន់​​​​អាសីុ​អាគ្នេយ៍​​​​​ឆ្លង​ប្រទេសនេះ ​ដើម្បីវាយ​ប្រហារ​នៅក្នុង​តំបន់​ រួម​ទាំង​ប្រទេសនេះ​​​ផង​​​​នោះ យើង​កំពុង​សហការ​យ៉ាង​ជិត​សិ្នទ្ធ​ជាមួយ

​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ហើយ​ប្រទេស​កម្ពុជា​នៅ​​​​តែជា​ដៃគូ​ដ៏សំខាន់​នៅក្នុង​តំបន់​ក្នុង​ការ​ដោះ​​​ស្រាយចំពោះការ​គំរាម​កំហែង​ពី​ភេរវជន​”។ របាយ​ការណ៍​កាល​ពី​ឆ្នាំ​មុន​ បាន​លើក​ឡើង​ថា​ “ថ្នាក់ដឹក​នាំ​របស់​កម្ពុជា​បាន​បង្ហាញ​នូវការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំក្នុង​ការ​ចាត់​វិធាន ​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​​​ក្រុម​​​ភេរវ​​​ជន និង​បាន​បន្ដ​ប្ដេជ្ញា​ថា នឹង​ពង្រឹង​​​សមត្ថភាព​​​​របស់​ខ្លួន​ប្រឆាំង​ភេរវកម្ម​តាម​រយៈ​​បណ្តុះ​បណ្តាលនិង​កិច្ចសហ​ប្រតិបត្តិការ​​​លើឆាក​អន្តរ​ជាតិ”។ របាយ​ការណ៍ដដែលនេះ​បានបន្ថែម​​ថា អង្គភាព​​​​ស៊ើប​អង្កេត​​ផ្នែកហិរញ្ញវត្ថុ “បាន​​ត្រួត​ពិនិត្យ​ជាក់ស្តែងនៅក្នុងធនាគារ​ជាតិ​នៃកម្ពុជា​និង​​​តាមបណ្តា​ស្ថាប័ន​ហិរញ្ញ​វត្ថុ ​ដើម្បី​ចាត់វិធាន​​​ការ ប្រឆាំង​នឹង​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ទៅ​ឲ្យ​ភេរវជន​ ​​​និង​ការ​លាងលុយ​កខ្វក់”។

នៅ​ដើម​ទសត្សរ៍​កន្លង​ទៅ​នេះ​ របាយ​ការ​ណ៍​​​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​គឺជា​ជម្រក​លាក់​ខ្លួន​របស់​ពួក​ឧទាម​ខ្លា​តាមិល​​មកពីស្រី​លង្កា​ និង​បណ្តាញ​ភេរវកម្ម​ជេមីអះ អីុស្លា​​​មី​​​យ៉ា (Jemaah Islamiyah)​ ​មកពីប្រទេស​​​​ឥណ្ឌូ​ណេសីុ​ ដែលជា​ក្រុម​សកម្មប្រយុទ្ធនៅក្នុង​តំបន់​ និងជាក្រុមបំផ្ទុះគ្រាប់​បែក​ នៅកោះ​បាលី​ ប្រទេស​ឥណ្ឌូ​ណេសីុ​ កាល​ពីឆ្នាំ​២០០២​។

លោក​ ​សាណាកា​ ​ចាយ៉ាសិការ៉ា​ (Shanaka Jayasekara)​ ជាសាស្ត្រាចារ្យ​ និង​ជាអ្នក​ស្រាវ​​​ជ្រាវ អំពើភេរវកម្មនៅ​សាកល​វិទ្យាល័យ​ម៉ា​ខ្វារី​ (Macquarie​ University)​ ក្នុង​ទីក្រុង​សីុដនី​ ប្រទេសអូស្ត្រាលី បានមាន​ប្រសាសន៍​ថា “កាលពី​មុន​ គេចាត់​ទុក​ប្រទេស​កម្ពុជា ជា​កន្លែង​ផ្គត់​ផ្គង់​អាវុធ​ ដែល​ពួក​ភេរករអាច​ទិញ​​​គ្រឿង​សព្វាវុធគ្រប់​ប្រភេទ​បាន។ប៉ុន្តែ​ឥឡូវ​​​នេះ ប្រទេស​កម្ពុជា​លែង​ស្ថិតក្នុងកែវ​​​ភ្នែក​​​របស់ក្រុមភេរវករ​​​ជា​យូរមក​ហើយ​”។

របាយ​ការណ៍​របស់​ក្រសួង​ការបរ​ទេស​អាមេរិក​ដោយ​ឡែក​មួយ​ទៀត​ និយាយអំពី​បទ​ឧក្រិដ​្ឋផ្នែកហិរញ្ញ​វត្ថុ​ ដែល​បាន​ចេញ​ផ្សាយ​​​​កាល​ពី​ខែ​មីនា​​​​ ​លើក​ឡើង​​ថា ប្រទេសកម្ពុជា “ងាយ​​​រងគ្រោះដោយសារអំពើ​លាង​លុយ​កខ្វក់​ធំបំផុត”​ ប៉ុន្តែ ​មិន​បានបញ្ជាក់​លម្អិត​អំពី​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់​អំពី​​​ភេរវកម្មនោះ​ទេ៕

ប្រែសម្រួលដោយ ហម សុផាណ្ណា​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស