40.9 C
Phnom Penh

រូបថតថ្មីៗ​នៃ​​អ្នក​ទោស​នៅ​មន្ទីរ​ ឃុំឃាំង​ទួល​ស្លែងអាច​បង្ហាញ​ ​អត្ត​សញ្ញាណ​​អ្នក​ស្លាប់​ជា​ច្រើន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អក្សរ​ដែល​គេ​សរសេរ​នៅ​ខាង​ក្រោយ​​​រូប​ថត​បិទ​កាត​របស់​​បុរស​ម្នាក់​​ពាក់​អាវ​វាល​ក្លៀក​នោះ​ គឺ​ពាក្យ “ កុយ ជា។ អ្នក​និយាយ​​វិទ្យុ”។ មាន​រូបថត​មួយ​ទៀត​របស់​ឈ្មោះ​ លី យ៉េត ​មាន​សរសេរ​​អក្សរ​នៅ​ខាង​ក្រោយ​ខ្នង​រូប​ថត​ថា “ ប្រពន្ធ​របស់​ អាម៉េត”។ ​បន្ទាប់​មក​ទៀត​គឺ​រូប​ថត​​របស់​ អំ ច័ន្ទ​តារា ជាក្មេង​ស្រី​​កាត់​សក់​ខ្លី​​ម្នាក់​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា “ កូន​ស្រី​របស់​មន្ត្រី​​ម្នាក់​”។

គ្រប់​រូប​ថត​​ទាំង​១.២៤២សន្លឹក​ដែល​ត្រូវ​បាន​ផ្ដល់​​​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាល​ពី​​ម្សិល​មិញ​នេះ​​ សុទ្ធ​តែ​មាន​ពាក់​ស្លាក​លេខ​ជាប់​នឹង​ក​របស់​ពួក​គេ​។លោក​  ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ស្លាក​លេខ​ទាំង​នោះ​ ទំនង​ជា​ត្រូវ​បាន​គេ​ប្រើ​​ ដើម្បី​​សម្គាល់អ្នក​ទោស ដែល​ត្រូវ​​គេ​​បញ្ជូន​ចូល​​មន្ទីរ​ឃុំ​ឃាំង​ ស-២១ ហៅ​គុក​ទួល​ស្លែង ជា​ពន្ធ​នា​គារ​​របស់​ខ្មែរ​ក្រហម​ ​​សព្វ​ថ្ងៃ​គឺ​ជា​សារ​មន្ទីរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​ព្រៃ​ផ្សៃ​នៃរបប​ខ្មែរ​ក្រហម​។

លោក ឆាំង​ យុ បាន​លើក​ឡើង​ថា រូប​ថត​ទាំង​នេះ​ ទទួល​បាន​ពី​ស្ត្រី​ម្នាក់​ ដែល​ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ បាន​​​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ដ​​ សម័យ​​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ កាល​ពី​ទស​វត្សរ៍​​ឆ្នាំ​១៩៨០​ និង​នៅ​សម័យ​​រដ្ឋ​កម្ពុជា​ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០​។

មុន​ការ​មក​ដល់​ប្រទេស​កម្ពុជា ​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៩២ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទី​ក្រុង​ប៉ារីស ក្រសួង​របស់​រដ្ឋាភិបាល​ទាំង​អស់​ត្រូវ​បាន​​បញ្ជា​ឲ្យ​​បំផ្លាញ​ចោល​​នូវ​​កំណត់​​ត្រា​ទាំង​ឡាយ​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​ ពោល​​គឺ​មន្ត្រី​រាជការត្រូវ​បាន​គេ​បញ្ជា​ឲ្យ​បំផ្លាញ​ឯក​សារ​​ទាំង​នោះ​នៅ​ពេលនោះ ដើម្បី​កុំ​ឲ្យ​មាន​ការ​រំខាន​ដល់​​ដំណើរ​ការ​បោះ​ឆ្នោត​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​​។

ទោះ​ជាយ៉ាងណា អតីត​សមាជិក​ជា​ច្រើន​​នៃ​របប​ខ្មែរ​ក្រហម​ ​ធ្លាប់​មាន​តំណែង​ជាន់​ខ្ពស់​​​ក្នុង​រដ្ឋាភិបាល​នា​​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​សម័យ​រដ្ឋ​កម្ពុជា។

អ្នក​ផ្ដល់​រូប​ថត​ ​ដែល​សុំ​​មិន​បញ្ចេញ​ឈ្មោះ​​រូប​នេះ​​ គឺ​ជា​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​​ជាន់​ទាប ដែល​ត្រូវ​បាន​​គេ​បញ្ជា​ឲ្យ​យក​រូប​ថត​ រួ​ម​ជាមួយ​នឹង​ឯកសារ​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​ទៅ​ដុត​ចោល​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​ឲ្យ​កម្ទេច​ឯក​សារ​បែប​នេះ។​ លោក ឆាំង យុ បាន​លើក​ឡើង​​កាល​ពី​ម្សិល​មិញ អំពី​មូល​ហេតុ​ដែលគេលាក់​ទុក​​រូប​ថត​ទាំង​នេះ​អស់​រយៈ​ពេល​​២០​ឆ្នាំ​ថា “ ប៉ុន្ដែ អ្នក​ស្រី​បាន​ឃើញ​រូប​ថត​ទាំង​នេះ​ ហើយ​​អ្នក​ស្រី​មិន​បាន​ដុត​រូបថត​ទាំង​នេះ​ចោលទេ”។

លោក​ថ្លែង​ថា “ ​អ្នក​ស្រី​មាន​​អារម្មណ៍​ដូច​ជាក្ដុក​ក្ដួល​ខ្លាំង​ណាស់​ ពី​ព្រោះ​​អ្នក​ស្រី​បាន​បាត់​បង់​ឪពុក​ ម្ដាយ បង​ប្អូន​ប្រុស និង​បងប្អូន​ស្រីរបស់​អ្នក​ស្រី ហើយ​អ្នក​ស្រី​សង្ឃឹម​ថា នឹង​រក​ពួកគេ​ឃើញ​តាម​រយៈ​រូប​ថត​ទាំង​នេះ។ អ្នក​ស្រី​មាន​អារម្មណ៍​ថា វា​ហាក់​​បី​ដូច​ជា​ដុត​មនុស្ស​ទាំង​រស់​អ៊ីចឹង​…ហេតុ​ដូច្នេះ​​ហើយ​​បាន​ជា​អ្នក​ស្រី​​លាក់​ទុក​រូបថត​ទាំង​នេះ​”។

លោក ឆាំង​ យុ បាន​លើក​ឡើង​ថា នៅ​ពេល​​ដែល​អ្នក​ទោស​ប្រមាណ​១៤.០០០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​ ស-២១នោះ គឺ​នៅសល់​រូប​ថត​​អ្នក​ទោស​ប្រមាណ​៥.០០០​សន្លឹក​​ប៉ុណ្ណោះ។ រូបថត​​ដែល​គេ​លាក់​ទុក​​ទាំង​​នេះ ​មាន​សរសេរ​នៅ​ខ្នង​រូប​ថត ដើម្បី​បញ្ជាក់​​អំពី​អត្ត​សញ្ញាណ​របស់​​អ្នក​ទោស​នីមួយ​ៗ​ ហើយ​នេះ​គឺ​ជា​​រូប​ថត​ដ៏​ច្រើន​បំផុត​​​របស់​អ្នក​ទោស​នៅ​គុក​នេះ​​ដែល​​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​មិន​ធ្លាប់​​​បាន​ជួប​ប្រទះ​។

រូបថត​មួយ​ចំនួន​មាន​សរសេរ​ថ្ងៃ​ខែ​ ដែល​​ទំនង​ជា​​ថ្ងៃ​ចាប់​ខ្លួន​​អ្នក​ទោស​នោះ​តែ​ម្តង​។ អ្នក​ស្រី​ ទេព ស៊ុយ បុប្ផា ស្ត្រី​ម្នាក់​ដែល​កាត់​​សក់​ខ្លី និង​​ពាក់​អាវ​យឺត​មាន​រូបដាន​ជើង​នៅ​លើ​នោះ​ គឺ​ជា​អគ្គ​ទេសា​ភិបាល​​រង​ធនាគារ​ជាតិ​​នៃកម្ពុជា​ ហើយ​អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​ ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​១៩៧៦។ រូប​ថត​របស់​អ្នកស្រី វួន សៀង ដែល​មាន​សរសេរ​នៅ​​​ខ្នង​ថា ជា​ប្រពន្ធ​របស់​លោក កែម សាផូ នោះ ​ចុះ​កាល​បរិច្ឆេទ ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៦។

មាន​ឈ្មោះ​ស្រដៀង​ៗ​នេះ​ផ្សេងៗ​ទៀត​ដូច​ជា​ សឿង ភឿកថោ និពន្ធ​នាយក​កាសែត​ក្នុង​ស្រុក​មួយ​​មាន​ឈ្មោះ​ថា “ មាតុភូមិ​”​។ លោក ឆាំង យុ ស្គាល់​ឈ្មោះ​អ្នក​យក​ព័ត៌មាន​រូប​នេះភ្លាម គឺ​ជា​អ្នក​យក​ព័ត៌មាន​​មួយ​រូប​ក្នុង​ចំណោមអ្នក​យក​ព័ត៌មាន​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​ប្រកាស​ថា បាន​បាត់​ខ្លួន បន្ទាប់​ពី​ខ្មែរ​ក្រហម​បាន​​ឡើងកាន់​កាប់​អំណាច​ កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៥​​។

យោង​តាមទិន្នន័យ​ស្ដី​អំពី​ការ​បាត់​ខ្លួន​របស់​​សមាជិក​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយអំឡុង​សង្គ្រាម​ស៊ីវិល​កម្ពុជា​ ដែល​ត្រូវ​ចង​ក្រង​ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ និង​ទីភ្នាក់​ងារ​ព័ត៌មាន​អាប៉េ (AP) គេ​ជឿ​ជាក់​ថា លោក​ សឿង ភឿកថោ ត្រូវ​បាន​​ពួក​ខ្មែរ​ក្រហម​ចាប់​​ខ្លួន​​ ​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​នៅ​ឯ​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង ចន្លោះពី​​ឆ្នាំ​១៩៧៦ ដល់​​ឆ្នាំ​១៩៧៨។ រូប​ថត​ដែល​​ទើប​ទទួល​បាន​ថ្មី​នេះ​ បង្ហាញ​ថា លោក​មាន​អាយុ​ខ្ទង់៥០​ឆ្នាំ ហើយ​មាន​សក់​ពណ៌ស ព្រម​ទាំង​កាត់​សក់​ឡុងសុង​។

ហើយ​ក៏មាន​រូប​ថត​​របស់​​ឈ្មោះ​ វ៉ា វ៉ែន សិលា ផងដែរ ដែល​​ត្រូវ​បាន​ចាត់​ទុក​​ថា ជា​និស្សិត​មួយ​រូប​ និង​ជា​បង​ប្អូន​ថ្លៃ​ស្រី​របស់​លោក​ តែក តូ ដែល​បាន​សារភាព​ ប្រាប់​ ឌុច កាល​ពី​ឆ្នាំ​១៩៧៦​​ថា គាត់​​បម្រើ​ការ​ឲ្យ ទី​ភ្នាក់​​ងារ​ស៊ើប​អង្កេត​កណ្ដាល​ (សេអីុអា)។

លោក ឆាំង​ យុ បានបក​ប្រែ​ចម្លើយ​សារ​ភាព​​របស់​លោក​ តែក​ តូ កាល​ពី​ឆ្នាំ​២០០១ ហើយ​បាន​ចង​ចាំ​​រឿង​នេះ​​យ៉ាង​ច្បាស់​។ វ៉ា វ៉ែន សិលា នៅ​ក្នុង​រូប​ថត​នោះ​ មើល​ទៅ​ហាក់​​ដូច​ជា​ក្មេង​ជំទង់​អ៊ីចឹង​ ហើយ​មាន​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ​។

លោក ឆាំង យុ ​មាន​ប្រសាសន៍​ថា “ នាងគ្រាន់​តែ​ជា​សិស្ស​​ម្នាក់។ ប្រសិន​បើ​អ្នក​មាន​ទំនាក់​ទំនង​ជាមួយ​នរណាម្នាក់​ បន្ទាប់​មក​គេ​មានការ​សង្ស័យ​លើ​​អ្នក ហើយ​​អ្នកនឹង​ក្លាយ​ជា​គោល​​ដៅ​របស់​គេ​”។ លោក​បាន​បន្ថែម​ថា ភាគ​ច្រើន​នៃ​រូប​ថត​ស្ត្រី​ទំាងនេះ​ត្រូវ​បាន​គេ​ស្គាល់ថា​ ​ត្រូវ​ជា​បង​ប្អូន​ស្រី​ ជា​ម្ដាយ​ ឬក៏​ជា​ប្រពន្ធ​របស់​គេ។

នៅ​ពេល​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រៀប​​រូប​ថត​ទាំង​នេះ​ទៅ​តាម​ប្រភេទ​​ និង​ព័ត៌មាន​ទាំង​អស់​ដែល​មាន​​នៅក្នុង​រូប​ថត​ទាំង​នោះ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​ថត​រូប​ទាំង​នេះក្នុង​ប្រព័ន្ធ​ឌីជីថល​ ហើយ​ដាក់​តាំង​នៅ​សារមន្ទីរ​ទួល​ស្លែង​។

លោក ឆាំង យុ បាន​លើក​ឡើង​ថា លោក​ចង់​ចង​ក្រង​បញ្ជី​ឈ្មោះ​រូប​ថត​​ទាំង​១.២៤២​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​លោក​​ជឿជាក់​ថា វា​អាច​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែង​រក​សាច់​ញាតិ​ និង​មិត្ត​ភក្ដិ​របស់​ខ្លួន​ដែល​បាន​បាត់​ខ្លួន។

លោកបាន​ថ្លែង​ថា “ប្រវត្តិ​ខ្មែរ​ក្រហម​ ​គឺ​ជា​រឿងមួយ​ដែល​ពិបាក​យល់​។ រូប​ថត​នីមួយ​ៗ​មាន​ប្រវត្តិ​របស់​វា​ ហើយ​​​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ ប្រហែល​ជា​រូប​ថត​ទាំង​នេះ​អាច​ជួយឲ្យ​គ្រួសារ​នីមួយៗ​នៅ​ក្បែរ​សាច់ញ្ញាតិរប​ស់​ខ្លួន​ដែលបាន​ស្លាប់​ ដើម្បី​កុំឲ្យ​ពួកគេ​ភ្លេច​រឿង​នេះ​​”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស